កសិករនៅឃុំ Ia Pet ថែទាំគោ។ (រូបថត៖ Ngoc Anh/VOV5)

Ia Pet គឺជាឃុំដ៏លំបាកជាពិសេសនៅក្នុងខេត្ត Gia Lai។ ឃុំមានគ្រួសារជាង ១៨០០ ជាមួយនឹងប្រជាជនជិត ៩២០០ នាក់ ដែលភាគច្រើនជាជនជាតិភាគតិច Jrai និង Bana។ ដើម្បីជួយបង្កើតការងារចិញ្ចឹមជីវិតសម្រាប់ប្រជាពលរដ្ឋ ឃុំ Ia Pet បានផ្តល់ជូនគ្រួសារក្រីក្រ និងលើខ្សែបន្ទាត់ក្រីក្រនីមួយៗ នូវគោញី ១ ក្បាល ដែលទទួលភ្លាមនៅហ្នឹងមូលដ្ឋាន ហើយច្រើនតែជាពូជកូនកាត់។ ក្រោយពីការអនុវត្តគម្រោងអស់រយៈពេលជាង ៣ ឆ្នាំ គ្រួសារក្រីក្រជាច្រើនបានទទួលផលពីគោលនយោបាយនេះ ដូច្នេះហើយការចិញ្ចឹមគោកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Rmah Thim ជនជាតិ Jrai នៅភូមិ Alphun ឃុំ Ia Pet បានឲ្យដឹងថា៖

“ដើម្បីកាត់បន្ថយភាពក្រីក្រ រដ្ឋបានជួយឧបត្ថម្ភប្រជាជនចិញ្ចឹមគោ។ ក្នុងភូមិមានអ្នកចិញ្ចឹមគោញីច្រើនណាស់។ គ្រួសារខ្ញុំក៏ចិញ្ចឹមគោញីដែរ។ មេគោកើតកូនមួយក្បាលក្នុងមួយឆ្នាំ”។

នៅពេលអនុវត្តន៍គម្រោងនេះ ឃុំបានរៀបចំការប្រជុំភូមិ ដើម្បីវាយតម្លៃជាសាធារណៈនូវគ្រួសារដែលមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ទទួលគោ។ បន្ទាប់ពីមានបញ្ជីគ្រួសារដែលទទួលបានផលពីគម្រោងរួច ឃុំបានជួលរថយន្តដឹកប្រជាពលរដ្ឋទៅកន្លែងផ្គត់ផ្គង់គោពូជ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើសគោតាមចិត្ត។ លោក Lu Quoc Tuan ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ia Pet បានឲ្យដឹងថា៖

“រដ្ឋជួយឧបត្ថម្ភប្រជាជនដោយគោមួយក្បាលក្នុងតម្លៃ ១៤ - ១៥ លានដុង។ ក្រៅពីទុនឧបត្ថម្ភពីរដ្ឋ ប្រជាជនអាចរួមវិភាគទានបន្ថែម ដើម្បីទិញគោធំជាង។ បរិមាណគោគឺអាស្រ័យលើខ្លឹមសារនៃគម្រោង ឧទាហរណ៍ គោមានទម្ងន់ពី ១២០ ទៅ ១៦០ គីឡូក្រាម ប៉ុន្តែប្រជាជនភាគច្រើនជ្រើសរើសគោដែលមានទម្ងន់ពី ១៦០ ទៅ ២២០ គីឡូក្រាម/ក្បាល។ ពួកគេអាចចូលរួមចំណែក ទុនបដិភាគពី ១ ទៅ ៣ លានដុង/ក្បាល។ រហូតមកដល់ពេលនេះ ប្រជាជនចំនួន ១០៩គ្រួសារបានទទួលការឧបត្ថម្ភគោពូជពីគម្រោង”។

(រូបថត៖ VOV5)

ទន្ទឹមនឹងការផ្តល់គោដល់ប្រជាជន អាជ្ញាធរមូលដ្ឋានក៏ណែនាំអំពីបច្ចេកទេសចិញ្ចឹមសត្វ និងការពារជំងឺពីហ្វូងសត្វសម្រាប់គ្រួសារដែលចូលរួមក្នុងគម្រោងនេះដែរ។ លោក Le Minh Thu កម្មាភិបាលកសិកម្មឃុំ Ia Pet បានឲ្យដឹងថា ៖

“ក្នុងដំណើរការអនុវត្តន៍គម្រោងនេះ ឃុំបានអញ្ជើញប្រជាពលរដ្ឋមកពិភាក្សា និងឯកភាពលើផែនការសម្រាប់ប្រជាពលរដ្ឋជ្រើសរើសដោយខ្លួនឯង។ បន្ទាប់ពីគម្រោងនេះត្រូវបានអនុម័តរួច ឃុំបានណែនាំប្រជាពលរដ្ឋសាងសង់ជង្រុកគោ ណែនាំអំពីបច្ចេកទេសចិញ្ចឹម និងសម្របសម្រួលជាមួយមជ្ឈមណ្ឌលរៀបចំវគ្គបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីបច្ចេកទេសចិញ្ចឹមគោ។ ចាប់តាំងពីគម្រោងនេះត្រូវបានអនុវត្តន៍មក គ្រួសារមួយចំនួនបានរួចផុតពីភាពក្រីក្រ”។

ដោយមានការជួយឧបត្ថម្ភយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន ប្រជាជនបានយល់អំពីដំណើរការបច្ចេកទេស ក៏ដូចជារបៀបថែទាំសត្វគោ។ ដូច្នេះហើយ គោភាគច្រើនលូតលាស់ល្អ និងកើតកូន។

“គ្រួសារខ្ញុំចិញ្ចឹមគោមួយក្បាល ហើយគោក៏កើតបានកូនគោដែរ។ គ្រួសាររបស់ខ្ញុំបានរួចផុតពីភាពក្រីក្រ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំនឹងខិតខំប្រឹងប្រែងរកស៊ីដើម្បីឈានឡើង លើកស្ទួយជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូល”។

“ពីមុនគ្រួសារខ្ញុំក្រីក្រណាស់។ ឥឡូវដោយមានជំនួយពីរដ្ឋ គ្រួសារអាចចិញ្ចឹមគោ១ក្បាល មិនសូវលំបាកទៀតទេ។ អរគុណបក្ស និងរដ្ឋ”។

គម្រោងចិញ្ចឹមគោបង្កាត់ពូជនៅឃុំ Ia Pet បានចូលរួមចំណែកជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ឃុំនឹងបន្តអភិវឌ្ឍន៍គម្រោង និងជួយឧបត្ថម្ភគ្រួសារបន្ថែមទៀត។ ឆ្នាំនេះ ឃុំ Ia Pet បានដាក់ចេញគោលដៅសម្រេចបានបទដ្ឋានជនបទថ្មី។ ហើយប្រសិនបើឃុំសម្រេចបានគោលដៅជនបទថ្មីនោះ គម្រោងចិញ្ចឹមគោក៏នឹងរួមចំណែកដល់គោលដៅនេះផងដែរ៕