នៅក្នុងយុគសម័យឌីជីថល អ៊ីនធឺណេតបើកឱកាសអភិវឌ្ឍន៍ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែក៏បង្កប់នូវហានិភ័យ និងបញ្ហាប្រឈមជាច្រើន ដែលហួសពីព្រំដែនទឹកដីផងដែរ។ ដូច្នេះ កិច្ចសហប្រតិបត្តិការអន្តរជាតិលើសន្តិសុខអ៊ីនធឺណិតមិនត្រឹមតែជាតម្រូវការផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទំនួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិក្នុងការធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

វៀតណាមជាមួយនឹងគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ កំពុងធ្វើការយ៉ាងសកម្មជាមួយពិភពលោកដើម្បីកសាងបណ្តាញអ៊ីនធឺណែតប្រកបដោយសុវត្ថិភាព តម្លាភាព និងមនុស្សសាស្ត្រ។

វៀតណាមជាដៃគូសកម្ម និងគួរឱ្យទុកចិត្តក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខអ៊ីនធឺណិតអន្តរជាតិ

ដោយទទួលស្គាល់ពីសារៈសំខាន់នៃសន្តិសុខតាមអ៊ីនធឺណិតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ វៀតណាមបានចេញផ្សាយច្បាប់សន្តិសុខអ៊ីនធឺណិត (២០១៨) យុទ្ធសាស្ត្រសន្តិសុខអ៊ីនធឺណិតជាតិដល់ឆ្នាំ ២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ និងកម្មវិធីសកម្មភាពជាក់ស្តែងជាច្រើន។

នៅជ្រុងអន្តរជាតិ វៀតណាមជាប្រទេសសកម្ម និងមានទំនួលខុសត្រូវចំពោះរាល់គំនិតផ្តួចផ្តើម និងយន្តការសហប្រតិបត្តិការលើសន្តិសុខអ៊ីនធឺណិត។ បច្ចុប្បន្នវៀតណាមជាសមាជិកសកម្មនៃអង្គការជាច្រើន និងវេទិកាអន្តរជាតិស្តីពីសន្តិសុខអ៊ីនធឺណិតដូចជា៖ អាស៊ាន, APEC, សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ វៀតណាមបានចុះហត្ថលេខា និងអនុវត្តន៍កិច្ចព្រមព្រៀងទ្វេភាគីជាបន្តបន្ទាប់ជាមួយដៃគូយុទ្ធសាស្ត្រដូចជា ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី សហព័ន្ធរុស្ស៊ី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ...។ កិច្ចព្រមព្រៀងទាំងនេះមានគោលបំណងចែករំលែកព័ត៌មាន បណ្តុះបណ្តាលធនធានមនុស្ស ស្រាវជ្រាវបច្ចេកវិទ្យាសន្តិសុខ និងសម្របសម្រួលការឆ្លើយតបឧប្បត្តិហេតុបណ្តាញ។ លោក Vu Duy Hien អគ្គលេខាធិការរង និងជាប្រធានការិយាល័យសមាគមសន្តិសុខតាមអ៊ីនធឺណិតជាតិបានឲ្យដឹងថា៖ ទាក់ទងនឹងគោលការណ៍ច្បាប់ យើងអាចយោងទៅលើច្បាប់ និងបទប្បញ្ញត្តិរបស់គេ ដើម្បីបង្កើតបរិយាកាសផ្លូវច្បាប់ក្នុងស្រុក រៀនពីគំរូរបស់ស្ថាប័នក្នុងការសម្របសម្រួល និងឆ្លើយតបទៅនឹងឧប្បត្តិហេតុ ក៏ដូចជាការធានាសុវត្ថិភាពបណ្តាញព័ត៌មាននៃប្រទេសមិត្ត។ ឬយើងអាចយោងទៅលើការឧបត្ថម្ភរបស់រដ្ឋ ក្នុងការធ្វើសង្គមភាវូបនីយកម្ម ដើម្បីអាចដឹងថា នឹងធានាសុវត្ថិភាពព័ត៌មានយ៉ាងដូចម្ត៉េច”។

