សិស្សានុសិស្សនិងកុមារក្រីក្រទទួលបានអំណោយតេតក្នុងក្របខ័ណ្ឌកម្មវិធី ផ្សារតេត ០ ដុង នៅទីក្រុង Cam Pha ខេត្ត Quang Ninh។ |
កាលពីសប្តាហ៍មុន សកម្មភាពត្រៀមរៀបចំបុណ្យចូលឆ្នាំប្រពៃណីរបស់ប្រជាជនវៀតណាមបានប្រព្រឹត្តទៅយ៉ាងផុលផុសនិងប្រកបដោយអត្ថន័យទាំងនៅក្នុងនិងក្រៅប្រទេស ទាក់ទាញការយកចិត្តទុកដាក់ជាច្រើនពីមិត្តអ្នកស្ដាប់និងមិត្តអ្នកអានយ៉ាងច្រើនកុះករ។ លោក សូវ សម្បត្តិ នៅទីក្រុងភ្នំពេញ បានផ្ញើសំបុត្រដោយសរសេរថា៖ “ខ្ញុំចូលចិត្តខ្លឹមសារអំពីជនវៀតណាមទទួលអំណរបុណ្យតេតនៅបរទេស។ មនុស្សទាំងអស់រួមគ្នាតុបតែងលម្អ និងចម្អិនម្ហូបប្រពៃណី ក្នុងបរិយាកាសនៃការចែករំលែក និងភាពកក់ក្ដៅ។ ខ្ញុំសង្ឃឹមថា ក្រៅពីព័ត៌មាន នឹងមានស៊េរីរូបថត ឬវីដេអូអំពីខ្លឹមសារនេះ ដើម្បីឲ្យយើងអាចមើលឃើញបរិយាកាសកាន់តែរស់រវើកថែមទៀត”។ ចំណែកឯមិត្តអ្នកស្តាប់ ហ៊ាន សុភ័ក្រ នៅទីក្រុងភ្នំពេញ បានបញ្ចេញមតិថា៖ “ខ្ញុំឃើញថា ការងារសុខុមាលភាពសង្គមនៅវៀតណាម ក្នុងឱកាសបុណ្យតេត ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ស្ទើរតែរាល់ថ្ងៃមានព័ត៌មានអំពីថ្នាក់ដឹកនាំបក្ស និងរដ្ឋទៅជូនពរឆ្នាំថ្មី និងជូនអំណោយនៅតាមមូលដ្ឋាន; កម្មវិធីចុះសួរសុខទុក្ខ និងថែទាំបុណ្យតេត សម្រាប់ជនក្រីក្រ កម្មករ ឬកម្មវិធីសម្រាប់អាណិកជនវៀតណាមដែលវិលត្រឡប់មកស្រុកវិញដើម្បីអបអរសាទរបុណ្យតេត ឬជនបរទេសមកទទួលបទពិសោធន៍បុណ្យតេតនៅវៀតណាម…”
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! សម្រាប់ប្រជាជនវៀតណាម នៅពេលរដូវផ្ការីកមកដល់ ទទួលបុណ្យតេតម្ដងៗ គឺជាឱកាសមួយដើម្បីជួបជុំគ្នា ចែករំលែកទាំងភាពរីករាយ និងទុក្ខសោកក្នុងឆ្នាំកន្លងទៅ ហើយផ្តល់ការជូនពរគ្នាទៅវិញទៅមកសម្រាប់ឆ្នាំថ្មី។ ដោយបាវចនាថា “កុំឲ្យអ្នកណាម្នាក់គ្មានតេត” នោះ ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំបក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ដឹកនាំការងារថែទាំបុណ្យតេតជូនប្រជាជន ជាពិសេសមុខសញ្ញាគោលនយោបាយ ជនមានគុណូបការៈ ជនក្រីក្រ ស្ថានភាពលំបាក តំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច តំបន់ព្រំដែន កោះសមុទ្រ ជាដើម។ បណ្ដាមូលដ្ឋាន និងអាជីវកម្ម ក៏រៀបចំកម្មវិធីដ៏មានអត្ថន័យជាច្រើនសម្រាប់កម្មករ-ពលករ ដូចជា៖ ការចុះសួរសុខទុក្ខ ជូនអំណោយ រៀបចំផ្សារតេត ០ ដុង “រថយន្តក្រុងមេត្តាធម៌” ជូនកម្មករវិលត្រឡប់មកស្រុកកំណើតដើម្បីអំណរបុណ្យតេត... សម្រាប់ស្ថានទូត និងស្ថានកុងស៊ុលវៀតណាមប្រចាំនៅបរទេស ការរៀបចំកម្មវិធី “និទាឃរដូវនៃស្រុកកំណើត” បានក្លាយជាសកម្មភាពប្រពៃណីដ៏ល្អប្រសើរដែលត្រូវបានរក្សាអស់រយៈពេលជាច្រើនឆ្នាំ ដោយមានបំណងចង់នាំមកនូវរសជាតិពិសេស និងបរិយាកាសដ៏កក់ក្ដៅនៃបុណ្យតេតទៅកាន់បងប្អូនជនរួមជាតិវៀតណាមដែលរស់នៅឆ្ងាយពីមាតុភូមិ។
ពិព័រណ៍និទាឃរដូវហាណូយនៅតំបន់នគរ Ocean City។ (រូបថត៖ Vinhomes) |
