តាមទំនៀមទំលាប់របស់ជនជាតិ Ede នៅពេលដែលចាស់ទុំក្នុងគ្រួសារមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ កូនចៅនឹងធ្វើពិធីមួយដើម្បីជូនពរដល់អ្នកចាស់ទុំឲ្យមានសុខភាពល្អ និងសម្តែងនូវការដឹកគុណចំពោះឪពុកម្តាយដែលបានចិញ្ចឹមបីបាច់ពួកគេឲ្យធំដឹងក្តី។ តាំងពីព្រលឹមមក ផ្ទះរបស់លោកស្រី H Thinh Kbuor និងលោក Y Le Nie នៅភូមិ Mlang ឃុំ Ea Tar ស្រុក Cu Mgar ខេត្ត Dak Lak មានសភាពអ៊ូអរ ដោយមានមនុស្សចេញចូលច្រើន។ មនុស្សម្នាជួយកាត់ស្លឹក រៀបចំស្រាពាង ហើយអ្នកខ្លះចូលរួមធ្វើម្ហូប អ្នកខ្លះទៀតជួយកាប់មាន់ និងជ្រូក ដើម្បីត្រៀមរៀបចំស្ពុកសែន។ លោក Y Le Nie ម្ចាស់ផ្ទះបានឲ្យដឹងថា គ្រួសាររបស់លោកកំពុងរៀបចំពិធីបុណ្យសែនសូមសុខភាពល្អជូនលោក Y Hai Kbuor អ៊ំរបស់លោកស្រី H'Thinh៖ “រៀបចំពិធីសែនសុខភាពជូនលោកអ៊ំ ចំថ្ងៃខួបកំណើតលោកអ៊ំ ដូច្នេះយើងបានរៀបចំពិធីសែនសូមមានសុខភាព ដើម្បីបួងសួងឲ្យលោកអ៊ំមានសុខភាពល្អបរិបូណ៍។ មុនថ្ងៃធ្វើពិធីនេះ យើងបានត្រៀមជ្រូក មាន់ ស្រាពាង គង់ឃ្មោះ និងរបស់របរមួយចំនួនទៀត។ យើងបានជម្រាបជូនសាច់ញាតិពីភូមិឆ្ងាយ និងភូមិជិត មកធ្វើបុណ្យជាមួយក្រុមគ្រួសារ និងជូនពរលោកអ៊ំផងដែរ”។

ពិធីសែនសូមឲ្យមានសុខភាពល្អគឺជាពិធីបុណ្យប្រពៃណី និងមានសារៈសំខាន់នៅក្នុងជីវភាពរស់នៅរបស់ជនជាតិ Ede។ រូបថត៖ Hong Trang

ស្ពុកគ្រឿងសែនត្រូវបានរៀបចំ ដោយមានទៀនព្រះវស្សាមួយដាក់លើផ្តិលលង្ហិន ធ្យូងដុតមួយក្តាប់តូច ចានសំរឹទ្ធមួយដែលមានស្រា ស្លាម្លូ អង្ករ និងមាន់ដុតមួយក្បាល។ ស្រា ៨ ពាង ត្រូវចងនៅកណ្តាលផ្ទះសម្រាប់ធ្វើពិធីក្នុងនោះ ពាងមួយសម្រាប់ថ្វាយដូនតា ពាង ៥ទៀតសម្រាប់សែនសូមមានសុខភាពជូនលោក Y Hai និងពាងដែលនៅសេសសល់សម្រាប់ទទួលភ្ញៀវ។ សំឡេងគងលង្ហិនបន្លឺឡើង ជាសញ្ញានៃការចាប់ផ្ដើមពិធីសែន។ សំឡេងគងក៏បន្លឺឡើងពេញដំណើរការសែនផងដែរ។ ពិធីសែនសូមឲ្យមានសុខភាពប្រព្រឹត្តទៅតាមរយៈការដង្ហែ៣យ៉ាងរួមមាន ការអញ្ជើញបុព្វការីជនមកចូលរួមក្នុងពិធីបួងសួងសុំសុខភាពអ្នកដែលទទួលបានការសែន និងការថ្លែងអំណរគុណ និងទទួលនូវការជូនពរពីញាតិមិត្ត។ លោក Y Hai Kbuor (Aê H'Rao) អាយុ ៨២ ឆ្នាំ មានភាពរីករាយជាខ្លាំងនៅពេលដែលកូនចៅរបស់លោកធ្វើពិធីសែនសុខភាព។ លោករៀបរាប់ថា នេះជាលើកទី៤ហើយដែលលោកទទួលបានពិធីបែបនេះ។ “ថ្ងៃនេះជាថ្ងៃសីល ជាថ្ងៃល្អ អរគុណកូនៗ ចៅៗ ញាតិមិត្ត រៀបចំពិធីសូមឲ្យមានសុខភាពដល់រូបខ្ញុំ រំលឹកពីប្រពៃណីដូនតាយើងពីអតីតកាល។ ពេលនេះខ្ញុំចាស់ហើយសុខភាពទន់ខ្សោយ ដូច្នេះពិធីសែននេះតំណាងឱ្យពរជ័យដល់កូនៗចៅៗ ដើម្បីឱ្យខ្ញុំមានសុខភាព និងរស់នៅប្រកបដោយសុភមង្គល។ ខ្ញុំមានអារម្មណ៍រំភើបជាខ្លាំង អរគុណក្រុមគ្រួសារ កូនចៅ និងអ្នកភូមិទាំងមូលដែលបានមកចូលរួមក្នុងពិធី”។

