នៅក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្តអ្នកស្តាប់ ស៊ុន ផុល មកពីទីក្រុងភ្នំពេញ បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron នាពេលថ្មីៗនេះថា៖ «ខ្ញុំបានមើលវីដេអូឃ្លីបដែលប្រធានាធិបតីបារាំងបានបង្ហោះអំពីដំណើរទស្សនកិច្ចរបស់លោកនៅវៀតណាម ហើយអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នោះគឺភាពរួសរាយរាក់ទាក់និងចិត្តទូលំទូលាយរបស់ប្រជាជនវៀតណាម។ ប្រហែលនោះហើយជាមូលហេតុដែលមេដឹកនាំអន្តរជាតិភាគច្រើនពេលមកទីនេះ សុទ្ធតែចង់ទទួលយកបទពិសោធន៍អំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជន»។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! វៀតណាមមិនត្រឹមតែល្បីល្បាញដោយសារទេសភាពដ៏ស្រស់ស្អាត និងមុខម្ហូបសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងដោយសារ “ម៉ាកយីហោទន់” ផ្ទាល់ខ្លួនទៀតផង ដែលជាភាពរួសរាយរាក់ទាក់និងចិត្តទូលំទូលាយរបស់ប្រជាជនវៀតណាម។ វាមិនពិបាកទេ ដើម្បីប្រទះឃើញរូបភាពប្រមុខរដ្ឋ និងមន្ត្រីជាន់ខ្ពស់អន្តរជាតិ ដើរលេងកម្សាន្តតាមដងផ្លូវ រីករាយជាមួយកាហ្វេតាមចិញ្ចើមផ្លូវ ឬភ្លក់អាហារតាមដងផ្លូវដ៏ពេញនិយមដូចជា ហ្វើប៊ុនចា នំប៉័ង... ពួកគេមិនត្រឹមតែត្រូវបានស្វាគមន៍ដោយពិធីការទូតផ្លូវការយ៉ាងឱឡារិកប៉ុណ្ណោះទេ ថែមទាំងត្រូវបានស្វាគមន៍ដោយភាពកក់ក្តៅ ភាពសាមញ្ញ និងស្មោះត្រង់របស់ប្រជាជនទៀតផង។ ក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ ប្រការនេះមិនត្រឹមតែធ្វើឲ្យវៀតណាមពិសេសប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវអំណាចទន់របស់ប្រជាជាតិមួយដែលស្រឡាញ់សន្តិភាព និងសម្បូរទៅដោយអត្តសញ្ញាណ រួមចំណែកផ្សព្វផ្សាយរូបភាពប្រទេស ជំរុញទេសចរណ៍ និងការទូតរវាងប្រជាជនជាមួយប្រជាជនទៀតផង។
ពីទីក្រុងកំពង់ផែ ព្រះសីហនុ មិត្តអ្នកស្តាប់ ខៀវ វិជ្ជា បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយចែករំលែកថា៖ “ទាំងយុវជន និស្សិតកម្ពុជា និងវៀតណាម គឺជាកម្លាំងដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍-សង្គម ជាពិសេសក្នុងឱកាសវិស្សមកាល។ ខ្ញុំចង់ស្វែងយល់បន្ថែមអំពីយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ ២០២៥ ដែលវៀតណាមទើបតែបានបំផុស”។
ការសាងសង់ផ្លូវជនបទគឺជាសកម្មភាពដ៏សំខាន់មួយនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាល។ (រូបថត៖ TTXVN) |
មិត្ត ខៀវ វិជ្ជា និងមិត្តអ្នកស្តាប់ជាទីគោរព! យុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ ២០២៥ គឺជាឆ្នាំទី ២៦ ដែលយុទ្ធនាការនេះត្រូវបានធ្វើឡើង។ ប្រព្រឹត្តទៅចាប់ពីខែមេសាដល់ខែសីហាឆ្នាំនេះ ដោយមានខ្លឹមសារជាច្រើន រួមចំណែកលើកកំពស់តួនាទីរបស់យុវជនវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការផ្លាស់ប្តូរឌីជីថល ការការពារបរិស្ថាន ការកសាងជនបទថ្មី និងការថែទាំដល់ប្រជាជន ជាពិសេសនៅតំបន់ដាច់ស្រយាល ព្រំដែន និងកោះសមុទ្រ។ យុទ្ធនាការឆ្នាំនេះបានដាក់ចេញគោលដៅសំខាន់ៗចំនួន១២ ក្នុងនោះលេចធ្លោបំផុតគឺ៖ រៀបចំឲ្យយុវជនចំនួន ១០ លាននាក់ចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត; ជួយឧបត្ថម្ភការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោមយ៉ាងហោចណាស់ ២០០០ ខ្នង; ដាំដើមឈើថ្មីចំនួន ៨ លានដើម; ជួសជុលផ្លូវ ៣.