សន្និសីទរដ្ឋមន្ត្រីលើកទី ១៤ នៃបណ្ដាប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (MC14) នៅទីក្រុង យ៉ាអូនដេ ប្រទេសកាមេរូន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ (រូបថត៖ WTO/Handout via REUTERS)

ចាប់ពីថ្ងៃទី ២៦-២៩ ខែមីនា សន្និសីទរដ្ឋមន្ត្រីលើកទី ១៤ នៃបណ្ដាប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (MC14) ដែលជាយន្តការដ៏មានអំណាចខ្ពស់បំផុតរបស់ WTO បានធ្វើឡើងនៅទីក្រុង យ៉ាអូនដេ ប្រទេសកាមេរូន។

លទ្ធផលដែលមានកំណត់

ជាសន្និសីទរដ្ឋមន្ត្រី WTO លើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ វិលត្រឡប់មកសេតវិមានវិញកាលពីឆ្នាំមុន ហើយក្នុងបរិបទដែលរដ្ឋបាលអាមេរិកបានអនុវត្តន៍វិធានការពន្ធគយជាច្រើនដែលបានប៉ះពាល់យ៉ាងខ្លាំងដល់លំហូរពាណិជ្ជកម្មសកលនោះ WTO បានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងក្នុងការកែទម្រង់យ៉ាងឆាប់រហ័ស ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពថ្មី។ មុនពេល MC14 ប្រព្រឹត្តទៅនៅទីក្រុងយ៉ាអូនដេ អាទិភាពកំណែទម្រង់ជាយុទ្ធសាស្ត្រត្រូវបានកំណត់ រួមមាន៖ ការកែសម្រួលយន្តការធ្វើការសម្រេចចិត្តរបស់ WTO ដែលតម្រូវឱ្យមានការ យល់ព្រមជាឯកឆ័ន្ទពីប្រទេសសមាជិកទាំង ១៦៦; ការកែសម្រួលបទប្បញ្ញត្តិអំពីការប្រព្រឹត្តពិសេសនិងខុសគ្នា (S&D) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងការស្តារយន្តការដោះស្រាយវិវាទឡើងវិញ ដែលកំពុងជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

លើសពីនេះ តម្រូវការបន្ទាន់មួយទៀតរបស់ WTO នោះគឺការឯកភាពលើការពន្យាពេលកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ជាក់ស្ដែងគឺការពន្យាពេល ការផ្អាកជាបណ្ដោះអាសន្ននូវពន្ធគយសម្រាប់ប្រតិបត្តិការអេឡិចត្រូនិក ដូចជា៖ ការទាញយកកម្មវិធី ភាពយន្ត ឬទិន្នន័យឌីជីថល។ យន្តការនេះ ដែលមានសុពលភាពចាប់តាំងពីឆ្នាំ ១៩៩៨ ផុតកំណត់នៅខែមីនាឆ្នាំ២០២៦ ហើយប្រទេសសមាជិក WTO ភាគច្រើន បានស្នើឱ្យពន្យាពេលរហូតដល់ឆ្នាំ ២០៣១។ ទោះជាយ៉ាងណាក៏ដោយ ការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួន (ប្រេស៊ីល ទួរគី ឥណ្ឌា) បានធ្វើឱ្យការចរចាជាប់គាំង ហើយ MC14 បានបញ្ចប់ដោយគ្មានការទម្លុះទម្លាយភាពទាល់ច្រកណាមួយឡើយ។ បរាជ័យក្នុងការឯកភាពគ្នាលើប្រធានបទនេះ បានធ្វើឲ្យលេចចេញការព្រួយបារម្ភអំពីការបែកបាក់លំហូរពាណិជ្ជកម្មឌីជីថល ដែលជាកម្លាំងចលករស្នូលសម្រាប់កំណើនពាណិជ្ជកម្មសកលក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ លោក John Denton អគ្គលេខាធិការនៃសភាពាណិជ្ជកម្មអន្តរជាតិ (ICC) បានធ្វើអត្ថាធិប្បាយថា៖

“យើងកំពុងជួបប្រទះនឹងការតក់ស្លុតឧស្សាហកម្មប្រហែលជាអាក្រក់បំផុតនៅក្នុងសម័យទំនើប។ អ្វីៗដែលកំពុងកើតឡើងនៅក្នុងច្រកសមុទ្រ Hormuz ហើយការរំខានសូម្បីតែការបំផ្លិចបំផ្លាញ ខ្សែសង្វាក់ផ្គត់ផ្គង់ និងអ្វីៗគ្រប់បែបយ៉ាងដែលទាក់ទងនឹងការធ្វើចរាចរណ៍ទំនិញ និងសេវាកម្មឆ្លងដែន បញ្ហាទាក់ទងនឹងតម្លាភាព ឬលទ្ធភាពអាចព្យាករណ៍ជាមុនបាន... ទាំងអស់នេះគឺជារឿងដែល WTO ត្រូវតែខិតខំប្រឹងប្រែងរក្សានិងគាំទ្រ ហើយជាអ្វីដែលសហគ្រាសចង់បាន”។

ទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ (រូបថត៖ REUTERS/Denis Balibouse)

ការត្រិះរិះថ្មីសម្រាប់ WTO

ការសម្រេចបានកិច្ចព្រមព្រៀងលើពាណិជ្ជកម្មអេឡិចត្រូនិកត្រូវបានចាត់ទុកថា ជាគន្លឹះក្នុងការរក្សាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះ WTO នៅក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោនមានកាយវិកាដកខ្លួនចេញពីស្ថាប័នពហុភាគីសកល។ ដូច្នេះ លទ្ធផលនៃ MC14 បានប៉ះពាល់អវិជ្ជមានដល់តួនាទីរបស់ WTO ដោយសារតែអង្គការនេះកំពុងប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មនៅលើពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ អគ្គនាយិកា WTO លោកស្រី Ngozi Okonjo-Iweala បានចាត់ទុកថា ប្រទេសជាសមាជិក WTO កំពុងមានការយល់ដឹងយ៉ាងច្បាស់ជាងពេលណាៗទាំងអស់អំពីតម្រូវការកែទម្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនេះ ដើម្បីសម្របខ្លួនទៅនឹងការវិវឌ្ឍន៍ភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចនៅលើពិភពលោក ហើយនៅ MC14 ប្រទេសទាំងអស់បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះការកែទម្រង់យ៉ាងដាច់ស្រឡះ។

យើងកំពុងសាកល្បងវិធីធ្វើការថ្មីមួយ។ យើងកំពុងធ្វើគំរូកំណែទម្រង់ដែលយើងរំពឹងទុក។ យើងបានធ្វើការដោយរលូនជាងមុន។ យើងមិនចំណាយពេលចរចាលើខ្លឹមសារនៃឯកសារមួយ ដូចដែលយើងធ្លាប់បានធ្វើទៀតហើយ ប៉ុន្តែរដ្ឋមន្ត្រីនានាបានចំណាយពេលភាគច្រើនដើម្បីពិភាក្សាអំពីកំណែទម្រង់ និងការវិវឌ្ឍន៍ពាណិជ្ជកម្មថ្មីៗនេះ។ ពាណិជ្ជកម្មសកលកំពុងឆ្លងកាត់ភាពច្របូកច្របល់ ហើយបណ្ដារដ្ឋមន្ត្រីបានពិភាក្សាគ្នាអំពីរឿងនោះ ក៏ដូចជាកំណែទម្រង់ផងដែរ”។

ដោយចែករំលែកទស្សនៈនេះ លោកស្រី Pamela Coke-Hamilton នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ក៏បានចាត់ទុកផងដែរថា ទោះបីជាសម្ពាធនិងតម្រូវការកំណែទម្រង់ WTO គឺសមហេតុផលក៏ដោយ ប៉ុន្តែភាគីពាក់ព័ន្ធនានា ក៏ត្រូវពិចារណាលើការពិតដែលថា WTO កំពុងឆ្លងកាត់ដំណាក់កាលមួយ ជាមួយនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមក។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ WTO គួរតែត្រូវបានជំរុញក្នុងស្មារតីស្ថាបនា ការពង្រឹងតួនាទីជាសសរស្តម្ភរបស់ WTO ក្នុងពាណិជ្ជកម្មពហុភាគី ជាជាងមតិមួយចំនួនអំពីការស្វែងរកយន្តការជំនួស។

“ការបង្កើតរចនាសម្ព័ន្ធឡើងវិញនេះមានលក្ខណៈស្លាប់រស់ សម្រាប់អង្គការ WTOហើយខ្ញុំគិតថា លោកស្រី Ngozi កំពុងខិតខំ នាំមនុស្សទាំងអស់អង្គុយចុះជាមួយគ្នាដើម្បីចាប់ផ្តើមឡើងវិញ មិនមែនជាដើម្បីដោះស្រាយបញ្ហាណាមួយទេ ប៉ុន្តែដើម្បីកសាងផែនទីបង្ហាញផ្លូវសម្រាប់ WTO ដើម្បីឈានទៅមុខជាស្ថាប័នពហុភាគីមួយអញ្ចឹង”។

មជ្ឈដ្ឋានអ្នកជំនាញសេដ្ឋកិច្ចក៏បានចាត់ទុកថា ទោះបីជាមិនទាន់សម្រេចបានការរំពឹងទុកក៏ដោយ ប៉ុន្តែកិច្ចប្រជុំនៅប្រទេសកាមេរូនបានបង្ហាញថា WTO បានជំរុញវឌ្ឍនភាពមួយចំនួន ដោយបានកសាងផែនទីបង្ហាញផ្លូវកំណែទម្រង់ដ៏ទូលំទូលាយសម្រាប់អង្គការនេះ ក្នុងនោះមានការកែលម្អដំណើរការធ្វើការសម្រេចចិត្តនៅក្នុងប្រព័ន្ធដោយផ្អែកលើការព្រមព្រមជាឯកឆ័ន្ទ ដែលត្រូវជាប់គាំងជាយូរមកហើយដោយសារប្រទេសសមាជិកមួយចំនួន៕