ក្បាច់រាំផ្លិតរបស់ជនជាតិចាម (រូបថត៖ Ngọc Anh/VOV5) |
ជនជាតិចាមមានរបាំចំនួន ៨០ ក្បាច់រាំ ហើយក្បាច់រាំនីមួយៗត្រូវគ្នាទៅនឹងព្រះអាទិទេព្យចំនួន ៨០ អង្គ តាមជំនឿរបស់ជនជាតិចាម។ ក្បាច់រាំទាំងអស់នេះភាគច្រើនប្រកបដោយលក្ខណៈសាសនា និងខាងវិញ្ញាណ (ព្រះ) និងក្បាច់រាំក្នុងបរមរាជវាំង (ពិធី)។ របាំត្រូវបានសម្តែងក្នុងទម្រង់នៃការបួង សួង ពិធីបុណ្យ និងភ្លេងក្នុងពិធីថ្វាយបង្គំព្រះអាទិពេទ្យ ដោយប្រព្រឹត្តទៅតាមវត្តអារាម ឬក្នុងពិធីបុណ្យទានធំៗរបស់សហគមន៍។ ក្បាច់រាំព្រះសិវៈ ព្រះ Uma ព្រះនាងអប្សរា... សុទ្ធតែជារបាំដែលមានគេស្គាល់ដល់ច្រើន ត្រូវបានសម្តែងតាមលក្ខណៈបុគ្គល ឬតាមក្រុម។ លោក Dang Chi Quyet ភូមិ Bau Truc ទីរួមស្រុក Phuoc Dan ស្រុក Ninh Phuoc ខេត្ត Ninh Thuan បានឲ្យដឹងថា៖ “របាំប្រពៃណីរបស់ជនជាតិចាមត្រូវបានមរតកបន្តពីជំនាន់មួយទៅជំនាន់មួយ។ ក្បាច់រាំនីមួយៗត្រូវគ្នាទៅនឹងព្រះអាទិទេពជាក់លាក់មួយអង្គ និងចង្វាក់ស្គររៀងៗខ្លួន។ ជនជាតិចាមពឹងផ្អែកលើឧបករណ៍ភ្លេងបុរាណសម្រាប់ការរាំ និងច្រៀង។ លក្ខណៈវិសេសវិសាលគឺស្ថិតនៅត្រង់ចំណុចនេះ។ ស្ត្រីជនជាតិចាមភាគច្រើនចេះរាំ។ តាំងពីតូច ប្អូនៗកុម៉ារ សុទ្ធតែបានមើល និងត្រាប់តាមក្បាច់រាំនីមួយៗ”។
របាំជនជាតិចាមឆ្លុះបញ្ចាំងពីការរស់នៅ ការងារពលកម្ម និងដំណើរការផលិតរបស់ជនជាតិចាម។ របាំជនប្រជាប្រិយរបស់ជនជាតិចាមមានរបាំសំខាន់ចំនួន៤ គឺរបាំក្ងោក របាំទូលទឹក របាំកន្សែង របាំឈាន់ភ្លើង។
តាមទស្សនទានរបស់ជនជាតិចាម ក្ងោកជានិមិត្តរូបនៃភាពរីករាយ និងលាភសំណាង។ ដូច្នេះហើយ របាំក្ងោកតែងតែមានវត្តមាននៅក្នុងពិធីបុណ្យ និងថ្ងៃសប្បាយរីករាយរបស់សហគមន៍។ ហើយរបាំក្ងោកមិនអាចខ្វះផ្លិតបានឡើយ។ របាំផ្លិតក៏ជារបាំដ៏ពេញនិយមដែលស្ត្រីជនជាតិចាមណាក៏ស្គាល់ដែរ។
សិប្បករសម្តែងការងារស្មូនរបស់ជនជាតិចាម (រូបថត៖ Ngọc Anh/VOV5) |
របាំទូលទឹកមានប្រភពចេញពីជីវភាពប្រចាំថ្ងៃ ស្ត្រីជនជាតិចាមតែងតែ ទូលក្អមទឹក ពាងសេរ៉ាមិច ថាសផ្លែឈើ ឬទូលកន្ត្រកស្រូវពីស្រែ។ ជនជាតិ ចាមបានបង្កើតរបាំទូលទឹកដែលរួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់ជាមួយរបាំក្ងោក បង្កើនភាពវិសេសវិសាលរបស់ក្បាច់រាំនេះ។ តាមទស្សនៈរបស់ជនជាតិចាម កន្សែងតំណាងឱ្យបេះដូងដ៏បរិសុទ្ធ និងទន់ភ្លន់របស់នារីវ័យក្មេង។ យ៉ាងណាមិញ ការរាំកន្សែងមិនត្រឹមតែស្ត្រីទេ បុរសក៏ចូលរួមដែរ។ សម្រាប់ស្ត្រី ចលនាមានភាពទន់ភ្លន់ ចំណែកឯបុរសវិញ ចលនាមានភាពរឹងមាំ។ របាំឈ្នាន់ភ្លើង គឺជារបាំសម្រាប់តែបុរស ហើយជារឿយៗលេចឡើងក្នុងពិធីបុណ្យ Rija Nagar (ពិធីបុណ្យរបស់ជនជាតិចាម)។ ពេលរាំ គេនឹងប្រើជើងធាក់ភ្លើង ហើយកាន់រំពាត់ ឬដាវក្នុងដៃ ដោយមានចលនាដែលបង្ហាញពីការរាំផងនិងប្រយុទ្ធផង ដែលបង្ហាញពីភាពរឹងមាំ និងភាពស្មោះត្រង់របស់ជនជាតិចាមក្នុងការការពារភូមិ និងស្រុកកំណើត។
របៀបដែលជនជាតិចាមវាយស្គរពេលរាំក៏មានលក្ខណៈពិសេសដែរ។ លោក Ka Phiu ជាជនជាតិចាមនៅខេត្ត Ninh Thuan បានឲ្យដឹងថា៖ “អន្លូងវាយស្គរពីរ គឺតំណាងឱ្យដៃមនុស្ស។ វាយស្គរត្រូវរក្សាចង្វាក់ ដែលមានន័យថាមនុស្សម្នាក់វាយស្គរយិន ហើយម្នាក់ទៀតវាយស្គរយ៉ាង។ នៅផ្នែកស្គយិន គេវាយស្គរដោយដៃរបស់ពួកគេ ហើយនៅផ្នែកយ៉ាង គេត្រូវវាយស្គរដោយអន្លូង”។
សិល្បៈរបាំចាម ជាសម្បត្តិសិល្បៈដ៏មានតម្លៃរបស់ជនជាតិចាម។ ក្បាច់រាំរបាំនីមួយៗប្រកបដោយជម្រៅនៃវប្បធម៌ ទស្សនៈពិភពលោក និងទស្សនវិជ្ជានៃជីវិតរបស់ជនជាតិចាម។ សំខាន់ជាងនេះទៅទៀត វារួមចំណែកដល់ភាពចម្រុះនៃវប្បធម៌របស់ជនជាតិចំនួន ៥៤ ទូទាំងប្រទេសវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

