វៀតណាមគឺជាខឿនសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងតម្រូវការថាមពលកើនឡើងជាមធ្យម ៨-១០% ក្នុងមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចរបស់វៀតណាមផ្សារភ្ជាប់នឹងការប្រើប្រាស់ថាមពលកាន់តែកើនឡើង ជាពិសេសក្នុងឧស្សាហកម្មកែច្នៃ ផលិតកម្ម និងនាំចេញ។ ដូច្នេះហើយ បញ្ហាសន្តិសុខថាមពលបានក្លាយជាសសរស្តម្ភយុទ្ធសាស្ត្រ។ ការធានាសន្តិសុខថាមពលគឺធានាកំណើនជាបន្តបន្ទាប់។
រោងចក្រចម្រាញ់ប្រេង Dung Quat។ រូបថត៖ VGP |
វៀតណាមបានដាក់សន្តិសុខថាមពលជាទិសដៅយុទ្ធសាស្ត្រនៅក្នុងគោលនយោបាយសំខាន់ៗ ដូចជាសេចក្តីសម្រេចលេខ ៥៥ និងបានអនុវត្តន៍ជាក់ស្តែងនៅក្នុងផែនការអភិវឌ្ឍន៍ថាមពលលេខ ៨។ នាពេលថ្មីៗនេះ សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានាការផ្គត់ផ្គង់ផលិតផលប្រេងសាំង និងរក្សាស្ថិរភាពទីផ្សារថាមពលក្នុងស្រុក។ ចំណុចគួរឱ្យកត់សម្គាល់មួយគឺវិធីសាស្រ្តថ្មី៖ មិនត្រឹមតែធានាបាននូវអគ្គិសនីគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានិរន្តរភាព ភាពចម្រុះ និងភាពបត់បែននៃប្រព័ន្ធថាមពលទៀតផង។
ដំណោះស្រាយមួយដែលវៀតណាមកំពុងអនុវត្ត គឺការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ដែលជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃថាមពលសកល។ លោក Ta Dinh Thi អនុប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា បានចាត់ទុកថា៖ “ការផ្លាស់ប្តូរថាមពលត្រូវតែជាសសរស្តម្ភដ៏សំខាន់នៃសន្តិសុខថាមពលជាតិ។ នេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តអន្តរជាតិរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលនាំចូល ជាពិសេសឥន្ធនៈហ្វូស៊ីល ដែលងាយរងគ្រោះដោយការប្រែប្រួលភូមិសាស្ត្រនយោបាយពិភពលោក។ សក្តានុពលរបស់វៀតណាមគឺធំធេងណាស់ ដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវាយោអគ្គិសនី និងប្រភពថាមពលផ្សេងទៀត”។
លោក Ta Dinh Thi អនុប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា។ រូបថត៖ Quang Khánh/daibieunhandan.vn |
ទីក្រុងហូជីមិញ ជាមួយនឹងប្រភពថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រ កំពុងអនុវត្តគម្រោងថាមពលវាយោអគ្គិសនីជាបន្ទាន់ ដោយរួមចំណែកដល់ការសម្រេចបានគោលដៅ ៦.០០០ MW នៅឆ្នាំ ២០៣០ និង ៩១.៥០០ MW នៅឆ្នាំ ២០៥០។ លោកស្រី ង្វៀន ធីង៉ុក អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហូជីមិញ បានបញ្ជាក់ថា៖ “ទីក្រុងបានកសាងទិន្នន័យតម្រូវការផ្គត់ផ្គង់ថាមពល ពន្លឿនការវិនិយោគលើបណ្តាញអគ្គិសនី ឃ្លាំង ហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន សុក្រឹត្យយន្តការទុក បម្រុង និងសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរតំបន់ តភ្ជាប់សន្តិសុខថាមពលជាមួយនឹងការផ្លាស់ប្តូរបៃតង ស្ថានីយ៍សាកថ្ម និងឡូជីស្ទិកបៃតង។ ទន្ទឹមនឹងនោះ ការធ្វើពិពិធកម្មប្រភពថាមពល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន និងការតភ្ជាប់ផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធផងដែរ”។
ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខថាមពលដោយភាពបត់បែន ខ្លួនទីពឹងខ្លួន សមភាព បរិយាប័ន្ន និងប្រកបដោយចីរភាព។ យុទ្ធនាការ "ម៉ោងផែនដី" ដែលវៀតណាមបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ កំពុងរីកសាយភាយ នូវផលប៉ះពាល់វិជ្ជមាននៅទូទាំងសង្គម។ លោក Lai Duc Tuan ប្រធាននាយកដ្ឋាននវានុវត្តន៍ ការផ្លាស់ប្តូរបៃតង និងការជំរុញឧស្សាហកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានចាត់ទុកថា៖ “ការសន្សំសំចៃថាមពលត្រូវក្លាយជាទម្លាប់ជាប្រចាំនៅក្នុងជីវភាពរស់នៅនិងផលិតកម្ម ចាប់ពីការប្រើប្រាស់ឧបករណ៍សន្សំសំចៃថាមពល និងការបង្កើនប្រសិទ្ធភាពនៃដំណើរការផលិតកម្ម រហូតដល់ការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ។ មានតែសកម្មភាពជាក់ស្តែងដែលត្រូវបានអនុវត្តជាប្រចាំក្នុងសង្គមទាំងមូលប៉ុណ្ណោះ ទើបបង្កើតបានជាប្រសិទ្ធភាពប្រកបដោយនិរន្តភាព ក្នុងការប្រើប្រាស់ថាមពល”។
PV GAS នៅតែផ្គត់ផ្គង់ឧស្ម័នជាអតិបរមាដល់រោងចក្រថាមពលក្នុងស្រុក។ រូបថត៖ VGP |
សន្តិសុខថាមពលមិនត្រឹមតែជាបញ្ហាសម្រាប់វិស័យអគ្គិសនី ឬថាមពលនោះទេ ប៉ុន្តែជាបញ្ហាសម្រាប់សេដ្ឋកិច្ចទាំងមូលទៀតផង។ ការម្ចាស់ការរក្សាសន្តិសុខថាមពលនឹងកំណត់សមត្ថភាពរក្សាកំណើនខ្ពស់ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក ង្វៀន ហ័ងឡុង (Nguyễn Hoàng Long) បានថ្លែងថា៖ “លើកកម្ពស់ប្រសិទ្ធភាពថាមពលក៏ជាកត្តាសំខាន់មួយ ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ច ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធគំរូកំណើនឡើងវិញផងដែរ។ ប្រការនេះ ទាមទារឱ្យមានការជំរុញនវានុវត្តន៍ ការប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលជាមូលដ្ឋាន សម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ លើកទឹកចិត្តដល់ការប្រើប្រាស់ថាមពលបៃតង និងការបង្កើតរបៀបរស់នៅប្រកបដោយនិរន្តរភាព តាមនោះ បង្កើតការផ្លាស់ប្តូរដោយស៊ីសង្វាក់គ្នា និងយូរអង្វែងនៅទូទាំងសេដ្ឋកិច្ចទាំងមូល”។
នៅក្នុងដំណាក់កាលខាងមុខ ដែលវៀតណាមចូលទៅក្នុងគន្លងអភិវឌ្ឍន៍ថ្មី ជាមួយនឹងគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តួនាទីនៃថាមពលនឹងកាន់តែសំខាន់។ ការបោះជំហានរបស់វៀតណាមឆ្ពោះទៅរកប្រព័ន្ធថាមពលប្រកបដោយសុវត្ថិភាព និរន្តរភាព មានភាពធន់និងបត់បែន មិនត្រឹមតែជួយ "បំភ្លឺ" ខឿនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់គ្រឹះសម្រាប់គំរូកំណើនបៃតង ខ្លួនទីពឹងខ្លួន និងមានភាពធន់ខ្ពស់ចំពោះការប្រែប្រួលនៃពិភពលោកទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


