ប្រសិនបើកាលពីមុន ការពិភាក្សាអំពីអាកាសធាតុគឺស្ថិតក្នុងក្របខ័ណ្ឌ COP ឬសន្និសីទប្រធានបទតែប៉ុណ្ណោះ ឥឡូវនេះនៅមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៨០ អាកាសធាតុបានក្លាយជាប្រធានបទដ៏សំខាន់មួយនៃរបៀបវារៈ។
ប្រភព៖ vietnam.un.org |
ចំណុចរបត់ និងសម្ពាធពីសេចក្តីសម្រេចចិត្ត
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មហាសន្និបាតអង្គការសហប្រជាជាតិបានកត់សម្គាល់នូវជំហានសំខាន់ៗមួយចំនួន ទាក់ទងនឹងអាកាសធាតុ ដូចជា៖ សេចក្តីសម្រេចចិត្តទទួលស្គាល់សិទ្ធិមនុស្សក្នុងការទទួលបានបរិស្ថានស្អាត មានសុខភាពល្អ (ឆ្នាំ ២០២២) សេចក្តីសម្រេចចិត្តដែលស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិផ្តល់មតិយោបល់លើកាតព្វកិច្ចឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (ឆ្នាំ ២០២៣) ឬសេចក្តីសម្រេចចិត្តថ្មីបំផុត ដែលអំពាវនាវឱ្យមានការការពារអាកាសធាតុសម្រាប់ជំនាន់អនាគត (ឆ្នាំ ២០២៤)។ សេចក្តីសម្រេចចិត្តទាំងនេះ ទោះបីជាមិនមានលក្ខណៈចាប់បង្ខំក៏ដោយ ក៏បានរួមចំណែកក្នុងការបង្កើតក្របខណ្ឌសីលធម៌និងច្បាប់សម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ទាំងនេះ គឺជាមូលដ្ឋានសម្រាប់សង្គមស៊ីវិល តុលាការជាតិ និងសហគមន៍អន្តរជាតិ ដាក់សម្ពាធដល់រដ្ឋាភិបាលឱ្យធ្វើសកម្មភាព ជាជាងគ្រាន់តែឈប់នៅពាក្យស្លោកប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ នៅ UNGA ៨០ គម្លាតរវាងការសន្យានិងសកម្មភាពជាក់ស្តែងនៅតែជាបញ្ហាប្រឈមដ៏សំខាន់។ មហាអំណាចដែលមានការបញ្ចេញឧស្ម័នខ្ពស់ បានដាក់ចេញនូបគោលដៅប្រកបដោយមហិច្ឆិតាជាបន្តបន្ទាប់ ប៉ុន្តែការអនុវត្តតែងតែមានភាពយឺតយ៉ាវ ឬខ្វះតម្លាភាព។ ទន្ទឹមនឹងនេះ ប្រទេសដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ដែលមានធនធានមានកម្រិត កំពុងជួបការលំបាកក្នុងការសម្របខ្លួន ដោយពឹងផ្អែកទាំងស្រុងលើយន្តការគាំទ្រអន្តរជាតិ ដែលមិនទាន់ដំណើរការប្រកបដោយប្រសិទ្ធភាព។
បញ្ហាដ៏សំខាន់មួយគឺហិរញ្ញវត្ថុអាកាសធាតុ។ បណ្តាប្រទេសអភិវឌ្ឍន៍បានសន្យាថា នឹងប្រមូលថវិកាចំនួន ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែការបញ្ចេញទុនជាក់ស្តែងតែងតែទាបជាង។ ប្រសិនបើហិរញ្ញវត្ថុ និងបច្ចេកវិទ្យាមិនបានមកដល់ក្នុងពេលដំណាលគ្នា ការសន្យាកាត់បន្ថយការបំភាយឧស្ម័ន ឬសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនឹងគ្រាន់តែជាការសន្យាទប៉ុណ្ណោះ។
នៅមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៨០ ក៏មានទស្សនៈផ្ទុយគ្នាជាច្រើនផងដែរ។ មេដឹកនាំប្រទេសមួយចំនួនបានបដិសេធការប្រែប្រួលអាកាសធាតុ ដោយហៅវាជា "ការឆបោកដ៏ធំបំផុតរបស់ពិភពលោក" និងបានថ្កោលទោសគោលនយោបាយថាមពលកកើតឡើងវិញ។ សេចក្តីប្រកាស ទាំងនេះ ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ ក៏នៅតែឆ្លុះបញ្ចាំងការពិតមួយ គឺផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរួម។ បណ្តាប្រទេសនាំចេញប្រេង ឧស្ម័ន និងធ្យូងថ្ម មានការព្រួយបារម្ភអំពីការបាត់បង់ឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន; ឧស្សាហកម្មធុនធ្ងន់ ប្រឈមនឹងការចំណាយខ្ពស់លើការផ្លាស់ប្តូរ; ខណៈពេលដែលប្រទេសក្រីក្រជាច្រើនបានអះអាងថា ពួកគេមិនអាចត្រូវបានបង្ខំឱ្យលះបង់កំណើន នៅពេលដែលប្រទេសអ្នកមានគឺជាជនដៃដល់នៃការបំភាយឧស្ម័នក្នុងប្រវត្តិសាស្ត្រ។ ការខ្វែងគំនិតគ្នាទាំងនេះ ធ្វើឱ្យការសម្រេចបានការឯកភាពជាសកល កាន់តែស្មុគស្មាញ។
ក្តីសង្ឃឹមពីសម្ពាធសកល
មហាសន្និបាតអង្គការសហប្រជាជាតិមានឧត្តមភាពពិសេសគឺ៖ គ្រប់ប្រទេសទាំងអស់ មិនថាតូចឬធំ មានសិទ្ធិបោះឆ្នោតស្មើគ្នា។ យន្តការនេះ បានជួយឱ្យបណ្តាប្រទេសដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ អាចនាំាំសំឡេងរបស់ខ្លួនដល់សហគមន៍អន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតមិន មិនមានលក្ខណៈចាប់បង្ខំនោះទេ ដូច្នេះហើយ ការអនុវត្តគឺអាស្រ័យទាំងស្រុងលើសុច្ឆន្ទៈជាតិ និងសម្ពាធពីសាធារណៈមតិ។ ដូច្នេះ ដើម្បីបង្វែរសម្ពាធនយោបាយទៅជាសកម្មភាពជាក់ស្តែង ត្រូវសម្របសម្រួលជាមួយយន្តការច្បាប់ ហិរញ្ញវត្ថុ និងបច្ចេកទេសផ្សេងទៀត។
បើទោះបីជាមានការខ្វែងគំនិតគ្នាជាច្រើនក៏ដោយ UNGA ៨០ នៅតែបើកក្តីសង្ឃឹមផងដែរ។ វត្តមានកាន់តែកើនឡើងនៃអាកាសធាតុក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិមានន័យថា បញ្ហានេះមិនអាចត្រូវរុញច្រានពីតុចរចាបានទេ។ លើសពីនេះ ប្រសិនបើមតិប្រឹក្សារបស់តុលាការយុត្តិធម៌អន្តរជាតិស្តីពីកាតព្វកិច្ចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្របខ័ណ្ឌច្បាប់អន្តរជាតិដែលមានលក្ខណៈចាប់បង្ខំបន្ថែមទៀតអាចនឹងសម្រេចបាននាពេលអនាគត។
សម្ពាធពីសង្គមស៊ីវិល យុវជន និងចលនាអាកាសធាតុពិភពលោកក៏កំពុងបង្កើតសន្ទុះដ៏សំខាន់។ នៅក្នុងបរិបទនោះ វេទិការបស់អង្គការសហប្រជាជាតិ គឺជាកន្លែងដ៏សមស្រប ដើម្បីបង្វែរសម្ពាធពីមតិសាធារណៈទៅជាសេចក្តីថ្លែងការណ៍នយោបាយ ពីសេចក្តីថ្លែងការណ៍នយោបាយទៅជាសេចក្តីសម្រេចចិត្ត និងពីសេចក្តីសម្រេចចិត្តទៅជាសកម្មភាពជាក់ស្តែងនៅក្នុងប្រទេសនីមួយៗ។ ការប្រែប្រួលអាកាសធាតុមិនរង់ចាំទេ។ ខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង គ្រោះរាំងស្ងួតអូសបន្លាយ ភ្លើងឆេះព្រៃ និងការកើនឡើងនៃនិវូទឹកសមុទ្រ... កំពុងកើតឡើងជារៀងរាល់ថ្ងៃ។ មហាសន្និបាតអង្គការសហប្រជាជាតិ ប្រហែលជាមិនមែនជាកន្លែងសម្រាប់ចេញផ្សាយច្បាប់បង្ខិតបង្ខំនោះទេ ប៉ុន្តែវាពិតជាកន្លែងបង្កើតសម្ពាធនយោបាយនិងសីលធម៌ដ៏ធំបំផុត ដោយបង្ខំឱ្យប្រទេសនានាប្រឈមមុខនឹងទំនួលខុសត្រូវរបស់ខ្លួន។ សម័យប្រជុំលើកទី ៨០ នេះបានបង្ហាញថាការប្រែប្រួលអាកាសធាតុមិនមែនជា "បញ្ហាបរិស្ថាន" សុទ្ធសាធទៀតទេ ប៉ុន្តែជារង្វាស់នៃកិត្យានុភាព និងការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិទាំងមូលទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
