ផ្សារណាត់ Ha Lau (រូបថត៖ VOV) |
ផ្សារណាត់ Ha Lau មានទីតាំងនៅឃុំព្រៃភ្នំ Ha Lau ជាប់នឹងស្រុក Dinh Lap ខេត្ត Lang Son ដែលជាទីកន្លែងមានជនជាតិ Dao Thanh Y, San Chi, Tay …រស់នៅ។ ផ្សារនេះត្រូវបានកកើតឡើងដោយឯកឯង ហើយធ្លាប់ជាកន្លែងសម្រាប់ផ្លាស់ប្តូរនិងទិញលក់ទំនិញរបស់ជនជាតិភាគតិចនៅក្នុងតំបន់កាលពីជាង ៥០ ឆ្នាំមុន។ កាលគ្រានោះ ផ្លូវធ្វើដំណើរពុំមានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះឡើយ ហើយប្រជាជននៅតំបន់ព្រៃភ្នំ មកផ្សារនេះមិនត្រឹមតែទិញនិងលក់ទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ ជួបជុំគ្នាទៀតផង។ ការទៅផ្សារណាត់បានក្លាយជាសេចក្តីអំណរខាងវិញ្ញាណរបស់ប្រជាជនក្នុងតំបន់។ អស់ រយៈពេលជាច្រើនឆ្នាំផ្សារណាត់ត្រូវបាត់បង់ដោយខ្លួនឯង លុះដល់ចុងឆ្នាំ ២០១៨ ស្រុក Tien Yen បានស្តារនិងបើកដំណើរការផ្សារណាត់ឡើងវិញជារៀងរាល់ព្រឹកថ្ងៃអាទិត្យ។
លោកស្រី Tang Si Mui ជនជាតិ Dao Thanh Y បាននាំយកផ្លែឈើនិងបន្លែផ្ទាល់ខ្លួនសម្រាប់លក់នៅផ្សារនេះ។ លោកស្រី Mui បានងើបតាំងពីព្រឹកព្រលឹម ដើម្បីរៀបដាក់ទំនិញរបស់ខ្លួន។ លោកស្រីបានចែករំលែក ថា៖ “ថ្ងៃនេះទៅផ្សារ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ពីព្រោះផ្លែឈើនិងបន្លែដែលយើងផលិតផ្ទាល់ ហើយនាំយកមកលក់នៅផ្សារណាត់ ត្រូវបានមនុស្សគ្រប់គ្នាស្គាល់ដល់ និងទិញច្រើនដែរ។ ខ្ញុំសង្ឃឹមថា ផ្សារណាត់ Ha Lau នេះនឹងក្លាយជាកន្លែងផ្លាស់ប្តូរនិងភ្ជាប់វប្បធម៌របស់ជនជាតិ Dao ជាមួយបណ្តាជនជាតិ ភាគតិចដទៃទៀត។ អ្នកទេសចរក៏ចូលចិត្តទៅផ្សារដែរ”។
ហាងលក់ទំនិញមួយកន្លែងរបស់ជនជាតិ Dao Thanh Y (រូបថត៖ VOV) |
ប្រជាជនក្នុងតំបន់បាននាំយកមកលក់នៅផ្សារណាត់ Ha Lau នូវផលិតផលជាច្រើនមុខ ដូចជា បន្លែ ផ្លែឈើ ទឹកឃ្មុំព្រៃ ស្រាដំបែ ឧបករណ៍ប្រើពេលទៅព្រៃ ដូចជា កាំបិត និងផ្គាក់ រួមទាំងសម្លៀកបំពាក់ជនជាតិដើមភាគតិចទៀតផង។ ផ្សារណាត់ក៏ទាក់ទាញឈ្មួញតូចៗនៅតំបន់ជុំវិញ នាំយកទំនិញប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃជាច្រើនមកលក់ផងដែរ។ អាជ្ញាធរមូលដ្ឋាន និងផ្នែកវប្បធម៌និងទេសចរណ៍ក្នុងតំបន់ក៏ចូលរួមចំណែកស្តារឡើងវិញនូវពិធីបុណ្យទានសំខាន់ៗជាច្រើន ក្នុងវប្បធម៌របស់ជនជាតិ Dao Thanh Y តាមប្រជុំផ្សារម្តងៗ ដើម្បីបម្រើដល់ភ្ញៀវទេសចរដែលមកទស្សនានិងទទួលបទពិសោធន៍។ លោក Vi Duc Phuc ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ha Lau បានឲ្យដឹងថា៖ “ឃុំបានរៀបចំផ្សារណាត់ដោយផ្សាភ្ជាប់ជាមួយសកម្មភាពវប្បធម៌ សិល្បៈនិងកីឡារបស់ប្រជាជនតំបន់ព្រៃភ្នំ ក៏ដូចជាស្តារឡើងវិញនូវលក្ខណៈវប្ប ធម៌របស់ជនជាតិ Dao និង Tay ដែលកំពុងបាត់បង់ជាបណ្តើរៗ។ ផ្សារណាត់ Ha Lau ត្រូវបានស្តារឡើងវិញដើម្បីជួយប្រជាជននៅទីនេះ អាចផ្លាស់ប្តូរផលិតផល ដោយហេតុនេះ អាចជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន លើកកម្ពស់ការប្រឡងប្រណាំងផលិតកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់”។
