ចំណុចលេចធ្លោមួយគឺនៅចុងខែកក្កដាឆ្នាំ ២០២៥ ខេត្ត ក្រុងចំនួន ៣៤/៣៤ នៅទូទាំងប្រទេសសម្រេចបាននូវស្ថានភាព "បៃតង" នៅលើផែនទីត្រួតពិនិត្យនៃមជ្ឈមណ្ឌលប្រតិបត្តិការរដ្ឋាភិបាល (នៅអាស័យដ្ឋាន៖ https://nq57.vn)។ ប្រការនេះមានន័យថាមូលដ្ឋានបានបំពេញភារកិច្ចដែលត្រូវតែបញ្ចប់មុនកាលកំណត់នៃថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥។ នេះជាសក្ខីភាពបញ្ជាក់ពីការរួមគ្នាជាធ្លុងមួយ វិន័យ និងទំនួលខុសត្រូវខ្ពស់នៃប្រព័ន្ធនយោបាយនៅតាមថ្នាក់នីមួយៗ និងតាមមូលដ្ឋាននីមួយៗ។

ការអនុវត្តន៍និតិវិធីរដ្ឋបាលសម្រាប់ប្រជាជននៅសង្កាត់ Bac Kan (ខេត្ត Thai Nguyen) បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមិនមានការរំខាន ធានាការបម្រើប្រជាជនយ៉ាងឆាប់រហ័ស និងប្រសិទ្ធភាពបំផុត។ រូបថត៖ Vu Hoang Giang/TTXVN

សេចក្តីសម្រេចចិត្តលេខ ៥៧ - ពីការប្តេជ្ញាចិត្តនយោបាយទៅដល់ចលនាជាក់ស្តែង

ភ្លាមៗ បន្ទាប់ពីសេចក្តីសម្រេចចិត្តត្រូវបានចេញផ្សាយ មូលដ្ឋាននានាបានបង្កើតគណៈកម្មាធិការដឹកនាំ ក្រុមការងារជំនាញ និងបានចេញឯកសារជាបន្តបន្ទាប់ ដើម្បីពង្រឹងគោលនយោបាយទៅជាភារកិច្ច។

ខេត្ត Quang Ninh គឺជាឧទាហរណ៍មួយដែរ។ ខេត្តមិនត្រឹមតែបានសុក្រិតគណៈកម្មាធិការដឹកនាំប៉ុណ្ណោះទេ ថែមទាំងបានចេញឯកសារណែនាំជាង ៤០ ច្បាប់ទៀត បង្កើតសន្ទុះពីថ្នាក់ខេត្តចុះដល់ថ្នាក់មូលដ្ឋាន។ ជាពិសេស ដើម្បីបង្កើនការទាក់ទាញវិនិយោគ ខេត្ត Quang Ninh ក៏កំពុងសកម្មបំពេញនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ; ទាក់ទាញនិងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងបណ្តុះបណ្តាលអ្នកជំនាញ។ លោក Vu Dai Thang លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ខេត្ត Quang Ninh និងសម្ព័ន្ធក្រុមហ៊ុន FPT កំពុងសម្របសម្រួលដើម្បីអនុវត្តគម្រោងជាក់ស្តែង ដូចជាការកសាងមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលនៅទីក្រុង Ha Long សម្របសម្រួលក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាលនៅកម្រិតមហាវិទ្យាល័យនិងសាកលវិទ្យាល័យ។ កិច្ចសហប្រតិបត្តិការនេះគឺផ្អែកលើបទពិសោធន៍របស់ FPT ក្នុងការអប់រំស៊ីជម្រៅ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។

ក្នុងពេលជាមួយគ្នានោះ ទីក្រុង Da Nang ចាប់ពីដើមអាណត្តិ ២០២១-២០២៥ បានកំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជារបកគំហើញមួយក្នុងចំណោមរបកគំហើញទាំងបី ដោយផ្សារភ្ជាប់ជាមួយនឹងគោលដៅកសាងអាជ្ញាធរទីក្រុងឆ្លាតវៃ លើកកំពស់ការប្រកួតប្រជែងនិងគុណភាពរស់នៅរបស់ប្រជាជន។

យោងតាមលោក Nguyen Van Quang អតីតលេខាគណៈកម្មាធិការបក្សទីក្រុង Da Nang ទីក្រុងបានចេញកម្មវិធីសកម្មភាពជាបន្តបន្ទាប់ ប្រែក្លាយការប្តេជ្ញាចិត្តនយោបាយទៅជាសកម្មភាព៖ “ទីក្រុងនេះបានទាក់ទាញធនធានដែលមានគុណភាពខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន គ្រឿងអេឡិចត្រូនិក បញ្ញាសិប្បនិម្មិត និងវិស័យមួយចំនួនទៀត។ សាកលវិទ្យាល័យ Da Nang ក៏ជាប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏រឹងមាំមួយ ក្នុងប្រទេសផងដែរ។ មូលដ្ឋានគ្រឹះសំខាន់ៗ បានបង្កើតលក្ខខណ្ឌដំបូងសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧ នៃការិយាល័យនយោបាយ”។

