ឆ្នាំ ២០២៥ គឺគូសសញ្ញាខួបលើកទី ១០ នៃការបង្កើតសហគមន៍អាស៊ាន ខួបលើកទី ២០ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ហើយឆ្នាំ ២០២៥នេះ ក៏ជាពេលវេលាអន្តរកាលសម្រាប់អាស៊ានផងដែរ។ នោះគឺអាស៊ានបង្ហើយការអនុវត្តចក្ខុវិស័យសហគមន៍ឆ្នាំ២០២៥ អនុម័ត និងអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ២០៤៥ ក្នុងរយៈពេល២០ឆ្នាំខាងមុខ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ មានលក្ខណៈរបត់

ខុសពីចក្ចុវិស័យសហគមន៍អាស៊ានដំណាក់កាលមុននេះ ដែលមានរយៈពេលត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ លើកនេះ អាស៊ានបានជ្រើសរើសវិធីសាស្រ្តអភិក្រម គឺការសម្លឹងទៅអនាគតក្នុងរយៈពេល២០ឆ្នាំ។ ចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ និងផែនការយុទ្ធសាស្រ្តដែលភ្ជាប់មកជាមួយ នឹងក្លាយជាគោលការណ៍ណែនាំ និងឯកសារសំខាន់ៗ សម្រាប់អាស៊ានក្នុងការអនុវត្តសកម្មភាពសហប្រតិបត្តិការ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៤៥។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ ។ រូបថត៖ VOV

ទន្ទឹមជាមួយគ្នានោះ នៅចំពោះមុខការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងបញ្ហាប្រឈមដែលកំពុងកើនឡើងនៃសម័យកាល ដូចជា៖ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ហាភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចកាន់តែខ្លាំងក្លា ការគំរាមកំហែងសន្តិសុខក្រៅប្រពៃណី...។ ទាំងអស់នេះទាមទារឱ្យអាស៊ានកុំឱ្យខកខានឱកាសចាប់យកឱកាស ជំនះបញ្ហាប្រឈម និងទម្លុះឈានទៅមុខ។ ក្នុងបរិបទនោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ក្រោមប្រធានបទ “បរិយាប័ន្ន និងនិរន្តរភាព” មានសារៈរឹតតែសំខាន់។ ឯកអគ្គរដ្ឋទូត លោកស្រី Ton Thi Ngoc Huong ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអាស៊ានបានឲ្យដឹងថា៖

“មានបញ្ហាជាច្រើនដែលអាស៊ានត្រូវសាមគ្គីភាព និងសហការដើម្បីដោះស្រាយ ហើយសម្រាប់ផែនទីបង្ហាញផ្លូវ២០ឆ្នាំខាងមុខ អាស៊ានត្រូវបែងចែកជាផ្នែក ដើម្បីធានាការអនុវត្តអាទិភាព សមស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការរបស់អាស៊ាន តាមរយៈដំណាក់កាលនីមួយៗ ព្រមទាំងត្រូវមានវិធានការសមស្រប ដើម្បីកៀរគរធនធាន ធានាការអនុវត្តសមហេតុផល និងប្រសិទ្ធភាពរាល់សកម្មភាពកិច្ចសហប្រតិបត្តិការដូចបានចែងក្នុងកម្មវិធី និងផែនការដែលបានដាក់ចេញ។

“សេចក្តីថ្លែងការណ៍ទីក្រុងគូឡាឡាំពួស្តីពីអាស៊ានឆ្នាំ ២០៤៥: អនាគតរួមរបស់យើង” និង សំណុំឯកសារ “ចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ និងការភ្ជាប់មកជាមួយនូវផែនការយុទ្ធសាស្រ្តនៅក្នុងកិច្ចប្រជុំលើកនេះគឺជាទិសដៅ និងឯកសារសំខាន់ៗ សម្រាប់អាស៊ានដើម្បីអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការនាពេលខាងមុខ”។

