ទន្ទឹមនឹងកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា មេដឹកនាំពិភពលោកជាង ២០ រូប រួមទាំងប្រធានាធិបតីអាមេរិក លោក Donald Trump ប្រមុខរដ្ឋអឺរ៉ុបជាច្រើន និងបណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ ក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីពង្រឹងបទឈប់បាញ់ និងសន្តិភាពនៅតំបន់ហ្គាហ្សាផងដែរ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហាញឯកសារដែលបានចុះហត្ថលេខានៅកិច្ចប្រជុំកំពូលសន្តិភាព ហ្គាហ្សា នៅSharm El-Sheikh ប្រទេសអេហ្ស៊ីប ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥។ (រូបថត៖ Yoan Valat/REUTERS)

ជំពូកថ្មីសម្រាប់ហ្គាហ្សា

កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាដែលបានចុះហត្ថលេខានៅ Sharm El-Sheikh កាលពីថ្ងៃទី ១៣ ខែតុលា បានបញ្ជាក់ជាផ្លូវការនូវការសន្យានានាដែលអ៊ីស្រាអែល និងចលនាហាម៉ាស់ បានព្រមព្រៀងគ្នាកាលពីថ្ងៃទី ១០ ខែតុលា តាមរយៈការសម្រុះសម្រួលផ្សះផ្សារបស់អាមេរិក អេហ្ស៊ីប កាតា និងទួរគី តាមនោះ ភាគីទាំងពីរនឹងបញ្ឈប់ទាំងស្រុងការបាញ់ប្រហារគ្នាជាភ្លាមមួយរំពិច ធ្វើការដោះដូរចំណាប់ខ្មាំង-ឈ្លើយសឹក ហើយក្នុងពេលជាមួយគ្នានោះ អ៊ីស្រាអែលនឹងដកទ័ពជាបណ្ដើរៗមកខ្សែបន្ទាត់ព្រំដែននៅហ្គាហ្សា ដែលបានព្រមព្រៀងពីមុន។ នៅមុនពិធីចុះហត្ថលេខានៅ Sharm El-Sheikh ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ២០ នាក់ដែលនៅតែរស់ ត្រូវបានក្រុមហាម៉ាស់ដោះលែង។ ជាថ្នូរនឹងគ្នា អ៊ីស្រាអែលក៏បានដោះលែងឈ្លើយសឹកចំនួន ១.៩៨៦ នាក់ ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីន ដែលកំពុងត្រូវឃុំខ្លួននៅក្នុងពន្ធនាគារនៃប្រទេសនេះ។

ទន្ទឹមនឹងកិច្ចព្រមព្រៀងឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស់ ប្រធានាធិបតីអាមេរិក Donald Trump រួមជាមួយមេដឹកនាំប្រទេសអារ៉ាប់ និងអឺរ៉ុបជាង ២០ រូប ក្នុងនោះមាននាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រធានាធិបតីបារាំង Emmanuel Macron នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អំពីការពង្រឹងបទឈប់បាញ់ និងសន្តិភាពនៅតំបន់ហ្គាហ្សាផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខា ភាគីនានាបានសន្យា បន្តចក្ខុវិស័យគ្រប់ជ្រុងជ្រោយ អំពីសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ព្រមទាំងស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាព "គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព" នៅតំបន់ហ្គាហ្សាផងដែរ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា៖

"នេះគឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក មិនត្រឹមតែនៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ។ យើងទាំងអស់គ្នាបានឯកភាពថា ត្រូវតែជួយឧបត្ថម្ភ ហ្គាហ្សា ដើម្បីជួយប្រជាជនស្ដារឡើងវិញ។ យ៉ាងណាមិញ យើងមិនចង់ផ្តល់ហិរញ្ញប្បទានដល់អ្វីមួយដែលពាក់ព័ន្ធនឹងការបង្ហូរឈាម ការស្អប់ខ្ពើម ឬអំពើហឹង្សាដូចអ្វីដែលបានកើតឡើងកាលពីអតីតកាលនោះទេ។ ដូច្នេះហើយ យើងក៏បានឯកភាពថា ការកសាង ហ្គាហ្សា ឡើងវិញ តម្រូវឱ្យមានការរំសាយអាវុធ ហើយកម្លាំងស៊ីវិលថ្មីដែលមានសុឆន្ទៈ គួរតែត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ ដើម្បីបង្កើតលក្ខខណ្ឌសុវត្ថិភាពសម្រាប់ប្រជាជន ហ្គាហ្សា"។

បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល-ហាម៉ាស់ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បាននិយាយថា អេហ្ស៊ីបនឹងរួមជាមួយសហរដ្ឋអាមេរិក សម្របសម្រួលជាមួយដៃគូក្នុងប៉ុន្មានថ្ងៃខាងមុខ ដើម្បីចាក់គ្រឹះសម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ ហើយគ្រោងនឹងរៀបចំសន្និសីទស្តីពីការស្តារឡើងវិញ ការកសាងឡើងវិញ និងការអភិវឌ្ឍតំបន់ហ្គាហ្សានាពេលឆាប់ៗនេះ។ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បាននិយាយផងដែរថា ជំនួយមនុស្សធម៌ ចាប់ផ្តើមត្រូវបានដឹកជញ្ជូនចូលក្នុងតំបន់នេះ រួមមាន "រថយន្តរាប់រយគ្រឿង ដែលដឹកស្បៀងអាហារ បរិក្ខារពេទ្យ និងរបស់របរចាំបាច់ផ្សេងទៀត" ព្រមទាំងប្រកាសថា ជម្លោះនៅតំបន់ហ្គាហ្សាបានបញ្ចប់ហើយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងបន្ទាប់ពីពិធីចុះហត្ថលេខាជាផ្លូវការនៃដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅ Sharm El-Sheikh ប្រទេសអេហ្ស៊ីប ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥។ (រូបថត៖ Yoan Valat/REUTERS)

