លោកស្រី Mai Ngoc Nhi ម្ចាស់ឡសេរ៉ាមិច Phong Son (Bien Hoa, Dong Nai)។ (រូបថត៖ VOV)

ភូមិគ្រឿងសេរ៉ាមិច Bien Hoa ស្ថិតនៅតាមដងទន្លេ Dong Nai ដោយមានអាយុកាលជាង ៣០០ ឆ្នាំ។ ភូមិនេះមានភាពល្បីល្បាញដោយម៉ាកសេរ៉ាមិច Tan Van, Buu Hoa, Hoa An...។ គ្រួសាររបស់លោកស្រី Mai Ngoc Nhi ម្ចាស់ឡសេរ៉ាមិច Phong Son (Bien Hoa, Dong Nai) បានប្រកបរបរធ្វើគ្រឿងសេរ៉ាមិចអស់ ៥ ជំនាន់មកហើយ។ ជារៀងរាល់ថ្ងៃ ឡសេរ៉ាមិចបុរាណ Phong Son បើកទ្វារស្វាគមន៍ក្រុមភ្ញៀវមកទស្សនា ស្វែងយល់ និងផ្លាស់ប្តូរចំណេះដឹងអំពីរបរធ្វើគ្រឿងសេរ៉ាមិចបុរាណ Bien Hoa។ លោកស្រី Mai Ngoc Nhi បានឲ្យដឹងថា៖

“គ្រឿងសេរ៉ាមិច Bien Hoa មានលក្ខណៈពិសេសគឺត្រូវបានគូរដោយដៃ ហើយអតិថិជននិយមចូលចិត្ត ដោយសារផលិតផលនីមួយៗមានភាពស្រស់ស្អាតរៀងៗខ្លួន។ អ្វីៗដ៏សំខាន់នៃភូមិរបរនេះ គឺផលិតផលសេរ៉ាមិចត្រូវបានផលិតយ៉ាងល្អ។ ខ្ញុំនៅតែចូលចិត្តគ្រឿងសេរ៉ាមិចសិប្បកម្មជាងគ្រឿងសេរ៉ាមិចឧស្សាហកម្ម”។

កាលពីមុន នៅ Bien Hoa ក៏មានសាលាបណ្ដុះបណ្ដាលរបរសេរ៉ាមិចនៅឥណ្ឌូចិនដែលបានបើកនៅឆ្នាំ ១៩០៣។ សម័យនេះគឺជាសម័យមាស និងរុងរឿងបំផុតនៃភូមិសេរ៉ាមិច ដោយមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិព័រណ៍អន្តរជាតិនៅប្រទេសបារាំង និងជប៉ុន... នោះគឺជាការរួមបញ្ចូលគ្នានៃរចនាបទសេរ៉ាមិចរបស់វៀតណាមជាមួយនឹងសេរ៉ាមិចចិន និងបារាំង។ គេអាចយល់ឃើញបានយ៉ាងងាយស្រួលថា ក្បូរក្បាច់រចនានៅលើគ្រឿងសេរ៉ាមិច Bien Hoa ច្រើនតែជារចនាបថចិន ជាមួយនឹងរូបភាពនៃសត្វស័ក្តសិទ្ធ ៤ ប្រភេទ ឬបទកំណាព្យជាអក្សរ Han ឬជារូបភាពនៃព្រះសិវៈ ព្រះវិស្ណុ និងព្រហ្ម របស់ឥណ្ឌា ដែលជនជាតិចាមនៅវៀតណាមគោរពបូជា។ លោកស្រីបណ្ឌិត Nguyen Thi Nguyet អនុប្រធានសមាគមអក្សរសិល្ប៍ និងសិល្បៈខេត្ត Dong Nai បានឲ្យដឹងថា៖

“គ្រឿងសេរ៉ាមិច Bien Hoa មានភាពខុសប្លែកពីគេដោយពណ៌កាចា ការរចនារូបរាង និងជាពិសេសបច្ចេកទេសតុបតែងរចនាបទ។ ក្រោយមក ផលិតផលសេរ៉ាមិច Bien Hoa លែងដូចពីមុនទៀតហើយ ព្រោះប្រសិនបើផ្តោតតែលើសិល្បៈ គឺការធ្វើអាជីវកម្មនឹងមិនអំណោផលទេ ដោយសារមានថ្លៃខ្ពស់”។