បន្តកសាងច្រករបៀងច្បាប់អន្តរជាតិយ៉ាងសកម្ម

មិនត្រឹមតែស្ថិតលើការចែករំលែកបច្ចេកទេស ឬសម្របសម្រួលការឆ្លើយតបប៉ុណ្ណោះទេ វៀតណាមក៏សកម្មកសាងច្រករបៀងច្បាប់អន្តរជាតិដោយមានគោលការណ៍ខ្ជាប់ខ្ជូន៖ គោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រើប្រាស់អ៊ីនធឺណែតក្នុងគោលបំណងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះក៏ជាទស្សនៈមួយស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិផងដែរ។

ដោយមានគោលការណ៍ខ្ជាប់ខ្ជួនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចូលរួមយ៉ាងពេញលេញ និងសកម្មបំផុតក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍអនុសញ្ញាអន្តរជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ទស្សនៈ និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាមក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់។ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិប្រចាំខែធ្នូ ឆ្នាំ២០២៤ បានជ្រើសរើសទីក្រុងហាណូយជាផ្លូវការជាកន្លែងបើកការចុះហត្ថលេខាលើអនុសញ្ញានៅចុងខែនេះ។ លោកវរសេនីយ៍ឯក Trieu Manh Tung អនុប្រធាននាយកដ្ឋានសន្តិសុខអ៊ីនធឺណិត និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាខ្ពស់ បានបញ្ជាក់ថា៖ “នេះជាលើកទីមួយហើយដែលទីក្រុងហាណូយត្រូវបានដាក់ឈ្មោះ ក្នុងឯកសារច្បាប់សកលរបស់អង្គការសហប្រជាជាតិ អនុសញ្ញាអន្តរជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ នេះគឺជាផ្នែកមួយកំពុងទទួលបានការយកចិត្តទុកដាក់ពីប្រទេសនានា។ នេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ហើយនឹងបង្កើតច្រកផ្លូវច្បាប់ដ៏រឹងមាំបំផុត ដែលអំណោយផលបំផុតសម្រាប់ប្រទេសដែលចូលរួមក្នុងអនុសញ្ញានេះ ដើម្បីអនុវត្តការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត”។

ក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថលជាសាកល សម្លេង និងសកម្មភាពរបស់វៀតណាមក្នុងវិស័យសន្តិសុខអ៊ីនធឺណិតមិនត្រឹមតែបញ្ជាក់ពីជំហររបស់ប្រទេសដែលមានការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយសារដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការ ទំនុកចិត្ត និងការអភិវឌ្ឍទៅវិញទៅមកសម្រាប់អនាគតឌីជីថលប្រកបដោយសន្តិភាព និងវិបុលភាព។ សាររបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង នៅចំពោះមុខព្រឹត្តិការណ៍នេះបានសង្កត់ធ្ងន់ថា៖ “វៀតណាមដឹងយ៉ាងច្បាស់ថា ជាមួយនឹងធម្មជាតិគ្មានព្រំដែននៃបណ្តាញអ៊ីនធឺណែត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវតែធ្វើឡើងតាមរយៈសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសនិងការយកច្បាប់ជាចម្បង។ យើងសង្ឃឹមថាព្រឹត្តិការណ៍នេះមិនគ្រាន់តែជានីតិវិធីច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការសន្ទនា ចែករំលែកបទពិសោធន៍ ពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន និងក្លាយជាវេទិកាមួយដើម្បីលើកកម្ពស់ការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត”។

ដោយមានការចូលរួម និងការប្តេជ្ញាចិត្តរបស់ប្រទេសប្រហែល ២០០ ពិធីចុះហត្ថលេខាលើអនុសញ្ញានៅទីក្រុងហាណូយនឹងក្លាយជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្រ ដោយបញ្ជាក់ពីតម្លៃនៃពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល។ ព្រឹត្តិការណ៍នេះក៏ផ្ញើសារដ៏រឹងមាំអំពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងកសាងពិភពលោកប្រកបដោយសន្តិភាព៕