![]() |
វិហារ Va ជាទីធ្វើសក្ការៈបូជាអារក្សភ្នំ Tan Vien Son Thanh ដែលជាព្រះឥន្ទព្រះព្រហ្មនាំមុខក្នុង ចំណោមព្រះឥន្ទព្រះព្រហ្មអមតទាំង៤អង្គក្នុងរឿងព្រេងវៀតណាម។ លោក Phung Minh Son អ្នកគ្រប់គ្រងវិហារ Va បានឲ្យដឹងថា៖
“វិហារ Va ត្រូវបានសាងសង់ឡើងនៅលើព្រៃឈើផ្ចឹកមានទំហំ៥,៧ ហិកតា។ នាបច្ចុប្បន្ននៅ សេសសល់ដើមឈើផ្ចឹកចាស់ៗតែ២៤៧ដើមប៉ុណ្ណោះ។ នាពេលកន្លងទៅ សមាគមន៍ដើមឈើបេតិកភណ្ឌវៀតណាម បានទទួលស្គាល់ ដើមឈើប្រមាណ៩៥ដើមជាដើមឈើបេតិកភណ្ឌ។ វិហារនេះស្ថិតនៅលើតំបន់ដី ដែលមានរូបរាងដូចសត្វអណ្ដើកមួយក្បាល។ ចាប់ពីសតវត្សទី១៦ដល់សតវត្សទី ១៧ វិហារនេះត្រូវបានស្ថាបនាដោយស្លឹកឈើនិងឬស្សីតែប៉ុណ្ណោះ។ រហូតដល់ សតវត្សទី១៨ ទើបបានសាងសង់ដូចនាបច្ចុប្បន្ន”។
តាមសិលាចរិតដែលត្រូវបានដំឡើងនៅវិហារ Va នាឆ្នាំ១៨៨៣មានដំណាលថា វិហារ នេះមានចាប់ពីសម័យកាលដែលវៀតណាមត្រូវត្រួតត្រាដោយរជ្ជកាល Tang (ប្រទេសចិន)។ នាគ្រានោះ វិហារមានទំហំតូចតាចណាស់ ប៉ុន្តែដល់ឆ្នាំ១៨៣១ ប្រជាជន ក្នុងតំបន់បានរៃអង្គាសទឹកប្រាក់ដើម្បីបើកទូលាយវិហារ Va។ រហូតមកដល់ពេល នេះ វិហារ Va ត្រូវបានឆ្លងកាត់ការជួសជុលធំៗប្រមាណ៣លើកហើយ។ នាសព្វថ្ងៃ បរិវេណនៃវិហារ Va មានទំហំប្រមាណ២ពាន់ម៉ែត្រការ៉េ ហើយត្រូវបានព័ទ្ធជុំវិញ ដោយកំពែងថ្មមានកំពស់ជាង២ម៉ែត្រ។
វិហារ Va ត្រូវបានសាងសង់តាមអ័ក្សជើង-ត្បូង ដោយមានខ្លោងទ្វារធំ ដំបូលប្រក់ក្បឿងបុរាណហើយត្រូវបានឆ្លាក់រូបសត្វនាគមួយគូរ។ វិហារនេះ ជាទីធ្វើ សក្ការៈបូជាអារក្សភ្នំ Tan Vien។ ពិធីបុណ្យធំបំផុតនៅទីនេះគឺពិធីបុណ្យនិទាឃរដូវ ដែលត្រូវបានរៀបចំឡើងនាថ្ងៃពេញបូរមីខែ១តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ លោក Phung Minh Son បានឲ្យដឹងថែមទៀតថា៖
“ពិធីបុណ្យត្រូវបានរៀបចំឡើងនានិទាឃរដូវនិងរដូវស្លឹកឈើជ្រុះ។ នា និទាឃរដូវ ពិធីបុណ្យចាប់ផ្ដើមពីថ្ងៃទី១៥ ខែ១ និងបញ្ចប់នាថ្ងៃទី១៧ ខែ១តាម ច័ន្ទគតិ។ ចំណែកឯនារដូវស្លឹកឈើជ្រុះវិញ គឺពិធីបុណ្យប្រព្រឹត្តទៅក្នុងថ្ងៃទី១៥ ខែ៩ តាមច័ន្ទគតិតែមួយថ្ងៃប៉ុណ្ណោះ។ ពិធីបុណ្យនេះសប្បាយអ៊ូអរណាស់ ដោយមាន ការចូលរួមដើរដង្ហែក្បួនរបស់មនុស្សរាប់ពាន់នាក់”។
