បរិយាកាសបុណ្យតេតនិងផ្សារតេតនៃតំបន់ដីសណ្តភាគខាងជើងត្រូវបានបង្កើតឡើងវិញយ៉ាងពិតប្រាកដ និងរស់រវើកនៅមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈ លេខ ២២ វិថី Hang Buom សង្កាត់ Hoan Kiem។ (រូបថត៖ VOV5) |
នៅក្នុងមជ្ឈមណ្ឌលតំបន់វិថីបុរាណនៃទីក្រុងហាណូយ ផ្ទះបែបបុរមបុរាណ និងទំនៀមទម្លាប់ដ៏ពិសេសក្នុងអំឡុងបុណ្យតេតនៃតំបន់ដីសណ្តភាគខាងជើងវៀតណាម ត្រូវបានបង្កើតឡើងវិញយ៉ាងពិតប្រាកដ និងរស់រវើកនៅមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈ លេខ ២២ វិថី Hang Buom សង្កាត់ Hoan Kiem។ លោកស្រី Ngo Thi Thuy Duong ប្រធានគណៈគ្រប់គ្រងបឹង Hoan Kiem និងតំបន់វិថីបុរាណហាណូយ បាននិយាយថា៖
“យើងបានបង្កើតឡើងវិញនូវផ្ទះបីល្វែងជាប្រពៃណីរបស់ប្រជាជននៅភាគខាងជើងវៀតណាម។ ហើយនៅក្នុងផ្ទះនោះ យើងបានរៀបចំយ៉ាងល្អិតល្អន់នូវតំបន់តុអាសនៈដូនតា។ យើងបានដំឡើងនៅលើមូលដ្ឋាននៃផ្ទះឈើមួយខ្នង ដែលមានបន្ទះក្ដារឆ្លាក់អក្សរ ពាក្យប្រស្នារ ហើយតុបតែងលំអរដោយដើមម៉ាក់ខៃ ដើមក្រូចឃ្វិច ផ្កា និងរបស់របរប្រើប្រាស់ផ្សេងទៀតដ៏ជិតស្និទ្ធនឹងប្រជាជនវៀតណាម។ ដូច្នេះ នៅក្នុងតំបន់វិថីបុរាណ មានបរិយាកាសដ៏កក់ក្ដៅនៃបុណ្យតេត”។
តុអាសនៈដូនតាគឺជាកន្លែងដែលត្រូវបានរៀបចំយ៉ាងពិសេសបំផុតនៅក្នុងផ្ទះបុរាណ។ (រូបថត៖ Kim Lieu/VOV5) |
នៅក្នុងផ្ទះរួមនោះ កន្លែងដែលត្រូវបានរៀបចំយ៉ាងពិសេសបំផុតគឺតុអាសនៈដូនតា ដែលជាកន្លែងពិសិដ្ឋ បង្ហាញពីការគោរព និងការដឹងគុណរបស់កូនចៅចំពោះជីដូនជីតា។ នៅលើតុអាសនៈ ជើងធូបត្រូវបានដាក់នៅចំកណ្តាល នៅពីក្រោយគឺជាបន្ទះឈើឆ្លាក់ឈ្មោះឬគំនូរគោរពបូជាដូនតា។ រួមជាមួយនោះគឺជាស្ពកផ្លែឈើ ៥ មុខ ដែលតំណាងឱ្យបំណងប្រាថ្នាចង់បានសេចក្ដីសុខចម្រុងចម្រើនក្នុងឆ្នាំថ្មី; នំអន្សមជ្រុងនិងនំ យ៉ៃ តំណាងឱ្យមេឃ-ដី; ផ្កាម៉ាក់ខៃ និងផ្កាគ្រីសានដែលបានដោតក្នុងថូប៉សឺឡែន; ស្រា ម្លូស្លា និងគ្រឿងដង្វាយប្រពៃណីផ្សេងៗទៀត។
ក្នុងនាមជាអ្នកដែលចូលរួមដោយផ្ទាល់ក្នុងការបង្កើតឡើងវិញ និងរៀបចំបរិយាកាសវប្បធម៌បុណ្យតេតប្រពៃណីនៃតំបន់ដីសណ្តរភាគខាងជើង នៅផ្ទះលេខ ២២ វិថី Hang Buom នោះ វិចិត្រករ Nguyen Manh Duc បាននិយាយថា៖
“កន្លែងដាក់តុអាសនៈដូនតាបស់ប្រជាជនវៀតណាម ក្រៅពីអត្ថន័យបួងសួងសុំពរជ័យ ក៏មានអត្ថន័យតភ្ជាប់អ្នករស់ជាមួយនឹងវិញ្ញាណក្ខន្ធអ្នកស្លាប់ផងដែរ។ ជាពិសេសក្នុងឱកាសបុណ្យតេត ពួកគេបំភ្លេចចោលការខ្វែងគំនិតនិងការមិនចុះសម្រុងគ្នាទាំងអស់ដើម្បីជួបជុំគ្នា។ នេះជាកន្លែងមួយដែលមនុស្សគ្រប់រូបអាចជញ្ជឹងគិតពីទិដ្ឋភាពវប្បធម៌ជាជាងទិដ្ឋភាពសាសនាវិញ្ញាណ ហើយអាចរីករាយនឹងបរិយាកាសនៃបុណ្យតេត”។
ស្តង់ទំនិញនៅក្នុងផ្សារបុណ្យតេត។ (រូបថត៖ Kim Lieu/VOV5) |
