ពិធីបុណ្យបណ្ដេញគ្រោះឧបទ្រពចង្រៃបួងសួងសុំសេចក្ដីសុខចម្រុងចម្រើន (Kieng lang) របស់ជនជាតិ Brau នៅខេត្ត Kon Tum (រូបថត៖ danviet.vn) |
ដើម្បីជំនះពុះពារលើគ្រោះអាសន្នទាំងនេះ ក្រុមប្រឹក្សាភូមិនឹងជូបជុំគ្នា ដូច្នេះ ដើម្បីធ្វើការឯកភាពគ្នាជ្រើសរើសថ្ងៃរៀបចំពីបុណ្យបណ្ដេញឧបទ្រពចង្រៃចេញ ហើយនាំគ្នា បួងសួងសុំសេចក្ដីសុខចម្រុងចម្រើនចំពោះសហគមន៍ (Kieng lang) ដែលភាសា Brau ហៅថា Bon Xo Ruk ។
យោងតាមទស្សនៈទានរបស់ជនជាតិ Brau ថា ពីធីបុណ្យបណ្ដេញឧបទ្រពចង្រៃ បួងសួងសុំសេចក្ដីសុខចម្រុងចម្រើនគឺជាពិធីបុណ្យដ៏សំខាន់ពិសេស ដែលត្រូវបានរៀបចំឡើង ខណៈដែលសហគមន៍មានព្រឹត្តិការណ៍ ឬបម្រែបម្រួលធំៗ ដែលប៉ះពាល់ដល់ស្ថិរភាពរបស់សហគមន៍ ដូចជា៖ ភ្លើងឆេះផ្ទះ ជំងឺរាតត្បាត ភ្នំបាក់ ទឹកជន់លិច ឬរដូវកាលមិនអំណោយផល។ នៅពេលនេះ ជនជាតិ Brau នឹងរៀបចំពិធីបុណ្យ បណ្ដេញឧបទ្រពចង្រៃ បួងសួងសុំសេចក្ដីសុខចម្រុងចម្រើន (Bon Xo Ruk)។ ដើម្បីរៀបចំពិធីបុណ្យនេះ អ្នកភូមិត្រូវត្រៀមរៀបចំយ៉ាងហ្មត់ចត់អស់រយៈពេលជាច្រើនថ្ងៃ។ លោកបណ្ឌិត Bui Ngoc Quang មកពីបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានចាត់ទុកថា៖ “ប្រព័ន្ធពិធីបុណ្យរបស់ជនជាតិ Brau គឺសម្បូរបែប ពិពិធកម្ម និងចម្រុះណាស់។ ជាពិសេសគឺពិធីបុណ្យ បណ្ដេញឧបទ្រពចង្រៃ បួងសួងសុំសេចក្ដីសុខចម្រុងចម្រើនសម្រាប់អ្នកភូមិ (Bon Xo Ruk)។ ពិធីបុណ្យនេះ ត្រូវបានអនុវត្តន៍ក្នុងរយៈពេល ៣ ថ្ងៃ យ៉ាងហ្មត់ចត់តាមរបៀបរាបរយ។ ជាពិសេស អ្នកភូមិមានស្មារតីទទួលខុសត្រូវក្នុងការរៀបចំពិធីបុណ្យនេះណាស់”។
ដើម្បីពិធីបុណ្យបណ្ដេញឧបទ្រពចង្រៃ បួងសួងសុំសេចក្ដីសុខចម្រុងចម្រើនដល់អ្នកភូមិប្រព្រឹត្តិទៅប្រកប ដោយជោគជ័យនោះ ក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិបានបែងចែកការងារយ៉ាងហ្មត់ចត់តាមសមត្ថភាពរបស់អ្នកភូមិ។ ជាក់ស្ដែង ខាងស្ត្រីបានត្រៀមរៀបចំស្បៀងអាហារ អុស និងពាងដាក់ទឹក។ ចំណែកបុរសវិញ គឺ ធ្វើដំណើរចូលព្រៃ កាប់ដើមឫស្សី ដើម្បីធ្វើដើម Neu និងធ្វើផ្ទះសក្ការបូជា។ នៅពេល ពិធីរៀបចំត្រូវបានសម្រេចជាស្ថាពរនោះ អ្នកភូមិទាំងអស់គ្នានឹងយកឫស្សី ដើម្បីធ្វើរបងជំវិញភូមិយ៉ាងរឹងមាំ ហើយក្លោងទ្វារភូមិត្រូវបានបិទជិត។ នៅពេលនេះ សកម្មភាពទាំងអស់របស់សហគមន៍អ្នកភូមិត្រូវតែអនុវត្តតាមច្បាប់ទំនៀមទម្លាប់ដ៏តឹងរឹង ពោលគឺ "គ្មាននរណាម្នាក់អាចចេញចូលក្នុងភូមិ" បានឡើយ។ លោក Anh Thao Loi អ្នកភូមិមួយរូប នៅឃុំ Bo Y ស្រុក Ngoc Hoa ខេត្ត Kon Tum បានឲ្យដឹងថា៖ “មុនពេលរៀបចំពិធីបុណ្យ គឺទាំងប្រុស និងស្ត្រីបានត្រៀមរៀបចំអុស ទឹក អង្ករ និងស្រា។ ក្នុងពិធីបុណ្យនេះ ព្រឹទ្ធាចារ្យភូមិបានចងសត្វក្របីជាប់ទៅបង្គោលមួយដើម បន្ទាប់មក កាប់កូនជ្រូកមួយក្បាលយកឈាមជ្រូកប្រោះទៅលើដើម Neu ហើយយកឈាមជ្រួកលាយជាមួយស្រា ដើម្បីស្រោចជុំវិញ ដើម Neu ព្រមទាំងបន់ស្រន់បណ្តេញឧបទ្រពចង្រៃ បួងសួងសុំសេចក្ដីសុខចម្រុងចម្រើន និងអញ្ជើញទេវតាមកធ្វើជាសក្ខីភាពផងដែរ”។
