ក្នុងសប្តាហ៍កន្លងទៅនេះ ព័ត៌មាននិងអត្ថបទអំពីសកម្មភាពអបអរសាទរខួបលើកទី ៧៨ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីមិត្តអ្នកអាននិងមិត្តអ្នកស្តាប់កម្ពុជា។ កញ្ញា បុប្ផា មកពីខេត្តសៀមរាប បានផ្ញើសំបុត្រដោយសរសេរថា៖ “សូមអបអរសាទរទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នាងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាពដែលផ្ទះទាំងអស់នៅវៀតណាមបានព្យួរទង់ជាតិ ហើយប្រជាជនតម្រង់ជួរចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ”។ ចំណែកឯមិត្តអ្នកស្តាប់ សម្បត្តិ នៅរាជធានីភ្នំពេញ បានធ្វើអត្ថាធិប្បាយថា៖ “ក្នុងនាមជាអ្នកស្ដាប់ VOV ក្នុងអំឡុងពេលច្រើនឆ្នាំ ខែ កញ្ញា នាំមកនូវនូវអារម្មណ៍ដ៏ពិសេសមួយជូនខ្ញុំ ជាមួយនឹងភាពស្រស់ស្អាតនៃរដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយ ទិវាបុណ្យជាតិវៀតណាម និងទិវាបង្កើត VOV ផងដែរ។ តើ VOV បានរៀបចំសកម្មភាពរំលឹកខួបណាមួយនៅឆ្នាំនេះទេ?
ប្រជាជនវៀតណាមនិងភ្ញៀវទេសចរអន្តរជាតិតម្រង់ជួរចូលប្រាង្គតម្កល់សពលោកប្រធានហូជីមិញនាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣។ (រូបថត៖ VOV) |
មិត្តអ្នកស្ដាប់ជាទីមេត្រី! ទិវាបុណ្យជាតិ ជានិច្ចកាលជាទិវាដ៏ពិសិដ្ឋបំផុតរបស់ប្រជាជនវៀតណាមគ្រប់ជំនាន់។ វាបានក្លាយទៅជាប្រពៃណីហើយ ដែលនៅក្នុងឱកាសទិវាបុណ្យ ទី២ ខែកញ្ញាជារៀងរាល់ឆ្នាំ គ្រប់ផ្ទះ ការិយាល័យរដ្ឋការ រោងចក្រ សាលារៀន មន្ទីរពេទ្យ ... សុទ្ធតែព្យួរទង់ជាតិ; ផ្លូវថ្នល់ត្រូវបានតុបតែងលម្អយ៉ាងស្រស់ស្អាតដោយទង់ជាតិនិងផ្កា។ សកម្មភាពវប្បធម៌ សិល្បៈ កម្សាន្ត និងទេសចរណ៍ ប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេងលើទូទាំងប្រទេស។ ក្រៅពីទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ក៏ជាការរំលឹកខួបមរណភាពរបស់លោកប្រធានហូជីមិញផងដែរ ដូច្នេះហើយ ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់ជាមួយនឹងលោកអ៊ុំហូ តែងតែទាក់ទាញប្រជាជនទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាភ្ញៀវទេសចរយ៉ាងច្រើនកុះករផងដែរ។ ជាពិសេសក្នុងឱកាសថ្ងៃទី ២ ខែកញ្ញា ឆ្នាំនេះ ប្រាង្គតម្កល់សពលោកប្រធានហូជីមិញនៅរដ្ឋធានីហាណូយ និងតំបន់កេរ្តិ៍ដំណែល Kim Lien នៅខេត្ត Nghe An បានទទួលមនុស្សរាប់ម៉ឺននាក់មកទស្សនានិងគោរពវិញ្ញាណក្ខ័ន្ធលោកអ៊ុំហូ។
