ការពិនិត្យព្យាបាលជំងឺពីចម្ងាយរួមចំណែកកាត់បន្ថយបន្ទុកសម្រាប់មូលដ្ឋានសុខាភិបាល។ (រូបថត៖ PLO) |
លក្ខណៈពិសេសមួយដែលត្រូវបានវាយតម្លៃខ្ពស់ដោយអ្នកជំនាញវេជ្ជសាស្ត្រគឺថា vnCare បើកចេញឱកាសដើម្បីចែករំលែកពីជំនាញ និងបទពិសោធន៍ក្នុងការពិនិត្យនិងព្យាបាលជំងឺពីចម្ងាយក្រោមទ្រង់ទ្រាយជាច្រើនដូចជាការហៅជាវីដេអូ។ ការតភ្ជាប់ពីចម្ងាយជាមួយក្រុមគ្រូពេទ្យ ជួយឲ្យអ្នកជំងឺទទួលបានការណែនាំល្អបំផុត ដែលរួមចំណែកកាត់បន្ថយបន្ទុកលើមូលដ្ឋានសុខាភិបាល។ vnCare ក៏ជួយបង្កើនតម្លាភាព ងាយស្រួលចូលប្រើទិន្នន័យពាក់ព័ន្ធរបស់អ្នកជំងឺ ហើយកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺផងដែរ។ ក្នុងករណីបន្ទាន់មួយចំនួន វេជ្ជបណ្ឌិតអាចចូលពិនិត្យស្ថានភាពសុខភាពរបស់អ្នកជំងឺបានយ៉ាងឆាប់រហ័ស ដើម្បីចាត់វិធានការព្យាបាលឲ្យទាន់ពេលវេលា។ កម្មវិធី vnCare ក៏ជួយមូលដ្ឋានសុខាភិបាលគ្រប់គ្រងការណាត់ជួប ដើម្បីរៀបចំពេលវេលាពិនិត្យឲ្យបានសមស្រប។ ដោយមានគុណសម្បត្តិដ៏លេចធ្លោទាំងនេះ vnCare បាននិងកំពុងជាជម្រើសនៃមន្ទីរពេទ្យមជ្ឈិមនិងស្រុក ក៏ដូចជាមូលដ្ឋានសុខាភិបាលជាច្រើននៅទូទាំងប្រទេស។ លោក Le Manh Duc នាយករងមន្ទីរពេទ្យប្រៃសណីយ៍ហាណូយ បានឲ្យដឹងថា៖ “យើងខ្ញុំអនុវត្តន៍កម្មវិធី vnCare ដើម្បីជួយឲ្យអ្នកជំងឺអាចចុះឈ្មោះពិនិត្យ ទទួលបានអាទិភាពនៅពេលទៅពិនិត្យ កាត់បន្ថយពេលវេលាជាអតិបរមា ហើយថែមទាំងដើរតាមផ្លូវដាច់ដោយឡែកមួយ ដើម្បីកំណត់ការប៉ះពាល់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ នៅពេលដែលអ្នកជំងឺចុះឈ្មោះពិនិត្យព្យាបាលជំងឺលើកម្មវិធី vnCare នីតិវិធីគឺសាមញ្ញណាស់។ កម្មវិធី vnCare នឹងធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជំងឺ ផ្ញើរព័ត៌មាន និងទិន្នន័យទៅកាន់បុគ្គលិកឯកទេសនៃមន្ទីរពេទ្យដែលទទួលបន្ទុក vnCare ។ បុគ្គលិកឯកទេសនេះនឹងទាក់ទងជាមួយវេជ្ជបណ្ឌិតដើម្បីកំណត់ពេលវេលាពិនិត្យ ហើយនៅពេលអ្នកជំងឺមកដល់ មិនចាំបាច់បំពេញនីតិវិធីណាមួយ ដូចជាការតម្រង់ជួរ ឬទទួលសំបុត្រនោះទេ ប៉ុន្តែត្រូវបាននាំត្រង់ចូលបន្ទប់ពិនិត្យ”។
App vnCare នៅលើទូរស័ព្ទឆ្លាតវៃ។ (រូបថត៖ VTV) |