ភ្ញៀវទេសចរពេលមកទស្សនាផ្សារណាត់ Ha Lau សុទ្ធតែមានសេចក្តីសោមនស្សរីករាយ ដោយអាចទិញផលិតផល ដែលផលិតដោយជនជាតិដើមភាគតិចនៅទីនេះ។ ហើយសំលៀកបំពាក់របស់ជនរួមជាតិ Dao, San Chi និង Tay ក៏ជាពណ៌នៃបណ្តាជនជាតិនៅផ្សារណាត់ផងដែរ។ លក្ខណៈវប្បធម៌របស់ប្រជាជន Dao Thanh Y ត្រូវបានបង្ហាញឡើងវិញនៅឯផ្សារណាត់ តាមរយៈពិធី Phun Voong ដែលជាពិធីដ៏សំខាន់មួយដើម្បីទទួលស្គាល់ភាពពេញវ័យរបស់បុរស Dao Thanh Y។ ចំណែកឯ បុរស នារី ក្នុងសម្លៀកបំពាក់ស្រស់ស្អាត ក្នុងឈុតសម្តែងដង្ហែកូនក្រមុំ របស់ជនជាតិ Dao ឬរីករាយជាមួយរសជាតិនៃម្ហូបពិសេសផងដែរ។ ក្នុងឱកាសទៅលេងផ្សារណាត់ Ha Lau លោកស្រី Vu Thi Loan នៅទីក្រុងហាឡុង ខេត្ត Quang Ninh បានរៀបរាប់ពីចំណាប់អារម្មណ៍ថា៖ “នេះជាលើកទី ១ ហើយដែលខ្ញុំបានមកកាន់ផ្សារដែលមានលក្ខណៈបែបដូច្នេះ។ នៅទីនេះមានទាំងសម្រស់ទេសភាពដ៍ស្រស់ស្អាត ហើយមានទាំងវប្បធម៌ដោយឡែករបស់ជនរួមជាតិជនជាតិភាគតិច។ ហេតុដូច្នេះធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងណាស់។ ប្រជាជននៅទៅនេះ មានភាពរួសរាយរាក់ទាក់ហើយទំនិញដែលបានដាក់លក់មានគុណភាពសមរម្យ។ ម្យ៉ាងវិញទៀត អ្នកលក់នៅទីនេះមានអាកប្បកិរិយាស្លូតបូត ដោយមិនថា តើភ្ញៀវមកទីណាឡើយ”?
ផលិតផលរបស់ជនជាតិ Dao Thanh Y គួរឲ្យចាប់អារម្មណ៍ណាស់ (រូបថត៖ VOV) |
លោក Pham Van Hoai អនុប្រធានគណៈកម្មាធិការប្រជាជននៃស្រុក Tien Yen បានអោយដឹងថា៖ សម្រាប់ស្រុក Tien Yen វិញ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ត្រូវយកវប្បធម៍ជាមូលដ្ឋានគ្រឹះ ជាពិសេសវប្បធម៌របស់ជនជាតិភាគតិច ហើយផ្សារណាត់ Ha Lau ជាផ្សារដែលភ្ជាប់លក្ខណវប្បធម៌ដ៏វិសេសវិសាលនោះ។ លោក Pham Van Hoa បានសង្កត់ធ្ងន់ថា៖ “ក្នុងរយៈពេលកន្លងមក យើងបានផ្តោតលើការបង្កើតគម្រោងមួយចំនួន ដើម្បីជួយអភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌របស់ក្រុមជនជាតិភាគតិច។ តាមរយៈផ្សារណាត់ Ha Lau យើងមានបំណងចង់អភិរក្សវប្បធម៌ដែលកំពុងបាត់បង់ជាបណ្តើរៗនោះ។ ជាពិសេស ប្រើប្រាស់វាជាកម្លាំងចលករ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាក់ទាញភ្ញៀវទេសចរហើយតាមរយៈនោះ អាចជួយប្រើប្រាស់ផលិតផលកសិកម្មក៏ដូចជាផលិតផលដែលប្រជាជនផលិត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយគ្នានោះ តាមរយៈពិព័រណ៍នេះក៏ជួយឲ្យប្រជាជនផ្លាស់ប្តូរគំនិត លុបបំបាត់ទំនៀមទម្លាប់ហួសសម័យ ដើម្បីបង្កើតឱ្យមានផ្នត់រស់នៅស៊ីវិល័យជាងទៀត”។
ឆ្លងកាត់ពេលវេលា និងការរួមបញ្ចូលវប្បធម៌ បានបង្កើតជានិមិត្តរូបយ៉ាងជាក់លាក់សម្រាប់តំបន់និងប្រជាជន Tien Yen។ តម្លៃវប្បធម៌ប្រជាប្រិយ ដែលបានបង្កប់តាមរយៈចង្វាក់ចម្រៀង សំឡេងខែន និងតាមរយៈសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិចនៅទីនេះ ដើម្បីបង្កើតបានលក្ខណៈពិសេសដោយ ឡែក របស់ Tien Yen ។ រួមជាមួយផ្សារណាត់ Ha Lau ពិធីបុណ្យប្រពៃណីដែលបានស្តារឡើងវិញបង្កើតនូវអត្តសញ្ញាណផ្ទាល់ខ្លួន អំពីតំបន់ដីនិងប្រជាជន Tien Yen ដែលបង្កើតផលិតផលទេសចរណ៍ពិសេស សម្រាប់អ្នកទេសចរដែលមកទទួលបទពិសោធន៍នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនតំបន់ព្រៃភ្នំនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