ពិធីពាក់ខ្សែដៃស្ពាន់បួងសួងសុំសុខភាព។ រូបថត៖ Hong Trang

បន្ទាប់ពីពិធីសូត្រមន្តម្តងៗ លោក Y Hai និងលោកអាចារ្យរួមគ្នា ពិសាបាយមួយដុំ ភ្លក់សាច់មួយដុំ និងពិសាស្រាពាង ដើម្បីទទួលនូវគ្រឿងសំណែន ដែលពិធីនោះបាននាំមកជូន។ អាចារ្យបានប្រគេនដំបងស្រាដល់លោក Y Hai និងធ្វើពិធីចែកខ្សែដៃសំរឹទ្ធ ប្រសិទ្ធពរជ័យដល់ម្ចាស់ពិធី និងភ្ញៀវដែលចូលរួមក្នុងពិធី។ បន្ទាប់មកដល់វេនកូនចៅ សមាជិកក្រុមគ្រួសារមកពាក់ខ្សែដៃស្ពាន់ និងជូនអំណោយដល់លោក Y Hai។ យោងតាមទស្សនៈទានរបស់ប្រជាជន Ede ខ្សែដៃស្ពាន់តំណាងឱ្យនិរន្តរភាព ការអភិវឌ្ឍក្នុងជីវិត និងសុខភាព។ អាចារ្យ Y Choch នៅភូមិ Mlang ឃុំ Ea Tar ស្រុក Cu M’gar បានឲ្យដឹងថា៖ “កូនចៅម្នាក់ៗ ញាតិវង្សក្នុងត្រកូលនៃបុគ្គលដែលទទួលបានការសែន ប្រទានពរដល់បុគ្គលនោះ ដោយពាក់ខ្សែដៃស្ពាន់ ខ្សែក និងអំណោយដល់បុគ្គលដែលទទួលបានពីការសែន។ វាមិនត្រឹមតែជាការប្រារព្ធពិធីប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីស្គាល់ញាតិសន្តាន និងកូនចៅក្នុងក្រុមគ្រួសារ និងត្រកូលបន្តទៀត ដោយបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធក្នុងគ្រួសារ ពេលមានអ្វីមួយក្នុងគ្រួសារ យើងគាំទ្រ និងជួយគ្នា។ ការពាក់ខ្សែដៃស្ពាន់ក៏តំណាងឱ្យការបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធនោះ”។

ពិធីជូនពរសុខភាពរបស់ប្រជាជន Ede នឹងធ្វើឡើងនៅពេលគម្រប់អាយុ១០ឆ្នាំដូចជាអាយុ៥០ឆ្នាំ ៦០ឆ្នាំ ឬ៧០ឆ្នាំ…។ អាស្រ័យតាមអាយុ រាល់ពេលជូនពរឱ្យមានសុខភាពល្អ ឬថ្លែងអំណរគុណដល់ឪពុកម្តាយក៏មានការបូជា ការផ្តល់ជូនផ្សេងគ្នា។ សម្រាប់បុគ្គលម្នាក់ៗ ការដែលអាច ជូនពរសុខភាពគឺជាក្តីសប្បាយដ៏ធំធេងមួយ ព្រោះជាធម្មតាមានតែគ្រួសារដែលមានលក្ខខណ្ឌប៉ុណ្ណោះដែលអាចធ្វើវាបាន។ លោក Y Wem H Wing អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Cu Mgar បានឲ្យដឹងថា៖ “ការសែនសូមសុខភាពថ្ងៃនេះ ជាការស្ដារឡើងវិញនូវវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Ede ក្នុងការសែនសូមឲ្យមានសុខភាពជូនដល់ញាតិសន្ដាន អប់រំយុវជនជំនាន់ក្រោយឱ្យយល់អំពីអត្ថន័យនៃពិធីសែនសូមឲ្យមានសុខភាព ដើម្បីអាចចម្លងទៅថ្ងៃអនាគត។ ទន្ទឹមនឹងនោះ លើកតម្កើងរូបភាពវប្បធម៌ដ៏ល្អរបស់ប្រជាជន តាមនោះក៏រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅស្រុក Cu Mgar ផងដែរ”។

សម្រាប់ប្រជាជន Ede ពិធីសែនសូមឲ្យមានសុខភាពគឺជាពិធីដ៏សំខាន់មួយដែលសម្គាល់ព្រឹត្តិការណ៍សំខាន់ឬសមិទ្ធិផលក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗជាពិសេសសម្រាប់បុរស។ នៅក្នុងទីសក្ការៈបូជាសូមឲ្យមានសុខភាពរបស់ប្រជាជន Ede ប្រជាជន និងភ្ញៀវទេសចរបានឃើញផ្ទាល់ភ្នែកនូវលក្ខណៈវប្បធម៌ពិសេសដែលបានសម្តែងឡើង។ នោះជាលំហនៃវប្បធម៌គងឃ្មោះ វប្បធម៌ស្រាពាង ហើយទន្ទឹមនឹងនេះក៏បង្ហាញពីសាមគ្គីភាពរវាងគ្រួសារ និងសមាជិកត្រកូលផងដែរ៕