យោងតាមទិន្នន័យចំនួនប្រជាជន បច្ចុប្បន្ននេះ វៀតណាមមានប្រជាជនវ័យចំណាស់ប្រហែល ១៦,១ លាននាក់ ស្មើនឹងជាង ១៦% នៃចំនួនប្រជាជនទាំងមូល។ ក្នុងនោះ មានជនចាស់ជរាជាង ១លាននាក់ កំពុងចូលរួមយ៉ាងសកម្មក្នុងការងារតាមភូមិ ឃុំ និងសង្កាត់នានា; ជាង ៩ លាននាក់ កំពុងចូលរួមធ្វើការ ផលិតកម្ម និងធ្វើអាជីវកម្មដោយផ្ទាល់ ក្នុងនោះ មានមនុស្សជាច្រើនត្រូវបានបក្ស និងរដ្ឋប្រគល់គិត្តិនាមជា វីរបុរសពលកម្ម ក្នុងយុគសម័យផ្លាស់ប្តូរថ្មី(Doi Moi)។ ទាំងនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកកើតឡើង “សេដ្ឋកិច្ចប្រាក់នៅវៀតណាមក្នុងយុគសម័យថ្មី”។

គណរៀបចំបានប្រគល់អំណោយដល់ជនចាស់ជរាចំនួន១០នាក់ក្នុងពិធីសម្ពោធខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ២០២៥។រូបថត៖VOV

ជនចាស់ជរាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ

ក្នុងសារអំពាវនាវឲ្យជនចាស់ជរាទាំងអស់រួមសាមគ្គីគ្នា ក្នុងឆ្នាំ១៩៤១ លោកប្រធានហូជីមិញបានចង្អុលបង្ហាញថា៖ “ប្រទេសជាតិរីកចម្រើនដោយមានជនចាស់ជរាកសាង ប្រទេសជាតិគង់វង្សគឺដោយមានជនចាស់ជរាគាំទ្រ។ ប្រទេសបាត់បង់ ជនចាស់ជរាជួយសង្គ្រោះ។ ប្រទេសជាតិចុះខ្សោយ ជនចាស់ជរាជួយទ្រទ្រង់”។ សារាចរណ៍លេខ៥៩ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៥ របស់លេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី៧ ស្តីពីការថែទាំជនចាស់ជរា បានបញ្ជាក់ថា៖ ជនចាស់ជរាគឺទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ ជាកម្លាំងដែលមានបទពិសោធន៍ច្រើន មានតួនាទីសំខាន់ក្នុងគ្រួសារ និងសង្គម។ ដោយលើកឡើងពីតួនាទីរបស់ជនចាស់ជរា ក្នុងជំនួបជាមួយកម្មាភិបាលសំខាន់ៗនៃជនចាស់ជរាវៀតណាមនាខែមិថុនា ឆ្នាំ២០២៤ អគ្គលេខាបក្ស លោក តូ ឡឹម (នៅពេលនោះកាន់តំណែងជាប្រធានរដ្ឋ) បានអះអាងថា ជនចាស់ជរាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ។

“ជនចាស់ជរាវៀតណាមក្នុងគ្រប់សម័យកាលនៃប្រវត្តិសាស្ត្រ តែងតែសក្តិសមជាសសរទ្រូងរបស់ប្រទេសជាតិ បានលះបង់ដើម្បីប្រទេសជាតិ ជាអណ្តាតភ្លើងអមតៈ ដែលបានបំភ្លឺស្មារតីឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងឋិតថេរចិរកាលរបស់ប្រទេសជាតិ។ ប្រទេសយើងមានបុព្វហេតុដ៏រុងរឿង និងឋានៈអន្តរជាតិខ្ពស់ដូចសព្វថ្ងៃនេះ មិនអាច់មិននិយាយដល់ការរួមចំណែកដ៏សំខាន់របស់ជនចាស់ជរាវៀតណាមឡើយ"

នៅប្រទេសវៀតណាមសព្វថ្ងៃនេះ ជនចាស់ជរាជាច្រើននាក់បានបន្តចូលរួមក្នុងការងារផលិតកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ ការគ្រប់គ្រងសហគ្រាស ឬការបង្រៀនសិប្បកម្មប្រពៃណី ដោយបង្ហាញយ៉ាងច្បាស់ថា អាយុមិនថយចុះតម្លៃនៃការរួមវិភាគទានរបស់ពួកគេនោះទេ ប៉ុន្តែផ្ទុយទៅវិញ បានបញ្ជាក់បន្ថែមនូវតួនាទីដែលមិនអាចជំនួសបានរបស់ពួកគេទៀតផង។ នៅសង្កាត់ Cau Giay ទីក្រុងហាណូយ មានថ្នាក់រៀនពិសេសមួយដែលមានឈ្មោះថា “ការផ្លាស់ប្តូរឌីជីថល និង AI” សម្រាប់ជនចាស់ជរាដែលមានអាយុពី ៦៥-៨៥ ឆ្នាំ។ ថ្នាក់រៀននេះរៀបចំដោយលោកគ្រូ Dinh Ngoc Son កម្មាភិបាលចូលនិវត្តន៍ អតីតអនុប្រធាននាយកដ្ឋានវិទ្យុនិងទូរទស្សន៍ បណ្ឌិត្យសភាសារព័ត៌មាននិងផ្សព្វផ្សាយ។ លោកគ្រូ Dinh Ngoc Son បានចែករំលែក៖

