ទិដ្ឋភាពទូទៅនៃរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់។ (រូបថតឯកសារ៖ REUTERS/IRNA/Mohammad Babaie)

សំណើថ្មីរបស់អាមេរិកត្រូវបានរដ្ឋមន្ត្រីការបរទេសអូម៉ង់ Sayyid Badr Albusaidi ប្រគល់ទៅឱ្យអ៊ីរ៉ង់ កាលពីថ្ងៃទី ៣១ ខែឧសភា។ ក្នុងពេលជាមួយគ្នានោះនៅថ្ងៃទី ១ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា សេតវិមានបានចេញសេចក្តីណែនាំអំពីការផ្អាកជាបណ្តោះអាសន្ននូវទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ដើម្បីបង្កើតគម្នាស់សម្រាប់ការចរចា។

វិធីសាស្រ្តថ្មី

យោងតាមខ្លឹមសារសំណើថ្មីដែលសហរដ្ឋអាមេរិកផ្ញើរទៅកាន់ប្រទេសអ៊ីរ៉ង់ ភាគីអាមេរិកទទួលយកការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅតាមមូលដ្ឋាននៅលើដីរបស់អ៊ីរ៉ង់ ដើម្បីបម្រើការផលិតថាមពលនុយក្លេអ៊ែរស៊ីវិល ជាមួយនឹងកម្រិតកំហាប់ ៣% យោងតាមការណែនាំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកតម្រូវឱ្យអ៊ីរ៉ង់មិនដំណើរការទីតាំងចម្រាញ់ក្រោមដីក្នុងអំឡុងពេលចរចា បញ្ឈប់ការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាម៉ាស៊ីនបង្វិល centrifuge ថ្មី និងដឹកជញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ចេញទៅបរទេសផងដែរ។ ការបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់នឹងប្រព្រឹត្តទៅ បន្ទាប់ពីទីក្រុងតេអេរ៉ង់បង្ហាញឱ្យទាំងអាមេរិកនិង IAEAឃើញថា ប្រទេសនេះគោរពតាមសំណើនេះ។

យោងតាមអ្នកសង្កេតការណ៍ ព័ត៌មានខាងលើបង្ហាញថា រដ្ឋបាលអាមេរិកកំពុងផ្លាស់ប្តូរបន្តិចម្តងៗនូវវិធីសាស្រ្តរបស់ខ្លួនចំពោះអ៊ីរ៉ង់ ពីព្រោះការទទួលយកឲ្យអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ទោះបីជាក្នុងកម្រិតទាបក៏ដោយ ក៏មានភាពខុសប្លែកគួរឲ្យកត់សម្គាល់ពីគោលនយោបាយ “ដាក់សម្ពាធអតិបរមា” និងសេចក្តីថ្លែងការណ៍ជាសាធារណៈកាលពីមុនរបស់មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់ រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ដែលថា ទីក្រុងវ៉ាស៊ីនតោននឹងមិនទទួលយកសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមណាមួយដោយអ៊ីរ៉ង់ឡើយ។ អតីតមន្ត្រីការទូតអ៊ីរ៉ង់ និងជាអ្នកវិភាគនយោបាយមជ្ឈិមបូព៌ា លោក Mehrdad Khonsari បានធ្វើអត្ថាធិប្បាយថា៖

"គោលដៅចុងក្រោយនិងចម្បងបំផុតរបស់សហរដ្ឋអាមេរិកគឺលុបបំបាត់ការគំរាមកំហែងណាមួយ ដែលបណ្ដាលមកពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយការគំរាមកំហែងទាំងនេះអាចត្រូវបានកាត់បន្ថយតាមវិធីផ្សេងៗគ្នា។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់ពិតជាចង់បានបំផុតគឺការដកទណ្ឌកម្មសេដ្ឋកិច្ច និងកាត់បន្ថយសម្ពាធសេដ្ឋកិច្ច"។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី ២ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់មិនទាន់បានយល់ព្រមចំពោះសំណើរបស់សហរដ្ឋអាមេរិកនៅឡើយទេ ដោយសារតែខ្វះការធានាច្បាស់លាស់លើការដកទណ្ឌកម្ម។ ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ចាត់ទុកថា ការដែលអាមេរិកទទួលយកការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម កម្រិតទាបរបស់អ៊ីរ៉ង់ យ៉ាងហោចណាស់អាចធានាបាននូវ "បន្ទាត់ក្រហម" ដែលប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានលើកឡើងកាលពីថ្ងៃទី ១ ខែមិថុនាថា កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមគឺជាមូលដ្ឋានគ្រឹះនៃឧស្សាហកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយថាប្រទេសនេះមានសិទ្ធិកសាងឧស្សាហកម្មនុយក្លេអ៊ែរស៊ីវិល។

