នេះគឺជាគោលការណ៍អភិវឌ្ឍន៍ដោយមានសារសំខាន់យុទ្ធសាស្ត្រ ដែលបង្ហាញយ៉ាងច្បាស់ពីអត្តចរិតដ៏ល្អប្រសើរនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនឹងឱកាស និងបញ្ហាប្រឈមជាច្រើនដែលប្រទាក់ក្រឡាគ្នា។ តម្រូវការដែលត្រូវបានដាក់ចេញ មិនត្រឹមតែជាកំណើនយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងជាកំណើនក្នុងទិសដៅត្រឹមត្រូវនោះ គឺកំណើនដើម្បីមនុស្សនិងបម្រើមនុស្ស ទៀតផង។

សមិទ្ធផលទាំងអស់ជាទីបំផុតត្រូវមកលើប្រជាជន

លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា គោលនយោបាយ គម្រោង និងធនធានវិនិយោគទាំងអស់ត្រូវតែតម្រង់ទៅរកការបង្កើតតម្លៃពិតប្រាកដសម្រាប់ប្រជាជន បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ បង្រួមគម្លាតអភិវឌ្ឍន៍ លើកស្ទួយសុខុមាលភាពសង្គម និងធានាសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ផ្លែផ្កានៃកំណើនត្រូវតែចែករំលែកដោយយុត្តិធម៌ បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ភាពឯកឆន្ទក្នុងសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។

នេះ​គឺជា​អត្តចរិត​នៃរបប​ផង និង​ជា​រង្វាស់​ចុងក្រោយ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ទាំងអស់ផង។

កំណើនមិនមែនជាគោលដៅតែមួយគត់នោះទេ។ គោលដៅចុងក្រោយនៃការអភិវឌ្ឍគឺដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ ប្រសិនបើ GDP កើនឡើង ប៉ុន្តែប្រាក់ចំណូលពិតប្រាកដមិនប្រសើរឡើងយ៉ាងសក្តិសម ប្រសិនបើគម្លាតអភិវឌ្ឍន៍រវាងបណ្ដាតំបន់ និងក្រុមប្រជាជនកាន់តែធំ ហើយប្រសិនបើប្រជាជនមិនទាន់ទទួលបានការអប់រំ ការថែទាំសុខភាព លំនៅដ្ឋាន ការងារ និងសន្តិសុខសង្គមប្រកបដោយសមធម៌ទេ គឺកំណើននោះមិនមានអត្ថន័យពេញលេញដែរ។

ការពិតជាក់ស្ដែងបានបង្ហាញថា នៅពេលដែលកំណើនត្រូវបានភ្ជាប់ទៅនឹងសន្តិសុខសង្គម និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព សមិទ្ធផលអភិវឌ្ឍន៍នឹងមានមូលដ្ឋានគ្រឹះសង្គមកាន់តែរឹងមាំ។ យោងតាមការប្រកាសរបស់ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម (ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦) អត្រាភាពក្រីក្រពហុវិមាត្រក្នុងឆ្នាំ ២០២៥ ដោយផ្អែកលើស្តង់ដារភាពក្រីក្រពហុវិមាត្រដំណាក់កាល ២០២២-២០២៥ គឺ ២,៩៥% ពោលគឺថយចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងអត្រា ៤,០៦% ក្នុងឆ្នាំ ២០២៤។ នេះគឺជាសមិទ្ធផលគួរឱ្យកត់សម្គាល់មួយ។

ផ្អែកលើស្មារតីនោះ ការផ្តល់យោបល់របស់លោកអគ្គលេខាបក្ស តូ ឡឹម លើការរកសាងឲ្យបានឆាប់នូវសេចក្តីសម្រេចចិត្តស្តីពីគំរូអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺមានសារៈសំខាន់ពិសេស។ មានតែនៅពេលដែលផ្លាស់ប្តូរចំណុចស្នូលនៃការអភិវឌ្ឍទៅជាមូលដ្ឋានគ្រឹះទាំងនេះទេ ទើបកំណើនខ្ពស់អាចមានចីរភាព និងស្វ័យភាពជាងមុន និងរីកសាយភាយកាន់តែស៊ីជម្រៅទៅក្នុងជីវភាពសង្គមបាន។