“គម្រោងថ្នាក់រៀននេះ មានគោលបំណងបំផុសគំនិតសហគមន៍ ជាពិសេសជនចាស់ជរាឱ្យបន្តការសិក្សា ព្រោះយើងមានឧបករណ៍ជាច្រើនដើម្បីរៀនប្រើប្រាស់ រួមទាំងបញ្ញាសិប្បនិម្មិត និងការផ្លាស់ប្តូរឌីជីថល។ នៅពេលអនាគត ខ្ញុំចង់ជួយឱ្យជនចាស់ជរាមានទំនុកចិត្តបន្ថែមទៀត ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដូច្នេះហើយ តម្លៃនៃការផ្លាស់ប្តូរឌីជីថលមិនមានតែទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែអាចចូលទៅក្នុងជីវភាពរស់នៅរបស់ជនចាស់ជរាទៀតផង”

រីកសាយភាយតួនាទីរបស់ជនចាស់ជរាក្នុងយុគសម័យថ្មី

នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានចេញផ្សាយគោលនយោបាយជាច្រើនស្តីពីការថែទាំសុខភាព ធានារ៉ាប់រង និងសុខុមាលភាពសង្គមសម្រាប់ជនចាស់ជរា ដោយមានវិធីសាស្រ្តអភិក្រមថ្មីៗ; ដាក់ជនចាស់ជរាក្នុងតួនាទីជាធនធានដ៏សំខាន់ ដែលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី។

ដើម្បីពង្រីកថែមទៀតនូវតួនាទី បទពិសោធន៍ និងបញ្ញារបស់ជនចាស់ជរា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅខែកុម្ភៈឆ្នាំនេះ នាយករដ្ឋមន្ត្រីបានអនុម័តលើគម្រោង “ជនចាស់ជរា ចូលរួមជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការចាប់ផ្តើមអាជីព និងបង្កើតការងារធ្វើ”។ គម្រោងនេះមិនត្រឹមតែជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់សក្តានុពលរបស់ជនចាស់ជរាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ ក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល និងការការពារបរិស្ថានទៀតផង។ ការចាប់ផ្តើមអាជីពសម្រាប់ជនចាស់ជរាគឺជាដំណោះស្រាយមួយដើម្បីធានាសុខុមាលភាពសង្គម ដើម្បីជនចាស់ជរាអាចបន្តរួមវិភាគទាន រស់នៅដោយក្តីសប្បាយរីករាយនិងមានផាសុខភាពក្នុងនិន្នាការចំនួនប្រជាជនវ័យចំណាស់ នាបច្ចុប្បន្ន។

ក្នុងខែសកម្មភាពដើម្បីជនចាស់ជរាឆ្នាំនេះ សមាគមជនចាស់ជរាគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសនឹងរៀបចំសកម្មភាពកីឡា និងវប្បធម៌ជាច្រើនសំដៅលើកកម្ពស់សុខភាពទាំងខាងរាងកាយនិងផ្លូវចិត្ត ហើយបង្កឱកាសសម្រាប់ផ្លាស់ប្តូរ សិក្សារៀនសូត្រទៅវិញទៅមកសម្រាប់ជនចាស់ជរា។ ខែសកម្មភាព ក៏ផ្តោតលើការថែទាំសុខភាពដ៏ទូលំទូលាយដូចជា៖ ការសួរសុខទុក្ខ ផ្តល់អំណោយ ការពិនិត្យសុខភាព ហើយបានរៀបចំការពិគ្រោះយោបល់ គាំពារផ្លូវច្បាប់ និងការការពារសិទ្ធិរបស់ជនចាស់ជរានៅទូទាំងប្រទេស។

តាមពិតទៅ នៅពេលដែលត្រូវបានយកចិត្តទុកដាក់ និងផ្តល់លក្ខខណ្ឌអំណោយផល ជនចាស់ជរានឹងបន្តរួមចំណែកដល់សហគមន៍ និងប្រទេសជាតិ។ បទពិសោធន៍ដ៏មានតម្លៃរបស់ពួកគេ ប្រសិនបើត្រូវបានពង្រីក នឹងក្លាយជាប្រភពធនធានដ៏ធំធេង ជួយឲ្យប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