រូបភាពឧទាហរណ៍៖ REUTERS/Dado Ruvic

កាលពីថ្ងៃទី ២២ ខែកក្កដា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសដកខ្លួនចេញពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាថ្មីបំផុតដែលបង្ហាញថា ពហុភាគី និយមដោយមានអង្គការសហប្រជាជាតិជាស្នូល កំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ ធំធេង។

បញ្ហាប្រឈមលើគ្រប់ទិដ្ឋភាព

មុនពេលដកខ្លួនចេញពីអង្គការយូណេស្កូ នៅដើមឆ្នាំនេះ ក្នុងប៉ុន្មានថ្ងៃដំបូងដែលលោក Donald Trump ឡើងកាន់អំណាចវិញ សហរដ្ឋអាមេរិកក៏បានដកខ្លួន ចេញពីអង្គការសុខភាពពិភពលោក (WHO) ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិ (UNHRC) និងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ ក្រោម ហេតុផលថា ស្ថាប័នទាំងនេះលែងសមស្របនឹងរបៀបវារៈសកលថ្មីរបស់សហរដ្ឋ អាមេរិកទៀតឡើយ។ ការដែលខឿនសេដ្ឋកិច្ចលេខ ១ របស់ពិភពលោក ដែលជាអ្នក ផ្តល់ថវិកាច្រើនជាងគេបំផុតដល់អង្គការសហប្រជាជាតិ និងអង្គការសមាជិកជាច្រើន កំពុង កាត់បន្ថយជាបណ្ដើរៗនូវការសន្យារបស់ខ្លួនចំពោះសកម្មភាពរួមរបស់សហគមន៍អន្តរជាតិនោះ បានឆ្លុះបញ្ចាំងពីការពិតដ៏លំបាកដែលពហុភាគីនិយមកំពុងប្រឈមមុខ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ REUTERS/Brendan McDermid)

ថ្លែងមតិនាថ្ងៃទី ២២ ខែកក្កដា ក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “សន្តិភាព សន្តិសុខ និងពហុភាគីនិយម” អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានទទួលស្គាល់ថា ពហុភាគីនិយម ដែលជាកម្លាំងចលករសម្រាប់ជំរុញ និងធានាសន្តិភាព សន្តិសុខអន្តរជាតិចាប់តាំងពី សង្គ្រាមលោកលើកទី២ មិនដែលជួបប្រទះនឹងការលំបាកដូចពេលនេះទេ។

“យើងកំពុងមើលឃើញលើទូទាំងពិភពលោកនូវការមើលស្រាល សូម្បីតែការរំលោភបំពានលើច្បាប់អន្តរជាតិ រួមទាំងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់ជនភៀសខ្លួនអន្តរ ជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ រហូតដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយគ្មាន ភាគីណាមួយទទួលខុសត្រូវឡើយ”។

មិនត្រឹមតែខ្លឹមសារជាមូលដ្ឋាននៃពហុភាគីនិយមមិនត្រូវគេមើលស្រាលប៉ុណ្ណោះទេ លក្ខខណ្ឌជាមូលដ្ឋានសម្រាប់ធានាដំណើរការដោយរលូននៃស្ថាប័នពហុភាគីនានា ដែលមានអង្គការសហប្រជាជាតិជាស្នូលនោះ ក៏បានប្រឈមមុខនឹងការលំបាកជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ។ គិតត្រឹមដើមខែឧសភា ប្រទេសនានាបានបង់ថវិកា ត្រឹមតែ ១,៨ ពាន់លានដុល្លារអាមេរិកក្នុងចំនួនថវិកាសរុប ៣,៧ ពាន់លានដុល្លារ របស់អង្គការសហប្រជាជាតិក្នុងឆ្នាំនេះ ហើយបំណុលសរុបដែលមិនទាន់បានបង់ពីឆ្នាំ មុនៗបានកើនឡើងដល់ ២,៤ ពាន់លានដុល្លារ រួមទាំង ១,៥ ពាន់
លានដុល្លារពី សហរដ្ឋអាមេរិក និងជិត ៦០០ លានដុល្លារពីប្រទេសចិន។ លោក Guy Ryder អគ្គ លេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគោលនយោបាយ និងជាប្រធាន UN៨០ - ក្រុមត្រៀមរៀបចំសម្រាប់កំណែទម្រង់អង្គការសហប្រជាជាតិក្នុងឱកាសខួប លើកទី ៨០ ទិវាបង្កើត (១៩៤៥-២០២៥) បាននិយាយថា៖