បញ្ហាប្រឈមបន្ទាប់

ទោះបីជាមានការវាយតម្លៃដូចគ្នាថា កិច្ចព្រមព្រៀងឈប់បាញ់គឺជាជំហានដ៏សំខាន់ និងវិជ្ជមានខ្លាំង សម្រាប់ជម្លោះនៅតំបន់ហ្គាហ្សាក៏ដោយ ប៉ុន្តែអ្នកសង្កេតការណ៍ភាគច្រើនចាត់ទុកថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា "ជម្លោះនៅហ្គាហ្សាបានបញ្ចប់" គឺមានសុទិដ្ឋិនិយមបន្តិច។ យោងតាមផែនការសន្តិភាពតំបន់ហ្គាហ្សា ២០ ចំណុច ដែលលោក Donald Trump បានប្រកាសកាលពីចុងខែកញ្ញា បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានបង្កើតឡើង និងការដោះដូរចំណាប់ខ្មាំង-ឈ្លើយសឹកបញ្ចប់ ភាគីនានានឹងឈានចូលដំណាក់កាលទី ២ នៃផែនការនោះគឺការកសាងក្បាលម៉ាស៊ីនអភិបាលកិច្ចជាបណ្តោះអាសន្ននៅហ្គាហ្សា ព្រមទាំងធ្វើការចរចាបន្ថែមទៀតទាក់ទងនឹងការរំសាយអាវុធនៃចលនាហាម៉ាស់ ឬកសាងផែនការនយោបាយនាពេលអនាគតសម្រាប់ហ្គាហ្សា ជាដើម។ យោងតាមអ្នកជំនាញ Shibley Telhami សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Maryland (សហរដ្ឋអាមេរិក) និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Brookings ដំណាក់កាលបន្ទាប់នៃផែនការសន្តិភាព ហ្គាហ្សា គឺជាដំណាក់កាលដ៏លំបាកបំផុត៖

"បញ្ហានេះពាក់ព័ន្ធដល់កត្តាច្រើនជាងបទឈប់បាញ់ ពីព្រោះផែនការរបស់លោក Donald Trump មានកត្តាសន្ទនាអន្តរជាតិជាច្រើន រួមទាំងប្រទេសមូស្លីម និងអារ៉ាប់ ដែលដើរតួនាទីជាអ្នកសម្រុះសម្រួលនៅពីក្រោយកិច្ចព្រមព្រៀងទាំងនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ផែនការរបស់ លោក Trump មិនទាន់ត្រូវបានទទួលយកដោយទាំងអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅឡើយទេ”។

ចែករំលែកទស្សនៈនេះ លោកស្រី Sanam Vakil នាយិកាកម្មវិធីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៃវិទ្យាស្ថាន Chatham House (អង់គ្លេស) បានចាត់ទុកថា៖

"ខ្ញុំគិតថា ក្នុងផែនការនេះមានក្របខ័ណ្ឌសម្រាប់សកម្មភាពទៅហើយ ប៉ុន្តែអ្វីៗដែលនៅខ្វះខាតគឺ ព័ត៌មានលម្អិត។ ហើយសំខាន់ជាងនេះទៅទៀត អ្វីដែលត្រូវការបំផុតគឺការវិនិយោ និងការយកចិត្តទុកដាក់ក្នុងរយៈពេលវែង របស់លោក Donald Trump ដែលមានតួនាទីសម្រេចចិត្តក្នុងការនាំភាគីនានាមកកាន់តុចរចា ក៏ដូចជាមេដឹកនាំក្នុងតំបន់ផងដែរ។ សម្ពាធ និងកម្លាំងចលករបែបនេះ នឹងមានសារៈសំខាន់ខ្លាំងណាស់នៅពេលដែលការចរចារដំណាក់កាលទីពីរចាប់ផ្តើម ជាមួយនឹងការពិភាក្សាអំពីបញ្ហាដ៏លំបាកបំផុតដូចជា៖ ការរំសាយអាវុធនៃក្រុមហាម៉ាស់ សមាសភាគនៃកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ក៏ដូចជាក្បាលម៉ាស៊ីនអភិបាលកិច្ចនៅហ្គាហ្សា”។

ក្នុងចំណោមបញ្ហាប្រឈមធំៗនៃដំណាក់កាលទី ២ អ្នកសង្កេតការណ៍ចាត់ទុកថា ការរំសាយអាវុធរបស់ក្រុមហាម៉ាស់ នឹងជាបញ្ហាដ៏លំបាកបំផុត ព្រោះប្រសិនបើក្រុមហាម៉ាស់មិនទទួលយក ឬគ្រាន់តែរំសាយអាវុធមួយផ្នែកប៉ុណ្ណោះ ភាគីអ៊ីស្រាអែលប្រាកដជា នឹងមិនដកទ័ពទាំងស្រុងចេញពីហ្គាហ្សាឡើយ ហើយហានិភ័យនៃការផ្ទុះជម្លោះឡើងវិញគឺខ្ពស់ណាស់។ នៅពេលនោះ សន្តិភាពមជ្ឈិមបូព៌ានឹងប្រឈមមុខជាថ្មីម្ដងទៀតនឹងការសាកល្បងប្រថុយប្រថានជាច្រើន៕