ភូមិ Rach នៅតែរក្សាអាយ៉ងបុរាណប្រមាណ ១០០០ ក្បាល ដែលជីដូនជីតាបន្សល់ទុកមក។ (រូបថត៖ Mai Chien/VTV Times) |
ភូមិ Rach ធ្លាបមានភាពល្បីល្បាញដោយសារមុខរបរម្រ័ក្សណ៍ខ្មុក និងឆ្លាក់រូបចម្លាក់សម្រាប់សាលាភូមិ និងវត្តអារាម។ តាំងពីច្រើនជំនាន់មួយ គ្មាននរណាម្នាក់ដឹងថានៅពេលណានោះទេ ពួកគេបាននាំយកសិល្បៈម្រ័ក្សណ៍ខ្មុក និងចម្លាក់ ដើម្បីលាយបញ្ចូលក្នុងអាយ៉ង។
អាយ៉ងនៃភូមិ Rach ត្រូវបានច្នៃឡើងតាមរយៈដំណាក់កាលដ៏ប្រណិតជាច្រើន៖ ចាប់ពីការដាប់ ឆ្លាក់យ៉ាងល្អិតល្អន់ រហូតដល់ការលាបពណ៌ និងការដំឡើងប្រព័ន្ធគ្រប់គ្រងដ៏ស្មុគស្មាញ។ អាយ៉ងនីមួយៗមិនត្រឹមតែជារូបភាពឋិតិវន្តប៉ុណ្ណោះទេ ថែមទាំងជា "តួអង្គ" ដែលមានព្រលឹង មានរឿងរ៉ាវផ្ទាល់ខ្លួន ឆ្លុះបញ្ចាំងយ៉ាងរស់រវើកពីជីវភាពផលិតកម្មប្រចាំថ្ងៃ ជំនឿប្រជាប្រិយ ឬរឿងរ៉ាវប្រវត្តិសាស្ត្រ រឿងព្រេងនិទានរបស់ប្រជាជាតិ។ សិប្បករ Phan Van Trien ប្រធានក្រុមអាយ៉ងទឹក Nam Chan បាននិយាយថា៖
“ក្នុងការបង្កើតរូបរាងអាយ៉ង ពិបាកបំផុតគឺបង្កើតភាពធម្មជាតិ ដោយសមកាលកម្មជាមួយជីវភាពសង្គមរបស់ប្រជាកម្មករនិងកសិករ។ ពួកគេមានដង្ហើម ទឹកមុខ និងស្នាមញញឹមដែលសមកាលកម្មជាមួយជីវភាពសម័យទំនើប”។
ប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិ Rach បានចាប់ផ្តើមធ្វើទេសចរណ៍។ ទស្សនិកជនស្នូលនៃក្រុមអាយ៉ងនេះ ធម្មតាជាភ្ញៀវទេសចរ ដូច្នេះការសម្តែងក៏មានការផ្លាស់ប្តូរច្រើន ក្រុមអាយ៉ងសម្តែងនៅកន្លែងជាច្រើនដើម្បីបម្រើភ្ញៀវទេសចរ ឬសម្តែងនៅផ្ទះជាមួយឆាកទឹកចល័ត។ ប្រការនេះក៏បង្កើតលក្ខខណ្ឌដើម្បីបង្រៀនក្មេងៗជំនាន់ក្រោយនូវលក្ខណៈពិសេស និងមនុស្សាស្ត្រដែលជីដូនជីតាបានផ្ដាំផ្ញើរ ក្នុងមុខរបររាំអាយ៉ងទឹកនេះដែរ។ លោក Dang Van Ben អនុប្រធានក្រុមអាយ៉ងNam Chan បានចែករំលែកថា៖
“ក្រុមខ្ញុំរក្សាមុខរបរបុរាណរបស់ជីដូនជីតា ដែលសម្តែងជាមួយអាយ៉ងប្រជាប្រិយ។ ប៉ុន្តែឥឡូវនេះ ដោយសារតម្រូវការរបស់សង្គម យើងនឹងនិពន្ធឈុតសម្តែងខ្លះៗបន្ថែមទៀត ដើម្បីបម្រើសិស្ស ឬវ័យអាយុនីមួយៗ។ យើងត្រូវសម្របខ្លួនទៅនឹងសង្គមបច្ចុប្បន្ន”។
ក្រៅពីនោះ ក្រុមរាំអាយ៉ងភូមិ Rach ត្រូវបានគេអញ្ជើញទៅសម្តែងនៅតាមខេត្តក្រុងជាច្រើនក្នុងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះទេ អាយ៉ងដ៏សាមញ្ញៗរបស់ភូមិ ថែមទាំងមានវត្តមានក្នុងការសម្តែងនៅបរទេសដូចជានៅប្រទេសជប៉ុន បារាំង ស៊ុយអែត បណ្តាប្រទេសអឺរ៉ុបខាងលិច... ហើយត្រូវបានសាធារណជនស្រឡាញ់និងកោតសរសើរទៀតផង។
