ង្វៀន ង៉ុក ហឿង និងគីម ហ័ង ខាង ជាប្អូនតូចពីរនាក់ កើតមកនិងធំដឹងក្តីនៅលើកោះ ហោន ជួយ ដែលជាកោះមួយក្នុងចំណោមកោះសំខាន់ៗ នៅភាគនិរតីនៃប្រទេស វៀតណាម។

ទោះបីជា ខាងនិងហឿង កំពុងសិក្សានៅកម្រិតពីរផ្សេងគ្នាក៏ដោយ ប៉ុន្តែពួកគេនៅតែអង្គុយរួមក្នុងថ្នាក់ពិសេសជាមួយគ្នា ដោយវរៈសេនីយ៍ទោ ត្រឹន ប៊ិញ ភុក បង្រៀនដោយផ្ទាល់។ នេះគឺជាថ្នាក់រៀនសប្បុរសធម៌ នៅប៉ុស្តិ៍ការពារព្រំដែន ហោន ជួយ។ ថ្នាក់នេះមានសិស្សចំនួន ១១ នាក់ ប៉ុន្តែត្រូវបានបែងចែកជា ៤ កម្រិត៖ ថ្នាក់ទី ១, ៣, ៤ និង ៥។ នៅក្នុងបន្ទប់តូចមួយ ដែលមានទីតាំងនៅពាក់កណ្តាលភ្នំ មានក្តារខៀនចំនួនបី ត្រូវបានព្យួរនៅជ្រុងបី ផ្សេងគ្នា តុនិងកៅអីត្រូវបានរៀបចំជាប់ៗគ្នា ហើយក្រុមសិស្សនីមួយៗ បែរមុខទៅក្តារខៀនដើម្បីតាមដានមេរៀនរបស់ខ្លួន។ វរៈសេនីយ៍ទោ ត្រឹន ប៊ិញ ភុក បាននិយាយថា៖ “ថ្នាក់រៀនរបស់ខ្ញុំជាថ្នាក់ចម្រុះ។ ជាធម្មតា គេគ្រាន់តែផ្គូផ្គងសិស្សជាគូប៉ុណ្ណោះ ប៉ុន្តែខ្ញុំកំពុងមានបំណងផ្គូផ្គងច្រើនជាងនេះ។ យ៉ាងណាមិញ ធ្វើបានដូច្នេះតម្រូវឱ្យមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រធានបទនិមួយៗ។ ទីពីរ ជំនាញបង្រៀនត្រូវតែល្អឥតខ្ចោះ។ សិស្សរបស់ខ្ញុំយល់ចំណេះដឹងជាមូលដ្ឋាន។ នៅ ពេលពួកគេទៅដីគោក ពួកគេអាចរៀនទាន់មិត្តភក្ដិក្នុងថ្នាក់ជាមួយគ្នា។ នោះហើយជាអ្វីដែលខ្ញុំមានមោទនភាពបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ”។

