ពិធីបុណ្យទួល Dong Da គឺជាពិធីបុណ្យប្រពៃណីនៅដើមនិទាឃរដូវ ដែលប្រារព្ធឡើងនៅកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រ ទួល Dong Da នៅវិថី Tay Son សង្កាត់ Quang Trung ខណ្ឌ Dong Da ទីក្រុងហាណូយ។ នេះគឺជាកន្លែងដែលបានប្រទះឃើញនូវការប្រយុទ្ធយ៉ាងអង់អាចក្លាហានរបស់ប្រជាជនវៀតណាម ប្រឆាំងនឹងកងទ័ព Qing ឈ្លានពានក្នុងឆ្នាំ ១៧៨៩ (ឆ្នាំរកា ឯកស័ក)។ នៅពេលនោះ ស្តេច Quang Trung - Nguyen Hue ដែលទើបឡើងគ្រងរាជ បានបញ្ជាឲ្យកងទ័ពTay Son ធ្វើដំណើរទៅភាគខាងជើង វាយកម្ចាត់ពួកសត្រូវ ដណ្តើមយកឯករាជ្យជាតិឡើងវិញ។

ពិធីបុណ្យទួល Dong Da ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៥ នៃបុណ្យតេត ជារៀងរាល់ឆ្នាំ។ រូបថត៖ VOV

ពិធីបុណ្យនេះមានពីរផ្នែកគឺ ពិធីកិច្ច និងបុណ្យ។ ក្នុងនោះ ផ្នែកពិធីកិច្ចបានប្រព្រឹត្តទៅចាប់ពីម៉ោង ៦ ព្រឹក ដោយមានពិធីកិច្ចដ៏ពិសិដ្ឋជាច្រើនតាមទំនៀមទម្លាប់ដែលមានតាំងពីយូរយារណាស់មកហើយ ដូចជា៖ ពិធីអុជធូប ទៀន ពិធីសក្ការៈបូជានៃក្រុមបូជាក្នុងស្រុក ពិធីដង្ហែគ្រែស្នែង ថ្វាយផ្កា អុជធូបនៅវិមានស្តេច Quang Trung។ ក្បួនដង្ហែបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ។ ក្បួនដង្ហែបានរំកិលយឺតៗ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញនូវភាពឱឡារិកនៃពិធីបុណ្យ។

“ខ្ញុំឃើញថា ពិធីបុណ្យនេះមានភាពអធិកអធម និងមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។ ខ្ញុំមានវ័យចម្នាស់ហើយ។ ខ្ញុំទៅចូលរួមពិធីនេះ ក្នុងកូលបំណងសែនមេឃ សែនព្រះពុទ្ធ ហើយបន្ទាប់មកថ្វាយបង្គំស្តេច Quang Trung។ ខ្ញុំរំភើបចិត្តខ្លាំងណាស់”។

“ពិធីបុណ្យឆ្នាំនេះ ពិតជាអស្ចារ្យនិងត្រចះត្រចង់ណាស់ ឆ្នាំណាខ្ញុំក៏ចូលរួមដែរ។ ហើយមនុស្សមកពីគ្រប់ទិសទីបានងាកមកចូលរួមពិធីបុណ្យនេះ”។

បន្ទាប់ពីពិធីកិច្ចដ៏ឧឡារិក ផ្នែកបុណ្យបានបើកដោយការសម្តែងវាយស្គរដ៏អ៊ូអរនៅជើងរូបសំណាកស្តេច Quang Trung។ ការសម្តែងក្រោមប្រធានបទ “ឈុតឆាកវីរភាព” បង្ហាញឡើងវិញនូវជ័យជំនះ Ngoc Hoi - Dong Da បានទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

នេះជាការសម្តែងដែលបង្កប់ដោយលក្ខណៈវប្បធម៌ប្រជាប្រិយវិសេសវិសាល ដើម្បីលើកតម្កើងស្មារតីនៃអ្នកគុននិយម និងបង្កើតបរិយាកាសសោមនស្សរីករាយសម្រាប់ឆ្នាំថ្មី។ ចូលរួមក្នុងការសម្តែងរឿង “ឈុតឆាកវីរភាព” តារាសម្ដែង Vu Manh Linh រោងមហោស្រព Tuong វៀតណាម បានឲ្យដឹងថា៖ “ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយណាស់ក្នុងការបង្ហាញឡើងវិញរូបភាពស្តេច Quang Trung ដែលជាវីរបុរសជាតិ។ តាមនោះ នាំមកជូនប្រជាជន និងភ្ញៀវទេសចរទាំងអស់ ពីជុំវិញពិភពលោក នូវការសម្តែងដ៏មានអត្ថន័យ”។