ដើម្បីថែរក្សាមុខរបរកុំឲ្យសាបសូន្យទៅ ប្រជាពលរដ្ឋភូមិ Rach យល់ថាការថែរក្សាមិនមែនជាការឈរនៅស្ងៀមនោះទេ។ ក្រៅពីការអភិរក្សរឿងល្ខោនបុរាណ សិប្បករក៏បាននិពន្ធរឿងល្ខោនថ្មីដោយផ្អែកលើរឿងនិទាន រឿងព្រេងវៀតណាម ឬបញ្ហាពិតៗនៃជីវភាពសម័យទំនើប ដើម្បីបង្កើនភាពទាក់ទាញដល់ទស្សនិកជន ជាពិសេសជំនាន់វ័យក្មេង។ ទន្ទឹមនឹងនោះ ភូមិ Rach យកចិត្តទុកដាក់ពិសេសចំពោះការអភិវឌ្ឍសិប្បកម្មច្នៃអាយ៉ងនៅហ្នឹងភូមិ។ នេះមិនត្រឹមតែជាទីកន្លែងផ្ដល់កំណើតនិងព្រលឹងដល់អាយ៉ងប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់សិប្បករជើងចាស់បង្រៀនជំនាញចម្លាក់ ការធ្វើម៉ាស៊ីន និងជំនាញម្រ័ក្សណ៍ខ្មុកដល់ជំនាន់វ័យក្មេងទៀតផង។ អត្ថិភាពនិងសកម្មភាពដ៏អ៊ូអរនៃសិប្បកម្មទាំងនេះ ធានាបាននូវការសម្តែងនិងរក្សាសរសៃឈាមនៃមុខរបរ។ សិប្បករ Phan Van Trien បានចែករំលែកថា៖
“តាំងពីខ្ញុំនៅទៅរៀន ជីតារបស់ខ្ញុំបានបង្រៀនខ្ញុំពីមុខរបរនេះ ហើយទីនោះ ខ្ញុំបានអភិវឌ្ឍន៍បន្តទៀត។ ខ្ញុំបាននាំយកបច្ចេកវិទ្យា គ្រឿងម៉ាស៊ីនចូល រួមជាមួយនឹងជាងលាបថ្នាំពណ៌ ជាងដាប់ ប្រមូលផ្តុំអ្នកដែលស្រឡាញ់របរ មកធ្វើការជាមួយខ្ញុំ។ បច្ចុប្បន្ននេះ សិប្បកម្មរបស់ខ្ញុំ មានក្រុមឯកទេសមួយ ដែលផលិតអាយ៉ងសម្រាប់ក្រុមអាយ៉ងក្នុងប្រទេស ហើយទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជន”។
សិប្បករ Phan Van Manh ប្រធានក្រុមអាយ៉ង Song Que។ (រូបថត៖ Mai Chien/VTV Times) |
នៅពេលដែលទេសចរណ៍រីកចម្រើន ជាងផលិតអាយ៉ងទឹកជាច្រើននៅក្នុងភូមិ បានចាប់យកនិន្នាការយ៉ាងឆាប់រហ័ស ដោយច្នៃវត្ថុអនុស្សាវរីយ៍ជាអាយ៉ងទឹកតូចៗ ដែលជួយបង្កើតប្រាក់ចំណូលបន្ថែមផង និងរួមចំណែកឧទ្ទេសនាម និងផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសិល្បៈរាំអាយ៉ងទឹកប្រជាប្រិយនៃស្រុកកំណើតផង។ បច្ចុប្បន្ន ភូមិ Rach មានប្រជាជន ៧ គ្រួសារដែលច្នៃវត្ថុអនុស្សាវរីយ៍អាយ៉ងទឹក។ សិប្បករ Phan Van Manh ប្រធានក្រុមអាយ៉ង Song Que បាននិយាយថា៖
“វត្ថុអនុស្សាវរីយ៍អាយ៉ង មិនខុសគ្នាទេ គ្រាន់តែជាគំរូខ្នាតតូចប៉ុណ្ណោះ។ ខ្ញុំបានផ្សាភ្ជាប់នឹងរបរអាយ៉ងនេះ ព្រោះនេះជាអាជីពរបស់ជីតា និងឪពុកខ្ញុំ។ ខ្ញុំពិតជាស្រឡាញ់របររាំអាយ៉ងនេះ ខ្ញុំមានអារម្មណ៍ថា វាមានអ្វីខ្លះជិតស្និទ្ធនឹងខ្ញុំណាស់”។
មុខរបររាំអាយ៉ងទឹកភូមិ Rach មិនត្រឹមតែជាទម្រង់សិល្បៈប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃកម្លាំងរស់ដ៏ខ្លាំងក្លា នៃវប្បធម៌ប្រពៃណីវៀតណាមទៀតផង។ ដោយក្តីស្រឡាញ់ ភាពខ្លៀវក្លា និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់សិប្បករជាច្រើនជំនាន់ ជាពិសេសតាមរយៈការថែរក្សាសិប្បកម្មផលិត ការជំរុញទេសចរណ៍នៅភូមិរបរ និងការរៀបចំក្រុមសម្តែងយ៉ាងសកម្មនោះ របរអាយ៉ងទឹកភូមិ Rach នឹងបន្តនិទានរឿងអំពីទឹកដី និងមនុស្ស អំពីប្រភពដើម និងអត្តសញ្ញាណរបស់ជនជាតិវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

