លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញចូលរួម និងធ្វើជាអធិបតីក្នុងសន្និសីទ។ អញ្ជើញចូលរួមសន្និសីទនេះក៏មានវត្តមានលោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន និងលោក ត្រឹន កឹមទូ សមាជិកអចិន្រ្តៃយ៍នៃគណៈលេខាផងដែរ។
នេះគឺជាសន្និសីទដ៏សែនសំខាន់ ដែលបានប្រារព្ធធ្វើឡើងដោយផ្ទាល់នៅសាលប្រជុំ Dien Hong អគាររដ្ឋសភា រួមផ្សំជាមួយនឹងការចូលរួមតាមប្រព័ន្ធអ៊ីនធឺណិតពីទីតាំងចំនួន ២៧.២៨៤ កន្លែង នៅថ្នាក់មជ្ឈិម ខេត្តក្រុង ឃុំ សង្កាត់ តំបន់ពិសេស អង្គការបក្សក្នុងកងទ័ព នគរបាល និងសហគ្រាស ជាមួយនឹងអ្នកចូលរួមជាង ២ លាននាក់។
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV) |
អញ្ជើញថ្លែងសុន្ទរកថាដឹកនាំនៅសន្និសីទ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ៧៩ និងលេខ ៨០ គឺជាការបំពេញបន្ថែមទៅលើការសម្រេចចិត្តសំខាន់ៗរបស់បក្ស ដែលបង្កើតឡើងដោយផ្អែកលើការបូកសរុបយ៉ាងស៊ីជម្រៅនូវតថភាពជាក់ស្តែង និងការអភិវឌ្ឍទ្រឹស្តីនៅក្នុងបរិបទដែលប្រទេសជាតិចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី សំដៅដោះស្រាយតម្រូវការជាមូលដ្ឋានទាំងពីរនោះគឺ៖ ការបង្កើន "កម្លាំងផ្ទៃក្នុងខាងសម្ភារៈ" និងការពង្រឹង "កម្លាំងផ្ទៃក្នុងខាងស្មារតី"។
ទាក់ទងនឹងសេចក្តីសម្រេចចិត្តលេខ ៧៩ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចរដ្ឋ រួមជាមួយសេដ្ឋកិច្ចឯកជន បានបង្កើតជាសសរស្តម្ភសំខាន់ទាំងពីរនៃសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម។ លោកអគ្គលេខាបក្ស បានចង្អុលបង្ហាញថា នៅក្នុងដំណាក់កាលថ្មី សេដ្ឋកិច្ចរដ្ឋត្រូវតែប្រែក្លាយទៅជា «ទីបង្អែក» យ៉ាងជាក់ស្ដែង រួមមាន៖ ទីបង្អែកនៃសន្តិសុខនិងអធិបតេយ្យភាពសេដ្ឋកិច្ច; ទីបង្អែកនៃការសម្របសម្រួល ស្ថិរភាព និងភាពធន់; ទីបង្អែកនៃការដឹកនាំក្នុងវិស័យនវានុវត្តន៍និងបច្ចេកវិទ្យាស្នូល; ទីបង្អែកនៃស្តង់ដារអភិបាលកិច្ច និងសេវាសាធារណៈស្មោះត្រង់ក្នុងវិស័យសេដ្ឋកិច្ច។ លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញមានប្រសាសន៍ថា៖
“សេដ្ឋកិច្ចរដ្ឋត្រូវតែក្លាយជាទីបង្អែកដែលដឹកនាំវិស័យឯកជន។ សេដ្ឋកិច្ចរដ្ឋរឹងមាំមិនមែនដើម្បីត្រួតត្រានោះទេ ប៉ុន្តែដើម្បីក្លាយជា “ប្រព័ន្ធជើងទម្រ” “ត្រួសត្រាយផ្លូវ” និង “ផ្ដល់កម្លាំង” សម្រាប់សហគ្រាសឯកជនឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃ ហើយអភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រ បង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម។ ពីនោះបង្កើតចង្កោមវិស័យ ជាមួយនឹង “ក្បាលម៉ាស៊ីន” ដែលមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងទូទាំងពិភពលោក។ ប្រសិនបើសេដ្ឋកិច្ចរដ្ឋ បំពេញតួនាទីនាំមុខយ៉ាងល្អ វិស័យឯកជននឹងមានទីបង្អែកដើម្បីរីកចម្រើនប្រកបដោយចីរភាព ហើយកម្លាំងរួមនៃសេដ្ឋកិច្ចនឹងកើនឡើងគួរឱ្យកត់សម្គាល់”។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថានៅសន្និសីទ។ (រូបថត៖ VOV) |
ទាក់ទងនឹងសេចក្តីសម្រេចចិត្តលេខ ៨០ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វប្បធម៌មិនត្រឹមតែអមដំណើរការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងត្រូវតែឈរនៅ “ទីតាំងនាំមុខគេ” ដោយក្លាយជាមូលដ្ឋានសម្រាប់ការបង្កើតគុណភាពមនុស្ស និងគុណភាពជាតិទៀតផង។ លោកអគ្គលេខាបក្សបានស្នើឱ្យផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗចំនួន៥ក្នុងពេលខាងមុខ រួមមាន៖ ការកសាងនិងពង្រីកប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ និងស្តង់ដារមនុស្សវៀតណាមក្នុងយុគសម័យថ្មី; ចាត់ទុកការបង្កើតបរិយាកាសវប្បធម៌ស្អាតស្អំជាភារកិច្ចមូលដ្ឋាន; ផ្តល់អាទិភាពស្នូលដល់ការអប់រំ និងការអភិវឌ្ឍមនុស្ស; អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ ដើម្បីឱ្យវប្បធម៌បម្រើជាមូលដ្ឋានគ្រឹះខាងស្មារតី ជាធនធានសេដ្ឋកិច្ច និងជាអំណាចទន់របស់ប្រទេសជាតិ; កសាងវប្បធម៌នៅក្នុងប្រព័ន្ធនយោបាយ ដោយចាត់ទុកនេះជាឫសគល់នៃការជឿទុកចិត្តសង្គម។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖
“ប្រការដ៏សំខាន់បំផុតគឺការរៀបចំអនុវត្ត។ ការជ្រួតជ្រាបសេចក្តីសម្រេចចិត្តគឺដើម្បីធ្វើសកម្មភាព ការធ្វើសកម្មភាពគឺដើម្បីបង្កើតការផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរគឺដើម្បីឲ្យប្រជាជនទទួលបានផលក្នុងជីវភាពប្រចាំថ្ងៃ។ ដូច្នេះ ខ្ញុំស្នើថាបន្ទាប់ពីសន្និសីទនេះ គណៈកម្មាធិការបក្ស អង្គការបក្ស ក្រសួង វិស័យ និងមូលដ្ឋាននានា ត្រូវបង្កើតកម្មវិធីធ្វើសកម្មភាព និងផែនការអនុវត្តជាក់លាក់ជាបន្ទាន់ ដោយកំណត់ភារកិច្ចរបស់បុគ្គលម្នាក់ៗឲ្យបានច្បាស់លាស់ ជាពិសេសភារកិច្ចរបស់ប្រមុខ”។
លោកអគ្គលេខាបក្ស តូ ឡឹម បានសម្តែងទំនុកចិត្តថា សេចក្តីសម្រេចចិត្តទាំងពីរនឹងឈានចូលជីវភាពរស់នៅយ៉ាងឆាប់រហ័ស ដោយបង្កើតការផ្លាស់ប្តូរច្បាស់លាស់ និងរួមចំណែកដល់ការកសាងប្រទេសវៀតណាមដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន និងភាពធន់នៅក្នុងយុគសម័យថ្មី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