ហានិភ័យនៅតែមានកម្រិតខ្ពស់

ការផ្លាស់ប្តូរវិធីសាស្រ្តរបស់អាមេរិកកំពុងបង្កើតក្តីសង្ឃឹមសម្រាប់របកគំហើញក្នុងការចរចាររវាងអ៊ីរ៉ង់ និងអាមេរិកនៅប៉ុន្មានថ្ងៃខាងមុខ ដែលអាចប្រព្រឹត្តទៅជាទម្រង់ផ្ទាល់។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នាពេលនេះ មានបំណងចង់ឈានដល់កិច្ចព្រមព្រៀងថ្មីមួយដើម្បីជំនួសកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថាកិច្ចព្រមព្រៀង P5+1 ដែលត្រូវបានលុបចោលក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់លោក Donald Trump។ សម្រាប់ខាងអ៊ីរ៉ង់ ការសម្រេចបានកិច្ចព្រមព្រៀងក្នុងពេលឆាប់ នឹងជួយកាត់បន្ថយការខូចខាតសេដ្ឋកិច្ចខណៈខាងភាគីអាមេរិកវិញ ការដោះស្រាយបញ្ហាអន្តរជាតិក្តៅគគុក រួមមានជម្លោះរុស្ស៊ី-អ៊ុយក្រែន ជម្លោះហ្គាហ្សា បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាដើម ត្រូវបានចាត់ទុកថា ជាអាទិភាពនៃកិច្ចការបរទេសនៅពេលនេះសម្រាប់លោកប្រធានាធិបតី Donald Trump។ លោកស្រី Sanam Vakil នាយិកាកម្មវិធីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង នៅ Chatham House (UK) បានធ្វើអត្ថាធិប្បាយថា៖

"សម្រាប់អ៊ីរ៉ង់ ប្រការសំខាន់មួយទៀត គឺការពន្យារពេលការដាក់ទណ្ឌកម្មឡើងវិញ ដែលបណ្តាប្រទេសអឺរ៉ុបបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងធ្វើប្រសិនបើការចរចាមិនមានវឌ្ឍនភាព។ ចំណែកខាងប្រធានាធិបតី Donald Trump លោកកំពុងចង់សម្រេចបានកិច្ចព្រមព្រៀងវិជ្ជមានមួយក្នុងពេលឆាប់ៗនេះ ដើម្បីបង្ហាញថាលោកគឺជាអ្នកចរចា និងជាមេដឹកនាំដែលអាចនាំមកនូវសន្តិភាពដល់មជ្ឈិមបូព៌ា។ ដូច្នេះ បច្ចុប្បន្នមានការយកចិត្តទុកដាក់ដល់ការពន្លឿនការចរចា ប៉ុន្តែពិតណាស់ថា នៅតែមានឧបសគ្គជាច្រើនក្នុងការឈានដល់កិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗ”។

អគ្គនាយក IAEA លោក Rafael Grossi ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥។ (រូបថត៖ REUTERS)

អ្នកជំនាញខ្លះក៏បាននិយាយដែរថា ទោះបីភាគីទាំងសងខាង ជាពិសេសរដ្ឋបាលអាមេរិក ចង់សម្រេចបានកិច្ចព្រមព្រៀងឲ្យបានឆាប់ៗក៏ដោយ ក៏ពេលវេលានៅសល់មិនសូវច្រើនទេ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសម្ដងហើយម្ដងទៀតថា លោកមិនចង់ប្រើប្រាស់សេណារីយ៉ូដែលស្នើឡើងដោយអ៊ីស្រាអែល និងមន្ត្រីរឹងរូសមួយចំនួននៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកនោះទេ ពោលគឺការវាយប្រហារជាមុន ដើម្បីបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែលោកក៏បានព្រមានថា សហរដ្ឋអាមេរិកនឹងមិនស្ទាក់ស្ទើរធ្វើដូច្នេះទេ ប្រសិនបើការចរចាមិនទទួលបានលទ្ធផល។ កាលពីថ្ងៃទី ២ ខែមិថុនា មន្ត្រី IAEA រួមជាមួយអ៊ីរ៉ង់ និងអេហ្ស៊ីបបានបើកកិច្ចប្រជុំត្រីភាគីនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីដំណោះស្រាយបន្ធូរបន្ថយកំដៅភាពតានតឹង និងជំរុញការចរចា។ អគ្គនាយក IAEA លោក Rafael Grossi បានស្នើឲ្យបណ្ដាភាគីផ្តល់តួនាទីដ៏ធំជាងដល់ទីភ្នាក់ងារនេះក្នុងការចរចា៖

"នៅពេលមានការចរចា មានសំណើនៅលើតុ ដើម្បីរកវិធីបញ្ចៀសជម្លោះនៅក្នុងតំបន់មួយដែលបានរងទុក្ខវេទនាយ៉ាងច្រើនរាប់មិនអស់នោះ ច្បាស់ណាស់ថា IAEA មានតួនាទី។ មិនមែនជាអ្នកចរចាទេ ប៉ុន្តែជាអ្នកសម្របសម្រួល អ្នកផ្តួចផ្តើម និងអ្នកគាំពារដល់កិច្ចព្រមព្រៀងណាមួយ"។

គេរំពឹងថា នៅពេលដែលអ៊ីរ៉ង់មានការឆ្លើយតបជាផ្លូវការចំពោះសំណើថ្មីរបស់សហរដ្ឋអាមេរិក ភាគីទាំងពីរអាចធ្វើការចរចាបន្ទាប់យ៉ាឆាប់បំផុតនៅចុងសប្តាហ៍នេះ៕