ក្នុងពិធីបុណ្យរដូវស្លឹកឈើជ្រុះនៅវិហារ Va មានពិធីដ៏វិសេសវិសាលមួយ នោះគឺពិធីនេសាទ។ ប្រជាជនក្នុងតំបន់នឹងទៅនេសាទនៅទន្លេ Tich ដើម្បីជ្រើស រើសត្រីធំប្រមាណ៩៩ក្បាល យកទៅធ្វើម្ហូបអាហារជាច្រើនមុខដូចជា ត្រីស្ងោរ ត្រីអាំង និងភ្លាសាច់ត្រី ជាដើម សំដៅសែនព្រះឥន្ទព្រះព្រហ្ម។ ពិធីនេះមានប្រភពដើមពី រឿងព្រេងដែលមានដំណាលថា ព្រះបាទ Tan Vien បានបង្រៀនឲ្យប្រជាជនចេះការនេសាទ ហើយចាប់បានត្រីប្រមាណ១០០ក្បាល ក្នុងនោះមានត្រីអណ្ដែង១ក្បាល់កំពុង មានផ្ទៃពោះ ដូច្នេះហើយត្រូវបានព្រះបាទយកមកប្រលែង។ ក្រោយនោះ ត្រី អណ្ដែងនោះ បានកើតកូនត្រី៩ក្បាល ដែលសុទ្ធតែប្រែខ្លួនទៅជាថ្មនិងបែមុខ ឆ្ពោះទៅវិហារ Va។ ពិធីបុណ្យនេះ ទាក់ទាញការចូលរួមយ៉ាងសប្បាយអ៊ូអររបស់ ប្រជាជនរាប់ហ្មឺននាក់នៃតំបន់ជុំវិញ ក៏ដូចជាភ្ញៀវទេសចរពីគ្រប់ទិសទីផងដែរ។ លោកស្រី Nguyen Thi Binh ពលរដ្ឋមួយរូបនៃទីរួមស្រុក Son Tay បានចែក រំលែកថា៖
“នាងខ្ញុំនិងគ្រួសារតែងតែមកចូលរួមពិធីបុណ្យវិហារ Va ពីរលើកជារៀង រាល់ឆ្នាំ។ ក្រៅពីនោះ នាថ្ងៃទី១ និងថ្ងៃទី១៥ ជារៀងរាល់ខែតាមច័ន្ទគតិ ប្រជាជន នៅតំបន់ជុំវិញសុទ្ធតែមកទីនេះអុជ ធូប។ នៅជុំវិញវិហារ Va មានដើមឈើធំៗ ជាច្រើន ហេតុនេះហើយ បរិយាកាសស្អាតបរិសុទ្ធនិងស្ងៀមស្ងាត់ណាស់។ មាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាវិហារកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះថាទីនេះមានទេសភាពស្រស់បំព្រង និងស្ថាបត្យកម្មល្អប្រណិត”។
វិហារ Va ជាកេរ្តិ៍ដំណែលមួយក្នុងចំណោមកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដ៏តិច តួចនៃរដ្ឋធានីហាណូយ ដែលនៅតែរក្សាដដែលនូវទេសភាព ស្ថាបត្យកម្ម និង តំលៃសិល្បៈដ៏វិសេសវិសាលនានានៃប្រវត្តិសាស្ត្រវប្បធម៌របស់ប្រទេសវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