ទន្ទឹមនឹងតំបន់ផ្ទះលំនៅ ផ្សារបុណ្យតេតនៅតំបន់ដីសណ្តភាគខាងជើង ក៏ត្រូវបានបង្កើតឡើងវិញយ៉ាងរស់រវើកជាមួយនឹងស្តង់ទំនិញជាច្រើនផងដែរ។ ស្តង់លក់អាហារមាននំអន្សមជ្រុង តំណាប់តេត តែផ្កាឈូក; ស្តង់លក់គ្រឿងសិប្បកម្មវិចិត្រសិល្បៈ មានផលិតផលដូចជា៖ ម្រ័ក្សណ៍ខ្មុកភូមិ Ha Thai មួកដួនភូមិ Chuong គំនូរប្រជាប្រិយ Dong Ha ផ្លិតក្រដាស Chang Son និងរូបចម្លាក់ to he... លោកស្រី Cu Thi Thu Thuy ប្រធានក្លឹបគុណតម្លៃនៃរបរសិប្បកម្មវៀតណាម បានឲ្យដឹងថា៖
“យើងមានស្តង់ទំនិញដើម្បីណែនាំដល់អ្នកទស្សនា អំពីប្រពៃណីក្នុងបុណ្យតេតរបស់ប្រទេស
វៀតណាមកាលពីអតីតកាល ចាប់ពីការព្យួរគំនូរ ការទទួលទានទឹកតែ ការសរសេរអក្សរផ្ចង់ ពាក្យប្រស្នា និងការតុបតែងសម្រាប់បុណ្យតេតនៅតំបន់ភាគខាងជើងផងដែរ។ នៅកណ្តាលគឺជាស្តង់សរសេរអក្សរផ្ចង់ ដែលអ្នកទស្សនាអាចសុំ និងទទួលបាន តួអក្សរល្អៗសម្រាប់ឆ្នាំថ្មី។ នៅសងខាងគឺជាផ្ទះ ៣ ល្វែងប្រពៃណី ជាភូមិសិប្បកម្មឆ្លាក់ស្នែង និងម្រ័ក្សណ៍ខ្មុក”។
កន្លែងសុំតួអក្សរផ្ចង់ល្អៗសម្រាប់ឆ្នាំថ្មី។ (រូបថត៖ Kim Lieu/VOV5) |
បរិយាកាសបុណ្យតេត នៅឯមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈលេខ ២២ វិថី Hang Buom បានទាក់ទាញប្រជាពលរដ្ឋ និងអ្នកទេសចរយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី។ នៅទីនេះ ប្រជាពលរដ្ឋនិងអ្នកទេសចរមិនត្រឹមតែទទួលបានបទពិសោធន៍នៃការវិលត្រឡប់ទៅរកការចងចាំអនុស្សាវរីយ៍ប៉ុណ្ណោះទេ ថែមទាំងត្រូវបានចូលរួមនិងស្វែងយល់ដោយផ្ទាល់អំពីវប្បធម៌បុណ្យតេតនៃតំបន់ដីសណ្តរភាគខាងជើងទៀតផង។
លោក ង្វៀន ហ័ងឡឹម រស់នៅសង្កាត់ ថាញ់សួន ទីក្រុងហាណូយ និងអ្នកស្រី ថៃ គីមង៉ុក អ្នកទេសចរមកពីទីក្រុងហូជីមិញ បានចែករំលែកថា៖
“នៅទីនេះ ខ្ញុំបានរកឃើញដើមឈើដែលមានតែក្នុងអតីតកាល ឬអ្នកដែលស្រឡាញ់ពិតប្រាកដប៉ុណ្ណោះ ទើបមានបាន។ នេះគឺជាបរិយាកាសបុណ្យតេតនៃតំបន់ដីសណ្តភាគខាងជើង ជាបរិយាកាសនៃជនបទភាគខាងជើង លាយឡំជាមួយបរិយាកាសនៃទីក្រុងហាណូយក្នុងអតីតកាល។ ខ្ញុំមិនត្រឹមតែបានវិលត្រឡប់ទៅរកអនុស្សាវរីយ៍ចាស់ៗប៉ុណ្ណោះទេ ថែមទាំងបានរកឃើញប្រការគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតផង”។
“ខ្ញុំបានទៅទស្សនា ហើយសង្កេតឃើញថា បុណ្យតេតនៅទីក្រុងហូជីមិញគឺខុសពីបុណ្យតេតនៅទីក្រុងហាណូយ។ នៅទីក្រុងហាណូយ នៅតែរក្សាបាននូវលក្ខណៈប្រពៃណីពីមុន។ ខ្ញុំបានឃើញគ្រូ អក្សរផ្ចង់ គំនូរ Dong Ho ដែលមានលក្ខណៈប្រពៃណីនិងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ វាពិតជាបង្កប់នូវអត្តចរិតនៃទីក្រុងហាណូយ ដែលយឺតៗ ទន់ភ្លន់ មិនអ៊ូអរមមាញឹកពេកទេ”។
បរិយាកាសបុណ្យតេតនីមួយៗដែលបានបង្កើតឡើងវិញ ទំនៀមទម្លាប់នីមួយៗដែលត្រូវបានអនុវត្តន៍ មិនត្រឹមតែរំលឹកឡើងវិញនូវការចងចាំអំពីបុណ្យតេតក្នុងអតីតកាលប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ ពូនជ្រុំសេចក្តីស្រឡាញ់ចំពោះស្រុកកំណើត និងមោទនភាពជាតិចំពោះប្រជាជនវៀតណាមម្នាក់ៗទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



