មិត្តអ្នកស្ដាប់ជាទីមេត្រី!

រដូវក្តៅគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់លោកអ្នករៀបចំផែនការធ្វើដំណើរទេសចរណ៍សម្រាកលំហែកាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ក្រោយពីរយៈពេលបំពេញការងារ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំ សូមឧទ្ទេសនាមអំពី ឆ្នេរសមុទ្រ Nhat Le នៅវៀតណាម តាមសំណើររបស់មិត្តអ្នកស្ដាប់មួយចំនួនមកពីកម្ពុជា។

ទិដ្ឋភាពឆ្នេរសមុទ្រ Nhat Le នៅវៀតណាម (internet)

លោកអ្នកនាងជាទីមេត្រី

ឆ្នេរសមុទ្រ Nhat Le មានទីតាំងស្ថិតនៅមាត់ទន្លេ Nhat Le នៅទីក្រុង Dong Hoi ខេត្ត Quang Binh ភាគកណ្តាលវៀតណាម មានចំងាយពីមជ្ឈមណ្ឌលទីក្រុង Dong Hoi ប្រមាណ ៣ គីឡូម៉ែត្រតាមទិសឦសាន និងមានចំងាយពីទីក្រុងហាណូយប្រមាណ ៦០០ គីឡូម៉ែត្រតាមទិសខាងត្បូង។ ឆ្នេរសមុទ្រ Nhat Le មិនត្រឹមតែត្រូវបានធម្មជាតិប្រទានឲ្យឆ្នេរខ្សាច់ស និងទឹកសមុទ្រខៀវស្រងាត់ យ៉ាងរហោស្ថានប៉ុណ្ណោះទេ ថែមទាំងមានសោភ័ណភាពដូចជាគំនូរមួយផ្ទាំងមានទេសភាពដ៏ស្រស់ត្រកាលទៀតផង។ ក្រៅពីនេះ ឆ្នេរសមុទ្រ Nhat Le នៅមានឆ្នេរខ្សាច់លាតត្រដាងយ៉ាងវែង ដែលមានទឹកសមុទ្រថ្លាយ៉ង់បានក្លាយទៅជាទីមកដល់ដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី។

ពន្លឺពណ៌មាសនៃអរុណរៈ នៅ ឆ្នេរសមុទ្រ Nhat Le នៅវៀតណាម (internet)

មកដល់សមុទ្រ Nhat Le ភ្ញៀវទេសចរនឹងមានចំណាប់អារម្មណ៍ថ្មីថ្មោងដ៏ចម្លែកអស្ចារ្យ គួរឲ្យជក់ចិត្ត។ ភ្ញៀវទេសចរអាចរត់លេងនៅលើវាលឆ្នេរខ្សាច់ គយគន់ពន្លឺពណ៌មាសនៃអរុណរៈ ឬទេសភាពដ៏ស្រទន់នាពេលសុរិយារៀបអស្ដង្គត។ លោកស្រី Vu Thuy Tra ភ្ញៀវទេសចរមួយរូបមកពីខេត្ត Vinh Phuc បានចែករំលែកថា៖

"ក្នុងចំណោមឆ្នេរសមុទ្រដែលខ្ញុំធ្លាប់ទៅទស្សនានោះ ឆ្នេរសមុទ្រ Nhat Le គឺជាទីកន្លែងដែលខ្ញុំមានចំណាប់អារម្មណ៍បំផុត។ សមុទ្រនៅទីនេះនៅតែមានលក្ខណៈរហោស្ថាន ឆ្នេរសមុទ្រស្រស់ស្អាតជានិច្ច ជាពិសេសគឺទឹកសមុទ្រខឿវស្រងាត់ ដែលធ្វើឲ្យមនុស្សគ្រប់រូបមានអារម្មណ៍សុខសានត្រាណ។ខ្យល់បរិសុទ្ធនៅទីនេះធ្វើឲ្យនាងខ្ញុំស្រលាញ់ចូលចិត្ត និងចង់មកទស្សនានៅ Quang Binh ម្តងទៀត។ "

មកដល់សមុទ្រ Nhat Le ដ៏រ៉ូម៉ង់ទិកនោះ ភ្ញៀវទេសចរក៏មានឱកាសទទួលទានគ្រឿងសមុទ្រស្រស់ៗ និងឆ្ងុយឈ្ងាញ់ ដែលត្រូវបានកែច្នៃដោយប្រជាជនក្នុងស្រុកជាមួយរស់ជាតិដោយឡែកនៅភូមិភាគកណ្ដាលដូចជា៖ មឹក បង្កងយក្ស ងាវ អយស្ទ័រ ក្តាម ត្រីក្រហម ដោយមានតម្លៃសមរម្យ។ លោក Phan Duc Hung ភ្ញៀវទេសចរមួយរូបបានចែករំលែកថា

“មកទស្សនានៅសមុទ្រនេះ យើងតែងតែភ្លក់មុខម្ហូបមឹកអាំង ជាពិសេសគឺបុរស្សដូចរូបខ្ញុំដែរ។ ទឹកសមុទ្រនៅទីនេះមិនសូវប្រៃទេ បានជាមឹកនៅទីនេះផ្អែម និងឆ្លាញ់ណាស់”។

ទេសភាពដ៏ស្រទន់នាពេលសុរិយារៀបអស្ដង្គតនៅ ឆ្នេរសមុទ្រ Nhat Le នៅវៀតណាម (internet)

ប្រសិនបើអ្នកចង់មានបទពិសោធន៏ដ៏គួរឲ្យចាប់អារម្មណ៍ថែមទៀត ភ្ញៀវ ទេសចរអាចចូលរួមសកម្មភាពជាមួយក្រុមនាវានេសាទត្រីអណ្តែតនៅលើផ្ទៃសមុទ្រ ដើម្បីយល់បន្ថែមអំពីជីវភាពរបស់អ្នកនេសាទនៅទីនេះ។ ក្រៅពីនេះ នៅពេលមកដល់ Nhat Le ម្ដងៗនោះ ភ្ញៀវទេសចរអាចទៅទស្សនារមណីយដ្ឋាន ទេសចរណ៍មួយចំនួននៅជំវិញនេះ ដូចជា៖ភ្នំខ្សាច់ Quang Phu វិមានអ្នកម្ដាយ Suot ឬឆ្លាយជាងនេះបន្តិចគឺសួនឧទ្យានជាតិ Phong Nha-Ke Bang ដែលត្រូវបានធម្មជាតិប្រទានឲ្យទេសភាពដ៏ស្រស់បំព្រង និងប្រជុំរូងភ្នំធំតូចមួយចំនួន។ ទីកន្លែងនីមួយៗនឹងផ្តល់ឲ្យអ្នកនូវចំណាប់អារម្មណ៍ដោយឡែក ដែលពោរពេញទៅដោយភាពរហោស្ថាន និងស្ងៀមស្ងាត់ផងដែរ។

លោកអ្នកនាងជាទីមេត្រី!

សង្ឃឹមថា លោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