ផ្ទះ Mayau របស់ជនជាតិចាមនៅឃុំ Xuan Hai ស្រុក Ninh Hai ខេត្ត Ninh Thuan។រូបថត៖ VOV |
បរិវេណផ្ទះប្រពៃណីរបស់ជនជាតិចាមនៅតំបន់ដី Paduranga ខេត្ត Ninh Thuan និង Binh Thuan មានរាងចតុកោណ ហើយជាធម្មតាមានផ្ទះជុំវិញពី ៥ ទៅ ៧ ខ្នង អាស្រ័យទៅតាមស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងវណ្ណៈសង្គមរបស់ម្ចាស់ផ្ទះ។ បរិវេណផ្ទះប្រពៃណីរបស់ប្រជាជនវណ្ណៈកណ្ដាលមានផ្ទះ ៥ ខ្នង រួមមាន៖ ផ្ទះ Ging ដែលជាផ្ទះបាយ; ផ្ទះ Ye - ជាកន្លែងសម្រាប់គូប្ដីប្រពន្ធទើបនឹងរៀបការ និងជាផ្ទះដ៏សំខាន់បំផុតរបស់ជនជាតិចាម ដោយសារពិធីការទាំងអស់របស់ក្រុមគ្រួសារ តែងតែប្រព្រឹត្តទៅនៅទីនេះ។ បន្ទាប់នោះគឺផ្ទះ Gar - ជាកន្លែងដែលឪពុកម្ដាយនិងបងប្អូនបង្កើតនៅលីវរស់នៅ; នៅពីក្រោយផ្ទះ Gar គឺផ្ទះ Mayau ជាកន្លែងដែលកូនស្រីច្បងក្នុងគ្រួសារនឹងរស់នៅ នៅពេលដែលកូនស្រីទីពីររៀបការ។ ចុងក្រោយបំផុតគឺផ្ទះ Tong សម្រាប់អ្នកមានឋានៈនិងជនចាស់ជរាក្នុងគ្រួសារ។ ចំណែកវណ្ណៈអ្នកមុខអ្នកការ គេនៅមានផ្ទះសម្រាប់ផ្ទុកម៉ាស៊ីនកិនស្រូវ និងផ្ទះសម្រាប់ផ្ទុកឧបករណ៍កសិកម្មទៀតផង។
ពេលសង់ផ្ទះ ជនជាតិចាមមិនដែលសង់ផ្ទះបែរមុខទៅទិសខាងកើតទេ។ រឿងដំបូងដែលត្រូវធ្វើគឺជ្រើសរើសដីសម្រាប់សង់ផ្ទះ ដីត្រូវខ្ពស់នៅខាងថ្ងៃលិច និងទាបនៅខាងថ្ងៃរះ។ ខែទី ៣ ទី ៦ និងទី ៨ តាមប្រតិទិនចាម គឺជាពេលវេលាដែលជនជាតិចាមសង់ផ្ទះ។ លោក Su Van Tien នៅទីរួមស្រុក Phuoc Dan ស្រុក Ninh Phuoc ខេត្ត Ninh Thuan បានឲ្យដឹងថា៖
“ផ្ទះរបស់ជនជាតិចាមមិនអាចសង់តាមអំពើចិត្តបានទេ។ វាត្រូវបានរៀបចំតាមសណ្ដាប់ធ្នាប់ប្រពៃណីតាំងពីមុនមក។ ប្រសិនបើសង់ផ្ទះខុសទិស ការងាររកស៊ីមិនបានល្អ គ្រួសារមិនចុះសម្រុងគ្នា”។
ពេលសាងសង់បរិវេណរួចរាល់ ជនជាតិចាមនឹងសង់ផ្ទះ Ging - ផ្ទះបាយដំបូងគេ។ តាមទស្សនៈទានរបស់ជនជាតិចាម ផ្ទះបាយជាកន្លែងផ្តល់អាហារ រក្សាជីវភាពរស់នៅសម្រាប់គ្រួសារទាំងមូល ដូច្នេះផ្ទះបាយត្រូវតែសង់ដំបូងគេ។ មិនត្រឹមតែជាកន្លែងធ្វើម្ហូបប៉ុណ្ណោះទេ ផ្ទះបាយក៏ជាកន្លែងរក្សាទុកស្បៀងអាហារ ឧបករណ៍កសិកម្ម និងគ្រឿងតម្បាញឬស្សីមួយចំនួនទៀត។ ឆ្លៀតយកផ្សែងពីផ្ទះបាយ ជនជាតិចាមក៏សង់ឃ្លាំងមួយនៅជាប់នឹងផ្ទះបាយដើម្បីរក្សាទុកកសិផល និងគ្រាប់ពូជ។ ពេលសង់ផ្ទះបាយរួចរាល់ ទើបជនជាតិចាមសង់ផ្ទះដទៃទៀត។ អ្នកស្រាវជ្រាវវប្បធម៌ចាម លោកបណ្ឌិត Phu Van Han បានឲ្យដឹងថា៖