ប្រការមួយគួរឲ្យចាប់អារម្មណ៍ក្នុងថ្ងៃដំបូងនៃពិធីបុណ្យនេះ គឺ អ្នកភូមិ ត្រូវពន្លត់ភ្លើងចង្ក្រានរបស់គ្រួសារខ្លួន។ ព្រោះថាតាមទស្សនៈទានរបស់អ្នកភូមិគឺ អណ្ដាតភ្លើងនេះជាភ្លើងពិសិដ្ឋ ដូច្នេះហើយ នៅពេលអ្នកភូមិជួបគ្រោះអាសន្នគឺមានន័យថា អណ្ដាតភ្លើងនេះគឺលេងពិសិដ្ឋទៀត ហើយអ្នកភូមិត្រូវធ្វើពិធីបុណ្យ សុំអណ្ដាតភ្លើងពិសិដ្ឋ។
ថ្ងៃទី ២ នៃពិធីបុណ្យនេះគឺជាថ្ងៃដ៏សំសំខាន់ពិសេស ពោលគឺជាថ្ងៃ ដែលអ្នកភូមិបានធ្វើពីធីសុំអណ្ដាតភ្លើងពិសិដ្ឋថ្មី។ អ្នកភូមិបានរៀបចំគ្រឿងដង្វាយដូចជា សាច់ក្របី ថ្លើមក្របី ឈាមក្របី ឈាមមាន់ សាច់មាន់ និងស្រា។ ក្នុងថ្ងៃទី ២ នៃពិធីបុណ្យនេះ កំលោះ និងក្រមុំមួយគូនឹងនាំយកគល់ឬស្សីឈ្មោល និងគល់ឬស្សីញីចាស់មកផ្ទះ Rong។ ទាំងនេះគឺជាគល់ឬស្សីស្ងួតចំនួនពីរដែលត្រូវបានអ្នកភូមិជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ លោក Bui Ngoc Quang បានឲ្យដឹងថែមទៀតថា៖ “អ្នកភូមិបានជ្រើសយកគល់ ឫស្សីស្ងួតទាំង ២ នេះ ដើម្បីធ្វើជាគ្រឿងដង្វាយសំខាន់ក្នុងពីធីបុណ្យ។ នៅពេលនេះ ព្រឹទ្ធាចារ្យភូមិនឹងជំរាបជូនទេវតា Giang និងអ្នកភូមិ ថា នាថ្ងៃនេះ អ្នកភូមិនឹងធ្វើពិធីបង្កាត់ភ្លើងថ្មី ដោយសង្ឈឹមថា អណ្ដាតភ្លើងនេះនឹងនាំមកនូវសេចក្ដីសុខចម្រុងចម្រើនដល់អ្នកភូមិ”។
ប្រសិនបើថ្ងៃដំបូង និងថ្ងៃទី ២ គឺមានលក្ខណៈពិសិដ្ឋក្នុងពិធីបុណ្យនោះ គឺថ្ងៃទី ៣ ជាថ្ងៃនៃការជួបជុំគ្នា។ ជាក់ស្ដែង ស្ត្រីជនជាតិ Brau បាននាំយកភ្លើងដ៏ពិសិដ្ឋចេញពី ផ្ទះ Rong ហើយបុរសបាននាំយកសាច់ ដែលត្រូវបានបែងចែកមកផ្ទះខ្លួនឯង ដើម្បីបង្កាត់ភ្លើងចម្អិនអាហារដំបូងរបស់គ្រួសារដោយអណ្ដាតភ្លើង ពិសិដ្ឋ និងសាច់ដ៏ពិសិដ្ឋ។ បន្ទាប់មក អ្នកភូមិគ្រប់គ្នាបានទៅកាន់ទឹកជ្រោះក្នុងភូមិ ដើម្បីងូតទឹកលាងជម្រះគ្រោះចង្រៃ ការខ្វែងគំនិតគ្នា ក្ដីខឹងសម្បាដែលបានដិតជាប់ក្នុងបុគ្គលម្នាក់ៗ និងសហគមន៍។
ពិធីបុណ្យ បណ្ដេញឧបទ្រពចង្រៃ បួងសួងសុំសេចក្ដីសុខចម្រុងចម្រើនចំពោះសហគមន៍ បានដិតជាប់នូវផ្នត់ជំនឿនៃសាមគ្គីភាពសហគមន៍។ ទោះយ៉ាងណាកដ៏ដោយ នាបច្ចុប្បន្ន ពិធីបុណ្យនេះ មានតែនៅក្នុង គំនិតយល់ដឹងរបស់ជនជាតិ Brau នៅខេត្ត Kon Tum តែប៉ុណ្ណោះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