ត្រឹមតែ៥ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យនោះ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ វិទ្យុសម្លេងវៀតណាម (VOV) ត្រូវបានបង្កើតឡើងជាផ្លូវការ។ ក្នុងឱកាសនេះ ក្រៅពីការផលិតព័ត៌មាន អត្ថបទ និងកម្មវិធីពិសេសៗ ដើម្បីអបអរសាទរខួបទិវាបុណ្យជាតិ និងទិវាបង្កើតវិទ្យុ កម្មាភិបាលបុគ្គលិករបស់ VOV ក៏បានរៀបចំសកម្មភាពជួបប្រាស្រ័យវប្បធម៌សិល្បៈកីឡាជាច្រើនផងដែរ។ ឆ្នាំនេះ ផ្សារណាត់ VOV ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែកញ្ញាកន្លងទៅ បានទាក់ទាញការចូលរួមរបស់អង្គភាពទាំងអស់របស់ VOV។ បណ្ដាស្តង់ដាក់លក់ផលិតផលដ៏សម្បូរបែប ចាប់ពីម្ហូបអាហារ សៀវភៅ កាសែត រហូតដល់ផលិតផលវប្បធម៌ និងឧបករណ៍អេឡិចត្រូនិក… ស្តង់ទំនិញរបស់គណៈកម្មការផ្សាយជាភាសាបរទេស VOV5 បានដាក់លក់ផលិតផលដ៏ពិសេសដោយឡែកមួយចំនួនរបស់បណ្តាប្រទេសអាស៊ាន (កន្សែងក្រម៉ា ថង់ កាបូបចរបាប់ឥណ្ឌូនេស៊ី និងវត្ថុអនុស្សាវរីយ៍ឡាវ… ) ទទួលបានការចាប់អារម្មណ៍ជាច្រើន។ លើសពីនេះ VOV ក៏បានរៀបចំកម្មវិធីប្រគល់រង្វាន់ “ផ្កាយខែកញ្ញា” ក្នុងបំណងចង់បំផុសស្មារតីប្រឡងប្រណាំងនិងការច្នៃប្រឌិតក្នុងសកម្មភាពវិជ្ជាជីវៈ ។ នៅក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំនេះ VOV5 បានទទួលពានរង្វាន់ផ្កាយខែកញ្ញាសម្រាប់ពិធីករឆ្នើម។
ខែកញ្ញានៅមានប្រការពិសេសផ្សេងទៀត តើប្រិយមិត្តអាចទាយបានថាជាអ្វីទេ? មែនហើយ នោះគឺជាថ្ងៃទី ៥ ខែកញ្ញា ដែលជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សវៀតណាមរាប់លាននាក់។ ប៉ុន្តែហេតុអ្វីបានជាថ្ងៃទី ៥ ខែកញ្ញា? នេះគឺជាសំណួរដែល ចាន់ លីនដា មកពីខេត្តតាកែវ បានផ្ញើមកកម្មវិធី។
សិស្សានុសិស្សវៀតណាមចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នាព្រឹកថ្ងៃទី ៥ ខែកញ្ញា។ |
មិត្ត លីនដា និងមិត្តអ្នកស្តាប់ជាទីមេត្រី! នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៤៥ ត្រឹមតែបីថ្ងៃបន្ទាប់ពីអានសេចក្តីប្រកាសឯករាជ្យ លោកប្រធានហូជីមិញបានសរសេរ "សំបុត្រជូនសិស្សានុសិស្ស" ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីដើមដំបូងរបស់ប្រទេសវៀតណាមឯករាជ្យ។ ប្រការនេះបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់លោកអ៊ុំហូចំពោះការអប់រំ និងអនាគតរបស់ជំនាន់វ័យក្មេងវៀតណាម។ ចាប់តាំងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នោះមក ថ្ងៃទី ៥ ខែកញ្ញាបានក្លាយជាថ្ងៃបើកឆ្នាំបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់សិស្សានុសិស្សលើទូទាំងប្រទេស។ ថ្ងៃនេះមិនត្រឹមតែជាការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីលើកតម្កើងសេចក្ដីស្នេហាជាតិ និងសេចក្ដីប្រាថ្នាសិក្សារៀនសូត្រ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់ប្រជាជនវៀតណាមទៀតផង។ នាថ្ងៃទី ៥ កញ្ញា ឆ្នាំនេះ សិស្សានុសិស្សវៀតណាមជាង ២២ លាននាក់បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ក្នុងបិរយាកាសសប្បាយរីករាយ។
