វិមានធំនៃវត្ត ព្រះនិព្វាន។ (រូបថត៖ phatgiao.org.vn)

វាមិនមែនចៃដន្យទេដែលមនុស្សម្នាហៅ Vung Tau (ឥឡូវស្ថិតក្នុងទីក្រុងហូជីមិញ) ជា "ទឹកដីនៃព្រះពុទ្ធនិងមេឃសមុទ្រ"។ នៅលើកំពូល ភ្នំធំ វត្ត ព្រះពុទ្ធ (Thich Ca Phat Dai) លេចឡើងដូចគុជខ្យងមួយគ្រាប់នៅកណ្តាលព្រៃឈើបៃតង ស្ងប់ស្ងាត់ និងស័ក្តិសិទ្ធ។ ផ្លូវទៅកាន់វត្តមានជណ្ដើរថ្មដ៏ក្រវិចក្រវៀន ព្រៃឈើខៀវស្រងាត់នៅសង្ខាង ក្លិនធូបក្រអូបសាយភាយខ្យល់ ហាក់ដូចកំពុងណែនាំជំហាននីមួយៗរបស់អ្នក។ រូបសំណាកព្រះពុទ្ធបដិមារក្រោមដើមពោធិ៍ គឺជាចំណុចលេចធ្លោដែលមិនគួររំលង ដែលអ្នកស្រុកនិងភ្ញៀវទេសចរមកស្វែងរកសេចក្តីសុខសាន្ត ជៀសផុតពីក្ដីកង្វល់នៃជីវភាពមមាញឹក។ បន្ទាប់មក វត្ត ព្រះនិព្វាន (Niet Ban Tinh Xa) ដែលស្ថិតនៅលើជម្រាលភ្នំតូច ត្រូវបានចាត់ទុកថាជាវត្តមួយក្នុងចំណោមវត្តដ៏ស្រស់ស្អាតបំផុតនៃ Vung Tau។

នៅកណ្តាលសង្កាត់ Vung Tau មាន វត្ត Linh Son Co Tu ដែលត្រូវបានគេស្គាល់ថាជាវត្តព្រះពុទ្ធមាស។ វត្តនេះត្រូវបានបោះឆ្នោតជ្រើសរើសស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ខាងវិញ្ញាណកំពូលទាំង ១០០ របស់វៀតណាម ហើយរដ្ឋបានទទួលស្គាល់ វត្ត Linh Son Co Tu ជាកេរ្តិ៍ដំណែលវប្បធម៌ - ប្រវត្តិសាស្ត្រជាតិ។ កន្លែងនេះទទួលភ្ញៀវមកទស្សនានិងថ្វាយបង្គំព្រះពុទ្ធពេញមួយឆ្នាំ ជាពិសេសនៅដើមនិទាឃរដូវ៖

“ខ្ញុំតែងតែទៅវត្ត Linh Son Co Tu ដើម្បីថ្វាយបង្គំព្រះពុទ្ធនាដើមឆ្នាំ បួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព ក្រុមគ្រួសារមានភាពចម្រុងចម្រើន គ្រប់ការងារមានភាពរលូន ហើយកូនចៅមានភាពជោគជ័យ”។

“នាដើមឆ្នាំ បងប្អូនពុទ្ធបរិសទទៅវត្ត បួងសួងសុំសេចក្តីសុខដល់ក្រុមគ្រួសារ ឬមករកសុចរិតភាព ធ្វើអំពើល្អ ជៀសផុតពីអំពើអាក្រក់ តាមស្មារតីនៃព្រះពុទ្ធសាសនា”។

ក្រៅពីប្រព័ន្ធវត្តអារាម តំបន់ Ba Ria - Vung Tau ក៏ល្បីល្បាញដោយប្រាសាទ ចេតិយដែលផ្សាភ្ជាប់នឹងជំនឿប្រជាប្រិយ និងការដឹងគុណចំពោះបុព្វការិជនផងដែរ។ ប្រាសាទ Ba Ngu Hanh នៅឃុំ Long Hai គឺជាសក្ខីភាពដ៏រស់រវើកនៃលក្ខណៈវប្បធម៌ធ្វើសក្ការៈបូជាព្រះម៉ែដែលពោរពេញទៅដោយអត្តសញ្ញាណភាគខាងត្បូង។ ជារៀងរាល់ឆ្នាំ ពិធីបុណ្យ Nghinh Ong និងពិធី Via Ba ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ទាក់ទាញភ្ញៀវទេសចរ និងអ្នកនេសាទរាប់ពាន់នាក់។ ក៏ត្រូវនិយាយអំពី វិហារ Thang Tam ផងដែរ ជាកន្លែងដែលប្រជាជន Vung Tau គោរពវិញ្ញាណក្ខន្ធបុព្វការីជនដែលមានគុណបំណាចគាស់រាន និងការពារទឹកដី។ នេះគឺជាកេរ្តិ៍ដំណែលមួយក្នុងចំណោមកេរ្តិ៍ដំណែលដ៏បុរមបុរាណបំផុតនៅក្នុងតំបន់ ដែលបង្កប់នូវតម្លៃទាំងខាងប្រវត្តិសាស្រ្តនិងខាងវិញ្ញាណ។

ស្ថាបត្យកម្មនៃក្លោងទ្វារធំទៅកាន់ចេតិយក្នុងមហាផ្ទះ Long Son ត្រូវបានរចនាយ៉ាងទាក់ទាញភ្នែក។ រូបថត៖ Hoang Tuyet/baotintuc/VNA

