“ប៉ុន្មានថ្ងៃមុនបុណ្យតេត ក្រុមគ្រួសារ និងញាតិមិត្តតែងតែត្រៀមរៀបចំទំនិញឲ្យបានគ្រប់គ្រាន់។ ផលិតផលត្រូវបានវេចខ្ចប់រួចជាស្រេច ពេលអតិថិជនកុម្ម៉ុងគឺមានភ្លាមៗ។ ផលិតផលជាច្រើនលក់ដាច់ខ្លាំងណាស់ក្នុងអំឡុងបុណ្យតេត ដូចជា៖ ត្រីងៀត ទឹកត្រី ប្រហុក សារាយសមុទ្រ។ ប៉ុន្មានថ្ងៃជិតបុណ្យតេតជារៀងរាល់ឆ្នាំ ផលិតផលទឹកត្រីត្រូវបានផ្ញើទៅលក់គ្រប់ទីកន្លែង”។

រយៈពេលមួយខែកន្លងមកនេះ គ្រួសាររបស់លោកស្រី Tran Thi Minh Thai នៅសង្កាត់ Hoa Hiep Nam ខ័ណ្ឌ Lien Chieu កំពុងមមាញឹកច្រោះទឹកត្រី ចាក់ចូលដប និងវេចខ្ចប់ដាក់ក្នុងប្រអប់ ដើម្បីត្រៀមលក់ក្នុងអំឡុងបុណ្យតេត។ ជារៀងរាល់ឆ្នាំ ប៉ុន្មានថ្ងៃចុងឆ្នាំ ភូមិទឹកត្រី Nam O តែងតែមានភាពមមាញឹក ដោយសកម្មភាពលក់ទិញទំនិញយ៉ាងច្រើន។

ទឹកត្រី Nam O ត្រូវបានផលិតតាមដំណើរការបែបប្រពៃណី។ (រូបថត៖ Vinh Thong/VOV)

ភូមិប្រកបរបរធ្វើទឹកត្រី Nam O ត្រូវបានបង្កើតឡើង និងអភិវឌ្ឍន៍តាំងពីរាប់រយឆ្នាំមុន។ ទឹកត្រី Nam O ធ្លាប់ជាម្ហូបពិសេសដើម្បី “ថ្វាយស្តេច” ដោយមានពណ៌ក្រហមងងឹត ជាមួយនឹងរសជាតិប្រៃនៃសមុទ្រ Da Nang។ ទឹកត្រី Nam O តាំងពីយូរណាស់មកហើយ បានក្លាយជាគ្រឿងទេស និងទឹកជ្រលក់ដែលមិនអាចខ្វះបានក្នុងគ្រប់ពេលបាយរបស់ប្រជាជន Da Nang។ អ្នកស្រី Ly Hoang Tram មកពីខេត្ត Dak Lak បច្ចុប្បន្នកំពុងធ្វើការនៅទីក្រុង Da Nang បាននិយាយថា៖

“ខ្ញុំពិតជាចូលចិត្តរសជាតិទឹកត្រីប្រពៃណី Nam O។ ជារៀងរាល់ឆ្នាំ ពេលត្រឡប់ទៅស្រុកវិញក្នុងឱកាសបុណ្យតេត ខ្ញុំតែងតែទិញទឹកត្រីរាប់សិបលីត្រទុកជាអំណោយជូនញាតិសន្ដាន និងប្រើប្រាស់ក្នុងគ្រួសារ”។

ភូមិទឹកត្រី Nam O បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណ ២៦០ គ្រួសារ ដោយមានកម្មករជាង ៣០០នាក់ ចូលរួមធ្វើទឹកត្រី។ ក្នុងនោះមានប្រមាណ ៧០គ្រួសារចូលរួមសមាគមភូមិទឹកត្រី។ កាលពីឆ្នាំមុន ទិន្នផលទឹកត្រីសរុបរបស់ភូមិមានប្រមាណ ៣០០.០០០ លីត្រ ក្នុងតម្លៃលក់ពី ៨ ម៉ឺនដុងដល់ ១៥ ម៉ឺនដុងក្នុងមួយលីត្រ ដែលនាំមកនូវចំណូលជាង ២៤ ពាន់លានដុង (ជិត ១ លានដុល្លារអាមេរិក)។ លោក Tran Ngoc Vinh ប្រធានសមាគមភូមិប្របករបរធ្វើទឹកត្រីប្រពៃណី Nam O បានឲ្យដឹងថា ចំនួនគ្រួសារដែលស្តារមុខរបរធ្វើទឹកត្រីនៅ Nam O មានការកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ ២០០៥ មានគ្រួសារប្រកបរបរតែ២០គ្រួសារប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះចំនួនគ្រួសារបានកើនឡើងដល់រាប់រយគ្រួសារ។ មិនត្រឹមតែធ្វើផលិតកម្មប៉ុណ្ណោះទេ ភូមិ Nam O ថ្មីៗនេះបានទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរជាច្រើនមកទស្សនា និងចូលរួមសាកល្បងធ្វើទឹកត្រីជាមួយអ្នកស្រុក តាមនោះជួយឱ្យគ្រួសារជាច្រើនទទួលបានប្រាក់ចំណូលបន្ថែម៖