ក៏ទាក់ទងនឹងប្រធានបទបុណ្យតេតផងដែរ កញ្ញា ចាន់ លីនដា និស្សិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រថៃប៊ិញ បានផ្ញើសំបុត្រមកកាន់កម្មវិធី ដោយសម្ដែងបំណងចង់ស្តាប់ការឧទ្ទេសនាមអំពីពិព័រណ៍និទាឃរដូវខ្នាតធំបំផុតនៅវៀតណាមក្នុងឆ្នាំ២០២៤។
កញ្ញាលីនដា និងមិត្តអ្នកស្តាប់ជាទីគោរព! ពិព័រណ៍និទាឃរដូវហាណូយនៅតំបន់នគរ Ocean City ទើបតែត្រូវបានអង្គការកំណត់ត្រាវៀតណាមទទួលស្គាល់ថា ជាពិព័រណ៍និទាឃរដូវដ៏ធំបំផុតនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤។ ពិព័រណ៍នេះត្រូវបានក្រុមហ៊ុន Vinhomes រៀបចំឡើងចាប់ពីថ្ងៃទី ២៥ ខែមករា នៅតាមផ្លូវប្រវែងជាង៣គីឡូម៉ែត្រ ដោយប្រមូលផ្តុំស្តង់ទំនិញជាង៤០០ស្តង់ លក់ផលិតផលពិសេសប្រចាំតំបន់ ផ្សារផ្កា ដើមឈើតាំងលម្អ គ្រឿងតុបតែងតេត... ហើយអូសបន្លាយក្នុងរយៈពេល១៥ថ្ងៃ។ ខុសពីផ្សារតេតបែបប្រពៃណី ពិព័រណ៍និទាឃរដូវឆ្នាំ ២០២៤ រៀបចំព្រឹត្តិការណ៍ផ្សេងៗជាច្រើន ចាប់ពីកម្មវិធីសិល្បៈប្រជាប្រិយវៀតណាម រហូតដល់សកម្មភាពអំណរបុណ្យតេតដ៏លេចធ្លោប្រកបដោយអត្តសញ្ញាណវប្បធម៌នៃប្រទេសនានានៅទូទាំងអាស៊ី។ ភ្ញៀវទេសចរអាចចូលទស្សនា និងរក្សាអនុស្សាវរីយ៍ជាមួយនឹងទេសភាព "ព្រៃផ្កា" ជាមួយនឹងដើមឈើតាំងលម្អជាង ១៧ ពាន់ប្រភេទនិងផើងផ្កាគ្រប់ប្រភេទ។ ពិព័រណ៍និទាឃរដូវឆ្នាំ២០២៤ នៅតំបន់នគរ Ocean City ត្រូវបានគណៈកម្មការរៀបចំគ្រោងនឹងរក្សាជារៀងរាល់ឆ្នាំ ដោយមានបំណងចង់បង្កើតបទពិសោធន៍ ដ៏ពិសេសអំពីបុណ្យតេត ក្លាយជាផលិតផលទេសចរណ៍ដ៏វិសេសវិសាលនៃទីក្រុងហាណូយ ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។
ក្រៅពីសកម្មភាពទទួលអំណរបុណ្យតេត មតិមួយចំនួនក៏យកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០២៣ផងដែរ។ មិត្តអ្នកស្តាប់ ស៊ុន ផល នៅរាជធានីភ្នំពេញ បានផ្ញើសំណួរមួយថា៖ “ខ្ញុំឃើញថា ស្ថាប័នហិរញ្ញវត្ថុ និងធនាគារមានការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ។ ខ្ញុំចង់សួរថា តើផលិតផលក្នុងស្រុកសរុបរបស់វៀតណាមក៏ដូចជាការនាំចេញផលិតផលសំខាន់ៗក្នុងឆ្នាំ ២០២៣សម្រេចបានតម្លៃប៉ុន្មាន?
លោក ស៊ុន ផល និងមិត្តអ្នកស្តាប់ជាទីគោរព! ក្នុងឆ្នាំ ២០២៣ ទោះបីជាជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែ GDP របស់វៀតណាមនៅតែកើនឡើង ៥,០៥% មានទំហំ ៤៣០ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៣៤ នៅលើពិភពលោក បើតាមតារាងរៀបចំណាត់ថ្នាក់របស់ មជ្ឈមណ្ឌលពិគ្រោះយោបល់ CEBR (អង់គ្លេស)។ តម្លៃនាំចេញសរុបរបស់វៀតណាមសម្រេចបាន ៣៥៥,៥ ពាន់លានដុល្លារ ដែលក្នុងនោះផលិតផលសំខាន់ៗជាច្រើនមានតម្លៃនាំចេញជាង ២០ ពាន់លានដុល្លារអាមេរិក រួមមាន៖ អេឡិចត្រូនិក កុំព្យូទ័រ (៥៧,៣៤ ពាន់លានដុល្លារ); ទូរស័ព្ទ និងគ្រឿងបន្លាស់ (៥៣,១៩ ពាន់លាន); គ្រឿងចក្រនិងឧបករណ៍ (៤៣,១៨ ពាន់លាន); វាយនភ័ណ្ឌ (៣៣,២៣ ពាន់លាន) និងស្បែកជើង (២៣,៣៧ ពាន់លាន)។ យោងតាម CEBR ផងដែរ សេដ្ឋកិច្ចរបស់វៀតណាមអាចរីកចម្រើនយ៉ាងឆាប់រហ័ស ដោយឈានដល់ចំណាត់ថ្នាក់ទី ២៤ ក្នុងឆ្នាំ ២០៣៣ មុនពេលក្លាយជាមហាអំណាចសេដ្ឋកិច្ចធំទី ២១ របស់ពិភពលោកនៅឆ្នាំ ២០៣៨៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