សម្រាប់អ្នកប្រើប្រាស់ vnCare ជួយបង្កើនប្រសិទ្ធភាពដំណើរការប្រតិបត្តិការ បម្រើការគ្រប់គ្រងអ្នកជំងឺបានល្អ បង្កើនសមត្ថភាពដោះស្រាយបញ្ហា និងប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធសុខាភិបាល - ថែទាំសុខភាពសហគមន៍; ទន្ទឹមនឹងនោះ ឆ្លើយតបនឹងទិសដៅទូទៅ ហើយប្រតិបត្តិតាមលក្ខណៈវិនិច្ឆ័យ នៃការ អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យសុខាភិបាលរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល។ សម្រាប់ប្រជា ជនវិញ vnCare ជួយគេទទួលបានសេវាថែទាំសុខភាពយ៉ាងឆាប់រហ័ស នៅគ្រប់ពេលវេលា គ្រប់ទីកន្លែងទាំងអស់។ មិនថានៅកន្លែងណាមួយ ក៏ប្រជាជនអាចទទួលបានការថែទាំសុខភាពយ៉ាងងាយស្រួលដោយត្រឹមតែប្រើទូរសព្ទឆ្លាតវៃ ឬឧបករណ៍ Tablet ក៏ដូចជាម្ចាស់ការក្នុងការរៀបចំពេលវេលាពិនិត្យផងដែរ។
ជាពិសេស ក្នុងអំឡុងពេលរក្សាគម្លាតសង្គមដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ vnCare បានជួយប្រជាជនកាត់បន្ថយការធ្វើដំណើរ ជៀសវាងការឆ្លងនៅមន្ទីរពេទ្យ។ ដោយការកក់ពេលវេលាណាត់ជួបលើ vnCare អ្នកជំងឺនឹងទទួលបានអាទិភាពដោយត្រូវបានពិនិត្យតាមពេលវេលាដែលបានកំណត់ជាមុន។ ទន្ទឹមនឹងនោះ ទិន្នន័យសុខាភិបាលរបស់អ្នកជំងឺក៏ត្រូវបានរក្សាទុក ដែលជួយគេចូលពិនិត្យមើលសំណុំសុខភាពផ្ទាល់ខ្លួនបានយ៉ាងងាយស្រួលផងដែរ។ លោកស្រី Nguyen Thi Thu Giang នៅទីក្រុងហាណូយបានចែករំលែកបន្ទាប់ពីប្រើប្រាស់កម្មវិធី vnCare យ៉ាងដូច្នេះថា៖ “កម្មវិធីនេះងាយស្រួលប្រើប្រាស់ មានការបង្ហាញស្និទ្ធស្នាលហើយប្រតិបត្តិការលឿនណាស់។ ពេលប្រើកម្មវិធីហើយទៅមន្ទីរពេទ្យ ពេលមកដល់ អ្នកនឹងត្រូវបានបុគ្គលិកពេទ្យណែនាំយ៉ាងយកចិត្តទុកដាក់ នាំទៅពិនិត្យនិងចុះឈ្មោះយ៉ាងឆាប់រហ័ស”។
ការជំរុញខ្លាំងនូវការធ្វើឌីជីថលភាវូបនីយកម្ម បាននិងកំពុងរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេស។ តាមរយៈការកសាង និងដាក់កម្មវិធី vnCare ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមមូលដ្ឋានសុខាភិបាលក្នុងស្រុក VNPT មានបំណងចង់រួមចំណែកចែករំលែកការលំបាកជាមួយផ្នែកសុខាភិបាល និងមន្ទីរពេទ្យ ព្រមទាំងចង់ជួយប្រជាជនផ្លាស់ប្តូរទម្លាប់ក្នុងការពិនិត្យព្យាបាលជំងឺទៀតផង។ ដោយមានប្រសិទ្ធភាពជាក់ស្តែងក្នុងការពិនិត្យព្យាបាលជំងឺ vnCare មានកិត្តិយសជាផលិតផលបច្ចេកវិទ្យា Make in Vietnam ដែលទទួលបានរង្វាន់សំរឹទ្ធនៅ ពានរង្វាន់បច្ចេកវិទ្យាព័ត៌មានវិទ្យា (IT World Awards ២០២១) ដែលជាពានរង្វាន់ឈានមុខគេនៃឧស្សាហកម្មព័ត៌មានវិទ្យាទូទាំងពិភពលោក៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

