កសិដ្ឋានចេក នៅឃុំ Ia Pet។ (រូបថត៖ Ngoc Anh/VOV5)

ក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ Hung Son ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដែលមានទីស្នាក់ការនៅឃុំ Chu A ទីក្រុង Pleiku ខេត្ត Gia Lai។ នេះជាសហគ្រាសដំបូងគេនៅស្រុក Dak Doa ដែលទទួលបានលេខកូដតំបន់ដាំចេក និងលេខកូដកន្លែងវេចខ្ចប់ចេក។ ក្រុមហ៊ុនកំពុងប្រតិបត្តិគម្រោងដាំចេកលើផ្ទៃដី ៤៦០ ហិកតា។ ប្រភេទចេកដែលក្រុមហ៊ុនដាំគឺដើមចេកអំបូងអាមេរិកខាងត្បូង ដែលមានទិន្នផលខ្ពស់ ផ្លែត្រូវការពេលយូរដើម្បីទុំ មានសំបកស្តើង សាច់លឿង ឈ្ងុយ និងស្អិត។ ក្រៅពីការដាំចេក ក្រុមហ៊ុនក៏ដាំដំណាំពោល្យំចំនួន ៥០ ហិកតា និងរុក្ខជាតិឱសថផ្សេងទៀតចំនួន ១០ ហិកតា។

ក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ Hung Son អនុវត្តន៍វិធីសាស្រ្តជឿនលឿនចំនួន ៣ ក្នុងវិស័យកសិកម្មនោះគឺ៖ ការបណ្តុះដោយជាលិកា ដើម្បីគ្រប់គ្រងគុណភាពពូជរុក្ខជាតិតាមរបៀបល្អបំផុត; បច្ចេកវិទ្យាស្រោចស្រពរបស់អ៊ីស្រាអែលជួយសន្សំសំចៃធនធានទឹក; ប្រើដ្រូនបាញ់ថ្នាំសម្លាប់សត្វល្អិត។ លើសពីនេះ ក្រុមហ៊ុនបានវិនិយោគលើប្រព័ន្ធឃ្លាំងត្រជាក់ ដើម្បីអភិរក្សផលិតផលក្រោយពេលប្រមូលផល។ លោក Le Hoang Linh នាយកតំបន់ដាំដុះនៃក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ Hung Son បានឲ្យដឹងថា៖

“ដំណើរការដាំដុះ និងនាំចេញចេកត្រូវបានអនុវត្តន៍តាមស្តង់ដារអន្តរជាតិ GlobalGAP។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងនាំចេញចេកទៅកាន់ប្រទេសជាច្រើនលើពិភពលោក ភាគច្រើនគឺកូរ៉េខាងត្បូង និងជប៉ុន។ ជារៀងរាល់ឆ្នាំ បរិមាណចេកនាំចេញទៅកាន់កូរ៉េខាងត្បូង និងជប៉ុនគឺប្រហែល ២ ម៉ឺនតោន ដែលមានតម្លៃ ៣៥០ ពាន់លានដុងក្នុងមួយឆ្នាំ (ជិត ១៤ លានដុល្លារអាមេរិក)។ ដើមចេកចាប់ពីដាំរហូតដល់ប្រមូលផល អូសបន្លាយប្រហែល ១១ ខែ។ ផ្ទៃដី ១ ហិកតា អាចផ្តល់ទិន្នផលពី ៥០ ទៅ ៦០ តោនក្នុងមួយឆ្នាំ”។

ទិដ្ឋភាពការងារនៅរោងចក្រវេចខ្ចប់ចេក របស់ក្រុមហ៊ុន Hung Son។ (រូបថត៖ Ngoc Anh/VOV5)

បច្ចុប្បន្ននេះ ក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ Hung Son មានបុគ្គលិកចំនួន ១២០ នាក់ និងកម្មករ ១.១០០ នាក់។ ចាប់តាំងពីក្រុមហ៊ុនអនុវត្តន៍គម្រោងដាំចេកនៅស្រុក Dak Doa មក ប្រជាពលរដ្ឋនៅមូលដ្ឋានដែលមានតម្រូវការចូលធ្វើការ សុទ្ធតែត្រូវបានក្រុមហ៊ុនទទួលយក។ លោក Lu Quoc Tuan ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ia Pet បានឲ្យដឹងថា៖

“ពលករនៅក្នុងឃុំនឹងទទួលបានអាទិភាពពីសហគ្រាស។ ប្រជាពលរដ្ឋណាម្នាក់ដែលចង់ធ្វើការនៅក្រុមហ៊ុន Hung Son នឹងត្រូវបានក្រុមហ៊ុនទទួលយក។ ចាប់តាំងពីបង្កើតឡើងមក សហគ្រាសបានបង្កើតការងារសម្រាប់ពលករក្នុងស្រុកជាច្រើន រួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ បច្ចុប្បន្ន សហគ្រាសមានតំបន់ផលិតចំនួនពីរ គឺឃុំ Ia Pet និងឃុំ Hneng”។

