ការហ្វឹកហាត់ដង្ហែក្បួន បន្លឺឡើងនូវសំឡេងនៃការបោះជំហានដើរស្មើគ្នា។ ទង់ជាតិនៃប្រទេសទាំងពីរ វៀតណាម-ឡាវ បានបក់រវិចៗនៅលើផ្ទៃមេឃ បញ្ជាក់អំពីចំណងសាមគ្គីភាពពិសេស និងទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំងពីរ។ នាយទាហាន និងយុទ្ធជនឡាវ មិនត្រឹមតែបានត្រៀមលក្ខណៈយ៉ាងហ្មត់ចត់ខាងជួរកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើការហ្វឹកហាត់ឥរិយាបថ និងវិន័យ ដើម្បីបង្ហាញពីរូបភាពនៃកងទ័ពមួយដែលរៀបរយ ទំនើប និងផ្សារភ្ជាប់ជាមួយប្រជាជន។ អ្វីៗទាំងអស់ បានត្រៀមខ្លួនជាស្រេច សម្រាប់ពិធីព្យុហយាត្រា អបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម។ លោកវរសេនីយ៍ត្រី ភូថាវង្ស ម៉ាណូថាំ (Phouthavong Manothham) មេបញ្ជាការកងព្យុហយាត្រានៃកងទ័ពប្រជាជនឡាវ បានឲ្យដឹងថា៖ “ខ្ញុំមានអារម្មណ៍ថាមានកិត្តិយសនិងមោទនភាពខ្លាំងណាស់ ដែលបានរួមចំណែកក្នុងពិធីរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាបានរួមចំណែកក្នុងការពង្រឹងចំណងសាមគ្គីភាពរវាងវៀតណាមនិងឡាវ។ ខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ឱ្យ បើទោះបីមានការលំបាកយ៉ាងណាក៏ដោយ”

លោកវរសេនីយ៍ត្រី ភូថាវង្ស ម៉ាណូថាំ (Phouthavong Manothham) មេបញ្ជាការកងព្យុហយាត្រានៃកងទ័ពប្រជាជនឡាវ។ រូបថត៖ VOV

ក្រោមកម្តៅថ្ងៃជិត ៤០ អង្សាសេ នាយទាហាន និងយុទ្ធជនជាង១០០នាក់នៃកងវរសេនាធំលេខ ២៧៩ កងទ័ពប្រជាជនឡាវ នៅតែខិតខំហាត់សមនៅលើទីលានហ្វឹកហាត់។ បែកញើសជោគអាវ ផ្ទៃមុខអ្នករាល់គ្នាក៏ខ្លោចខ្មៅដោយសារកម្ដៅថ្ងៃ ដោយសារហាត់សមនៅកណ្តាលវាលអស់រយៈពេលជាច្រើនម៉ោង ប៉ុន្តែនៅលើផ្ទៃមុខពួកគេបង្ហាញកិត្តិយស ការតាំងចិត្តខ្ពស់ គ្មានអ្នកណាធ្វេសប្រហែស ឬភ្លាត់ស្នៀតឡើយ។

បន្ទាប់ពីការហ្វឹកហ្វឺនយ៉ាងស្វិតស្វាញអស់រយៈពេលជិតមួយខែ មិនថាមានភ្លៀង ឬ កំដៅថ្ងៃយ៉ាងណានោះទេ ក្បួនព្យុហយាត្រារបស់កងទ័ពឡាវមានភាពត្រឹមត្រូវតាមលំដាប់លំដោយ បោះជំហានដ៏ស្វាហាប់ ជាមួយនឹងសំឡេងស្រែកយ៉ាងខ្លាំងក្លាតាមបទចម្រៀងដ៏អង់អាចក្លាហានដូចជា “Tiến bước dưới quân kỳ” (បោះជំហានទៅមុខក្រោមទង់ជ័យទ័ព), “Bác đang cùng chúng cháu hành quân” (លោកអុំហូ កំពុងតែធ្វើយុទ្ធដំណើរជាមួយយើង), “Vì nhân dân quên mình” (ដើម្បីប្រជាជនលះបង់ខ្លួនឯង) … បានបង្កើតជាទិដ្ឋភាពដ៏រំភើប និងពោរពេញទៅដោយស្មារតីសាមគ្គីភាព។ ចែករំលែកជាមួយអ្នកសារព័ត៌មាន លោកវរសេនីយ៍ត្រី Phouthavong Manothham បានឱ្យដឹងថា លោកពិតជាមានកិត្តិយស និងមោទនភាពយ៉ាងខ្លាំងនៅពេលដែលត្រូវបានជ្រើសរើស ប៉ុន្តែលោកក៏មានសម្ពាធខ្លាំងនៅពេលទទួលភារកិច្ចដ៏សំខាន់ ក្នុងការធ្វើជាប្រធានក្បួនព្យុហយាត្រារបស់កងទ័ពប្រជាជនឡាវដែរ។

“ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកដើរជួរមុខ ខ្ញុំតែងតែខិតខំប្រឹងប្រែង ហ្វឹកហាត់ឲ្យបានច្រើន ដើម្បីបំពេញតាមតម្រូវការនៃបេសកកម្ម។ ទោះបីជាមានការលំបាកជាច្រើន មិនថាថ្ងៃក្តៅ ឬភ្លៀងផ្គរឡើយ ក៏យើងនៅតែហ្វឹកហាត់ឲ្យអស់ពីសមត្ថភាព មិនខកខានមួយថ្ងៃឡើយ។ យើងខ្ញុំប្តេជ្ញាបំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន”។

ក្នុងចំណោមមន្ត្រី និងទាហានជាង ១០០ នាក់នៃក្បួនព្យុហយាត្រារបស់កងទ័ពឡាវដែលចូលរួមក្នុងឱកាសនេះ មានអ្នកខ្លះបានចូលរួមក្បួនដង្ហែរព្យុហយាត្រារំលឹកខួបលើកទី ៨០ ទិវាជ័យជំនះលើហ្វាស៊ីសនិយម នៅសហព័ន្ធរុស្ស៊ី ប៉ុន្តែក៏មានមនុស្សជាច្រើនទើបបានចូលរួមដង្ហែក្បួនជាលើកដំបូងផងដែរ។ ឧត្តមសេនីយ៍ត្រី គង់ ថុង សុខាវង្ស (Kongthong Sokhavong) អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវបានចែករំលែកថា៖ “វគ្គហ្វឹកហាត់នេះជួបការលំបាកជាច្រើន ជាពិសេសគឺអាកាសធាតុក្តៅ ពេលខ្លះមានភ្លៀងធ្លាក់ ព្រោះពេលនេះជារដូវវស្សានៅប្រទេសឡាវ។ លើសពីនេះក៏មានបងប្អូនខ្លះបានចូលរួមជាលើកដំបូង។ ទោះជាយ៉ាងណាក៏ដោយ ដោយមានការតាំងចិត្តខ្ពស់ យើងខ្ញុំតែងតែលើកទឹកចិត្តគ្នាកុំឲ្យថយក្រោយ ចំណាយពេលហ្វឹកហាត់ឲ្យបានល្អបំផុត និងត្រៀមលក្ខណៈឲ្យបានហ្មត់ចត់បំផុតសម្រាប់ពិធីរំលឹកនាពេលខាងមុខ”

ឧត្តមសេនីយ៍ត្រី គង់ ថុង សុខាវង្ស (Kongthong Sokhavong) អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ។ រូបថត៖ VOV

ប្រទេសឡាវគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានបញ្ជូនកងកម្លាំងយោធាទៅចូលរួមដង្ហែរក្បួនព្យុហយាត្រាក្នុងឱកាសទិវាបុណ្យជាតិទី ២ កញ្ញា ឆ្នាំនេះនៅទីក្រុងហាណូយ។ សកម្មភាពនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅជាច្រើនទាំងវិស័យនយោបាយ ការទូត និងការពារជាតិ ដោយបង្ហាញពីការគាំទ្ររបស់ឡាវចំពោះវៀតណាមលើឆាកអន្តរជាតិ ហើយទន្ទឹមនឹងនោះ ត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកក្នុងពេលវេលាសំខាន់ៗ។ ឧត្តមសេនីយ៍ត្រី គង់ ថោង សុខវង្ស បញ្ជាក់ថា៖ “ដោយមានការតាំងចិត្តខ្ពស់ បងប្អូនយើងទាំងអស់មានអារម្មណ៍សប្បាយរីករាយ មោទនភាព និងហ្វឹកហាត់យ៉ាងសកម្ម។ អាចនិយាយបានថា កងព្យុហយាត្រារបស់យើងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមក្នុងក្បួនដង្ហែព្យុហយាត្រានៅប្រទេសវៀតណាមក្នុងឱកាសដ៏សំខាន់នេះ”

រូបភាពនៃកងកម្លាំងប្រដាប់អាវុធរបស់កងទ័ពប្រជាជនឡាវប្រកៀកស្មាជាមួយកងកម្លាំងប្រដាប់អាវុធវៀតណាមនៅទីលាន Ba Dinh ក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម នឹងក្លាយទៅជាសញ្ញាសម្គាល់ដ៏ស្រស់ស្អាត ជាសក្ខីភាពដ៏រស់រវើកនៃចំណងសាមគ្គីភាព និងសម្ព័ន្ធភាពប្រយុទ្ធវៀតណាម - ឡាវ រឹងមាំជានិច្ច រួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមារវាងប្រទេសទាំងពីរឲ្យស្ថិតស្ថេរជារៀងរហូត។ នេះជាលើកទី២ហើយដែលកងទ័ពឡាវបានបញ្ជូនគណៈប្រតិភូនាយទាហាន និងទាហានទៅចូលរួមក្នុងក្បួនដង្ហែព្យុហយាត្រាដើម្បីអបអរសាទរទិវាបុណ្យដ៏សំខាន់របស់វៀតណាម ដែលជាសក្ខីភាពដ៏រស់រវើកនៃចំណងសាមគ្គីភាពពិសេសរវាងកងទ័ពទាំងពីរ និងប្រជាជាតិបងប្អូនទាំងពីរ៕