ទិវាបុណ្យផ្សេងមួយទៀតដែលច្រើនតែប្រព្រឹត្តទៅនៅក្នុងខែកញ្ញាគឺបុណ្យតេតព្រះច័ន្ទពេញបូណ៌មី (ថ្ងៃទី ១៥ ខែទី ៨ តាមច័ន្ទគតិ)។ នៅក្នុងផ្នែកចុងក្រោយនៃកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីពិធីដង្ហែរភ្លើងគោមយក្សអំណរបុណ្យតេតព្រះច័ន្ទពេញបូណ៌មីនៅខេត្ត Tuyen Quang តាមការស្នើសុំរបស់មិត្តអ្នកស្ដាប់ ស៊ុន ផល នៅរាជធានីភ្នំពេញ។
ពិធីដង្ហែភ្លើងគោមយក្សអំណរពិធីបុណ្យព្រះច័ន្ទពេញបូណ៌មីនៅខេត្ត Tuyen Quang។ (រូបថត៖ VOV2) |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! តាំងពីយូរណាស់មកហើយ ភ្លើងគោមយក្ស ដែលត្រូវបានប្រជាជនដង្ហែក្នុងអំឡុងពិធីបុណ្យព្រះច័ន្ទពេញបូណ៌មីបានក្លាយទៅជា "លក្ខណៈពិសេស" របស់ខេត្ត Tuyen Quang។ ឆ្នាំនេះ ពិធីដង្ហែភ្លើងគោមយក្ស ដែលត្រូវបានប្រារព្ធឡើង ក្នុងឱកាសទិវាបុណ្យជាតិ បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ មកទស្សនា។ គំរូចង្កៀងគោមយក្សចម្រុះពណ៌រាប់រយ ដែលត្រូវបានធ្វើតាមរូបសត្វក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាតួអង្គក្នុងរឿងប្រវត្តិសាស្ត្រ រឿងនិទានប្រជាប្រិយ... ត្រូវបានជ្រើសរើសពីស្រុកនានាក្នុងខេត្ត។ ក្រៅពីនោះ ឆ្នាំនេះក៏មានការចូលរួមពីគំរូភ្លើងគោមនៃខេត្ត Xieng Khouang (ឡាវ) និងទីក្រុង Anseong ខេត្ត Gyeonggi (កូរ៉េខាងត្បូង) ទៀតផង។ ការចំណាយសម្រាប់ធ្វើភ្លើងគោមយក្សនីមួយៗគឺប្រហែលពី៨០ដល់១៥០
លានដុងដែលត្រូវបានប្រជាជននៅមូលដ្ឋានរៃអង្គាសដោយស្ម័គ្រចិត្ត។ គំរូភ្លើងគោមនេះមានទំហំដ៏ធំ ដោយកំពស់លើសពី ៣ ម៉ែត្រ ប្រវែងជាង ១២ ម៉ែត្រ ដែលបំពាក់ដោយប្រព័ន្ធភ្លឺចែងចាំងយ៉ាងចិញ្ចែងចិញ្ចាចនៅពេលយប់។ ពិធីដង្ហែភ្លើងគោមយក្សគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ Thanh Tuyen ដែលប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៤ លើកកម្រិតជាថ្នាក់ខេត្តក្នុងឆ្នាំ ២០១៤ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏វិសេសវិសាលរបស់ខេត្ត Tuyen Quang។ ពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២៣ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុង Tuyen Quang រួមជាមួយនឹងកម្មវិធីទេសចរណ៍ "ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac" លើកទី ១៤៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


