នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Telegraph លោក ដូណាល ត្រាំ បានឲ្យ​ដឹងថា ការដកអាមេរិកចេញពីសម្ព័ន្ធភាពយោធានេះ «ស្ទើរតែបានសម្រេច​ហើយ» និង​បាន​រិះគន់សម្ព័ន្ធមិត្តចំពោះការមិនគាំទ្រ ​«ការដោះសោ» ច្រកសមុទ្រហ័រមូស។ ប្រមុខសេតវិមានបានរិះគន់បណ្តាប្រទេសសមាជិកណាតូ មិនធ្វើសកម្មភាពសម​ស្របនឹងការសន្យារបស់អាមេរិក ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនបានគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងស្ថានភាពជាច្រើន​​។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានរិះគន់រដ្ឋាភិបាលអង់គ្លេស ដែលជាសម្ព័ន្ធមិត្តដ៏​សំខាន់បំផុតរបស់អាមេរិកនៅអឺរ៉ុប ចំពោះការមិនចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ និងបានសួរអំពីសមត្ថភាពរបស់​កងទ័ពជើងទឹកប្រទេសនេះ ហើយបានរិះគន់​ចំពោះ​គោលនយោបាយថាមពលរបស់លោក​នាយករដ្ឋមន្ត្រី គែរ ស្តារម័រ ផងដែរ។ រីឯខ្លួន​វិញ ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់លោក Trump នាយករដ្ឋមន្ត្រីអង់គ្លេសលោក ស្តារម័រ បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះណាតូ ប៉ុន្តែក៏បានប្រកាសថា នឹងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសនៅអឺរ៉ុប ដើម្បីឆ្លើយតបនឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនដែល​កំពុង​តែកាន់តែអាក្រក់ទៅ​ៗ៕​