ស្នាដៃស្ថាបត្យកម្មបុរមបុរាណមួយទៀតដែលមានលក្ខណៈវិសេសវិសាលជាច្រើន ជាកន្លែងរក្សាទុកតម្លៃវប្បធម៌ដ៏យូរលង់ ជាមួយនឹងជំនឿប្រជាប្រិយ និងវិញ្ញាណផ្សេងៗទៀតនោះ គឺមហាផ្ទះ Long Son។ មហាផ្ទះ Long Son ត្រូវបានសាងសង់ឡើងតាមរចនាប័ទ្មដែលជាការលាយបញ្ចូលគ្នានូវជំនឿប្រជាប្រិយ (មេឃ ដី) ជាមួយនឹងលទ្ធិខុងជឺនិយម។ ក្រៅពីលទ្ធិខុងជឺ មហាផ្ទះ Long Son ក៏ប្រតិបត្តិសាសនា លោក Tran ផងដែរ។ សាសនា លោក Tran ជាការលាយបញ្ចូលគ្នានៃសាសនាផ្សេងៗគ្នា ដែលផ្សព្វផ្សាយរបៀបរស់នៅសាមញ្ញ សេរី មិនបាច់សម្លេងជួង ត្រដោក មិនបួស គ្មានបម្រាម ហើយគោលបំណងស្នូលនៅតែណែនាំមនុស្សឱ្យឆ្ពោះទៅរកសុចរិត-សប្បុរស-សម្រស់។

រូបសំណាករបស់ព្រះគ្រិស្ត ចាប់យកទេសភាពទាំងមូលនៃទីក្រុង Vung Tau។ រូបថត៖ Nguyen Trang/ittpa.baria-vungtau.gov.vn

ប្រការដែលធ្វើឱ្យ Ba Ria - Vung Tau កាន់តែពិសេសនៅលើផែនទីទេសចរណ៍ខាងវិញ្ញាណក្នុងទូទាំងប្រទេស មិនត្រឹមតែជាកត្តា "ពិសិដ្ឋ" ប៉ុណ្ណោះទេ ថែមទាំងជាភាពសុខដុមរមនារវាងកេរ្តិ៍ដំណែលខាងវិញ្ញាណ ជាមួយនឹងធម្មជាតិដ៏អស្ចារ្យទៀតផង។ រូបសំណាកព្រះគ្រីស្ទ ដែលមានកម្ពស់ ៣២ ម៉ែត្រនៅលើកំពូលភ្នំតូច គឺជានិមិត្តរូបមួយនៃទីក្រុងឆ្នេរសមុទ្រនេះ ព្រមទាំងជាកន្លែងធម្មយាត្រាសម្រាប់សហគមន៍កាតូលិក និងជាកន្លែងទស្សនាដ៏អស្ចារ្យផងដែរ។

“ស្ថាបត្យកម្មនៃរូបសំណាកពិតជាស្អាតណាស់ ដែលបង្ហាញពីរូបរាងអធឹកអធមនៃព្រះគ្រីស្ទ។ ឡើងភ្នំហត់នឿយម៉ែនទែន ប៉ុន្តែខ្ញុំពិតជាចង់ទស្សនា ដូច្នេះហើយខ្ញុំបានតាំងចិត្តទៅដល់ទីនេះ”។

“រូបសំណាកព្រះគ្រិស្ទ ជាទីកន្លែងទេសចរណ៍ដ៏ពិសេសមួយនៅ Vung Tau។ ខ្ញុំក៏ចង់មកទីនេះដើម្បីគយគន់ទីក្រុងពីជ្រុងផ្សេង ហើយចង់មានរូបថតស្អាតៗសម្រាប់ខ្លួនខ្ញុំ”។

ទេសភាពនៃមជ្ឈមណ្ឌលតំបន់ពិសេស Con Dao ទីក្រុងហូជីមិញ។ រូបថត៖ VNA

មានកន្លែងនានានៅ Vung Tau ដែលធ្វើឲ្យមនុស្សរាល់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងដោយទេសភាពធម្មជាតិ។ មានកន្លែងខ្លះដែលធ្វើឱ្យគេមានអារម្មណ៍ក្ដុកក្ដួលដោយសារតែជម្រៅប្រវត្តិសាស្ត្រ។ ភ្ញៀវទេសចរអាចទទួលយកអារម្មណ៍ទាំងនេះ នៅពេលដែលទៅទស្សនា Con Dao ដែលជាទីកន្លែងដ៏ស្រស់បំព្រងផង និងពិសិដ្ឋផង។ នេះពិតជាទីសក្ការៈបូជាខាងវិញ្ញាណ ដែលប្រជាជន
វៀតណាមមកអុជធូប និងរំលឹកគ្នាអំពីជំនឿជាក់ សេចក្ដីស្នេហាជាតិ និងការរស់ឡើងវិញរបស់ប្រជាជាតិ នៅពេលឈរនៅមុខឈានបនដ្ឋាន Hang Duong ឬផ្នូររបស់វីរនារី Vo Thi Sau។ ទេសចរណ៍ខាងវិញ្ញាណនៅទីនេះ មិនមែនដើម្បីសុំលាភសំណាងបណ្តោះអាសន្ននោះទេ ប៉ុន្តែដើម្បីតភ្ជាប់ជាមួយប្រវត្តិសាស្រ្ត ជាមួយនឹងដួងព្រលឹងជាតិ និងជាមួយអត្តចរិតពិតនៅក្នុងមនុស្សម្នាក់ៗ។

មកដល់ទីកន្លែងទាំងនេះមិនត្រឹមតែដើម្បីទស្សនាប៉ុណ្ណោះទេ ថែមទាំងដើម្បីត្រងត្រាប់ស្តាប់រឿងរ៉ាវនៃទឹកដីដ៏ពិសិដ្ឋ ទទួលយកដង្ហើមខាងវិញ្ញាណ និងតម្លៃវប្បធម៌រាប់ពាន់ឆ្នាំនៃទឹកដីនេះទៀតផង៕