"យើងត្រូវពិនិត្យឡើងវិញនូវថវិការបស់ខ្លួនសម្រាប់ឆ្នាំ ២០២៦ រួមទាំងការកាត់បន្ថយយ៉ាងខ្លាំងទាំងថវិកា និងមុខតំណែងការងារ។ នេះគឺជាស្ថានភាពជាក់ស្ដែង បច្ចុប្បន្នរបស់យើង។ បញ្ហាមិនមែនជាការជ្រើសរើសរបស់មួយ ឬរបស់មួយផ្សេងទៀត ពោលគឺការបង្រួមប្រតិបត្តិការ ឬប្រសិទ្ធភាពនោះទេ។ យើងត្រូវសម្របសម្រួលភារកិច្ច ទាំងពីរ មានន័យថា ធានានិរន្តរភាពហិរញ្ញវត្ថុក្នុងគ្រាដ៏លំបាកនេះ ខណៈដែលត្រូវ យកចិត្តទុកដាក់ដល់ផលប៉ះពាល់ក្នុងការអនុវត្តការទទួលខុសត្រូវរបស់យើងយោង តាមធម្មនុញ្ញអង្គការសហប្រជាជាតិ។"

លើកកំពស់តួនាទីតាមរយៈលទ្ធផល

យោងតាមលោក Bob Rae ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) បរិបទពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងបង្ហាញឲ្យ ឃើញសញ្ញាគ្រោះថ្នាក់ស្រដៀងនឹងដើមសតវត្សទី ២០ មុនពេលអង្គការសហ ប្រជាជាតិក្នុងទម្រង់បច្ចុប្បន្នត្រូវបានបង្កើតឡើង នៅពេលដែលវិបត្តិសេដ្ឋកិច្ច ការ លេចឡើងនៃលទ្ធិជាតិជ្រុលនិយម និងការបែកបាក់គ្នាខាងពាណិជ្ជកម្មបាននាំឱ្យមាន ជម្លោះភូមិសាស្ត្រនយោបាយដែលមិនអាចគ្រប់គ្រងបាន។ ដូច្នេះហើយ ទាំងប្រទេស ជាសមាជិក និងអង្គការសហប្រជាជាតិខ្លួនឯង ត្រូវតែរៀនមេរៀនពីអតីតកាល ដើម្បី ផ្លាស់ប្ដូរថ្មី តាមនោះការពារ និងកសាងពហុភាគីនិយមថ្មី ឲ្យកាន់តែសមស្របទៅនឹង បញ្ហាប្រឈមនៃសម័យបច្ចុប្បន្ន។

“យើងត្រូវតែអះអាងសារជាថ្មីអំពីសារៈសំខាន់របស់អង្គការសហប្រជាជាតិ តាមរយៈលទ្ធផល ពីនោះបញ្ជាក់ថា ពហុភាគីនិយមនាំមកនូវផលប្រយោជន៍ពិតប្រាកដ និងជាក់ស្តែងសម្រាប់មនុស្សគ្រប់មជ្ឈដ្ឋានក្នុងសង្គម។ ប្រការនេះមាន ន័យថា ចាំបាច់ត្រូវសម្របសម្រួលសកម្មភាពឲ្យកាន់តែជិតស្និទ្ធជាមួយសង្គមស៊ីវិល វិស័យឯកជន យុវជន សហគមន៍ប្រចាំស្រុក ជាពិសេសអាជ្ញាធរមូលដ្ឋាន ពីព្រោះ គោលដៅដែលដាក់ចេញដោយអង្គការសហប្រជាជាតិ ត្រូវបានអនុវត្តន៍នៅតាមកន្លែងទាំងនោះ”។

យោងតាមអ្នកសង្កេតការណ៍ ទោះបីជាមានការរឹតត្បិត និងកំរិតក្នុងបញ្ហាមួយចំនួនទាក់ទងនឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយសារយន្តការបែងចែកអំណាច របស់អង្គការនេះផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែអង្គការសហប្រជាជាតិនៅតែដើរតួនាទីសំខាន់ ក្នុងអភិបាលកិច្ចសកលសម្រាប់គោលដៅអភិវឌ្ឍន៍សំខាន់ៗលើវិស័យសេដ្ឋកិច្ច សង្គម និងបរិស្ថាននៅប្រទេសសមាជិកនីមួយៗ ក៏ដូចជាការសម្របសម្រួលនៅថ្នាក់អនុតំបន់ និងតំបន់ផងដែរ។ ដូច្នេះហើយ ការការពារ និងជំរុញពហុភាគីនិយម ដែលអង្គការ សហប្រជាជាតិដើរតួនាទីជាស្នូល នៅតែជាជម្រើសដ៏សមស្របនឹងផលប្រយោជន៍ របស់ប្រទេសភាគច្រើនក្នុងសហគមន៍អន្តរជាតិនាបច្ចុប្បន្ន៕