សន្និសីទសន្តិសុខទីក្រុងមុយនិច (MSC) ឆ្នាំនេះ បានធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ នៅសណ្ឋាគារ Bayerischer Hof ក្នុងទីក្រុងមុយនិច រដ្ឋបាវ៉ារៀ(Bavaria) ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ សន្និសីទនេះ បានប្រមូលផ្តុំមេដឹកនាំពិភពលោកប្រហែល ៦៥ រូប ក្នុងនោះ រួមទាំងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជាមួយនឹងរដ្ឋមន្ត្រីការបរទេសនិងការពារជាតិជិត ១០០ នាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ឧត្តមសេនីយ៍យោធាជាន់ខ្ពស់ និងអ្នករៀបចំគោលនយោបាយជាន់ខ្ពស់ជាច្រើន។

សណ្ឋាគារ Bayerischer Hof ដែលជាកន្លែងប្រព្រឹត្តទៅសន្និសីទសន្តិសុខប្រចាំឆ្នាំនៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។ រូបថត៖ REUTERS/Thilo Schmuelgen

ពេលវេលាដ៏សំខាន់មួយ

នៅថ្ងៃទី ៩ ខែកុម្ភៈ នៅចំពោះមុខសន្និសីទឆ្នាំនេះ គណៈកម្មការរៀបចំ MSC បានប្រកាសរបាយការណ៍សន្តិសុខទីក្រុងមុយនិចឆ្នាំ ២០២៦ ដែលលើកឡើងពីការរវិវឌ្ឍ និងនិន្នាការលេចធ្លោនៅក្នុងបរិយាកាសសន្តិសុខ និងនយោបាយសកលលោក នាបច្ចុប្បន្ន។ របាយការណ៍នេះបានកត់ សម្គាល់ថា គោលនយោបាយ និងវិធីសាស្រ្តជាច្រើនរបស់មហាអំណាចពិភពលោក រួមទាំងសហរដ្ឋអាមេរិក កំពុងប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធស្ថាប័ន និងសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់។ របាយការណ៍នេះក៏បានបង្ហាញថា ការកែលម្អគោលនយោបាយយ៉ាងខ្លាំងក្លារបស់សហរដ្ឋ អាមេរិក អាចជួយដោះស្រាយបញ្ហាជំពាក់ជំពិនមួយចំនួន ប៉ុន្តែក៏អាចជំរុញឲ្យនិន្នាការទំនាក់ទំនងអន្តរជាតិពឹងផ្អែកកាន់តែខ្លាំងលើផលប្រយោជន៍។

យោងតាមលោក Wolfgang Ischinger ប្រធាន MSC អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមិនត្រឹមតែពឹងផ្អែកលើកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពឹងផ្អែកអំពីការឯកភាពគ្នាលើគោលការណ៍រួមនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។ ទោះជាយ៉ាងណាក៏ ដោយ កម្រិតនៃការឯកភាពគ្នានេះ កំពុងផ្លាស់ប្តូរ ដែលដាក់ចេញសំណួរអំពីការរំពឹងទុកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរអាត្លង់ទិក និងអន្តរជាតិនាពេលអនាគត។ នៅក្នុងបរិបទនេះ វត្តមានរបស់គណៈប្រតិភូសហរដ្ឋអាមេរិក រួមទាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ សមាជិកសភា និងអភិបាលរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក នៅទីក្រុង Munich គឺមានសារៈសំខាន់ខ្លាំងណាស់។

"តាមទស្សនៈរបស់ខ្ញុំ ទំនាក់ទំនងអន្តរអាត្លង់ទិកនាបច្ចុប្បន្ន កំពុងជួបប្រទះនឹងវិបត្តិដ៏ធំមួយនៃការជឿទុកចិត្ត និងកម្រិតគួរឲ្យទុកចិត្ត។ ដូច្នេះហើយ ការដែលគណៈប្រតិភូសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់លើសន្និសីទសន្តិសុខទីក្រុងមុយនិច គឺគួរឲ្យពេញចិត្តណាស់"។

