នៅទីនេះ លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម បានជម្រាបជូនលោកអគ្គលេខាបក្ស តូ ឡឹម ថា ឥឡូវនេះ វិទ្យុសំឡេងវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើសកម្មភាពផលិតខ្លឹមសារ ដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មានក្រោមទម្រង់ជាច្រើននៅលើវេទិកាឌីជីថល ប៉ុន្តែសសរស្តម្ភនៅតែជាកម្មវិធីវិទ្យុ។ វិទ្យុសំឡេងវៀតណាម បានត្រួតពិនិត្យស្ថានីយ៍ផ្សាយទាំងអស់ ដើម្បីធានាថា ការផ្សាយតាមរលកវិទ្យុអាចគ្របដណ្តប់ ១០០% នៃសមុទ្រខាងកើតទាំងមូល រួមទាំងឈូងសមុទ្រថៃ ប្រជុំកោះ Truong Sa, Hoang Sa និងឈូងសមុទ្រភាគខាងជើង ព្រមទាំងផ្សាយជាភាសាបរទេសចំនួន ១២ ទៅកាន់ពិភពលោកផងដែរ។
អញ្ជើញថ្លែងនៅក្នុងជំនួបសំណេះសំណាល លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “អាចនិយាយបានថា អស់រយៈពេល ៨០ ឆ្នាំកន្លងមកនេះ វិទ្យុសំឡេងវៀតណាម បានអមដំណើរជោគវាសនារបស់ប្រជាជាតិ។ បច្ចុប្បន្ននេះ រលកវិទ្យុបានគ្របដណ្តប់សព្វទីកន្លែងក្នុងប្រទេស ហើយឈានទៅសមុទ្រខាងកើត។ វិទ្យុសំឡេងវៀតណាមមិនត្រឹមតែមាននៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ។ វិទ្យុសំឡេងវៀតណាមក៏បានផ្សាយជាភាសាបរទេសចំនួន ១២ សម្រាប់មិត្តភក្តិបរទេស និងសម្រាប់សហគមន៍ជនជាតិវៀតណាមនៅបរទេសផងដែរ។ ប៉ុស្តិ៍វិទ្យុជាច្រើនត្រូវបានប្រជាជនកោតសរសើរយ៉ាងខ្លាំង។ នេះគឺជាលទ្ធផលនៃស្មារតីទទួលខុសត្រូវ សេចក្តីស្រឡាញ់ចំពោះវិជ្ជាជីវៈ និងសេចក្ដីប្រាថ្នាចង់បម្រើប្រជាជន”។
ដោយសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងតម្រូវការខ្ពស់លើការងារព័ត៌មាន និងឃោសនា លោកអគ្គលេខាបក្ស តូ ឡឹម បានសម្តែងគោលបំណងថា នាពេលខាងមុខ វិទ្យុសំឡេងវៀតណាមនឹងបង្កើនគុណភាពកម្មវិធីនៅលើរលកវិទ្យុ ដោយខិតខំធ្វើឱ្យកម្មវិធីនីមួយៗក្លាយជាសំឡេងពិតប្រាកដ ទាន់ពេលវេលា និងមនុស្សសាស្ត្រ រួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ប្រជាជនលើបក្ស និងរដ្ឋ ព្រមទាំងតស៊ូប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ទៅនឹងទស្សនៈខុសឆ្គងផងដែរ។
“ថ្មីៗនេះ ការអនុវត្តគោលជំហរនិងគោលនយោបាយរបស់បក្ស និងរដ្ឋ សុទ្ធតែមានការរួមចំណែករបស់វិទ្យុសំឡេងវៀតណាម។ សមមិត្តបានអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងការផលិតកម្មវិធីវិទ្យុ ហើយផ្សព្វផ្សាយព័ត៌មានក្នុងទម្រង់ផ្សេងៗទៀត។ ប្រការនេះក៏មានសារសំខាន់ខ្លាំងណាស់។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះ សមមិត្តបានត្រៀមរៀបចំកម្មវិធីដ៏ល្អបំផុត ទាក់ទាញបំផុត និងទាន់ពេលវេលាបំផុត។ ប្រទេសជាតិកំពុងឆ្លងកាត់ការផ្លាស់ប្តូរ។ តើយើងត្រូវធ្វើយ៉ាងណាដើម្បីអាចឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទាំងនេះ ត្រូវធ្វើយ៉ាងណាដើម្បីអាចឃោសនាទៅកាន់ប្រជាពលរដ្ឋទាំងអស់ ធ្វើយ៉ាងណាដើម្បីប្រមូលផ្ដុំកម្លាំងពលំរបស់ប្រជាពលរដ្ឋទាំងអស់? មានតែពេលដែលប្រជាពលរដ្ឋយល់ ប្រជាពលរដ្ឋឃើញ ប្រជាពលរដ្ឋគាំទ្រ និងប្តេជ្ញាអនុវត្តន៍ប៉ុណ្ណោះ ទើបយើងមានកម្លាំង។ ដូច្នេះ ការងារព័ត៌មាននិងឃោសនាពិតជាមានសារៈសំខាន់ខ្លាំងណាស់”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