ពីគ្រាប់កាហ្វេ Arabica នៅតំបន់ព្រៃភ្នំភាគពាយ័ព្យ សហករណ៍ Ara-Tay Coffee ស្ថិតនៅឃុំ Muong Chanh បានបង្កើតផលិតផលដែលមានរសជាតិប្លែកៗ ក្នុងនោះមានផលិតផលកាហ្វេ Ara-Tay ត្រូវបានទទួលស្គាល់ដោយកម្មវិធី "ឃុំមួយផលិតផលមួយ" (OCOP) លំដាប់ផ្កាយ ៤ នៅខេត្ត Son La។ លោកស្រី Cầm Thị Mòn នាយកសហករណ៍បានឲ្យដឹងថា ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០២០ មក សហករណ៍បានប្តេជ្ញាចិត្ត កសាងម៉ាកយីហោផលិតផលកាហ្វេដែលផ្សារភ្ជាប់ជាមួយនឹងទឹកដី មនុស្ស និងសម្រស់ប្រពៃណីរបស់ខេត្ត Son La និងតំបន់ភូមិភាគពាយ័ព្យ។ ធម្មជាតិនិងអាកាសធាតុអំណោយផលបានប្រទានឲ្យខេត្ត Son La ដាំដើមកាហ្វេ Arabicaនេះ។ យើងខ្ញុំជ្រើសរើសឈ្មោះសហករណ៍ថា Ara-Tay Coffee ដែល “ara” គឺមកពីពាក្យ Arabica ហើយ “tay” មានន័យថា ជាជនជាតិថៃ ជាបាតដៃថ្នាក់ថ្នមរបស់ស្ត្រី និងជាតំបន់ភាគពាយព្យផងដែរ
សមាជិកនៃសហករណ៍កាហ្វេ Ara-Tay ប្រមូលផលកាហ្វេ។ រូបថត៖ baosonla.vn

លោកស្រី Cầm Thị Mòn និងស្ត្រីជនជាតិថៃនៅទីនេះមិនត្រឹមតែរួមដៃគ្នា បង្កើតសហករណ៍ប៉ុណ្ណោះទេ ថែមទាំងបានភ្ជាប់ទំនាក់ទំនងជាមួយកសិករជាង ៣០០គ្រួសារ ដើម្បីបង្កើតបានខ្សែសង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាព ផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តជាបណ្ដើរៗ ដើម្បីឆ្ពោះទៅរកការផលិតកាហ្វេពិសេស មានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ បង្កើនតម្លៃផលិតផលកាហ្វេ Son La ។ លោកស្រី Cầm Thị Mòn បានចែករំលែក៖ កាលពីមុន យើងដាំកាហ្វេ ប្រមូលផលនិងកែច្នៃដោយដៃទាំងស្រុង... គុណភាពនិងតម្លៃមិនអាចឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារនោះទេ។ ចាប់តាំងពីបង្កើតសហករណ៍មក យើងបានដាំដុះនិងកែច្នៃកាហ្វេពិសេស ក៏ដូចជាដំឡើងផ្ទះសំណាញ់សម្រាប់ការពារដំណាំ។ ចំណែកឯគ្រួសារជាសមាជិកផ្គត់ផ្គង់កាហ្វេស្រស់សម្រាប់សហករណ៍ យើងប្រមូលផលផ្លែកាហ្វេទុំ ១០០% ជួយបង្កើនតម្លៃសម្រាប់គ្រួសារទាំងនេះ។ ឥឡូវនេះ កាហ្វេជាដំណាំស្នូលរបស់កសិករ ជួយអភិវឌ្ឍន៍សេដ្ឋកិច្ច មានផ្ទះសម្បេងដ៏ធំទូលាយ ហើយបញ្ជូនកូនៗទៅសាលារៀន មិនជួបការលំបាកដូចពីមុន នៅពេលដែលយើងដាំពោត និងដំឡូងមីនោះទេ

ពីសក្ដានុពលនៃរុក្ខជាតិឱសថក្នុងស្រុក លោកស្រី Ha Thi Thuan នៅឃុំ Tuong Ha ខេត្ត Son La បានវិនិយោគលើការស្រាវជ្រាវ សិក្សា និងផលិតដោយជោគជ័យនូវផលិតផលឱសថសុវត្ថិភាព ដើម្បីថែទាំងសុខភាពនៅហ្នឹងស្រុកកំណើតរបស់ខ្លួន។ ខ្ញុំធ្លាប់មានជំងឺក្រិនថ្លើមដំណាក់កាលទី ២ ហើយបានប្រើប្រាស់ថ្នាំជាច្រើនប្រភេទ រួមទាំងដើម An xoa ផងដែរ។ បន្ទាប់ពីឃើញថា មានប្រសិទ្ធភាព ហើយជំងឺក៏ធូរស្រាល ខ្ញុំគិតគួរតែប្រើប្រាស់ដើម An xoa នេះ ដើម្បីព្យាបាលជំងឺសម្រាប់សមាជិកគ្រួសារនិងអ្នកភូមិ។ ដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្ត ប្រើប្រាស់ដើម An xoa ដើម្បីបង្កើតផលិតផល

