គម្រោងផ្សព្វផ្សាយសិល្បៈល្ខោននៅទីក្រុងហូជីមិញ។
(រូបថត៖ Minh Tham/VOV)

ក្រឡេកមើលដំណើរអភិវឌ្ឍន៍ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក វិស័យវប្បធម៌និងសិល្បៈនៃទីក្រុងហូជីមិញបានបំពេញយ៉ាងល្អនូវតួនាទីរបស់ខ្លួនក្នុងការបម្រើជីវភាពខាងស្មារតីរបស់
ប្រជាជន រួមដំណើរជាមួយទីក្រុងដើម្បីជំនះពុះពារលើការលំបាកក្នុងប៉ុន្មានថ្ងៃដំបូង និង
កសាងទីក្រុងហូជីមិញឱ្យរឹងមាំលើគ្រប់វិស័យ។ ជួរអ្នកអក្សរសាស្ត្រសិល្បៈករនៃទីក្រុងបានបង្ហាញស្នាដៃប្រកបដោយគុណភាពសិល្បៈខ្ពស់ រួមចំណែកលើកកំពស់ជីវភាពខាងស្មារតីរបស់ប្រជាជនមិនត្រឹមតែនៅទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងនៅគ្រប់តំបន់ក្នុងប្រទេស និងនៅឯបរទេសទៀតផង។

“ទីក្រុងហូជីមិញមិនត្រឹមតែមានការអភិវឌ្ឍសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ប៉ុណ្ណោះទេ ថែមទាំងមានស្នាដៃអក្សរសាស្ត្រ សិល្បៈប្រកបដោយមោទនភាពទៀតផង។ មិនថាក្នុងទិដ្ឋភាពណា ក៏មានស្នាដៃឆ្នើមៗដែរ”។

“តម្លៃសិល្បៈ និងគំនិតសិល្បៈក្នុងស្នាដៃរបស់មជ្ឈដ្ឋានវិចិត្រកម្មនៃទីក្រុង បានធ្វើឱ្យវាមានភាពរស់រវើកជានិច្ច និងធ្វើឲ្យវិស័យអក្សរសាស្ត្រសិល្បៈនៃទីក្រុងកាន់តែសម្បូរបែប”។

បច្ចុប្បន្ននេះ ទីក្រុងត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលភាពយន្តរបស់ប្រទេសទាំងមូល ដែលមានគ្រឹះស្ថានចុះបញ្ជីនិងផលិតចេញផ្សាយភាពយន្តជាង ១០០ កន្លែង។ វិស័យល្ខោនជាមួយ
នឹងស្នាដៃល្ខោននិយាយដ៏ល្បីល្បាញ ក៏ត្រូវបានគេចាត់ទុកជាមោទនភាពនៃសិល្បៈល្ខោននិយាយរបស់ទីក្រុង។

សិល្បៈការិនីប្រជាជន Nguyen Thi Thanh Thuy នាយិការងមន្ទីរវប្បធម៌ និងកីឡាទីក្រុង
ហូជីមិញ។ (រូបថត៖ VOV)

សិល្បៈការិនីប្រជាជន Nguyen Thi Thanh Thuy នាយិការងមន្ទីរវប្បធម៌ និងកីឡាទីក្រុង
ហូជីមិញ បានឲ្យដឹងថា ក្នុងដំណាក់កាលនីមួយៗ អក្សរសាស្ត្រ និងសិល្បៈរបស់ទីក្រុងបានរួមដំណើរ គាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងការអនុវត្តគោលដៅ និងភារកិច្ចនយោបាយរបស់ប្រទេសជាតិក្នុងស្ថានភាពថ្មី។

“ក្នុងដំណាក់កាលនៃការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ យើងមានក្រុមហ៊ុនឯកជនជាច្រើន និងសាជីវកម្មធំៗ បានខិតខំប្រឹងប្រែងកសាងម៉ាកយីហោ តាមរយៈការសម្តែង ដោយនាំមកនូវទស្សនវិស័យថ្មីលើទម្រង់រៀបចំ និងរចនាបទនៃកម្មវិធីសិល្បៈធំៗ”។

មកទល់នឹងពេលនេះ ទីក្រុងហូជីមិញមានមនុស្សប្រមាណ ៩៧.០០០នាក់ដែល កំពុងធ្វើការក្នុងវិស័យវប្បធម៌ និងសិល្បៈ។ អត្រាកំណើនជាមធ្យមនៃសហគ្រាសវប្បធម៌គឺប្រហែល ១៤% ក្នុងមួយឆ្នាំ ហើយកំពុងរួមចំណែកប្រហែល ៥,៧% នៃ GRDP ប្រចាំឆ្នាំរបស់ទីក្រុង។

ទីក្រុងហូជីមិញបានកំណត់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌លើវិស័យចំនួន ៨ រួមមាន៖ ភាពយន្ត សិល្បៈសម្តែង វិចិត្រសិល្បៈ ការថតរូប ការតាំងពិព័រណ៍ ការផ្សាយពាណិជ្ជកម្ម ទេសចរណ៍វប្បធម៌ ម៉ូដ... ហើយពីវិស័យទាំងនេះ ឧស្សាហកម្មវប្បធម៌របស់ទីក្រុងនឹងក្លាយជាកម្លាំងចលករ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការផ្លាស់ប្តូរអន្តរជាតិ លើកកំពស់ឋានៈ និងរូបភាពនៃទឹកដីនិងមនុស្សនៅទីក្រុងហូជីមិញ។ សិល្បការិនីប្រជាជន Nguyen Thi Thanh Thuy បានចែករំលែកថា៖

“យើងខ្ញុំមានការរំពឹងទុកខ្ពស់ថា ក្នុងដំណាក់កាលថ្មី បណ្ដាអ្នកអក្សរសាស្ត្រនិងសិល្បៈករនៃទីក្រុងហូជីមិញនឹងបន្តពង្រីកតួនាទីជាអ្នកត្រួសត្រាយលើសមរភូមិវប្បធម៌ បន្តរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍន៍វប្បធម៌របស់ទីក្រុង និងរួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌របស់ប្រទេសជាតិផងដែរ”។

ក្នុងបរិបទនៃការជំរុញឧស្សាហូបនីយកម្ម ទំនើបកម្ម សមាហរណកម្មអន្តរជាតិ និងការប្រសព្វវប្បធម៌ជាសកលនោះ ជួរអ្នកអក្សរសាស្ត្រសិល្បៈករសិល្បៈការិនីរបស់ទីក្រុងបាននិងកំពុងខិតខំប្រឹងប្រែងបង្កើតការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដើម្បីបំពេញតម្រូវការកម្សាន្តរបស់ប្រជាជន ហើយម្យ៉ាងវិញទៀតក្លាយជាឧស្សាហកម្មវប្បធម៌ដ៏ខ្លាំងក្លា ដែលបង្កើតស្នាដៃប្រកបដោយគុណភាពខ្ពស់។ ពីនោះ រួមចំណែកបង្កើនការអភិវឌ្ឍប្រកបដោយចីរភាពនៃវប្បធម៌ បង្កើត “អំណាចទន់” របស់មូលដ្ឋាន បញ្ជាក់ពីម៉ាកយីហោនៃទីក្រុងហូជីមិញ៕