០០០ គីឡូម៉ែត្រ និងកសាងផ្លូវជនបទថ្មី ៦០០ គីឡូម៉ែត្រ។ ល។ ចំណុចលេចធ្លោមួយទៀតនៃយុទ្ធនាការស្ម័គ្រចិត្តរដូវក្តៅឆ្នាំនេះ គឺស្មារតីឆ្ពោះទៅរកសហគមន៍ឌីជីថល និងការផ្លាស់ប្តូរឌីជីថលតាមជនបទ ដោយរៀបចំថ្នាក់ "អក្ខរកម្មឌីជីថល" ដើម្បីផ្សព្វផ្សាយចំណេះដឹងបច្ចេកវិទ្យាឌីជីថលសម្រាប់មនុស្សចាស់ ណែនាំប្រជាជនអំពីរបៀបប្រើប្រាស់កម្មវិធីវេជ្ជសាស្រ្ត ធនាគារអេឡិចត្រូនិក និងសេវាសាធារណៈតាមអ៊ីនធឺណិត។ អាស្រ័យហេតុនោះ ប្រជាជនជាច្រើនអាចទូទាត់វិក្កយបត្រអគ្គិសនី និងទឹករបស់ខ្លួនតាមរយៈស្មាតហ្វូនជាលើកដំបូង។
ហើយមុននឹងបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ក្នុងសប្តាហ៍នេះ យើងសូមឧទ្ទេសនាមដល់ប្រិយមិត្តអំពីគោលដៅទេសចរណ៍ថ្មីមួយនៅក្នុងប្រទេសវៀតណាមដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តអ្នកអាន និងមិត្តអ្នកស្តាប់អន្តរជាតិ។ នោះគឺសារមន្ទីរតែ Long Dinh នៅទីក្រុង Da Lat ខេត្ត Lam Dong។
លំហបៃតងនៅសារមន្ទីរតែ Long Dinh។ (រូបថត៖ qdnd.vn) |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! មានទីតាំងស្ថិតនៅក្នុងលំហបៃតងនៃទួលតែ Cau Dat ដែលមានចំងាយប្រហែល ២០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Da Lat សារមន្ទីរតែ Long Dinh គឺជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលស្រឡាញ់វប្បធម៌តែ និងចង់ស្វែងយល់យ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ និងសិល្បៈទទួលទានតែរបស់វៀតណាម។ សារមន្ទីរបើកពីម៉ោង 8:00 ដល់ 16:30 ជារៀងរាល់ថ្ងៃ តម្លៃសំបុត្រចូលទ្វារគឺប្រហែល ៦ ដុល្លារ/ម្នាក់និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ។ សាងសង់លើផ្ទៃដី ៣,៤ ហិកតា នៅពេលដែលអ្នកចូលទៅក្នុងសារមន្ទីរតែ Long Dinh អ្នកនឹងត្រូវបានទាក់ទាញភ្លាមៗដោយលំហតាំងបង្ហាញដ៏គួរអោយចាប់អារម្មណ៍ ដែលវត្ថុបុរាណនីមួយៗដំណាល់ពីរឿងរ៉ាវមួយអំពីតែ។ ចំណុចពិសេសបំផុតគឺដើមតែបុរាណដែលមានអាយុកាលជាង 100 ឆ្នាំ ដែលជានិមិត្តរូបនៃភាពគង់វង្សជានិរន្តរ និងតម្លៃប្រវត្តិសាស្ត្ររបស់តែវៀតណាម។ មិនត្រឹមតែបានទៅទស្សនាប៉ុណ្ណោះទេ សារមន្ទីរក៏នាំមកជូនអ្នកទស្សនានូវបទពិសោធន៍ជាក់ស្តែងអំពីសិល្បៈឆុងតែទៀតផង។ អ្នកទស្សនានឹងត្រូវបានណែនាំយ៉ាងលម្អិតអំពីរបៀបឆុងតែបែបប្រពៃណី ចាប់ពីការជ្រើសរើសស្លឹកតែ រហូតដល់ការកែសម្រួលសមាមាត្រទឹក និងពេលវេលាឆុងតែ ដើម្បីទទួលបានពែងដែលឆ្ងាញ់បំផុត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