ចាប់តាំងពីចូលរួមបំពេញការងារនៅប៉ុស្តិ៍ការពារព្រំដែនហោន ជួយ ក្នុងឆ្នាំ ២០១០ វរសេនីយ៍ទោ ត្រឹន ប៊ិញ ភុក តែងតែមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្នុងការជួយកុមារឱ្យរៀនអាននិងចេះសរសេរអក្សរ។ ទោះបីជាបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ (បច្ចុប្បន្នជាផ្នែកមួយនៃសាកលវិទ្យាល័យជាតិវៀតណាម ទីក្រុង ហូជីមិញ) ក៏ដោយ ប៉ុន្តែលោកវរសេនីយ៍ទោ ត្រឹន ប៊ិញ ភុក មិនមានជំនាញខាងគរុកោសល្យទេ។ លោកត្រូវតែស្រាវជ្រាវដោយខ្លួនឯង រៀនពីគ្រូបង្រៀននៅលើដីគោក និងចំណាយពេលយ៉ាងយកចិត្តទុកដាក់ក្នុងការរៀបចំមេរៀន និងអនុវត្តន៍ការបង្រៀនតែម្នាក់ឯង។ មិនត្រឹមតែបានជំនះពុះពារលើការលំបាកក្នុងវិជ្ជាជីវៈប៉ុណ្ណោះទេ លោកវរសេនីយ៍ទោ ត្រឹន ប៊ិញ ភុក ថែមទាំងបានចំណាយពេលពីរឆ្នាំអនុវត្តន៍ការផ្សព្វផ្សាយ បញ្ចុះបញ្ចូលប្រជាជនកោះឱ្យផ្លាស់ប្តូរការយល់ឃើញ ដើម្បីឱ្យពួកគេជឿទុកចិត្តលើកងទ័ពក្នុងការជួយកូនៗរបស់ពួកគេ ទទួលបានការអប់រំ និងមានអនាគតកាន់តែប្រសើរ។ លោកវរសេនីយ៍ទោត្រឹន ប៊ិញ ភុក បាននិយាយថា៖ “រឿងដែលគួរឱ្យខ្លាចបំផុតសម្រាប់ខ្ញុំគឺក្រសែភ្នែករបស់កុមារ ដែលច្បាស់ល្អ ប៉ុន្តែពោរពេញដោយភាពសោកសៅ។ ដោយមានឆន្ទៈរបស់យុទ្ធជនម្នាក់ម្នាក់ ខ្ញុំប្តេជ្ញាថា នឹងកែលម្អស្ថានភាពនោះ។ ហើយអស់រយៈពេលជាច្រើនឆ្នាំ ផ្ទៃមុខរបស់សិស្សរបស់ខ្ញុំពោរពេញដោយស្នាមញញឹម។ ខ្ញុំនាំមកនូវក្តីសង្ឃឹម ហើយបងប្អូនកងទ័ពបាននាំមកនូវសុភមង្គលដល់ប្រជាជននៅទីនេះ។ ទោះបីជាតូចតាច់ក៏ដោយ សម្រាប់រូបខ្ញុំផ្ទាល់ គឺជារឿងដ៏រីករាយណាស់”។

ពេលបង្រៀន លោកគ្រូ ត្រឹន ប៊ិញ ភុក តែងតែរួមបញ្ចូលទាំងសេចក្ដីស្រឡាញ់ចំពោះមាតុភូមិ ហើយសាបព្រួសក្នុងស្មារតីរបស់សិស្សការទទួលខុសចំពោះកោះដែលពួកគេកើត និងធំធាត់នៅទីនេះ។ ពីថ្នាក់រៀនបណ្ដោះអាសន្ននៅដើមដំបូង លោកគ្រូនិងសិស្សនៅលើកោះ ហោន ជួយ ឥឡូវនេះមានថ្នាក់រៀនធំទូលាយ និងបំពាក់បរិក្ខារបានល្អជាងមុន។ សម្លៀកបំពាក់ សៀវភៅ និងសម្ភារៈបរិក្ខាចាំបាច់ផ្សេងទៀតសម្រាប់សិស្សទាំងអស់ត្រូវបានលោកគ្រូ ភុកនិងយុទ្ធជនកងទ័ព រួមដៃថែទាំ។ នៅក្នុងថ្នាក់រៀន សិស្សរៀមច្បង ជួយលោក ភុក បង្រៀនសិស្សថ្នាក់តូចជាង។ ប្អូន ង្វៀន ហ័ង ហាវ ជាសិស្សថ្នាក់ទី ៥ បាននិយាយថា៖ "ខ្ញុំនៅថ្នាក់រៀនរបស់លោកគ្រូ ភុក ខ្ញុំបានចេះអាន ចេះសរសេរ។ ខ្ញុំមានអារម្មណ៍សប្បាយ និងមានប្រយោជន៍ខ្លាំងណាស់។ នៅក្នុងថ្នាក់រៀន លោកគ្រូ ភុកបានប្រាប់ខ្ញុំឲ្យជួយបង្រៀនសិស្សតូចៗ។ ខ្ញុំបានបង្រៀនអក្ខរក្រមដល់សិស្សថ្នាក់ទីមួយ។ ខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លាំងក្នុងការបង្រៀន"​។