ដោយចែករំលែកទស្សនៈដូចគ្នា អ្នកវិភាគនយោបាយ Moritz Weiss មកពីសាកលវិទ្យាល័យ Ludwig Maximilian ក្នុងទីក្រុងមុយនិចបានអះអាងថា បណ្តាប្រទេសអឺរ៉ុបកំពុងរងទុក្ខយ៉ាងខ្លាំងពីការផ្លាស់ប្តូរទាំងនេះ ពីព្រោះអឺរ៉ុបមិនទាន់បានបង្កើតការយល់ដឹងរួមមួយថា សកល ភាវូបនីយកម្មបានបញ្ចប់ ហើយការប្រើប្រាស់កម្លាំង ជំនួសឱ្យការទូតកំពុងក្លាយជានិន្នាការមួយ។

"ខ្ញុំគិតថា បញ្ហាប្រឈមដំបូងបង្អស់ ដែលអ្នករៀបចំគោលនយោបាយប្រឈមមុខនាពេលបច្ចុប្បន្ននេះគឺ ការគំរាមកំហែង និងការប្រើប្រាស់កម្លាំងបានក្លាយជាឧបករណ៍គោលនយោបាយម្តងទៀត។ នេះគឺជាបញ្ហាសាកល្បង មួយ ពីព្រោះយើងធ្លាប់រស់នៅក្នុងសម័យកាលដែលជម្លោះត្រូវបានផ្តល់អាទិភាពដោះស្រាយដោយសន្តិវិធី ប៉ុន្តែនាពេលបច្ចុប្បន្ន ប្រការនេះបានផ្លាស់ប្តូរ ហើយប្រទេសនានា ជាពិសេសបណ្តាប្រទេសអឺរ៉ុប ពិបាកសម្របខ្លួន”។

លោក Wolfgang Ischinger ប្រធាន MSC ។ រូបថត៖ REUTERS/Liesa Johannssen

សកម្មភាពរបស់អឺរ៉ុប

ស្ថានភាពតានតឹង និងការខ្វែងគំនិតគ្នារវាងអឺរ៉ុប និងសហរដ្ឋអាមេរិក នៅចំពោះមុខ MSC ឆ្នាំនេះ បង្កើនការព្រួយបារម្ភអំពីការពិភាក្សានៅទីក្រុងមុយនិចនៅចុងសប្តាហ៍នេះអាចដំណើរការទៅដោយរលូន ស្មោះត្រង់ និងវិជ្ជាជីវៈឬអត់។ ចំពោះអឺរ៉ុប នេះគឺជាសំណួរដ៏ធំមួយ ពីព្រោះទ្វីបនេះមិនទាន់បានជាសះស្បើយពី "របួសផ្លូវចិត្ត" នៃ MSC ឆ្នាំមុន នៅពេលដែលអនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានថ្លែងសុន្ទរកថាមួយ ដែលត្រូវបានចាត់ទុកជា "ការបង្រៀន" អឺរ៉ុបអំពីតម្លៃប្រជាធិបតេយ្យនៅទីក្រុងមុយនិច។ ដើម្បីជៀសវាងសេណារីយ៉ូដែលមិនចង់បាននោះ គណៈកម្មការរៀបចំ MSC បានសង្កត់ធ្ងន់ថា ការពិភាក្សាទាំងអស់នៅក្នុងសន្និសីទឆ្នាំនេះ ត្រូវអនុលោមតាមបទបញ្ញត្តិទីក្រុងមុយនិច នោះគឺ៖ "សន្យា និងធ្វើអន្តរកម្មទៅវិញទៅមក៖ កុំអប់រំទូន្មាន ឬព្រងើយកន្តើយដាក់គ្នា"។

ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿជាក់ថា បណ្តាប្រទេសអឺរ៉ុបនឹងមានការងារជាច្រើនទៀតដែលត្រូវធ្វើនៅទីក្រុងមុយនិច ជាជាងការស្វែងរកការសន្ទនាប្រកបដោយតុល្យភាពជាមួយសហរដ្ឋអាមេរិក។ លោកស្រី Claudia Major អនុប្រធានមូលនិធិ Marshall អាល្លឺម៉ង់ (GMF) ជាអង្គការស្រាវជ្រាវ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរអាត្លង់ទិក ជឿជាក់ថា បណ្តាប្រទេសអឺរ៉ុបមានការរំពឹងទុកចំនួនពីរនៅ MSC ឆ្នាំនេះ។ ទីមួយ គឺត្រូវស្វែងរកមធ្យោបាយដើម្បីធ្វើអន្តរកម្មប្រកបដោយស្ថិរភាពជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាទំនាក់ទំនងមានលក្ខណៈស្ថាបនា ផ្លាស់ប្តូរពីគំរូការពារជាតិអឺរ៉ុបដែលដឹកនាំដោយសហរដ្ឋអាមេរិក ទៅជាគំរូមួយដែលអឺរ៉ុបដើរតួនាទីនាំមុខគេ។ ទីពីរ គឺដើម្បីឲ្យអឺរ៉ុបក្រោកឈរឡើងយ៉ាងពិតប្រាកដ បញ្ចប់ការពឹងផ្អែកលើសហរដ្ឋអាមេរិក និងកសាងតួនាទីភូមិសាស្ត្រនយោបាយកាន់តែធំ។

“ការរំពឹងទុកមួយទៀតគឺថា អឺរ៉ុបនឹងក្រោកឈរឡើងយ៉ាងពិតប្រាកដ ហើយប្រទេសធំៗនៅអឺរ៉ុប ដូចជាបារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងបែលហ្ស៊ិក នឹងផ្ញើសាររួមមួយ នោះគឺអឺរ៉ុបបានយល់ ហើយនឹងមានភាពចាស់ទុំដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម មិនថាក្នុងវិស័យការពារជាតិ ឬសេដ្ឋកិច្ចនោះទេ ហើយអឺរ៉ុបក៏នឹងស្វែងរកដៃគូផ្សេងទៀតផងដែរ”។

សញ្ញានៃ «ភាពចាស់ទុំ» របស់អឺរ៉ុបត្រូវបានមេដឹកនាំអឺរ៉ុបជាច្រើននាំចេញនាប៉ុន្មានថ្ងៃកន្លងទៅ។ នៅចំពោះមុខ MSC ឆ្នាំនេះ សហភាពអឺរ៉ុបបានរៀបចំកិច្ចប្រជុំកំពូលឧស្សាហកម្មនៅទីក្រុង Antwerp (បែលហ្ស៊ិក) ដើម្បីលើកកម្ពស់គោលនយោបាយខ្លួនទីពឹងខ្លួន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្លុក។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron នាពេលថ្មីៗនេះបានសង្កត់ធ្ងន់ថា អឺរ៉ុបត្រូវមានបណ្តាញសន្ទនាផ្ទាល់ខ្លួនជាមួយរុស្ស៊ី ដើម្បីដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន ជាជាងការរង់ចាំសកម្មភាពនិងគោលនយោបាយដែលមិនអាចទាយទុកជាមុនបានពីទីក្រុងវ៉ាស៊ីនតោន។ ដូច្នេះហើយ ការពិភាក្សារយៈពេលបីថ្ងៃនៅទីក្រុង Munich នៅចុងសប្តាហ៍នេះ អាចជាពេលវេលាដើម្បីបង្កើតបទប្បញ្ញត្តិសន្ទនាអន្តរអាត្លង់ទិកថ្មីមួយ ដោយកំណត់ពីតួនាទីនិងទិសដៅរបស់អឺរ៉ុបក្នុងដំណាក់កាលខាងមុខ៕