"រថភ្លើងខ្សែលេខ ៦" គឺជាគំរូ "នាំបេតិកភណ្ឌមកតាមដងផ្លូវ" ដែលអនុវត្តន៍ដោយគណៈ
កម្មាធិការប្រជាជនសង្កាត់ Ba Dinh ទីក្រុងហាណូយ។ (រូបថត៖ Kim Lieu/VOV5)

"រថភ្លើងខ្សែលេខ ៦" គឺជាគំរូ "នាំបេតិកភណ្ឌមកតាមដងផ្លូវ" ដែលអនុវត្តន៍ដោយគណៈ
កម្មាធិការប្រជាជនសង្កាត់ Ba Dinh ទីក្រុងហាណូយ។ នេះជាកន្លែងដែលតម្លៃបេតិកភណ្ឌរបស់ទីក្រុងហាណូយត្រូវបានបង្កើតឡើងវិញជាភាសាដ៏ជិតស្និទ្ធ ធម្មជាតិ ដែលរួមចំណែក រួមបញ្ចូលបេតិកភណ្ឌទៅក្នុងជីវភាពសម័យទំនើប។ ខ្សែរថភ្លើងពិសេសនេះមិនដឹកអ្នកដំណើរទេ ប៉ុន្តែ «ដឹក» ការចងចាំអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និងវប្បធម៌រាប់ពាន់ឆ្នាំនៃរដ្ឋធានី។ លោក Nguyen Dan Huy អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Ba Dinh បានឲ្យដឹងថា៖

“បច្ចុប្បន្ននេះ យើងកំពុងអនុវត្តន៍គំរូ "នាំបេតិកភណ្ឌមកតាមដងផ្លូវ"។ ជំនួសឱ្យការអញ្ជើញយុវជនឱ្យទៅទស្សនាបេតិកភណ្ឌ យើងនឹងនាំបេតិកភណ្ឌមកតាមដងផ្លូវ ដើម្បីធ្វើឱ្យវាកាន់តែជិតស្និទ្ធនឹងយុវជន។ ដំបូងឡើយ យើងបានតុបតែងយ៉ាងស្រស់ស្អាត ដើម្បីទាក់ទាញពួកគេឱ្យចូលមើលនិងថតរូប។ នៅពេលដែលពួកគេមកដល់ហើយ ពួកគេចង់ដឹងចង់ឃើញ ហើយពេលចូលទៅខាងក្នុង នឹងមើលឃើញពីពិភពនៃបេតិកភណ្ឌវប្បធម៌ទាំងរូបីយ៍ និងអរូបីយ៍។ ពីនោះ ពួកគេនឹងកាន់តែយល់ដឹង ស្រឡាញ់ និងគោរពបន្ថែមទៀតចំពោះបេតិកភណ្ឌដែលជីដូនជីតាយើងបានបន្សល់ទុកមក”។

“រថភ្លើងខ្សែលេខ៦” ត្រូវបានបំផុសគំនិតដោយសំឡេងរោទ៍នៃរថភ្លើងនៅទីក្រុងហាណូយចាប់ពីឆ្នាំ ១៩០១ ដល់ឆ្នាំ ១៩៩១។ (រូបថត៖ Kim Lieu/VOV5)

ទូរថភ្លើងនីមួយៗគឺជាពិភពលោកតូចមួយ ដែលអតីតកាលត្រូវបានបង្កើតឡើងវិញជាភាសានៃបច្ចុប្បន្នកាល។ ទូស្រូវ-អង្ករ គឺជាដំណើរវេទមន្តដែលស្វែងយល់ពីដំណើរការចាប់ពីការសាបព្រោះគ្រាប់ស្រូវ រហូតដល់ការប្រមូលផល ការកិនបុកឲ្យក្លាយទៅជាគ្រាប់អង្ករពណ៌សក្បុស។ ទូផ្ទះបាយ - ទូចាន - ថាស បង្កើតឡើងវិញនូវរូបភាពផ្ទះបាយវៀតណាមក្នុងសម័យកាលរដ្ឋឧបត្ថម្ភធន; ជាកន្លែងដែលតែមចែកអាហារនីមួយៗ និងចង្ក្រានប្រេងនីមួយៗ សុទ្ធតែនិទានរឿងរ៉ាវអំពីពេលវេលាដ៏លំបាក។ លើសពីនេះ ភ្ញៀវក៏អាចឆុងកាហ្វេដោយខ្លួនឯង នៅទូកាហ្វេ ផងដែរ។

ខ្សែរថភ្លើងនេះ រំលឹកអនុស្សាវរីយ៍មិនត្រឹមតែតាមរយៈវត្ថុចាស់ៗប៉ុណ្ណោះទេ ថែមទាំងតាមរយៈអារម្មណ៍ដែលធ្លាប់ស្គាល់ផងដែរ។ (រូបថត៖ Kim Lieu/VOV5)

ចំណុចលេចធ្លោគឺ ទូហ្វើ - នំបញ្ចុក - សសៃ បានបើកដំណើរស្វែងយល់អំពីរឿងរ៉ាវម្ហូបអាហាររាប់ពាន់ ដែលលាតសន្ធឹងលើតំបន់ទាំងបីនៃប្រទេសវៀតណាម។ ចាប់ពីចានហ្វើហាណូយ ដែលត្រូវបានចាត់ទុកថាជា "ព្រលឹងជាតិ" រហូតដល់មុខម្ហូបសសៃនានា ដែលបង្កប់នូវរសជាតិនៃបណ្ដាតំបន់។ ម្ហូបនីមួយៗ គឺជារឿងរ៉ាវអំពីភាពច្នៃប្រឌិតដ៏ប្រណិតរបស់មនុស្សវៀតណាម។ លោក Nguyen Tien Dat អនុប្រធានសមាគមទេសចរណ៍ហាណូយ បានចែករំលែកថា៖

“ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍អំពីទីក្រុងហាណូយ តាមរយៈអារម្មណ៍ទាំង ៥ មិនត្រឹមតែបានស្ដាប់ការឧទ្ទេសនាមប៉ុណ្ណោះទេ ថែមទាំងចូលទៅក្នុងទូរថភ្លើងទៀតផង។ នៅទូហ្វើ នឹងមានក្លិនក្រអូបពិសេសរបស់ហ្វើ។ ទូកាហ្វេនឹងផ្តល់នូវក្លិនក្រអូបពិសេសរបស់កាហ្វេ។ បន្ទាប់មក ភ្ញៀវអាចទទួលទានរសជាតិ ហ្វើ កាហ្វេ ណែមប្រពៃណី និងតែ ហើយអាចប៉ះដល់វត្ថុអនុស្សាវរីយ៍ពីអតីតកាលផងដែរ”។

អ្នកទេសចរ រីករាយនឹង “រថភ្លើងខ្សែលេខ ៦”។ (រូបថត៖ Kim Lieu/VOV5)

អ្នកស្រី Pham Thu Huong ដែលរស់នៅសង្កាត់ O Cho Dua ទីក្រុងហាណូយ បានចែករំលែកអារម្មណ៍ពិសេស បន្ទាប់ពីចូលរួមដំណើរនៃការចងចាំនេះ យ៉ាងដូច្នេះថា៖

“ខ្ញុំជាជំនាន់អន្តរកាល ដែលមានកុមារភាពដោយផ្សាភ្ជាប់នឹងសម័យកាលរដ្ឋឧបត្ថម្ភធន។ ពេលក្រឡេកមើលឡើងវិញតែមចែកអាហារ សម្ភារៈថតរូបអាពាហ៍ពិពាហ៍ ទទួលបានអំណោយជាបំពងទឹកក្ដៅ ហើយកាន់បាច់ផ្កាក្លាឌីអូលី ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា កុមារភាពរបស់ខ្ញុំកំពុងរស់ឡើងវិញ។ ខ្ញុំមិននឹកស្មានថា អ្នករៀបចំអាចប្រមូលផ្ដុំវត្ថុពីសម័យកាលមុនៗច្រើនដូច្នេះ ហើយបង្កើតឡើងលំហតូចមួយដ៏កក់ក្ដៅ ស្របតាមស្មារតីនៃសម័យកាលរដ្ឋឧបត្ថម្ភធន។ ពីព្រោះ អ្វីៗទាំងអស់ទោះជាមានទំហំតូចតាចក៏ដោយ ប៉ុន្តែវាជិតស្និទ្ធម៉ែនទែន។ ដើម្បីរកបានរបស់របរទាំងនោះ ខ្ញុំគិតថាពិបាកណាស់”។

ម្ហូបអាហារប្រពៃណីរបស់ទីក្រុងហាណូយត្រូវបានបម្រើនៅលើ “រថភ្លើងខ្សែលេខ ៦”។ (រូបថត៖ Kim Lieu/VOV5)

ទោះបីជា ទើបតែដាក់ឱ្យដំណើរការក៏ដោយ ប៉ុន្តែលក្ខណៈវិសេសវិសាលនៃគំរូ "រថភ្លើងខ្សែលេខ ៦" និង "បេតិកភណ្ឌតាមដងផ្លូវ" បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ជាពិសេសយុវវ័យ។

“ជីដូននិងម្តាយរបស់ខ្ញុំ ជាជនដើមកំណើតហាណូយ ប៉ុន្តែខ្ញុំបានកើត និងធំធាត់នៅទីក្រុង Quy Nhon។ ពីរមុនមក ខ្ញុំត្រឹមតែបានឮអំពីទីក្រុងហាណូយបុរាណតាមរយៈរឿងរ៉ាវរបស់ជីដូនជីតា និងឪពុកម្តាយប៉ុណ្ណោះ។ ខ្ញុំមិនដែលបានឃើញបរិយាកាសពិតប្រាកដនៃទីក្រុងហាណូយបុរាណ នោះទេ។ ថ្ងៃនេះ ខ្ញុំបានមកទីនេះ ហើយបានឃើញរបស់របរដូចជា ឆ្នាំង ខ្ទះ និងពាង។ ទាំងនេះជាវត្ថុដែលខ្ញុំមិនធ្លាប់បានឃើញដោយផ្ទាល់ភ្នែក ឬប៉ះពីមុនមកឡើយ។ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំកំពុងរស់នៅក្នុងបរិយាកាសដែលជីដូនជីតា និងម្តាយបានរស់នៅក្នុងអតីតកាលអញ្ចឹង”។

រថភ្លើងបេតិកភណ្ឌផ្តល់ជូនអ្នកដំណើរនូវដំណើរគួរឱ្យចាប់អារម្មណ៍ ដែលមានតែមួយគ្មានពីរ នៅកណ្ដាលទីក្រុងហាណូយ។ ការលាយបញ្ចូលគ្នារវាងអតីតកាល និងបច្ចុប្បន្នកាល រវាងវប្បធម៌រាប់ពាន់ឆ្នាំរបស់ថាំងឡុង-ហាណូយ និងម្ហូបអាហារប្រកបដោយភាពច្នៃប្រឌិត បានបង្កើតលក្ខណៈទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរយ៉ាងច្រើនកុះករ៕