សម្រាប់អាស៊ានមួយដែលខ្លួនទីពឹងខ្លួននិងរឹងមាំ

រយៈពេល ៣០ ឆ្នាំ នៃការចូលជាសមាជិកអាស៊ាន វៀតណាមតែងតែជាសមាជិកសកម្ម ធ្វើការឆ្ពោះទៅគោលដៅដើម្បីអាស៊ានប្រកបដោយសាមគ្គីភាពនិងរឹងមាំ។ ដូច្នេះហើយ ក្នុងកិច្ចប្រជុំលើកនេះ ដោយមានសក្ដានុពល និងឋានៈថ្មី វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកបន្ថែមទៀតដល់ការងាររួមរបស់អាស៊ាន។ អនុរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet បានអះអាងថា៖

“វៀតណាមនឹងរួមជាមួយបណ្តាប្រទេសធ្វើការពិភាក្សានិងឯកភាពលើអាទិភាពកិច្ចសហប្រតិបត្តិការក្នុងក្រុមមាតិកាសំខាន់ចំនួនបី។ នោះគឺជាការបញ្ជាក់ឡើងវិញនូវតម្លៃ និងសារៈសំខាន់នៃពហុភាគីនិយម ជំរុញការសន្ទនាដើម្បីកសាងទំនុកចិត្ត ជាពិសេសសង្កត់ធ្ងន់លើតម្រូវការគោរពច្បាប់អន្តរជាតិ។ ទី២ គឺដាក់ចេញនូវផែនទីបង្ហាញផ្លូវថ្មីសម្រាប់ដំណើរការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅការសម្រេចនូវសេចក្តីប្រាថ្នានៃអាស៊ានដែលខ្លួនទីពឹងខ្លួន ប្រកបដោយភាពច្នៃប្រឌិត ថាមវន្ត និងយកប្រជាជនជាមជ្ឈភាព។ ទី៣ គឺជំរុញការតភ្ជាប់ក្នុងប្លុក ការតភ្ជាប់រវាងអាស៊ាន និងដៃគូ បង្កើនប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយយុត្តិធម៌ តម្លាភាព និងផ្អែកលើច្បាប់”។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅប្រទេសម៉ាឡេស៊ី។ រូបថត៖ VOV

វៀតណាមបានរួមចំណែកក្នុងដំណើរការកសាងចក្ខុវិស័យសម្រាប់អាស៊ានក្រោយឆ្នាំ ២០៤៥ ហើយបច្ចុប្បន្នកំពុងចូលរួមយ៉ាងសកម្មក្នុងក្រុមការងារកម្រិតខ្ពស់កសាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំការអភិវឌ្ឍអនាគតរបស់អាស៊ាន ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមលោក Dato' Tan Yang Thai បានឲ្យដឹងថា៖

“វៀតណាមត្រូវបានចាត់ទុកជាសសរស្តម្ភនៃការតភ្ជាប់របស់អាស៊ានជាយូរមកហើយ។ ការប្ដេជ្ញាចិត្តរបស់វៀតណាមចំពោះសន្តិភាពក្នុងតំបន់ ការមិនចូលបក្សសម្ព័ន្ធ និងការអភិវឌ្ឍសមស្របតាមអាទិភាពរបស់ម៉ាឡេស៊ីសម្រាប់អាស៊ានឆ្នាំ ២០២៥។ ម៉ាឡេស៊ីចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការកំណត់តួនាទីសកលរបស់អាស៊ាន ក៏ដូចជាការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយស្ថាបនាជាមួយដៃគូដូចជាចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU)...។ សារៈសំខាន់ជាយុទ្ធសាស្ត្រ និងវិធីសាស្រ្តអភិក្រមដោយម្ចាស់ការរបស់វៀតណាម ធ្វើឱ្យវៀតណាមក្លាយជាដៃគូដែលមិនអាចខ្វះបានក្នុងការធានានូវភាពជោគជ័យភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី និងរក្សាតួនាទីមជ្ឈភាពរបស់អាស៊ាន”។

ក្នុងដំណើរឆ្ពោះទៅរកសន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ ក្លាយជាសហគមន៍ដ៏ស្អិតរមួត ស្វាហាប់ និងមានសេចក្តីប្រាថ្នា វៀតណាមបានត្រៀមខ្លួនជាស្រេចរួមជាមួយប្រទេសជាសមាជិកដើម្បីបង្កើតទិសដៅយុទ្ធសាស្ត្រ និងវិធានការជាក់ស្តែង ដើម្បីពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។ នេះជាសារនៃដំណើរទស្សនកិច្ចទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ីលើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ផងដែរ៕