![]() |
នេះជាដំណឹងសប្បាយរីយរាយចំពោះ អ្នកស្រឡាញ់បាល់ទាត់វៀតណាម ព្រោះថា គ្រូបង្វឹក លោក Park Hang Seo គឺជាគ្រូបង្វឹកដែលមានទេពកោសល្យដែលអាចនាំបាល់ទាត់វៀតណាមដណ្តើមបានគោលដៅខ្ពស់ជាង នៅសង្វៀនអាស៊ីអាគ្នេយ៍ និងអន្តរជាតិ។
កិច្ចសន្យាចាស់របស់ គ្រូបង្វឹកលោក Park Hang Seo នឹងផុតកំណត់នាថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ។ ចំណែកឯកិច្ចសន្យាថ្មីនឹងមានសុពលភាពក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីថ្ងៃទី ១ ខែ កុម្ភៈឆ្នាំ ២០២០ ដល់ថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២៣ ។ តម្លៃនៃកិច្ចសន្យានេះមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងអន្តរជាតិបានចាត់ទុកថា ប្រាក់ខែរបស់លោក Park Hang Seo គឺប្រមាណ ៥ ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ ពោលគឺច្រើនជាង ២,៥ ដងបើប្រៀបធៀបនឹងប្រាក់ខែចាស់។ នាបច្ចុប្បន្ននេះ លោក Park Hang Seo គឺជាគ្រូបង្វឹក ដែលទទួលបានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។ យោងតាមលោក Tran Quoc Tuan អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាបាល់ទាត់វៀតណាមបានឲ្យដឹងថា ជាគោលការណ៍កិច្ចសន្យានេះត្រូវបានចុះហត្ថលេខាជាបន្តក្នុងរយៈពេល ៣ ឆ្នាំ ប៉ុន្តែបន្ទាប់ពី ២ ឆ្នាំបើចាំបាច់ភាគីទាំងពីរនៅតែអាចពិចារណា ដើម្បីពន្យា កិច្ចព្រមព្រៀងនេះ។ លោក Tran Quoc Tuan បានឲ្យដឹងថា៖
“ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរនូវបញ្ហាជំនាញ និង ការតំរង់ទិសដៅនានា សម្រាប់បាល់ទាត់វៀតណាម។ ភាគីទាំងពីរបានចុះហត្ថលេខា ដើម្បីពន្យារកិច្ចសន្យា។ យើងខ្ញុំនឹងអនុវត្តន៍រាល់ដំណោះស្រាយសម្រាប់រយៈពេលខាងមុខ។ ខ្ញុំសង្ឃឹមថាវៀតណាម នឹងសម្រេចបានក្តីសុបិនឈានចូល World Cup ផងដែរ។”
លោក Park Hang-seo បានទទួលតំណែងជាប្រធានក្រុមគ្រូបង្វឹក នៃក្រុមជម្រើសជាតិវៀតណាម ចាប់ពីខែតុលាឆ្នាំ ២០១៧ ។ បន្ទាប់ពីរយៈពេលជាង ២ ឆ្នាំប៉ុណ្ណោះ បាល់ទាត់វៀតណាមទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាមួយនឹងស្នាដៃដ៏អស្ចារ្យជាច្រើនដូចជា៖ ឈានដល់វគ្គ ១/៤ នៃពានរង្វាន់ជើងឯកអាស៊ី - Asian Cup 2019 ជាប់លំដាប់ថ្នាក់លេខ ២ នៃពានរង្វាន់ U23 អាស៊ីឆ្នាំ២០១៨ ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Games និងជាប់ជើងឯក AFF ។
ក្រោមការដឹកនាំរបស់លោក Park Hang-seo ក្រុមបាល់ទាត់ជម្រើសជាតិ និងក្រុម U23 វៀតណាមកាន់តែខ្លាំងក្លា ហើយមិនងាយវាយបរាជ័យបានឡើយ។ បាល់ទាត់វៀតណាមបានឈ្នះលើក្រុមខ្លាំង ៗ មួយចំនួននៅអាស៊ី ដូចជាយកឈ្នះលើក្រុមថៃជាដើម។ លោក Minh Hai អ្នកកាសែតវិស័យកីឡាបានឲ្យដឹងថា៖
“ដោយមានការចូលរួមវិភាគទានជាច្រើនរបស់ខ្លួនមក លោក Park Hang-seo ពិតជាសាក្ដិសមនឹងទទួលបានប្រាក់ខែខ្ពស់។ ទន្ទឹមនឹងនេះ កីឡាករបាលទៀតវៀតណាមនឹងមានទំនុកទុកចិត្ត ក្រោមការដឹកនាំរបស់ លោក Park Hang-seo។ លោកគ្រូបង្វឹក Park Hang Seo គឺជានិមិត្តរូបនៃជ័យជំនះ នឹងបំណងប្រាថ្នាយកឈ្នះលើគោលដៅដ៏ត្រចះត្រចង់ផងដែរ” ។
លោក Park Hang Seo ក៏ទទួលបានពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំផងដែរ ខណៈដែលកូនសិស្សរបស់លោក គឺកីឡាករ Nguyen Quang Hai ត្រូវបានលើក សរសើរជាកីឡាករឆ្នើមបំផុត នៅក្នុងពិធីប្រគល់ពានរង្វាន់ AFF 2019 នាពេលថ្មីៗនេះនៅទីក្រុងហាណូយ។ ទោះបីជាទទួលបានជោគជ័យដ៏ធំធេងជាច្រើនក៏ដោយ ប៉ុន្តែគ្រូបង្វឹកនៅតែនិយាយដោយសុភាពថា៖
“ការដែលខ្ញុំមកវៀតណាម មិនមែនជាហេតុផល ដែលនាំមកនូវ ជ័យជំនះ សម្រាប់បាល់ទាត់វៀតណាមឡើយ។ ប្រការសំខាន់បំផុតគឺ បាល់ទាត់វៀតណាមមានលក្ខណៈពិសេសដោយឡែក និងមានសក្តានុពលផ្ទាល់ខ្លួន។ ក្រៅពីនេះ គ្រូបង្វឹកមុនៗ បានកសាង មូលដ្ឋានគ្រឹះនៃបាល់ទាត់វៀតណាមហើយ។ ខ្ញុំត្រឹមតែជាមនុស្ស ដែលបានប្រើប្រាស់ និងពង្រីកបានធនធានបាល់ទាត់ទាំងនេះរបស់វៀតណាម។ ជោគជ័យទាំងនេះ គឺមកពីការហ្វឹកហាត់ និងការប៉ណ្ដុះបណ្ដាលមុននេះផងដែរ”។
លោកគ្រូបង្វឹក Park Hang Seo បានផ្លាស់ប្តូរមុខមាត់បាល់ទាត់វៀតណាម។ ក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាម លោក Park Hang Seo គឺជាគ្រូបង្វឹក ដែលទទួលបានជ័យជំនះបំផុត។ សហព័ន្ធកីឡាបាល់ទាត់វៀតណាមនិងអ្នកគាំទ្រសង្ឃឹមថា លោក Park Hang Seo នឹងបន្តមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយបាលទាត់វៀតណាមផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
