ដើម សឺនត្រា បានក្លាយជាផលិតផលទេសចរណ៍ដ៏ពិសេសនៃទឹកដី Ngoc Chien។(រូបថត៖ Le Hanh/VOV ប្រចាំភាគពាយ័ព្យ) |
ភូមិ Nam Nghiep ស្ថិតនៅរយៈកំពស់ពី ២ពាន់ ដល់ ២ពាន់៥រយ ម៉ែត្រ គឺជាភូមិខ្ពស់បំផុតក្នុងប្រទេសវៀតណាម ហើយក៏ជាទឹកដីនៃដើមសឺនត្រាផងដែរ ដោយមានផ្ទៃដីសរុបប្រហែល ១២៦០ ហិកតា។ ក្នុងរដូវផ្កា សឺនត្រា ចាប់ពីចុងខែកុម្ភៈ ដល់ខែមីនា កន្លែងនេះទាក់ទាញភ្ញៀវទេសចរ ដោយទេសភាពធម្មជាតិដ៏អស្ចារ្យនិងមនោរម្យ ជាមួយនឹងព្រៃ សឺនត្រា ដែលលាតសន្ធឹងលើផ្ទៃដីរាប់ពាន់ហិកតា រីកផ្កាពណ៌សសុទ្ធ គ្របដណ្តប់ពាសពេញភ្នំភាគពាយ័ព្យ។ ចាប់ពីឆ្នាំ ២០២៤ ខេត្ត សឺនឡា បានរៀបចំពិធីបុណ្យ សឺនត្រា ជាលើកដំបូង។ មកទល់នឹងពេលនេះ បន្ទាប់ពីរៀបចំបាន២ដង ព្រឹត្តិការណ៍នេះបានរួមចំណែកទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកកាន់តំបន់ភ្នំ Ngoc Chien ដែលប៉ាន់ប្រមាណពី ៥ ម៉ឺន ដល់ ២០ម៉ឺននាក់ក្នុងមួយឆ្នាំ។ មកដល់ភូមិ Nam Nghiep ភ្ញៀវទេសចរនឹងបានសម្របខ្លួនទៅក្នុងបរិយាកាសនៃឋានទេពអប្សរ។
“ខ្ញុំសប្បាយចិត្តណាស់ដែលបានមកភូមិ Nam Nghiep ជាលើកដំបូងក្នុងរដូវផ្កា សឺនត្រា។ ទីនេះពោរពេញទៅដោយផ្កាពណ៌ស និងពិធីបុណ្យដោយមានការចូលរួមពីប្រជាជនក្នុងសំលៀកបំពាក់ជនជាតិចម្រុះពណ៌។ ពិធីបុណ្យបែបនេះគួរតែរៀបចំជាប្រចាំ ដើម្បីឲ្យមនុស្សម្នាបានស្គាល់ដល់ Ngoc Chien ស្គាល់ដល់រដូវផ្កា សឺនត្រា ហើយជំរុញ ទេសចរណ៍ក្នុងស្រុកផងដែរ”។
“ផ្លូវដែលបើកបរមកទីនេះ ពេលប្រទះឃើញដើម សឺនត្រា ដំបូង ខ្ញុំគិតថាវាពិតជាស្អាត។ កាន់តែចូលជ្រៅ ខ្ញុំបានឃើញដើមនេះកាន់តែច្រើន ដើម សឺនត្រាពណ៌ស បានគ្របដណ្តប់ភូមិ។ ស្អាតណាស់!”
យោងតាមជនរួមជាតិ Mong នៅទីនេះ ដើម សឺនត្រា មាននៅទីនេះតាំងពីយូរណាស់មកហើយ ជាមួយនឹងដើមឈើស្រោងជិត ៨០០ ហិកតាដែលមានអាយុកាលពី ៣០០ ដល់ ៥០០ ឆ្នាំ។ ក្រោយមក ប្រជាពលរដ្ឋបានពង្រីកផ្ទៃដីដាំដើម សឺនត្រា ក្នុងគោលបំណងថែរក្សាព្រៃឈើ និងប្រមូលផលផ្លែ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូល។ លោក Thao A Vang ប្រជាពលរដ្ឋនៅភូមិ Nam Nghiep បាននិយាយថា៖
“កាលពីមុន ដើមប៉ោមព្រៃ នាំមកនូវប្រាក់ចំណូលពីការលក់ផ្លែឈើ។ បន្ទាប់មក ដោយឃើញផ្កាប៉ោមព្រៃនេះ ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍ណាស់ មនុស្សជាច្រើននៅទីក្រុងហាណូយបានមកទីនេះ ហើយនិយាយថា ពួកគេបានឃើញផ្កាប៉ោមព្រៃស្រស់ស្អាតដូច្នេះពួកគេមកទីនេះ។ ពីនោះមក ខ្ញុំគិតថា ហេតុអ្វីបានជាខ្ញុំមិនធ្វើទេសចរណ៍”?