“យើងខ្ញុំមានបំណងចង់មានតំបន់មួយដើម្បីបង្ហាញពីគំរូបច្ចេកទេសនៃការផលិតទឹកត្រី Nam O ត្រីងៀត និងប្រហុកជាច្រើនប្រភេទ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ បង្កើតក្រុមនាវានេសាទនៅ Nam O ដើម្បីបម្រើការផលិតទឹកត្រី។ បើចង់ឲ្យជីវភាពប្រជាជនមានការរីកចម្រើន យើងត្រូវតែការពារបរិស្ថានទេសចរណ៍។ ក្រៅពីនោះ រៀបចំវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ ព្រោះយើងខ្ញុំចាស់ហើយ ដូច្នេះយើងខ្ញុំចង់បង្រៀនអ្វីៗដែលយើងខ្ញុំដឹងអំពីមូលដ្ឋាននេះ ក៏ដូចជាអំពីរបរធ្វើទឹកត្រី Nam O”។

ក្រៅពីទឹកត្រី គ្រឿងសមុទ្រជាច្រើនប្រភេទទៀតក៏មានការពេញនិយមពីអ្នកប្រើប្រាស់ក្នុងអំឡុងពេលបុណ្យតេតផងដែរ។ (រូបថត៖ Vinh Thong/VOV)

អាជ្ញាធរមូលដ្ឋានកំពុងបំពេញនីតិវិធី ដាក់ជូនថ្នាក់មានសមត្ថកិច្ច ដើម្បីទទួលស្គាល់ភូមិធ្វើទឹកត្រីប្រពៃណី Nam O។ ទន្ទឹមនឹងនោះ មូលដ្ឋានក៏នឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កន្លែងតាំងបង្ហាញ ណែនាំផលិតផល តាំងបង្ហាញដំណើរការផលិតទឹកត្រី Nam O ប្រពៃណី ព្រមទាំងតភ្ជាប់ ផ្សព្វផ្សាយផលិតផល រួមចំណែកដល់ការអភិរក្ស និងពង្រីកតម្លៃនៃភូមិរបរ ក៏ដូចជាលើកកំពស់ប្រាក់ចំណូលសម្រាប់ប្រជាជនផងដែរ។ លោក Tran Cong Nguyen ប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Lien Chieu បានឲ្យដឹងថា៖

“យើងខ្ញុំកំពុងអនុវត្តន៍គម្រោងដែលរួមបញ្ចូលគ្នានូវការអភិវឌ្ឍផលិតផល និងទេសចរណ៍
សហគមន៍។ យើងខ្ញុំជួយឧបត្ថម្ភបណ្ដាគ្រួសារ និងអង្គភាពអាជីវកម្ម ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច ដោយពង្រីកគុណសម្បត្តិជាអតិបរមា បន្ទាប់ពីត្រូវបានចុះបញ្ជីកម្មសិទ្ធិបញ្ញា”។

របរធ្វើទឹកត្រី Nam O ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ នាខែមិថុនា ឆ្នាំ ២០១៩។ ៥ ឆ្នាំក្រោយមក នៅខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានផ្តល់វិញ្ញាបនបត្រការពារសញ្ញាសម្គាល់ភូមិសាស្ត្រ "Nam O" សម្រាប់ផលិតផលទឹកត្រី Nam O ទីក្រុង Da Nang។ នេះគឺជាសញ្ញាសម្គាល់ភូមិសាស្ត្រដំបូងគេរបស់ទីក្រុង Da Nang និងជាសញ្ញាសម្គាល់ភូមិសាស្ត្រទីបីសម្រាប់ផលិតផលទឹកត្រីនៅវៀតណាម (បន្ទាប់ពីទឹកត្រី Phu Quoc និងទឹកត្រី Phan Thiet)៕