ទីក្រុងហូជីមិញក៏បានរួមបញ្ចូលយ៉ាងឆាប់រហ័សនូវការអនុវត្តសេចក្តីសម្រេចចិត្តជាមួយនឹងយុទ្ធសាស្ត្រកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ អភិវឌ្ឍន៍ឧស្សាហកម្ម semiconductor បច្ចេកវិទ្យាឌីជីថល។ល។

ចំណុចលេចធ្លោពីការអនុវត្តជាក់ស្តែង

មិនត្រឹមតែបញ្ឈប់នៅត្រឹមការងាររៀបចំដំណើរការប៉ុណ្ណោះទេ មូលដ្ឋានបានកត់ត្រាលទ្ធផលជាច្រើនជាមួយនឹងតួរលេខជាក់ស្តែង។ ពោលគឺ ទីក្រុងហូជីមិញបានទាក់ទាញគម្រោងមជ្ឈមណ្ឌលទិន្នន័យធំៗជាច្រើន ដូចជាគម្រោង ២៥០ លានដុល្លារអាមេរិករបស់សម្ព័ន្ធក្រុមហ៊ុន CMC គ្រុប; សហគ្រាសបច្ចេកវិទ្យាក្នុងប្រទេសបានណែនាំផលិតផលបន្ទះឈីបគំរូ ដោយបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការឈានឡើងនៅក្នុងខ្សែសង្វាក់តម្លៃសកល; ការតភ្ជាប់ក្នុងតំបន់ ការតភ្ជាប់សាកលវិទ្យាល័យ-សហគ្រាស-មូលដ្ឋាន កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំង; ការផ្លាស់ប្តូរឌីជីថលនៅមូលដ្ឋានថ្នាក់ឃុំ និងសង្កាត់ ជួយប្រជាជនក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលបានឆាប់រហ័ស។ល។

លទ្ធផលទាំងនេះ ថ្វីត្បិតតែជាជំហានដំបូងក៏ដោយ ប៉ុន្តែក៏បាននាំមកនូវសញ្ញាវិជ្ជមាន គឺជាកម្លាំងជំរុញសម្រាប់ការច្នៃប្រឌិតអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទោះជាយ៉ាងណាក៏ដោយ ដំណើរដែលសម្រេចបានទាំងស្រុងនូវស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧ ដែលធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាសសរស្តម្ភនៃការអភិវឌ្ឍន៍ នៅតែត្រូវចំណាយរយៈពេលយូរ និងពោរពេញដោយបញ្ហាប្រឈម។ ដោយសង្កត់ធ្ងន់លើភារកិច្ចសំខាន់ៗនាពេលខាងមុខ លោក Nguyen Huy Dung គណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលបានស្នើថា៖ “ថ្នាក់ដឹកនាំតំបន់ លេខាធិការ និងប្រធានដឹកនាំផ្ទាល់ក្នុងការប្រើប្រាស់ឧបករណ៍ "nq57.vn" ជារៀងរាល់ថ្ងៃ ដើម្បីត្រួតពិនិត្យ រកឃើញចំណុចកកស្ទះ និងដោះស្រាយឱ្យបានទាន់ពេលវេលា។ ចាំបាច់ត្រូវផ្តោតលើការផ្តល់អាទិភាពលើសេវាសាធារណៈតាមអ៊ីនធឺណិតដើម្បីបម្រើប្រជាជន និងអាជីវកម្ម។ ផ្តោតលើការតភ្ជាប់ក្នុងតំបន់ និងការច្នៃប្រឌិតក្នុងការគិតគូរវិនិយោគ ផ្តល់អាទិភាពលើការបែងចែកធនធាន ដើម្បីអនុវត្តការងារ និងគម្រោងសំខាន់ៗ”។

សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៥៧ បានចាប់ផ្តើមដំណើរដ៏ធំមួយ ហើយសមិទ្ធិផលដំបូងពីមូលដ្ឋានគឺនេះសបញ្ជាក់ឱ្យឃើញថា វៀតណាមកំពុងដើរលើផ្លូវត្រឹមត្រូវ។ នាពេលខាងមុខ នៅតាមមូលដ្ឋាន ក្រសួង និងវិស័យនានានឹងបន្តរក្សាបាននូវវឌ្ឍនភាពដ៏ឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយនាំយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ទៅជាកម្លាំងចលករ ដើម្បីនាំប្រទេសឆ្ពោះទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី៕