ស្ត្រីសូម៉ាលីសម្រាកនៅខាងក្រៅតង់បណ្ដោះអាសន្នមួយ បន្ទាប់ពីចាកចេញពីតំបន់ Lower Shabelle ដោយសារគ្រោះរាំងស្ងួត ទៅកាន់ជំរំជនភៀសខ្លួនមួយក្នុងទីក្រុង Mogadishu ប្រទេសសូម៉ាលី ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៦។ (រូបថត៖ REUTERS/Feisal Oma)

ការព្រមាននេះត្រូវបានចេញ បន្ទាប់ពីរបាយការណ៍ចំណាត់ថ្នាក់សន្តិសុខស្បៀងអាហារ (IPC) បានព្យាករថា ប្រហែលមួយភាគបីនៃចំនួនប្រជាជនសូម៉ាលី ដែលស្មើនឹង ៦,៥ លាននាក់ នឹងប្រឈមមុខនឹងវិបត្តិអត់ឃ្លាន ឬកាន់តែអាក្រក់ជាងនេះទៅទៀត នៅខែមីនាខាងមុខ កើនឡើង ១,៧ លាននាក់បើប្រៀបធៀបទៅនឹងខែមករា។

របាយការណ៍នេះក៏បានប៉ាន់ប្រមាណផងដែរថា មនុស្សប្រហែល ២ លាននាក់កំពុងស្ថិតក្នុងស្ថានភាពអត់ឃ្លានធ្ងន់ធ្ងរ ខណៈដែលកុមារជាង ១,៨ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំប្រឈមនឹងហានិភ័យនៃកង្វះអាហារូបត្ថម្ភស្រួចស្រាវនៅឆ្នាំ ២០២៦ ដោយមានកុមារជិត ៥ សែននាក់អាចខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។

គ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញផលិតកម្មកសិកម្ម បណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយដល់ដំណាំនិងសត្វចិញ្ចឹម ព្រមទាំងបង្កឱ្យកើតមានការចំណាកស្រុកទ្រង់ទ្រាយធំនៅប្រទេសសូម៉ាលីផងដែរ៕