របរសិប្បកម្មត្បាញចរបាប់របស់ជនជាតិខ្មែរនៅឃុំអានគឺ មានអាយុកាលរាប់សតវត្សមកហើយ។ (រូបថត៖ ង៉ុកអាញ/VOV5)

របរសិប្បកម្មតម្បាញក្រណាត់ចរបាប់របស់ប្រជាពលរដ្ឋជនជាតិខ្មែរនៅឃុំអានគឺ មានអស់ជាច្រើនសតវត្សមកហើយ។ ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ មានពេលខ្លះដែលសិប្បកម្មនេះហាក់ដូចជាបានរសាត់បាត់ទៅ។ ចំណុចរបត់ដែលបានសម្គាល់ការរស់រានឡើងវិញនៃភូមិសិប្បកម្មនេះ បានកើតឡើងនៅឆ្នាំ ១៩៩៨ នៅពេលដែល អង្គការ CARE មកពីអូស្ត្រាលី - ជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិមួយដែលប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រទូទាំងពិភពលោក និងផ្តល់ជំនួយ
សង្គ្រោះបន្ទាន់ បានសហការជាមួយសមាគមន៍នារីខេត្តអានយ៉ាង ដើម្បីអនុវត្តន៍គម្រោង "ស្តារភូមិសិប្បកម្មតម្បាញក្រណាត់ចរបាប់ខ្មែរនៅឃុំវ៉ាន់យ៉ាវ"។ នៅឆ្នាំ ២០០២ សហករណ៍តម្បាញចរបាប់ខ្មែរនៃឃុំវ៉ាន់យ៉ាវ (ឥឡូវជាឃុំអានគឺ) ត្រូវបានបង្កើតឡើងជាផ្លូវការ។ ចាប់តាំងពីពេលនោះមក មុខរបរតម្បាញចរបាប់ត្រូវបានស្ដារឡើងវិញ ហើយផលិតផលចរបាប់ទទួលបានការពេញនិយមយ៉ាងឆាប់រហ័សនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ អាស្រ័យដោយមានការរចនាសម្បូរបែប ពណ៌ប្រណិត និងក្បូរក្បាច់រចនាស្រស់ស្អាត។ អ្នកស្រី នាង ចាន់ទី ប្រធានសហករណ៍តម្បាញចរបាប់ខ្មែរឃុំវ៉ាន់យ៉ាវ បានឲ្យដឹងថា៖

“គ្រួសារខ្ញុំបានប្រកបរបរនេះអស់រយៈពេលបីជំនាន់មកហើយ ចាប់ពីជីដូន ម្តាយរបស់ខ្ញុំ រហូតដល់ខ្ញុំ។ របរតម្បាញចរបាប់របស់បងប្អូនជនជាតិខ្មែរនៅមូលដ្ឋាន មានតាំងពីយូរយារណាស់មកហើយ ដែលផ្អែកលើបាតដៃដ៏ប៉ិនប្រសប់របស់ស្ត្រី។ ផលិតផលពិសេសមួយចំនួនរួមមាន អាវ ក្រមា សារុង និងកាបូប... ដំណើរការត្បាញមានជំហានចំនួន ១៧។ លក្ខណៈពិសេសនៃរបរតម្បាញចរបាប់ខ្មែរនោះគឺរបៀបធ្វើដោយដៃ។ ផលិតផលនេះទទួលបានការបញ្ជាទិញជាច្រើនពីប្រទេសកម្ពុជា”។

សិប្បការិនី នាង ចាន់ទី ប្រធានសហករណ៍តម្បាញចរបាប់ខ្មែរឃុំវ៉ាន់យ៉ាវ។ (រូបថត៖ VOV)

នៅឆ្នាំ ២០០៦ ផលិតផល “សូត្រចរបាប់វ៉ាន់យ៉ាវ” ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) ផ្ដល់វិញ្ញាបនបត្រការពារម៉ាកយីហោសមូហភាព។ នៅឆ្នាំ ២០០៨ របរសិប្បកម្មតម្បាញចរបាប់នៃឃុំវ៉ាន់យ៉ាវ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងទទួលស្គាល់ជារបរសិប្បកម្មឧស្សាហកម្មខ្នាតតូចជាប្រពៃណី។ ជាពិសេស នៅដើមឆ្នាំ ២០២៣ ផលិតផល “សារុង” របស់ភូមិតម្បាញចរបាប់ខ្មែរវ៉ាន់យ៉ាវ ត្រូវបានទទួលស្គាល់ជាផលិតផល OCOP ផ្កាយ ៣ (កម្មវិធី ឃុំមួយផលិតផលមួយ)។ លើសពីនេះ ផលិតផលរបស់ភូមិត្រូវបានទទួលស្គាល់ម្ដងហើយម្ដងទៀតថា ជាផលិតផលឧស្សាហកម្មជនបទលេចធ្លោនៅតំបន់ភាគខាងត្បូង។ សិប្បការិនី នាង ចាន់ទី បានចែករំលែកថា៖