ក្រុមហ៊ុនក៏បានសហការជាមួយគ្រួសារកសិករដែលមានដីសម្រាប់ផលិត ហើយជួយឧបត្ថម្ភជាគ្រាប់ពូជ ជី ការណែនាំបច្ចេកទេស ដំណើរការថែទាំ ការប្រមូលផល ការប្រមូលទិញផលិតផល និងរួមដំណើរចែករំលែកប្រាក់ចំណេញ។ នៅឃុំ Hneng គ្រួសារនានាបានសហការជាមួយក្រុមហ៊ុន ដាំចេកចំនួន ២៣ ហិកតា។ បន្ទាប់ពីដកការចំណាយលើការវិនិយោគ គ្រួសារដាំចេកទទួលបានប្រាក់ចំណេញពី ១៥០លានដុង ដល់ ២០០លានដុង/ហិកតា (៥,៩០០ ដុល្លារ - ៧,៨០០ ដុល្លារ/ហិកតា)។ ពេលទទួលពលករចូលក្នុងក្រុមហ៊ុន ក្រុមបច្ចេកទេសធ្វើការបណ្តុះបណ្តាលជំនាញការងារ និងផលិតកម្មក្នុងរយៈពេល ១ ខែ។ អ្នកស្រី Pyen ជនជាតិ Bana កម្មការិនីនៅក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ Hung Son បានឲ្យដឹងថា៖

“ការងាររបស់ខ្ញុំគឺថ្លឹង និងវេចខ្ចប់។ ពេលខ្ញុំចាប់ផ្តើមធ្វើការ ខ្ញុំត្រូវបានបណ្ដុះបណ្ដាលរយៈពេល ២ សប្តាហ៍ ហើយអាចធ្វើបាន។ បរិយាកាសការងារ និងលក្ខខណ្ឌល្អ ប្រាក់ចំណូលប្រចាំខែគឺជាង ៦ លានដុង (២៤០ ដុល្លារ/ខែ)។ ចំណូលនោះគឺគ្រប់ល្មមហើយ”។

ចេកត្រូវបានខ្ចប់សម្រាប់នាំចេញ។ (រូបថត៖ Ngoc Anh/VOV5)

កម្មករដែលធ្វើការនៅក្រុមហ៊ុនមានប្រភេទចំនួន ២ គឺ ពលករអចិន្ត្រៃយ៍ និងពលករតាមរដូវ។ កម្មករកម្មការិនីអចិន្ត្រៃយ៍និងរយៈពេលវែងត្រូវបានក្រុមហ៊ុនបង់ថ្លៃធានារ៉ាប់រង សង្គម។ អ្នកស្រី Mui ជនជាតិ Jrai កម្មការិនីនៅក្រុមហ៊ុន Hung Son បានឲ្យដឹងថា៖

“ខ្ញុំបានធ្វើការនៅទីនេះអស់រយៈពេល ៤ ឆ្នាំមកហើយ។ ពីមុនការងារធ្វើស្រែចម្ការរបស់ខ្ញុំគឺលំបាក ហើយចំណូលក៏មិនស្ថិតស្ថេរដែរ។ តាំងពីធ្វើការនៅរោងចក្រមក ការងារមានស្ថិរភាព។ ខ្ញុំទទួលបាន ៦ លានដុង (២៤០ ដុល្លារ) ក្នុងមួយខែ។ លើសពីនេះ ខ្ញុំធ្វើការថែមម៉ោងទៀត ដើម្បីបង្កើនប្រាក់ចំណូល។ នៅក្នុងឱកាសពិធីបុណ្យទាន និងបុណ្យតេត ក្រុមហ៊ុនផ្តល់ប្រាក់បន្ថែមជូនកម្មករកម្មការិនី”។

ផលិតផលចេករបស់ក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ Hung Son ត្រូវបាននាំចេញទៅកាន់ទីផ្សារដូចជា៖ កូរ៉េខាងត្បូង ជប៉ុន ចិន តៃវ៉ាន់ (ចិន) សិង្ហបុរី កាតា អ៊ីស្រាអែល... ជាមួយនឹងទិន្នផលប្រហែល ២៥ ពាន់តោន/ឆ្នាំ រកចំណូលបាន ១៧,៥ លានដុល្លារ/ឆ្នាំ។ ក្រុមហ៊ុនមានផែនការពង្រីកតំបន់ដាំដុះចេកក្នុងខេត្ត Gia Lai អភិវឌ្ឍន៍ផលិតកម្ម និងអាជីវកម្ម ព្រមទាំងរួមចំណែកបន្ថែមទៀតដល់សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន៕