ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២៥ ខែមេសាបានប្រកាសថា លោកបានខិតមកជិតកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី និងអ៊ុយក្រែនហើយ។ សេចក្តីប្រកាសនេះបានធ្វើឱ្យរស់ឡើងវិញ នូវសេចក្តីសង្ឃឹមសម្រាប់បញ្ឈប់ជម្លោះ ដែលអូសបន្លាយអស់រយៈពេលជាងបីឆ្នាំ បន្ទាប់ពីការចរចារដែលរងការជាប់គាំងអស់រយៈពេលដ៏យូរ។
តំបន់មួយក្នុងរដ្ឋធានីគៀវរបស់អ៊ុយក្រែន រងការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃទី ២៤ ខែមេសា។ រូបថត៖ Reuters |
កាលបរិចេ្ចទរបស់រដ្ឋបាលសហរដ្ឋអាមេរិក
សេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump រួមជាមួយនឹងព័ត៌មានដែលបានចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនាពេលថ្មីៗនេះ បានបង្ហាញថា មានវឌ្ឍនភាពជាក់លាក់ក្នុងការចរចាលើកិច្ចព្រមព្រៀងសន្តិភាពដែលបានស្នើឡើងដោយរដ្ឋបាលអាមេរិក សំដៅបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់ជាច្រើនអ្នកក្នុងរដ្ឋបាលសហរដ្ឋអាមេរិក ដូចជាបេសកជនពិសេស លោក Steve Witkoff ដែលបានជួបប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចំនួនពីរលើក នាពេលថ្មីៗនេះ ក៏បានប្រកាសពីលក្ខខណ្ឌមួយចំនួននៃកិច្ចព្រមព្រៀង រួមទាំងការធ្វើសម្បទានទាក់ទងនឹងដែនដីមួយចំនួន ពីភាគីរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
កាយវិការទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលអាមេរិកក្នុងការទទួលបានជ័យជម្នះផ្នែកការទូតក្នុងពេលឆាប់ៗនេះ នៅពេលដែលលោក Donald Trump ហៀបនឹងបញ្ចប់រយៈពេល ១០០ ថ្ងៃដំបូង នៃការកាន់តំណែងរបស់ខ្លួន(ថ្ងៃទី ៣០ ខែមេសា) ពីព្រោះសេចក្តីប្រកាសដ៏គួរឱ្យកត់សម្គាល់បំផុត ក្នុងការបោះឆ្នោតរបស់លោក Donald Trump គឺ "បញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោង"។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងថា៖ "ជម្លោះនេះអាចបញ្ឈប់បាន ហើយភាគីទាំងពីរត្រូវតែទទួលយក។ យើងបានចង្អុល់បង្ហាញពីមាគ៌ាឆ្ពោះទៅមុខនិងបង្ហាញឲ្យពួកគេដល់ទីបញ្ចប់ ដូច្នេះយើងត្រូវការយល់ព្រមពីភាគីទាំងពីរ"។
សេណារីយ៉ូនៃការដកថយក្រោយ
សំណួរដែលបានដាក់ចេញនាពេលនេះ គឺថា តើសម្ពាធពីរដ្ឋបាលអាមេរិកគឺគ្រប់គ្រាន់ដើម្បីបង្ខំឱ្យទាំងរុស្ស៊ីនិងអ៊ុយក្រែន ទទួលយកការសម្បទាន និងឈានដល់កិច្ចព្រមព្រៀងដែរឬទេ? ឆ្លើយតបនឹងប៉ុស្តិ៍ទូរទស្សន៍អាមេរិក CBS រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា ការចរចាររវាងរុស្ស៊ីនិងអាមេរិក កំពុងដើរតាមទិសដៅត្រឹមត្រូវ ហើយមានតែលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះដែលត្រូវការពិភាក្សាលម្អិតបន្ថែមទៀត។ ផ្ទុយទៅវិញ អ៊ុយក្រែនបានបង្ហាញគោលជំហរតឹងរ៉ឹងជាង ដោយបានប្រកាសមិនអាចទទួលយកសំណើមួយចំនួនក្នុងកិច្ចព្រមព្រៀងរបស់អាមេរិក ទាក់ទងនឹងការធ្វើសម្បទានឬការទទួលស្គាល់តំបន់ដែនដី។ បណ្តាប្រទេសអ៊ឺរ៉ុប ដែលត្រូវបានរុញទៅម្ខាងក្នុងការចរចារវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែន កំពុងបង្កើតផែនការផ្ទាល់ខ្លួន ដើម្បីគាំទ្រអ៊ុយក្រែន ក៏មិនគាំទ្រការដាក់សម្ពាធរបស់អាមេរិកក្នុងការបង្ខំឱ្យអ៊ុយក្រែនទទួលយកកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗ ដោយចាត់ទុកថា មានបទប្បញ្ញត្តិមួយចំនួនដែលមិនអំណោយផលសម្រាប់អ៊ុយក្រែន។ ដូច្នេះហើយ ប្រសិនបើគ្មានរបកគំហើញនាប៉ុន្មានថ្ងៃខាងមុខទេ សេណារីយ៉ូដែលអាមេរិកបោះបង់ចោលតួនាទីជាអ្នកសម្របសម្រួលសន្តិភាពគឺមានហានិភ័យខ្ពស់មែន។ អ្នកជំនាញ James Nixey បានធ្វើអត្ថាធិប្បាយថា៖ “សហរដ្ឋអាមេរិកអាចនឹងបោះបង់ចោលទាំងស្រុងនូវការពិភាក្សាអំពីបញ្ហាអ៊ុយក្រែន។ នេះគឺជាប្រទេសអាមេរិកខុសពីអ្វីដែលយើងបានឃើញកាលពី ១២ ខែមុន។ ដូច្នេះហើយ ប្រសិនបើមិនអាចដោះស្រាយបញ្ហាដែលពួកគេអះអាងថាអាចដោះស្រាយបាន អាមេរិកនឹងចាត់ទុកការបោះបង់ចោលការចរចាដ៏រញ៉េរញ៉ៃរវាងរុស្ស៊ី-អ៊ុយក្រែន ជាជម្រើសដែលអាចធ្វើទៅបាន”។
ក្នុងករណីដែលសេណារីយ៉ូនេះកើតឡើង ជម្លោះរុស្ស៊ីនិងអ៊ុយក្រែនអាចបន្តអូសបន្លាយដោយមានផលវិបាកដែលមិនអាចទាយទុកមុនបាន។ យោងតាមលោក James Nixey ទាំងរុស្ស៊ី និងអ៊ុយក្រែនអាចបន្តផែនការរបស់ពួកគេ ប្រសិនបើពួកចាត់ទុកថា កិច្ចព្រមព្រៀងសន្តិភាពដែលស្នើឡើងដោយសហរដ្ឋអាមេរិកមិនបំពេញតាមការទាមទាររបស់ពួកគេ។ នៅពេលនោះ ផលវិបាកនៃជម្លោះនឹងធ្វើឱ្យពិភពលោកកាន់តែអស្ថិរភាព នៅពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាធំៗផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
