ការចូលរួមរបស់លោកប្រធានរដ្ឋ លឿង គឿង មិនត្រឹមតែបង្ហាញពីការយកចិត្តទូកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋវៀតណាមក្នុងកិច្ចសហប្រតិបត្តិការពហុភាគី និងរបៀបវារៈសំខាន់ៗរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងសកម្មទៀតផង។

អះអាងពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះអង្គការសហប្រជាជាតិ

ដោយមានប្រធានបទ “រួមគ្នាដើម្បីកាន់តែប្រសើរឡើង” សប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែកញ្ញា ដោយផ្តោតសំខាន់លើវគ្គពិភាក្សាកម្រិតខ្ពស់ ជំរុញស្មារតីនៃសាមគ្គីភាពអន្តរជាតិ ពហុភាគីនិយម សន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងការការពារសិទ្ធិមនុស្ស។

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ១៩២ បានចូលរួមព្រឹត្តិការណ៍នេះ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖ “ការចូលរួមរបស់លោកប្រធានរដ្ឋ លឿង គឿង ក្នុងសម័យពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៨០ បានបង្ហាញពីការគាំទ្រចំពោះពហុភាគីនិយម និងការយកចិត្តទុកដាក់របស់វៀតណាមចំពោះអង្គការសហប្រជាជាតិ។ នេះក៏ជាឱកាសសម្រាប់វៀតណាមដើម្បីអះអាងពីតួនាទីជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ហើយបញ្ចេញទស្សនៈនិងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ រួមចំណែកគំនិតផ្តួចផ្តើម និងដំណោះស្រាយជាក់ស្តែងចំពោះបញ្ហារួមរបស់មនុស្សជាតិ ដូចជាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ”។

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង។ រូបថត៖ Viet Cuong/VOV

ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក លឿង គឿង នឹងចែករំលែកសាររបស់វៀតណាមអំពីដំណើរសមាហរណកម្មអន្តរជាតិ ផ្សះផ្សារស្នាមរបួសនៃសង្គ្រាម ផ្កាស់ប្តូរថ្មីនិងឈានឡើងយ៉ាងខ្លាំងក្លា។ ទន្ទឹមនឹងនោះ លោកនឹងអំពាវនាវឱ្យបណ្តាប្រទេសលើកតម្កើងតម្លៃសន្តិភាព ផ្លាស់ប្តូរយ៉ាងខ្លាំង ដើម្បីស្ថាបនា អនាគតប្រកបដោយនិរន្តរភាព; អះអាងសារជាថ្មីពីគោលជំហរគាំទ្រយ៉ាងខ្លាំងនូវពហុភាគីនិយម និងមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងអភិបាលកិច្ចសកល។

ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ មានសកម្មភាពទ្វេភាគីជាច្រើនជាមួយសហរដ្ឋអាមេរិកក្នុងវិស័យនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា វប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក្នុងឱកាសដែលប្រទេសទាំងពីររំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៩៥-២០២៥) និងរយៈពេល ២ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (២០២៣-២០២៥) សកម្មភាពទាំងនេះនឹងរួមចំណែករក្សាស្ថិរភាព និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងទូលំទូលាយនាពេលខាងមុខ។ឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានអះអាងថា៖ “ការគោរពនិងការយកចិត្តទុកដាក់ទៅវិញទៅមកត្រូវបានពង្រឹង។ បានបង្ហាញយ៉ាងច្បាស់តាមរយៈការថែទាំ និងការពង្រីកកាណាល់ទំនាក់ទំនងនៅគ្រប់កម្រិត ជាពិសេសទំនាក់ទំនងកម្រិតខ្ពស់។ មានជំនួបនិងការសន្ទនាតាមទូរស័ព្ទជាច្រើនលើករវាងថ្នាក់ដឹកនាំវៀតណាម និងប្រធានាធិបតីអាមេរិក។ នាប៉ុន្មានខែកន្លងមកនេះ មានកិច្ចសន្ទនាតាមទូរស័ព្ទចំនួន៤លើករវាងអគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីអាមេរិក លោក Donald Trump។ ទំនាក់ទំនងកម្រិតខ្ពស់បានបង្កើតមូលដ្ឋានគ្រឹះ និងតម្រង់ទិសសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ”។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung។ រូបថត៖ Pham Huan/VOV-Washington

ជាក់ស្តែង ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ប្រទេសទាំងពីរបានកត់ត្រាលទ្ធផលវិជ្ជមានជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងយ៉ាងខ្លាំង ហើយសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញឈានមុខគេរបស់វៀតណាម ដោយមានតម្លៃជាង ៩៩ ពាន់លានដុល្លារ។ សហរដ្ឋអាមេរិកផ្តល់អាទិភាពខ្ពស់ដល់ការចរចាពាណិជ្ជកម្មទៅវិញទៅមកជាមួយវៀតណាម ហើយភាគីទាំងពីរនឹងឈានដល់ការយោគយល់គ្នាកម្រិតខ្ពស់នាពេលឆាប់ៗនេះ តម្រង់ទិសសម្រាប់ការចរចាជាក់ស្តែង ដើម្បីធានាពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងតុល្យភាពថែមទៀត។

វៀតណាមបន្តទាក់ទាញការយកចិត្តទុកដាក់វិនិយោគពីសហគ្រាសអាមេរិក ជាពិសេសក្រុមហ៊ុនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា ថាមពលនិងឡូជីស្ទិក ខណៈពេលដែលសហគ្រាសវៀតណាមកាន់តែច្រើន មានបំណងចង់វិនិយោគនៅសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំង ដោយបរិមាណនិស្សិតអន្តរជាតិ ភ្ញៀវទេសចរណ៍ និងសហគមន៍ជនវៀតណាមនៅអាមេរិកកំពុងកើនឡើងយ៉ាងខ្លាំង បង្កើតស្ពានតភ្ជាប់ការយល់ដឹងកាន់តែស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក លឿង គឿង បន្តអះអាងពីគោលនយោបាយការបរទេសរបស់វៀតណាម ដែលក្នុងនោះ ផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ ហើយទន្ទឹមនឹងនោះបានបង្កើតមូលដ្ឋានគ្រឹះថ្មី សម្រាប់ទំនាក់ទំនងវៀតណាម-អាមេរិក៕