ដំណើរទស្សនកិច្ចនៅហ្វាំងឡង់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានបង្ហាញពីគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាម តែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយហ្វាំងឡង់ ដែលជាដៃគូដ៏មានសក្ដានុពល និងមានតួនាទីជួរមុខនៅសហភាពអឺរ៉ុប (EU) អំពីនវានុវត្តន៍ ការអប់រំ ការផ្លាស់ប្តូរបៃតង និងសេដ្ឋកិច្ចចំណេះដឹង។

អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសហ្វាំងឡង់ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា។ រូបថត៖ Nguyen Hong/baoquocte.vn

ដៃគូមិត្តភាពយូរអង្វែង

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរទើបបានប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) ដោយបើកចេញដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាបញ្ជាក់ពីការជឿទុកចិត្តផ្នែកនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណីដូចជា អប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រ - បច្ចេកវិទ្យា បរិស្ថាន កសិកម្ម ព្រមទាំងពង្រីកទៅកាន់វិស័យថ្មីៗដូចជា ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចវិលជុំ ដែលសុទ្ធតែជាទិសដៅសមស្របនឹងចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ។

អស់រយៈពេលជាងកន្លះសតវត្សកន្លងមក ហ្វាំងឡង់តែងតែអមដំណើរ និងប្រកៀកស្មាជាមួយវៀតណាមក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ តាំងពីប៉ុន្មានឆ្នាំដែលវៀតណាមត្រូវជួបប្រទះនឹងការលំបាក ហ្វាំងឡង់បានជួយវៀតណាមលើវិស័យសំខាន់ៗជាច្រើនដូចជា៖ ការអប់រំ ទឹកស្អាត បរិស្ថាន កសិកម្ម និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។ ទាក់ទងនឹងនយោបាយនិងការទូត ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិនិងក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សហភាពអឺរ៉ុប (EU)។

ទាំងវៀតណាម និងហ្វាំងឡង់សុទ្ធតែចាត់ទុកចំណេះដឹងនិងការច្នៃប្រឌិតជាកម្លាំងចលករនៃការអភិវឌ្ឍ។ ប្រទេសទាំងពីរកំពុងសហការយ៉ាងជិតស្និទ្ធលើវិស័យដូចជា ការផ្លាស់ប្តូរឌីជីថល ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកំណើនបៃតង។ ទាំងនេះគឺជាវិស័យដែលបើកចេញកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងយុគសម័យសកលភាវូបនីយកម្ម។

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកំពុងរីកចម្រើន។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗទៀតដូចជា៖ ការពារជាតិ សន្តិសុខ អប់រំ បណ្តុះបណ្តាល កសិកម្ម បរិស្ថាន វប្បធម៌និងការអប់រំ ការផ្លាស់ប្តូរប្រជាជន ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការតាមមូលដ្ឋានក៏មានការរីកចម្រើនយ៉ាងល្អប្រសើរផងដែរ។

បើកចេញយថាទស្សន៍ថ្មី

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វាំងឡង់ លោកស្រី Pham Thi Thanh Binh ដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់របស់អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមគឺជាព្រឹត្តិការណ៍នយោបាយនិងកិច្ចការបរទេសដ៏សំខាន់ពិសេស ដែលគូសសញ្ញាសម្គាល់ថ្មីក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងហ្វាំងឡង់។ សកម្មភាពសំខាន់ៗជាច្រើនក្នុងដំណើរទស្សនកិច្ចនេះ នឹងបង្ហាញពីភាពស៊ីជម្រៅ ចក្ខុវិស័យយុទ្ធសាស្ត្រ និងលក្ខណៈគ្រប់ជ្រុងជ្រោយ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វាំងឡង់ លោកស្រី Pham Thi Thanh Binh។ រូបថត៖ Nguyen Hong/baoquocte.vn

ក្រៅពីអត្ថន័យខាងនយោបាយ និងសេដ្ឋកិច្ច ដំណើរទស្សនកិច្ចនេះក៏បង្កប់ដោយអត្ថន័យខាងស្មារតីយ៉ាងជ្រាលជ្រៅផងដែរ។ អគ្គលេខាបក្ស លោក តូ ឡឹម នឹងជួបជាមួយសហគមន៍ជនវៀតណាមនៅហ្វាំងឡង់ ព្រមទាំងអឺរ៉ុបខាងជើង ដើម្បីផ្ទៀងស្តាប់មតិយោបល់ និងលើកទឹកចិត្តដល់ស្មារតីអាណិកជនវៀតណាម តាមនោះ រឹតបន្តឹងថែមទៀតនូវចំណងមិត្តភាពរវាងសហគមន៍ជនវៀតណាមនៅទីនេះ ជាមួយមាតុប្រទេស។ ជាពិសេស អគ្គលេខាបក្សនឹងជួបជាមួយនិស្សិតវៀតណាមនៅហ្វាំងឡង់ ដែលបង្ហាញពីការយកចិត្តទូកដាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ចំពោះជំនាន់យុវជន លើកទឹកចិត្តពួកគេឲ្យសិក្សារៀនសូត្រ ដុសខាត់ចំណេះដឹង និងរួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។

ទំនាក់ទំនងវៀតណាម - ហ្វាំងឡង់មិនត្រឹមតែត្រូវបានសាងសង់ឡើងនៅលើមូលដ្ឋានប្រវត្តិសាស្ត្រ និងចំណង់មិត្តភាពជាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅអនាគតនៃការអភិវឌ្ឍប្រកបដោយសុខដុមរមនា និរន្តរភាព និងច្នៃប្រឌិត ដោយរួមគ្នាដើម្បីសន្តិភាពនិងវិបុលភាពក្នុងតំបន់ និងលើពិភពលោក។

ដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់របស់អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា នឹងបើកចេញដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្វាំងឡង់ ដែលកាន់តែជាក់ស្តែង មានប្រសិទ្ធភាព និងនិរន្តរភាពជាង ក៏ដូចជាសមស្របនឹងស្មារតីនៃកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរថ្មី និងការចែករំលែកដែលប្រជាជាតិទាំងពីរកំពុងឆ្ពោះទៅរក៕