ភ្ញៀវទេសចរវិលត្រឡប់ទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញក្រោយពីជម្ងឺរាតត្បាតកូវីដ-១៩ត្រូវបានរុញថយ។ (រូបថត៖ VOV) |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតាមប្រតិទិនច័ន្ទគតិនាពេលថ្មីៗនេះ ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ទោះបីនេះមិនមែនជាថ្ងៃបុណ្យនៅកម្ពុជាក៏ដោយ។ យោងតាមការធ្វើស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជា ភ្ញៀវទេសចរជិតមួយលាននាក់បានទៅកាន់គោលដៅទេសចរណ៍ដូចជា ប្រាសាទ ឆ្នេរសមុទ្រ រមណីយដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ដល់ទី៣ខែកុម្ភៈ កើនឡើងជាង៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ មុននោះ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២២ សណ្ឋាគារជាង៨០% នៅកម្ពុជាត្រូវបានកក់ពេញ ជាពិសេសនៅតាមបណ្តាខេត្តជាប់សមុទ្រនិងរាជធានីភ្នំពេញ។ សញ្ញាវិជ្ជមានទាំងនេះបង្ហាញពីការរស់ឡើងវិញនៃផ្នែកទេសចរណ៍ក្រោយពីបិទប្រតិបត្តិការក្នុងរយៈពេលវែងមួយដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ-១៩។
យោងតាមក្រសួងទេសចរណ៍របស់កម្ពុជា ក្នុងឆ្នាំ ២០១៩ ប្រទេសនេះបានទទួលភ្ញៀវអន្តរជាតិចំនួនជាង ៦,៦ លាននាក់ ដែលនាំមកនូវប្រាក់ចំណូលជាង ៤,៩ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ ដោយសារផលប៉ះពាល់នៃជម្ងឺរាតត្បាតនោះ ក្នុងឆ្នាំ ២០២០ ចំនួនភ្ញៀវអន្តរជាតិដែលមកកម្ពុជាមានត្រឹមតែ ១,៣ លាននាក់ប៉ុណ្ណោះ។ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២១ ចំនួននេះថែមទាំងថយចុះមកត្រឹមតែជាង១៦៣ពាន់នាក់ប៉ុណ្ណោះ។ ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបើកទ្វារទទួលភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩យ៉ាងគ្រប់គ្រាន់បន្ទាប់ពីប្រជាជនភាគច្រើនក្នុងស្រុកបានចាក់វ៉ាក់សាំង។ កាលពីដើមឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានប្រកាសពីការបំផុសយុទ្ធនាការមួយដែលមានឈ្មោះថា “កម្ពុជា៖ គោលដៅទេសចរណ៍បៃតងនិងសុវត្ថិភាព”។ យោងតាមនោះ ភ្ញៀវទេសចរទាំងអស់ដែលបានចាក់វ៉ាក់សាំងការពារកូវីដ សុទ្ធតែទទួលបានការស្វាគមន៍មកកម្ពុជា ដោយមិនត្រូវការធ្វើចត្តាឡីស័កនោះទេ ព្រមទាំងសំណូមពរឲ្យអាជីវកម្មក្នុងវិស័យទេសចរណ៍អនុវត្តន៍វិធានការទេសចរណ៍ប្រកបដោយសុវត្ថិភាពហើយធានានិតិវិធីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។ លោក សង្ហារ ម្ចាស់ភោជនីយដ្ឋាន Amazing Happy Pizza Pub នៅរាជធានីភ្នំពេញបានចែក រំលែកថា៖
សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi និងមន្ត្រីនៃប្រទេសអាស៊ាននានា អញ្ជើញចូលរួមពិធិបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២។ (រូបថត៖ SPM/ Nhan Dan) |
“កម្ពុជាជាគោលដៅដ៏អស្ចារ្យមួយ។ ថ្ងៃហ្នឹងខ្ញុំមកទីនេះ ជាមួយនឹងក្តី សង្ឃឹមថា អាចតភ្ជាប់ជាមួយដៃគូជាច្រើនទៀត មិនត្រឹមតែរបស់កម្ពុជាប៉ុណ្ណោះ ទេ ថែមទាំងមកពីប្រទេសអាស៊ានផ្សេងៗទៀតផង។ ភ្ញៀវទេសចរអេស្ប៉ាញនិងអ៊ឺរ៉ុបកាន់តែច្រើនឡើងៗកំពុងចាប់អារម្មណ៍នឹងគោលដៅទេសចរណ៍នៅអាស៊ីអាគ្នេយ៍។ អ្នកមានទេសភាពដ៏ស្រស់បំព្រង វប្បធម៌ដ៏វិសេសវិសាល មនុស្សរួសរាយរាក់ទាក់ និងអាហារឆ្ងាញ់ពិសារគួរឲ្យទាក់ទាញ”។
រួមជាមួយប្រទេសកម្ពុជា ប្រទេសអាស៊ានជាច្រើនទៀតក៏បានចាប់ផ្តើមកម្មវិធីជំរុញទេសចរណ៍អន្តរជាតិចាប់ពីដើមឆ្នាំ២០២២មក។ វៀតណាមបានបើកជើងហោះហើរអន្តរជាតិធម្មតាឡើងវិញជាមួយប្រទេសមួយចំនួន។ ប្រទេសថៃបានប្រកាសស្ដារកម្មវិធី "ធ្វើតេស្តហើយទៅ" ឡើងវិញ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសដែលធ្វើតេស្តអវិជ្ជមានអាចចូលទស្សនាដោយសេរីភ្លាមៗ។ កោះ បាលី របស់ឥណ្ឌូណេស៊ី បានទទួលជើងហោះហើរត្រង់លើកដំបូង ដែលដឹកភ្ញៀវទេសចរអន្តរជាតិក្រោយពីការអាក់ខានក្នុងអំឡុងពេល២ឆ្នាំកន្លងមក។
ដោយមានការខិតខំប្រឹងប្រែងមិនចេះនឿយហត់ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ផ្នែកទេសចរណ៍កម្ពុជានិយាយដោយឡែកនិងបណ្តាប្រទេសអាស៊ាននិយាយរួម បានត្រៀមខ្លួនជាស្រេចបើកដំណើរការហើយស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០២២៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

