ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ (រូបថត៖ REUTERS/Ronen Zvulun)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា នៅថ្ងៃទី ២១ ខែមីនា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ប្រឆាំងនឹងគោលដៅយុទ្ធសាស្ត្រនៅអ៊ីស្រាអែល រួមទាំងរោងចក្រនុយក្លេអ៊ែរឌីម៉ូណានៅភាគខាងត្បូងអ៊ីស្រាអែល។ នេះជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះដែលអ៊ីរ៉ង់អះអាងថា បានវាយប្រហាររោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អ៊ីស្រាអែល។ ចលនានេះគឺជាការតបតវិញចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមនៅណាតាន់ស៍នៅកណ្តាលអ៊ីរ៉ង់កាលពីព្រឹកម្សិលមិញ។

រីឯខ្លួនវិញ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា មីស៊ីលផ្លោងរបស់អ៊ីរ៉ង់បានទម្លុះប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ហើយបានវាយប្រហារតំបន់លំនៅដ្ឋានមួយនៅក្នុងទីក្រុងឌីម៉ូណា ដែលជាទីតាំង រោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អ៊ីស្រាអែលកាលពីយប់មិញ។ ការវាយប្រហារនេះបណ្តាលឲ្យមនុស្សជាង ៣០ នាក់រងរបួស និងបណ្តាលឱ្យខូច ខាតសម្ភារៈយ៉ាងទូលំទូលាយ។

ទាក់ទងនឹងអនាគតនៃជម្លោះនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសកាលពីរសៀលម្សិលមិញថា អ៊ីស្រាអែលនឹងបន្តសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ ដោយមានគោលបំណងធ្វើឃាតមេបញ្ជាការ និងបំផ្លាញសមត្ថភាពយុទ្ធសាស្ត្ររបស់ប្រទេស រហូតដល់ការគំរាមកំហែងសន្តិសុខទាំងអស់ចំពោះរដ្ឋអ៊ីស្រាអែល និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ត្រូវបានលុបបំបាត់ចោល៕