លោក Rudy Hartono និងក្រុមគ្រួសារធ្វើធម្មយាត្រាទៅកាន់ទីក្រុងពិសិដ្ឋ Mecca។ |
“ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ពីព្រោះការអធិស្ឋានរបស់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុន ត្រូវបានព្រះអាឡាប្រទានពរ ដើម្បីធ្វើធម្មយាត្រាទៅកាន់ទីក្រុងពិសិដ្ឋMecca ជាមួយក្រុមគ្រួសារ។ លើកនេះយើងបានស្នាក់នៅ Mecca រយៈពេល ១២ ថ្ងៃ។ យើងបានធ្វើពិធីអធិស្ឋាននៅ Kaaba នៅវិហារឥស្លាមដ៏ធំបំផុតលើពិភពលោក Al-Masjid Al-Haram... ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ដោយសារបាននាំក្រុមគ្រួសារមកទីនេះ”។
ការធ្វើធម្មយាត្រាទៅកាន់ទីក្រុងពិសិដ្ឋ Mecca គឺជាបំណងប្រាថ្នាសម្រាប់មិនត្រឹមតែក្រុមគ្រួសាររបស់លោក Rudy Hartono មកពីប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ថែមទាំងអ្នកកាន់សាសនាឥស្លាមទាំងអស់ជុំវិញពិភពលោកទៀតផង ដើម្បីបង្ហាញពីការដឹងគុណចំពោះព្រះអាឡា និងព្យាការី Muhammad។ ការតមអាហារក្នុងអំឡុងពេលខែរ៉ាម៉ាដាន និងការធ្វើធម្មយាត្រាទៅកាន់ទីក្រុង Mecca ក៏ជាសសរស្តម្ភចំនួនពីរក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម។ ក្រៅពីនោះ ក៏មានសេចក្តីជំនឿ ការអធិស្ឋាន និងសេចក្តីសប្បុរសទៀតផង។
ដូច្នេះហើយ បន្ទាប់ពីវិលត្រឡប់មកពីទីក្រុង Mecca វិញ លោក Rudy Hartono បានបន្តធ្វើពិធីសំខាន់ៗក្នុងខែរ៉ាម៉ាដាន។ ខែពិសិដ្ឋនេះ ប្រព្រឹត្តទៅនៅក្នុងខែទី ៩ នៃ តាមច័ន្ទគតិរបស់ជនឥស្លាម ហើយផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្នាំនេះ ខែរ៉ាម៉ាដានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា តាមប្រតិទិនសុរិយគតិ។ ក្រៅពីការតមអាហារ ជនឥស្លាមក៏ត្រូវធ្វើពិធីសាសនាមួយចំនួនទៀត រួមទាំងការអធិស្ឋាន៖
នៅកន្លែងអធិស្ឋាននៃព្រះវិហារឥស្លាម Al Noor នៅលេខ ១២ វិថី Hang Luoc ទីក្រុងហាណូយ ប្រទេសវៀតណាម តាមការណែនាំរបស់លោក Imam (អ្នកទទួលបន្ទុកពិធីអធិស្ឋាន) អ្នកកាន់សាសនាឥស្លាមជាង ១៥០ នាក់រស់នៅក្នុងទីក្រុងហាណូយ និងតំបន់ជិតខាងផ្សេងទៀតកំពុងធ្វើពិធីអធិស្ឋាន Tarawih។ Tarawih គឺជាពិធីអធិស្ឋានបន្ថែមដែលធ្វើឡើងនៅវិហារឥស្លាមបន្ទាប់ពីការទទួលទានអាហារស្រាយបួស (ហៅថា Iftar) ក្រៅពីការអធិស្ឋានចាប់បង្ខំចំនួន៥លើកជារៀងរាល់ថ្ងៃ។ ពន្យល់ពីពិធីអធិស្ឋាននេះ លោក Imam Nasir បាននិយាយថា៖
“ពិធី Tarawih គឺមានតែក្នុងខែរ៉ាម៉ាដានប៉ុណ្ណោះ ដែលធ្វើឡើងចាប់ពីម៉ោង ៨ ដល់ ៩ យប់។ ព្យាការី Muhammad ធ្លាប់មានប្រសាសន៍ថា អ្នកណាដែលតមអាហារ ហើយប្រតិបត្តិពិធី Tarawih ព្រះនឹងលុបបំបាត់រាល់ទោសពៃរ៍ពីមុនទាំងអស់”។
ពិធីអធិស្ថាននៅព្រះវិហារឥស្លាម Al Noor។ |
លោក Imam Nasir បានឲ្យដឹងបន្ថែមថា ក្នុងអំឡុងខែរ៉ាម៉ាដាន អ្នកកាន់សាសនាឥស្លាម តែងតែខិតខំមកអធិស្ឋាននៅវិហារឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ព្រោះបើតាមជំនឿសាសនា ការអធិស្ឋាននៅវិហារឥស្លាមនឹងទទួលបានពរចំនួន ២៧ ប្រការ ខណៈពេលអធិស្ឋាននៅផ្ទះនឹងទទួលបានពរតែ ១០ ប្រការប៉ុណ្ណោះ។ អ្នកស្រី Linh Chi ជាអ្នកកាន់សាសនាឥស្លាមម្នាក់នៅទីក្រុងហាណូយ បាននិយាយថា៖
“ខ្ញុំឧស្សាហ៍ទៅវិហារឥស្លាម ដើម្បីអធិស្ឋានក្នុងអំឡុងខែបុណ្យរ៉ាម៉ាដាននេះ។ ថ្ងៃនេះគឺជាថ្ងៃទី ១៥ ហើយ។ ពេលមកវិហារ ខ្ញុំតែងតែមានអារម្មណ៍សុខសាន្ត និងរីករាយម៉ែនទែន។ ជាពិសេសក្នុងខែរ៉ាម៉ាដន សហគមន៍ឥស្លាមនៅទីក្រុងហាណូយនិយាយដោយឡែក និងជុំវិញពិភពលោកនិយាយរួម តែងតែផ្តោតការយកចិត្តទុកដាក់លើការអធិស្ឋានព្រោះខែនេះពិសិដ្ឋណាស់។ ក្នុងអំឡុងខែនេះ មនុស្សគ្រប់គ្នាចង់ឲ្យការអធិស្ឋានរបស់ខ្លួន ត្រូវបានទទួលស្គាល់ដោយព្រះ”។
ក្នុងអំឡុងខែរ៉ាម៉ាដាន សហគមន៍ឥស្លាមក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារសប្បុរសធម៌។ ជនឥស្លាមដែលមានលទ្ធភាពខាងសម្ភារៈ នឹងជួយជនក្រីក្រដើម្បីចែករំលែកក្ដីសុភមង្គលជាមួយគ្នា។ ពួកគេរួមគ្នាសម្អាតវិហារ ទៅសួរសុខទុក្ខមណ្ឌលកុមារកំព្រា និងចែករំលែកអាហារ។ ពួកគេជឿថា ការធ្វើអំពើល្អ និងមិនធ្វើអំពើអាក្រក់ក្នុងអំឡុងខែរ៉ាម៉ាដាន នឹងជួយបង្កើនពរជ័យ។
លើសពីពិធីសាសនា ខែបុណ្យរ៉ាម៉ាដានក៏បង្ហាញពីស្មារតីនៃសេចក្តីសប្បុរស ក៏ដូចជាការផ្សាភ្ជាប់ជាមួយក្រុមគ្រួសារ និងសហគមន៍សង្គមផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