ផលិតផលរបស់ភូមិគ្រឿងសេរ៉ាមិច Bien Hoa មានសោភ័ណភាពសម្បូរបែបអាស្រ័យលើរបៀបច្នៃប្រឌិតរបស់សិប្បករម្នាក់ៗ។ (រូបថត៖ VOV)

ផលិតផលរបស់ភូមិគ្រឿងសេរ៉ាមិច Bien Hoa មានសោភ័ណភាពសម្បូរបែបអាស្រ័យលើរបៀបច្នៃប្រឌិតរបស់សិប្បករម្នាក់ៗ។ លក្ខណៈពិសេសនៃគ្រឿងសេរ៉ាមិច Bien Hoa គឺការលាយកាចា ក៏ដូចជាកត្តាបច្ចេកទេសខ្ពស់របស់ជាងសេរ៉ាមិច។ ឡសេរ៉ាមិចនីមួយៗ តែងតែរក្សាអាថ៌កំបាំងផ្ទាល់ខ្លួនអំពីបច្ចេកទេសលាយកាចាសេរ៉ាមិច។

សព្វថ្ងៃនេះ ដោយសារកត្តាជាច្រើនដូចជា៖ រូបរាង និងការរចនានៃគ្រឿងសេរ៉ាមិច Bien Hoa លម្អៀងលើកត្តាវិចិត្រសិល្បៈ ដោយមិនសូវយកចិត្តទុកដាក់លើផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាបញ្ហាបរិស្ថាន ដូច្នេះហើយ ឡសេរ៉ាមិចនៅក្នុងភូមិត្រូវផ្លាស់ប្តូរបច្ចេកទេសដុត។ ដើម្បីផ្សព្វផ្សាយរូបភាពគ្រឿងសេរ៉ាមិច Bien Hoa លោក Nguyen Viet Son នាយកសារមន្ទីរខេត្ត Dong Nai បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ សារមន្ទីរតែងតែរៀបចំការតាំងពិពណ៌ពិសេសអំពីគ្រឿងសេរ៉ាមិច ហើយចងក្រងសៀវភៅអំពីគ្រឿងសេរ៉ាមិចផងដែរ។

“ខេត្ត Dong Nai គ្រោងនឹងបង្កើតសារមន្ទីរសេរ៉ាមិច។ នៅពេលមានសារមន្ទីរសេរ៉ាមិចហើយ ប្រាកដណាស់ថា ក្នុងចំណោមសេរ៉ាមិចជាច្រើនប្រភេទនោះ សេរ៉ាមិច Bien Hoa ជាប្រភេទសេរ៉ាមិចលេចធ្លោ ដែលអាចខិតជិមកជាមួយសាធារណជន និងលើកកម្ពស់តម្លៃកាន់តែប្រសើរឡើងនាពេលអនាគត”។

បច្ចុប្បន្ននេះ ភូមិសេរ៉ាមិច Bien Hoa កំពុងពន្លឿនការអភិវឌ្ឍ អាស្រ័យដោយមានគោលនយោបាយថ្មីៗនិងការលើកទឹកចិត្តរបស់រដ្ឋាភិបាលចំពោះការអភិវឌ្ឍផ្នែកសិប្បកម្មឧស្សាហកម្មខ្នាតតូច។ បច្ចុប្បន្ននេះ ផលិតផលសេរ៉ាមិចនៃភូមិ Bien Hoa ត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសនៅអឺរ៉ុបមួយចំនួន។ ភូមិសេរ៉ាមិច Bien Hoa កំពុងផលិតគ្រឿងសេរ៉ាមិចផង ហើយគួបផ្សំនឹងការធ្វើអាជីវកម្មទេសចរណ៍នៅភូមិសិប្បកម្មផង ដើម្បីអភិរក្ស និងផ្សព្វផ្សាយលក្ខណៈប្រពៃណីរបស់ភូមិសេរ៉ាមិចដែលមានអាយុកាលរាប់រយឆ្នាំនេះ៕