កំណើនដើរទន្ទឹមគ្នាជាមួយនឹងគុណភាពជីវិត

នៅក្នុងដំណើរការផ្លាស់ប្ដូរថ្មី បក្សកុម្មុយនិស្តវៀតណាមតែងតែកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចជាភារកិច្ចស្នូលជានិច្ច។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក វៀតណាមសម្រេចបានសមិទ្ធផលសំខាន់ៗទាក់ទងនឹងកំណើនសេដ្ឋកិច្ច ដោយក្លាយជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចដែលមានភាពស្វាហាប់បំផុតនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ តថភាពជាក់ស្ដែងក៏បង្ហាញផងដែរថា ប្រសិនបើត្រឹមតែដេញតាមរកល្បឿនកំណើនសុទ្ធសាធដោយមិនយកចិត្តទុកដាក់គ្រប់គ្រាន់ដល់គុណភាព និងការចែកចាយសមិទ្ធផលនោះទេ កំណើននោះនឹងខ្វះចីរភាព ហើយអាចបង្កឡើងផលវិបាកសង្គមជាច្រើន។

បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា៖ មិនដេញតាមរកកំណើនសេដ្ឋកិច្ចក្នុងតម្លៃណាមួយឡើយ។ សេដ្ឋកិច្ចរឹងមាំមួយ ត្រូវតែជាសេដ្ឋកិច្ចដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ គោលនយោបាយ និងធនធានវិនិយោគទាំងអស់ត្រូវតែតម្រង់ទៅរកការបង្កើតតម្លៃពិតប្រាកដសម្រាប់ប្រជាជន។ ប្រការនេះតម្រូវឱ្យមានការផ្លាស់ប្តូរជាមូលដ្ឋានក្នុងការតាក់តែងនិងការអនុវត្តគោលនយោបាយ ដោយមិនត្រឹមតែផ្តោតលើទំហំនៃការវិនិយោគប៉ុណ្ណោះទេ ថែមទាំងត្រូវវាយតម្លៃពីប្រសិទ្ធភាពសង្គម; មិនត្រឹមតែផ្តោតលើអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងរយៈពេល​ខ្លីខាងមុខប៉ុណ្ណោះទេ ថែមទាំងត្រូវពិចារណាលើផលប៉ះពាល់រយៈពេលវែងលើសហគមន៍ និងបរិស្ថានទៀតផង។ គម្រោងមួយដែលត្រូវបានចាត់ទុកជាជោគជ័យ មិនត្រឹមតែដោយសារការរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ប៉ុណ្ណោះទេ ថែមទាំងដោយសារតែគម្រោងនោះបានបង្កើតការងារស្ថិរភាព បង្កើនប្រាក់ចំណូល កែលម្អស្ថានភាពរស់នៅ និងផ្តល់ឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាជនក្នុងតំបន់ផងដែរ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Viet Thong បានវាយតម្លៃថា៖

ទស្សនៈរបស់បក្សត្រូវបានអះអាងយ៉ាងខ្ជាប់ខ្ជួនថា កំណើនសេដ្ឋកិច្ចត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអនុវត្តវឌ្ឍនភាពនិងសមធម៌សង្គម ការដោះស្រាយបញ្ហាការងារ និងការលុបបំបាត់ភាពក្រីក្រ ដោយធានាថា មនុស្សគ្រប់គ្នាអាចទទួលបានការអប់រំ

ការប្រកាន់ខ្ជាប់នូវគោលដៅកំណើនដើម្បីផលប្រយោជន៍របស់ប្រជាជន និងសមធម៌សង្គម គឺជាគោលការណ៍មួយដែលបង្ហាញយ៉ាងច្បាស់អំពីទិសដៅសង្គមនិយមនៃសេដ្ឋកិច្ច។ ការជ្រួតជ្រាបនិងការអនុវត្តទស្សនៈនេះយ៉ាងខ្ជាប់ខ្ជួន នឹងក្លាយជាគន្លឹះ ដែលជួយប្រទេសវៀតណាមមិនត្រឹមតែសម្រេចបានអត្រាកំណើនខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងសង្គមមួយដ៏យុត្តិធម៌ ស៊ីវិល័យ និងសុភមង្គលទៀតផង៕