ទេសភាពដ៏ស្រស់ស្អាតនៅភូមិ។ (រូបថត៖ Le Hanh/VOV) |
ពីប្រភេទដើមឈើដែលជួយកាត់បន្ថយភាពក្រីក្រ ដើម សឺនត្រា សព្វថ្ងៃនេះនាំមកនូវប្រភពចំណូលថ្មីដល់អ្នកភូមិ ដោយសារប្រជាជនបានអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដោយផ្សាភ្ជាប់នឹងដើម សឺនត្រា។ អ្នកភូមិជាច្រើនដែលធ្លាប់តែស៊ាំនឹងការធ្វើស្រែចំការប៉ុណ្ណោះ ក៏បានរៀនពីរបៀបបង្កើតការងារចិញ្ចឹមជីវិតប្រកបដោយចីរភាពពីដើម សឺនត្រាផងដែរ។ គ្រួសារក៏ចាប់ផ្តើមទទួលបានប្រាក់ចំណូលបន្ថែមពីសេវាកម្មទេសចរណ៍ នៅក្នុងរដូវផ្កា សឺនត្រា។ មកដល់ទឹកដីនៃផ្កា សឺនត្រា ភ្ញៀវទេសចរមិនត្រឹមតែអាចគយគន់ភាពស្រស់ស្អាតនៃធម្មជាតិប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍អំពីរបៀបរស់នៅ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជនតំបន់ភ្នំ ហើយទទួលទានមុខម្ហូបជនជាតិដ៏ពិសេសនៅទីនេះទៀតផង។
“ឥឡូវនេះប្រជាពលរដ្ឋបានដឹងថាផ្កា សឺនត្រា គឺជាផ្កាដ៏មានតម្លៃណាស់ដែរ។ ទីមួយ ផ្កាជួយទាក់ទាញភ្ញៀវទេសចរ។ ទី២ គឺមានប្រាក់ចំណូលបន្ថែមពីការលក់ផ្លែសឺនត្រា”។
“ចំនួនភ្ញៀវកើនឡើងជាបណ្ដើរៗ។ បងប្អូនក្នុងភូមិក៏ឈានឡើងបណ្តើរៗដើម្បីអភិវឌ្ឍន៍ទេសចរណ៍ដែរ”។
ដើម្បីឱ្យមានព្រៃសឺនត្រា រីកស្គុះស្គាយយ៉ាងស្រស់បំព្រងនៅកណ្ដាលព្រៃភ្នំដ៏ធំល្វឹងល្វើយដូចសព្វថ្ងៃនេះ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន បានរួមដំណើរជាមួយប្រជាជន ក្នុងដំណើរការផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើ។ កម្មាភិបាលឃុំចុះទៅភូមិជាប្រចាំ ធ្វើការរួមគ្នា និងណែនាំប្រជាជនអំពីរបៀបដាំ និងថែទាំដើមឈើដើម្បីឱ្យវាចេញផ្លែផ្កា; ពីការប្រែក្លាយចំការសឺនត្រា ទៅជាកន្លែងទស្សនា និងទទួលយកបទពិសោធន៍; រហូតដល់របៀបធ្វើសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន ទេសចរណ៍... ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ ប៉ុន្តែនៅតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ប្រចាំស្រុកផងដែរ។ យោងតាមរបាយការណ៍នយោបាយដែលដាក់ជូនមហាសន្និបាតបក្សភាគភូមិ Ngoc Chien លើកទី ១ អាណត្តិ ២០២៥ - ២០៣០ ឃុំខិតខំទទួលបានភ្ញៀវទេសចរសរុបចំនួន ១៨.០០០ នាក់ក្នុងមួយឆ្នាំ; ប្រាក់ចំណូលសរុបពីសកម្មភាពទេសចរណ៍សម្រេចបានប្រមាណ ១០,៨ ពាន់លានដុង (ជាង ៤១១ ពាន់ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ លោក Nguyen Minh Tuan លេខាគណៈកម្មាធិការបក្សឃុំ Ngoc Chien បានឲ្យដឹងថា ថ្នាក់ដឹកនាំឃុំនឹងបន្តលើកទឹកចិត្ត និងជំរុញប្រជាជនរួមដៃគ្នារក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ តាមនោះ ជំរុញការអភិវឌ្ឍទេសចរណ៍ Ngoc Chien ប្រកបដោយចីរភាព។
“គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំក៏បានឯកភាពខ្ពស់ថា នឹងផ្ដោតសំខាន់លើការអភិវឌ្ឍទេសចរណ៍ និងកសិកម្ម។ ទាំងនេះជាប្រៀបខ្លាំងរបស់ឃុំ។ ដើម្បីធ្វើដូច្នេះបាន ចាំបាច់ត្រូវមានការប្តេជ្ញាចិត្ត និងការស្រុះចិត្តគំនិតពីប្រជាពលរដ្ឋ និងការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល។ យើងជឿជាក់ថាឃុំនឹងសម្រេចបាននូវគោលដៅនេះជាពុំខាន”។
ក្រៅពីការគយគន់ដើម សឺនត្រា រីកផ្កាពណ៌សសុទ្ធ ភ្ញៀវទេសចរមានឱកាសស្វែងយល់អំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅមូលដ្ឋានផងដែរ។ (រូបថត៖ Le Hanh/VOV) |
ដោយមានការជួយគាំទ្រពីអាជ្ញាធរឃុំ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក៏កាន់តែសកម្ម ក្នុងការរួមដៃគ្នាអភិវឌ្ឍន៍ស្រុកកំណើតផងដែរ។ លោក Khang A Phinh ប្រជាពលរដ្ឋនៅភូមិ Nam Nghiep ឃុំ Ngoc Chien បាននិយាយថា៖
“យើងនឹងបន្តដាំបន្ថែមទៀត និងបង្កើនផ្ទៃដីសម្រាប់ដាំដើម សឺនត្រា ដើម្បីទីមួយ រក្សាព្រៃឈើ ទី២ ដើម្បីរក្សាដីកុំឲ្យមានការសឹករិចរិល និងទឹកជន់លិច។ ទន្ទឹមនឹងនោះ ទាក់ទាញភ្ញៀវទេសចរ រក្សាបរិយាកាសត្រជាក់ស្រួល បង្កើតទេសភាពឱ្យភ្ញៀវទេសចរមកទីនេះ ហើយភ្ញៀវកាន់តែច្រើនបានដឹងថា ភូមិយើងមានដើមសឺនត្រា”។
ពីដើមឈើមួយប្រភេទដែលនាំមកនូវការងារចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពសម្រាប់ជនជាតិ Mong ដើម សឺនត្រា នៅឃុំ Ngoc Chien បានក្លាយទៅជាផលិតផលទេសចរណ៍ពិសេសមួយ រួមចំណែកបង្កើតម៉ាកយីហោ “ឋានទេពអប្សរនៃសឺនត្រា” នៅលើផែនទីទេសចរណ៍វៀតណាម។ ដោយសារការស្រុះចិត្តគំនិតរបស់អាជ្ញាធរ និងប្រជាជន រួមជាមួយនឹងសក្ដានុពលវប្បធម៌ធម្មជាតិ និងជនជាតិប្រចាំស្រុកដ៏សម្បូរបែប Ngoc Chien កំពុងតែបញ្ជាក់ជាបណ្តើរៗនូវឋានៈជាគោលដៅដ៏ទាក់ទាញ ដែលនាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានដល់ភ្ញៀវទេសចរ និងបើកអនាគតអភិវឌ្ឍន៍សម្រាប់ទឹកដីនេះផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


