ក្នុងលិខិតផ្ញើមកកម្មវិធី មិត្តអ្នកស្តាប់ សូវ សម្បត្តិ នៅរាជធានីភ្នំពេញ មានបំណងចង់ស្តាប់ការឧទ្ទេសនាមអំពីចលនាទទួលនិស្សិតកម្ពុជាមកសិក្សានៅវៀតណាម ជាកូនធម៌។ មិត្តអ្នកស្តាប់រូបនេះបានចែករំលែកថា៖ «ខ្ញុំដឹងថា មាននិស្សិតខ្មែរជាច្រើននាក់មកសិក្សានៅប្រទេសវៀតណាម ហើយត្រូវបានគ្រួសារវៀតណាមទទួលជាកូនធម៌ ជួយឧបត្ថម្ភពួកគាត់ទាំងខាងសម្ភារៈ និងស្មារតី។ នេះពិតជាសកម្មភាពប្រកបដោយលក្ខណៈមនុស្សសាស្ត្រ និងអត្ថន័យខ្លាំងណាស់។ ខ្ញុំមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមបន្ថែមទៀតអំពីសកម្មភាពទាំងនេះ”។
គ្រួសារឪពុកម្ដាយធម៌ជាមួយនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។(រូបថត៖ VOV) |
លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! ដោយមានបំណងចង់បង្ហាញពីការយកចិត្តទុកដាក់ និងការថែទាំចំពោះនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាម ជួយប្អូនៗឱ្យយល់កាន់តែច្បាស់អំពីទឹកដី មនុស្ស និងវប្បធម៌វៀតណាម តាមនោះ រួមចំណែកពូនជ្រុំចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ អស់រយៈពេលជាច្រើនឆ្នាំមកនេះ សកម្មភាពទទួលនិស្សិតកម្ពុជាមកសិក្សានៅវៀតណាមជាកូនធម៌ តែងតែទទួលបានការចូលរួមជួយជ្រោមជ្រែងយ៉ាងសកម្មពីប្រជាជនវៀតណាមគ្រប់ស្រទាប់វណ្ណៈ។ លេចធ្លោគឺចលនា "បណ្ដុះពន្លកមិត្តភាព" ដែលត្រូវបានបំផុសដោយមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា សំដៅអំពាវនាវ និងលើកទឹកចិត្តដល់គ្រួសារអតីតយុទ្ធជននិងអតីតអ្នកជំនាញស្ម័គ្រចិត្តវៀតណាម ដែលធ្លាប់បានទៅជួយប្រទេសមិត្តកម្ពុជា ឲ្យទទួលនិស្សិតកម្ពុជាមកសិក្សានៅទីក្រុងហាណូយនិងថៃប៊ិញ ជាកូនធម៌។ ចំណែកឯនៅទីក្រុងហូជីមិញវិញ កម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា” រៀបចំដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញ ក៏បានរួមចំណែកបង្កើត “ដំបូលផ្ទះកក់ក្ដៅទីពីរ” សម្រាប់និស្សិតឡាវ និងកម្ពុជារាប់សិបនាក់ដែលមកសិក្សានៅទីក្រុងជារៀងរាល់ឆ្នាំផងដែរ។ គ្រួសារ "ឪពុកម្តាយធម៌" មិនត្រឹមតែជួយឧបត្ថម្ភមួយផ្នែកខាងហិរញ្ញវត្ថុដល់ប្អូនៗនិស្សិតប៉ុណ្ណោះទេ ថែមទាំងជា "គ្រូបង្រៀន" និង "មិត្តរួមដំណើរ" ដែលជួយប្អូនៗឲ្យយល់កាន់តែច្បាស់អំពីប្រពៃណីសាមគ្គីភាពជាប្រវត្តិសាស្ត្រ ការជួយទំនុកបម្រុងគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរទៀតផង។ លើសពីនេះ ប្អូនៗនិស្សិតកម្ពុជាក៏ទទួលបានបទពិសោធន៍ខាងវប្បធម៌ មុខម្ហូប និងភាពស្រស់ស្អាតនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម; ចូលរួមក្នុងពិធីបុណ្យ សកម្មភាពសហគមន៍ ឬទៅទស្សនាទីកន្លែង និងកេរ្តិ៍ដំណែលដ៏ល្បីល្បាញនៅប្រទេសវៀតណាមជាមួយគ្រួសារ "ឪពុកម្តាយធម៌”ទៀតផង។
ហើយបើនិយាយពីពិធីបុណ្យវប្បធម៌នៅប្រទេសវៀតណាមវិញ ក៏មានព្រឹត្តិការណ៍មួយទៀតដែលទទួលបានការចាប់អារម្មណ៍ខ្លាំងកាលពីសប្តាហ៍មុនដែរ នោះគឺ ពិធីបុណ្យអាវផាយទីក្រុងហូជីមិញឆ្នាំ២០២៤។ មិត្តអ្នកស្តាប់ ចាន់ លីនដា នៅខេត្តសៀមរាបបានបញ្ចេញមតិថា៖ «អាវផាយ ពិតជាមានសម្រស់និងភាពទាក់ទាញពិសេស នៅពេលមានពិធីបុណ្យដោយឡែកមួយដែលបានធ្វើឡើងសម្រាប់វា។ អាវផាយ មិនត្រឹមតែជួយរំលេចសម្រស់ដ៏ទន់ភ្លន់និងលក្ខណៈសភាពរៀបសារបស់ស្ត្រីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពច្នៃប្រឌិតគ្មានដែនកំណត់របស់អ្នករចនាម៉ូដទៀតផង”។