“ភូមិមានគ្រួសារចំនួន ៦៣ ដែលប្រកបរបរតម្បាញនេះ។ ចំណែកសិប្បករមានតែ ២ នាក់ប៉ុណ្ណោះ។ ផលិតផលត្រូវបានត្បាញដោយដៃ ដូច្នេះវាស្រស់ស្អាតខ្លាំងណាស់។ ក្រណាត់ត្រូវបានផលិតពីសូត្រ ដូច្នេះវាទន់ភ្លន់។ ពិបាកបំផុតគឺការបង្កើតរូបរាង ការជ្រលក់ពណ៌សូត្រ និងការបោកកប្បាស។ ផលិតផល ត្រូវបានលក់ទៅឱ្យអតិថិជននៅប្រទេសកម្ពុជា និងភ្ញៀវទេសចរមកពីអង់គ្លេស និងអាមេរិក ជាដើម”។

សិប្បកម្មត្បាញចរបាប់ខ្មែរមិនត្រឹមតែជាមុខរបរចិញ្ចឹមជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាតម្លៃប្រពៃណីដ៏ពិសេសរបស់ជនរួមជាតិខ្មែរទៀតផង។ (រូបថត៖ ង៉ុកអាញ/VOV5)

សិប្បករនិងជាងតម្បាញពូកែ នៅមូលដ្ឋានដើរតួនាទី “ស្នូល” ក្នុងការថែរក្សា និងបង្រៀនមុខរបរនេះទៅឱ្យយុវជនជំនាន់ក្រោយ។ អ្នកស្រី នាង សុខគុណ សមាជិកាសហករណ៍តម្បាញចរបាប់ខ្មែរឃុំវ៉ាន់យ៉ាវ បាននិយាយថា៖

"ខ្ញុំមិនទាន់ស្ទាត់ជំនាញនៅឡើយទេ ព្រោះខ្ញុំទើបតែរៀនត្បាញបានប៉ុន្មានខែប៉ុណ្ណោះ។ ខ្ញុំមករៀនជារៀងរាល់ពេលទំនេរ។ ហើយការរៀនសិប្បកម្មនេះគឺឥតគិតថ្លៃ មិនចាំបាច់បង់ថ្លៃសិក្សាទេ។ ខ្ញុំបានចេះជ្រលក់ពណ៌សូត្រ កាត់លំនាំ រវៃសសៃសូត្រ និងត្បាញ ប៉ុន្តែមិនទាន់ស្ទាត់ជំនាញនៅឡើយទេ។ ការរៀនត្បាញត្រូវឆ្លងកាត់ជំហានជាច្រើន។ អ្នកត្រូវតែដឹងជំហានទាំងអស់ ដូច្នេះវាត្រូវការពេលយូរ ប្រហែលពីរឆ្នាំទើបស្ទាត់ជំនាញបាន"។

អាជ្ញាធរឃុំអានគឺ បានកំណត់ថា សិប្បកម្មតម្បាញចរបាប់ខ្មែរ មិនត្រឹមតែជារបរចិញ្ចឹមជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏ជាតម្លៃប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិខ្មែរទៀតផង។ លោក Nguyen Duy Phong ប្រធានគណៈកម្មាធិការប្រជាជនឃុំអានគឺ បានឲ្យដឹងថា៖

“ដំណោះស្រាយសំខាន់នោះគឺពង្រីកទីផ្សារអ្នកប្រើប្រាស់។ ឃុំបានផ្សព្វផ្សាយផលិតផលតម្បាញនៅក្នុងព្រឹត្តិការណ៍នយោបាយ វប្បធម៌ ពិធីបុណ្យ និងពិព័រណ៍... បន្តិចម្តងៗនាំយកផលិតផលទៅកាន់អ្នកប្រើប្រាស់ និងភ្ញៀវទេសចរនៅក្រៅមូលដ្ឋាន។ ឃុំកំពុងកសាងផែនទីកសិកម្ម ដើម្បីបង្កើតតំបន់វត្ថុធាតុដើមមួយ។ បច្ចុប្បន្ននេះ ឃុំបានរៀបចំផ្ទៃដី ១ ហិកតា សម្រាប់ដាំដំណាំមន ដែលជាប្រភពវត្ថុធាតុដើម និងផ្តល់ប្រាក់កម្ចីអនុគ្រោះដល់គ្រួសារនីមួយៗ ជាមួយនឹងកម្រិតអប្បបរមា ៥ លានដុង និងអតិបរមា ១០០ លានដុង។ ក្រៅពីនោះ អភិវឌ្ឍន៍សិប្បកម្មតម្បាញចរបាប់តាមទិសដៅដែលភ្ជាប់ទៅនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍ បង្កើតជាគំរូទេសចរណ៍ឆ្លងកាត់បទពិសោធន៍ជាបណ្ដើរៗនៅក្នុងភូមិសិប្បកម្ម រួមផ្សំជាមួយនឹងការស្វែងយល់អំពីជីវភាពរស់នៅ និងវប្បធម៌របស់ប្រជាពលរដ្ឋជនជាតិខ្មែរ”។

បច្ចុប្បន្ននេះ ផលិតផលតម្បាញចរបាប់ខ្មែរនៃឃុំអានគឺ មានវត្តមាននៅលើទីផ្សារទាំងក្នុង និងក្រៅខេត្តអានយ៉ាង ក្រោមម៉ាកយីហោ “សូត្រខ្មែរ” (Silk Khmer)។ មិនត្រឹមតែជាអំណោយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីប៉ុណ្ណោះទេ “Silk Khmer” ថែមទាំងត្រូវបាននាំចេញទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍នានា ដូចជា ប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ា ទៀតផង៕