ការសម្តែងរឿង “ឈុតឆាកវីរភាព” បានបង្ហាញឡើងវិញនូវរូបភាពស្តេច Quang Trung ដឹកនាំកងទ័ព Tay Son កម្ចាត់កងទ័ព Qing ជាង ២៩០.០០០នាក់ នាំមកនូវជ័យជំនះដ៏ត្រចះត្រចង់ដល់ប្រទេសជាតិ។ រូបថត៖ VOV

ការសម្តែងពោពេញទៅដោយលក្ខណៈវប្បធម៌និងសិល្បៈ បានបង្កើតបរិយាកាសវីរភាព លើកតម្កើងស្មារតីជាតិ និងទាក់ទាញចំណាប់អារមណ៍របស់ភ្ញៀវទេសចរ។

“ឈុតសម្តែងមានអត្ថន័យជាប្រវត្តិសាស្ត្រ ដើម្បីឲ្យកូនចៅជំនាន់ក្រោយចងចាំជារៀងរហូតនូវជ័យជំនះ Ngoc Hoi - Dong Da។ ជំនាន់ក្រោយៗនឹងស្រឡាញ់ប្រវត្តិសាស្ត្រដែលជំនាន់ដូនតាបានបន្សល់ទុកមក”។

“ខ្ញុំបានឃើញទាំងពិធីសែន និងឈុតសម្តែងប្រវត្តិសាស្ត្រដែលបង្ហាញពីការប្រយុទ្ធរបស់ស្តេច Quang Trung - Nguyen Hue; តាមរយៈនោះ ខ្ញុំយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនៃប្រទេសយើង។ តាមរយៈកម្មវិធីបែបនេះ ខ្ញុំមានអារម្មណ៍ថា ការសិក្សាអំពីប្រវត្តិសាស្ត្រជាតិនឹងងាយសួលជាង”។

នៅជុំវិញទួល Dong Da បានប្រព្រឹត្តិទៅល្បែងប្រជាប្រិយ ការប្រកួតអុកមនុស្ស អុកចិន ដើម្បីបម្រើភ្ញៀវទេសចរណ៍និងប្រជាជនមកចូលរួមពិធីបុណ្យ។ ជាមួយគ្នានោះ គឺកម្មវិធីសិល្បៈ ការសម្តែងល្ខោនអាយ៉ងលើទឹក ច្រៀង Quan Ho ច្រៀង Chau Van... ដែលផ្សារភ្ជាប់ជាមួយខួបអនុស្សាវរីយ៍ ទិវាជ័យជំនះ Ngoc Hoi - Dong Da។ លោកស្រី Vu Thi Thanh Huong ប្រធានក្រុមប្រឹក្សាគ្រប់គ្រងឧទ្យានវប្បធម៌ Dong Da សង្កាត់ Quang Trung ខណ្ឌ Dong Da ទីក្រុងហាណូយ បានឲ្យដឹងថា៖ “កម្មវិធីសិល្បៈទាំងអស់នៅតែរក្សាអត្តសញ្ញាណប្រពៃណីជាតិ។ ទន្ទឹមនឹងនោះ ក៏មានការសម្តែងសិល្បៈសម័យទំនើបដែរ ប៉ុន្តែនៅតែធានានូវទំនៀមទម្លាប់ដ៏ល្អប្រសើរផងដែរ”។

មិនត្រឹមតែជាសកម្មភាពវប្បធម៌និងប្រវត្តិសាស្ត្រប្រចាំឆ្នាំប៉ុណ្ណោះទេ ពិធីបុណ្យទួល Dong Da ក៏ជាឱកាសមួយដើម្បីបំផុសស្មារតីស្នេហាជាតិ សាមគ្គីភាព និងមោទនភាពរបស់មនុស្សម្នាក់ៗផងដែរ៕