“ផ្ទះបាយបែរមុខទៅទិសខាងកើត ផ្ទះ Ye បែរមុខទៅទិសខាងលិច - ដែលជាទិសនៃទ្រព្យសម្បត្តិ ហើយផ្ទះ Mayau មានមុខពីរ បែរទៅទិសខាងលិច និងខាងត្បូង។ ផ្ទះ Tong ត្រូវបានសង់នៅទិសខាងលិច ដោយមានក្លោងទ្វារធំ បើកទៅទិសខាងកើត។ នោះជាទស្សនៈទាន និងវប្បធម៌សាងសង់ផ្ទះរបស់ជនជាតិចាម”។
ផ្ទះ Ye ជាកន្លែងរៀបចំសកម្មភាពជំនឿ និងពិធីការនានា។ បន្ទាប់ពីសង់ផ្ទះ Ye រួចរាល់ គេនឹងសង់ផ្ទះមួយឱ្យឪពុកម្ដាយរស់នៅដែលបានហៅថា ផ្ទះ Gar ឬ ផ្ទះ Lam។ គ្រួសារណាដែលមានឋានៈ ឬជនចាស់ជរានឹងសង់ផ្ទះ Tong បន្ថែមទៀត។
ផ្ទះ Gar របស់លោកស្រី Thanh Thi Phong នៅឃុំ Xuan Hai ស្រុក Ninh Hai ខេត្ត Ninh Thuan។ រូបថត៖ VOV |
ក្នុងគ្រួសារមួយដែលមានបងប្អូនស្រីជាច្រើន ពេលកូនស្រីម្នាក់រៀបការ ហើយចាក់ចេញពីផ្ទះ ឪពុកម្ដាយនឹងសង់ផ្ទះថ្មីមួយឈ្មោះ ផ្ទះ Mayau។ លោកស្រី Thanh Thi Phong នៅភូមិ Phuoc Nhon ២ ឃុំ Xuan Hai ស្រុក Ninh Hai ខេត្ត Ninh Thuan បានឲ្យដឹងថា៖ ផ្ទះរបស់គ្រួសារ ត្រូវបានសាងសង់តាំងពីឆ្នាំ ១៩៦០ ដោយមានទាំងផ្ទះ Gar និងផ្ទះ Mayau។ ផ្ទះត្រូវបានសាងសង់
ពីឈើ និងឆ្លាក់យ៉ាងល្អប្រណិត៖
“កូនស្រីពៅរបស់ខ្ញុំបានជួសជុលផ្ទះនេះឡើងវិញ ប៉ុន្តែរក្សាស្ថានភាពដើម ត្រឹមតែសាងសង់ជញ្ជាំងថ្មីជុំវិញ ដើម្បីការពារចម្លាក់ឈើក្នុងផ្ទះពីការរងការខូចខាតដោយភ្លៀង និងពន្លឺព្រះអាទិត្យ។ ជាងនេះទៅទៀត គ្រួសារខ្ញុំចង់ថែរក្សាផ្ទះចាស់ដែលជីដូនជីតាបន្សល់ទុកមក ហើយថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិចាម ដោយសារផ្ទះបុរាណ នៅសល់តិចតួចណាស់”។
បច្ចុប្បន្ននេះ បរិវេណផ្ទះរបស់ជនជាតិចាមមានការផ្លាស់ប្តូរ ហើយប្រជាជនសង់ផ្ទះទៅតាមស្ថានភាពសេដ្ឋកិច្ច ដោយមានលក្ខណៈសាមញ្ញជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ទំនៀមទម្លាប់ និងតំណមមួយចំនួនក្នុងវប្បធម៌ប្រពៃណីរបស់ជនជាតិចាម នៅតែរក្សាបាននៅមូលដ្ឋាន ដូចជា៖ បើកើតនៅក្នុងផ្ទះណា នឹងស្លាប់នៅក្នុងផ្ទះនោះ ឬពេលចូលផ្ទះជនជាតិចាម ភ្ញៀវមិនគួរក្រព័ទ្ធដៃ ឈរអើតមើលឡើយ គួរតែចូលផ្ទះភ្លាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