ទោះបីជា វរៈសេនីយ៍ទោត្រឹន ប៊ិញ ភុក បានស្ម័គ្រចិត្តបំពេញការងារនៅលើកោះហោនជួយ ត្រឹមតែ ៥ ឆ្នាំក៏ដោយ ប៉ុន្តែ លោកបានស្ម័គ្រចិត្តសូមស្នាក់នៅទីនោះ។ ក្នុងរយៈពេល ១៦ ឆ្នាំនៅលើកោះនេះ លោកវរសេនីយ៍ទោ ត្រឹន ប៊ិញ ភុក បានបង្រៀនកុមារចំនួន ៩៨ នាក់ រួមទាំងកុមារ ៧ នាក់ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និងកុមារជាច្រើននាក់ទៀតដែលបានបញ្ចប់ការសិក្សាវិជ្ជាជីវៈ និងមានការងារធ្វើដែលមានស្ថិរភាព។ ថ្នាក់សប្បុរសធម៌នេះត្រូវបានទទួលស្គាល់ថា ជាសាលាមួយនៅក្នុងប្រព័ន្ធអប់រំនៃឃុំសុងដុក ខេត្តកាម៉ៅ។ ដោយក្តីស្រឡាញ់ និងការខិតខំប្រឹងប្រែងរបស់លោកវរសេនីយ៍ទោ ត្រឹន ប៊ិញ ភុក កុមារដូចជា ហឿង ខាង និងប្អូនៗដទៃទៀតជាច្រើន រួមទាំងឪពុកម្តាយរបស់ពួកគេផងដែរ សុទ្ធតែជឿជាក់ថា ក្តីសុបិន្តរបស់ប្អូនៗ នឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះ។ អ្នកស្រី ហ័ង ថាច់ យ៉ាង ជាអ្នករស់នៅកោះ ​ហោន ជួយ បាននិយាយថា៖ “កូនស្រីរបស់ខ្ញុំធ្លាប់រៀននៅទីនេះ ហើយពេលនាងធំឡើង នាងបានទៅដីគោកដើម្បីរៀនមុខរបរវិជ្ជាជីវៈ។ ឥឡូវនេះមានតែកូនប្រុសតូចរបស់ខ្ញុំកំពុងរៀននៅសាលារៀន។ នៅទីនេះ ប៉ុស្តិ៍ការពារព្រំដែនបានបើកសាលាន ដើម្បីបង្រៀនកុមារនៅលើកោះពីរបៀបអាន និងសរសេរ ហើយនៅពេលដែលពួកគេធំដឹង យើងនឹងបញ្ជូនពួកគេទៅដីគោកដើម្បីសិក្សា។ គ្រូបង្រៀននៅទីនេះមានចិត្តល្អ និងសាមញ្ញ។ គ្រូៗ មានចិត្តស្រឡាញ់សិស្សខ្លាំងណាស់”

នៅក្នុងឱកាសពិសេស ឬថ្ងៃបុណ្យទាននានា សិស្សរបស់គ្រូបង្រៀន ត្រឹន ប៊ិញ ភុក បានវិលត្រឡប់ទៅកោះកំណើតរបស់ពួកគេពីគ្រប់ទិសទី ដើម្បីទៅសួរសុខទុក្ខអតីតគ្រូបង្រៀនរបស់ពួកគេ។ អ្នកខ្លះនៅតែសិក្សា អ្នកខ្លះកំពុងធ្វើការ។ ដោយប្រមូលផ្តុំគ្នានៅជុំវិញគ្រូបង្រៀន ពួកគេប្រាប់គាត់អំពីសមិទ្ធផលសិក្សារបស់ខ្លួន ឬលទ្ធផលដែលសម្រេចបានក្នុងការងារ ដូចជាការអំណរគុណចំពោះការណែនាំរបស់លោកគ្រូ។ នៅពេលនោះ លោកគ្រូមានក្តីរីករាយហើយបានជូនសិស្សម្នាក់ៗ នូវសៀវភៅកត់ត្រា និងប៊ិចមួយផង។ អំណោយតូចៗទាំងនេះបានអមដំណើរពួកគេទៅកាន់កន្លែងជាច្រើន ដែលអនុញ្ញាតឱ្យពួកគេបន្តសរសេរឡើងជំពូកថ្មីៗ អំពីជីវភាពដែលពួកគេស្រមៃចង់បាន អំពីដំណើរការចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិ៕