កម្មវិធីសម្ដែងអាវផាយដោយប្រធានបទ “ខ្ញុំស្រឡាញ់អាវផាយវៀតណាម” ដោយមានការចូលរួមពីមនុស្សជាង ៥០០០ នាក់នៅវិថីដើរថ្មើជើង Nguyen Hue។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ពិធីបុណ្យអាវផាយគឺជាព្រឹត្តិការណ៍វប្បធម៌-ទេសចរណ៍លេចធ្លោជាប្រចាំឆ្នាំរបស់ទីក្រុងហូជីមិញ ដែលត្រូវបានប្រារព្ធឡើងក្នុងខែមីនាជារៀងរាល់ឆ្នាំ។ គម្រប់ ១០ ឆ្នាំហើយចាប់តាំងពីការរៀបចំជាលើកដំបូង ពិធីបុណ្យអាវផាយទីក្រុងហូជីមិញបានរួមចំណែកអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលនៃសំលៀកបំពាក់ជាតិ ព្រមទាំងបំផុសគំនិត និងរីកសាយភាយសេចក្តីស្រឡាញ់នឹងអាវផាយ ដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ នៅពិធីបុណ្យអាវផាយឆ្នាំ២០២៤ អ្នករចនាម៉ូដដ៏ល្បីល្បាញក្នុងស្រុក បាននាំមកម៉ូដអាវផាយជាង ៨០០ ដែលសំដែងដោយសិល្បករ បវរកញ្ញា ហើយជាពិសេសអគ្គកុងស៊ុលស្ត្រី និងភរិយារបស់អគ្គកុងស៊ុលនៃប្រទេសនានាប្រចាំនៅទីក្រុងហូជីមិញ។ ចំណុចលេចធ្លោនៃពិធីបុណ្យឆ្នាំនេះ គឺកម្មវិធីសម្ដែងអាវផាយដោយប្រធានបទ “ខ្ញុំស្រឡាញ់អាវផាយវៀតណាម” ដោយមានការចូលរួមពីមនុស្សជាង ៥០០០ នាក់នៅវិថីដើរថ្មើជើង Nguyen Hue។ នេះជាកម្មវិធីដង្ហែរក្បួនដែលប្រមូលមនុស្សស្លៀកពាក់អាវផាយច្រើនបំផុតនៅវៀតណាមតាំងពីមុនមក។ ក្រៅពីនោះ ក៏មានសកម្មភាពសហគមន៍ផ្សេងទៀតដូចជា៖ ការជូនអាវផាយដល់កម្មករ និងស្តង់អាវផាយ ០ ដុង ដើម្បីឧទ្ទេសនាមផលិតផលអាវផាយឲ្យកាន់តែខិតមកជិតសាធារណជន និងភ្ញៀវទេសចរ។
ហើយនៅក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រសប្តាហ៍នេះ យើងខ្ញុំសូមឧទ្ទេសនាមដល់លោកអ្នកនាងនិងប្រិយមិត្តអំពីម្ហូបអាហារបែបប្រពៃណីវៀតណាមមួយមុខ ដែលទើបតែត្រូវបានគេហទំព័រភោជនាហារដ៏ល្បីលើពិភពលោក Taste Atlas បោះឆ្នោតជ្រើសរើសជាម្ហូបត្រីមួយក្នុងចំណោមម្ហូបត្រីឆ្ងាញ់បំផុតរបស់អាស៊ី។ នោះគឺជាម្ហូបត្រីខឆ្នាំងដី។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ត្រីខឆ្នាំងដី គឺជាមុខម្ហូបពិសេសមួយរបស់វៀតណាម។ មុខម្ហូបនេះច្រើនតែកែច្នៃពីប្រភេទត្រីដូចជា ត្រីក្រាញ់ ត្រីបាសា ខនៅក្នុងឆ្នាំងដីឥដ្ឋបែបបុរាណ។ បន្ទាប់ពីការច្នៃដំបូង ត្រីត្រូវបានប្រឡាក់ជាមួយគ្រឿងទេសដូចជា អំបិល ទឹកត្រី ម្រេច... បន្ទាប់មក ឆាសាច់ជ្រូកបីជាន់ជាមួយខ្ទឹមបារាំង ខ្ទឹមស និងម្ទេសចិញ្ច្រាំរហូតជិតឆ្អិន។ ពេលត្រីស្រូបគ្រឿងទេសរួច រៀបត្រីមួយស្រទាប់បន្ទាប់មកសាច់មួយស្រទាប់ រួចចាក់ទឹកស៊ីអ៊ីវ ទឹក ទឹកត្រី និងទឹកដូងលើត្រី រួចគ្របឆ្នាំងទុកឱ្យភ្លើងឆេះតូច ហើយភ្លក់តាមចំណូលចិត្ត បន្ទាប់មកដាក់ខ្ទឹមបារាំងចូល និងបិទភ្លើង។ តាមប្រពៃណី ត្រីខឆ្នាំងដី ច្រើនតែបានបរិភោគជាមួយបាយ ជាមួយនឹងសម្លត្រីជូរមួយចាន ដែលក៏ជាមុខម្ហូបដ៏ទាក់ទាញមួយទៀតរបស់វៀតណាមដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