ការកែច្នៃកាហ្វេនៅក្នុងផ្ទះកញ្ចក់។ រូបថត៖ baosonla.vn

ពីការបម្រើខ្លួនឯង និងក្រុមគ្រួសារ ក្នុងឆ្នាំ ២០១៩ លោកស្រី Ha Thi Thuan បានប្តេជ្ញាចិត្តចាប់ផ្តើមអាជីវកម្ម បង្កើតសហករណ៍ Uyen Thuan វិនិយោគលើរោងចក្រផលិតនិងកសាងម៉ាកយីហោផលិតផល។ នៅចុងឆ្នាំ ២០២០ ផលិតផល Cao An Xoa របស់សហករណ៍ត្រូវបានទទួលស្គាល់ជា ផលិតផល OCOP លំដាប់ផ្កាយ ៤ ថ្នាក់ខេត្ត រួមជាមួយនឹងឱសថជាច្រើនមុខផ ក្នុងនោះមានផលិតផលចំនួន ៣ ជា OCOP លំដាប់ផ្កាយ ៣។ លោកស្រី Ha Thi Thuan បានចែករំលែកថា៖ “បន្ទាប់ពីផលិតបានផលិតផលហើយ ខ្ញុំបានចែករំលែកជាមួយបងប្អូនអ្នកភូមិ មនុស្សជាច្រើនបានមកទីនេះ ហើយឃើញថា ផលិតផលនេះមានប្រសិទ្ធិភាពខ្លាំងណាស់ ទើបខ្ញុំនាំផលិតផលនេះទៅកាន់ទីផ្សារ។ បន្ទាប់មក ខេត្តមានកម្មវិធី “ឃុំមួយផលិតផលមួយ-OCOP” ដូច្នេះខ្ញុំបានចុះឈ្មោះ និងចូលរួមចំណាត់ថ្នាក់ផលិតផលនេះ។ ត្រូវតែមានគុណភាព និងម៉ាកយីហោ ទើបផលិតផលអាចទៅដល់ដៃអ្នកប្រើប្រាស់កាន់តែច្រើន

សហករណ៍ Ara-Tay Coffe និងសហករណ៍ Uyên Thuận គ្រាន់តែជាសហករណ៍ចំនួន ២ ក្នុងចំណោមសហករណ៍និងក្រុមសហករណ៍ជិត ៣០ ដែលស្ត្រីធ្វើជាម្ចាស់ ផលិត និងបញ្ចេញលក់ផលិតផលសុវត្ថិភាពនៅក្នុងខេត្ត Son La ។ នៅក្នុងខេត្ត ក៏មានស្ត្រីប្រមាណ ៦០០នាក់ដែលបានចុះឈ្មោះចាប់ផ្តើមអាជីវកម្ម។ ដើម្បីចលនាចាប់ផ្តើមអាជីវកម្មបានរីកសាយភាយយ៉ាងទូលំទូលាយក្នុងចំណោមសមាជិកស្ត្រី គណៈកម្មការកិច្ចការស្ត្រី និងគណៈកម្មការរណសិរ្យមាតុភូមិវៀតណាមខេត្ត Son La កំពុងផ្តោតលើដំណោះស្រាយជួយឧបត្ថម្ភសមាជិកនិងស្ត្រីឱ្យលើកកម្ពស់សមត្ថភាព និងអនុវត្តន៍វឌ្ឍនភាពនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅក្នុងផលិតកម្ម និងជីវភាពប្រចាំថ្ងៃ។ ខិតខំក្នុងដំណាក់កាល ២០២២-២០២៥ ជួយឧបត្ថម្ភស្ត្រីយ៉ាងហោចណាស់ ៤០០ នាក់ ឱ្យចាប់ផ្តើមអាជីវកម្ម; បង្កើតក្រុមសហករណ៍យ៉ាងតិច ២០-២៥ និងសហករណ៍ប្រហែល ៥-១០ ដែលគ្រប់គ្រងនិងដំណើរការដោយស្ត្រី ផ្សារភ្ជាប់នឹងខ្សែសង្វាក់តម្លៃផលិតផលដែលអភិវឌ្ឃន៍ប្រកបដោយនិរន្តរភាព។

គម្រោង "An xoa Uyen Thuan " បានឈ្នះរង្វាន់ទីមួយក្នុងការប្រឡងចាប់ផ្តើមអាជីពឆ្នាំ ២០២៤។ រូបថត៖ baosonla.vn

វត្តមាននៃសហករណ៍ដែលស្ត្រីធ្វើជាម្ចាស់ និងគម្រោងចាប់ផ្តើមអាជីព ប្រកបដោយប្រសិទ្ធភាពបានរួមចំណែកក្នុងការទាញយកសក្តានុពល និងគុណសម្បត្តិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រៃភ្នំ តំបន់ព្រំដែន និងជនជាតិភាគតិចនៅខេត្ត Son La ហើយទន្ទឹមនឹងនោះ ក៏ជាសក្ខីភាពនៃបំណងប្រាថ្នាជម្នះលើការលំបាក និងក្រោកឈរឡើងរបស់ស្ត្រីនៅតំបន់ព្រៃភ្នំ៕